សហជីព​មួយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សហភាពសហជីពកម្ពុជា អំពាវនាវដល់​សមាជិករបស់ខ្លួន និង​ប្រជាពលរដ្ឋ ឱ្យ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះបោះ​ឆ្នោត ដើម្បី​មាន​សិទ្ធិ​ចូល​រួមការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ក្នុងសេចក្ដីអំពាវនាវចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សហភាពសហជីពកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំ សហព័ន្ធ សមាគម សហជីព​មូល​ដ្ឋាន គ្រូប​ង្រៀន កម្មករ និងប្រជាពលរដ្ឋ ឱ្យទៅ​ពិនិត្យបញ្ជីឈ្មោះ​ឡើងវិញ និង​អ្នក​មិន​ទាន់​បាន​ចុះឈ្មោះបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោតតាមកន្លែង និងកាលបរិច្ឆេទដែល​កំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត (គ.ជ.ប)។

សហភាពសហជីពកម្ពុជា បញ្ជាក់ថា គ.ជ.ប នឹងរៀបចំដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់​ពី​ថ្ងៃទី​២០ ខែតុលា រហូត​ដល់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២ នៅតាមសាលាឃុំ-សង្កាត់ និងតាមភូមិក្នុងឃុំ-សង្កាត់មួយចំនួនទូទាំងប្រទេស។

សហភាពសហជីពមួយនេះបន្ថែមថា ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋទាំងពីរភេទដែលពុំធ្លាប់បានចុះឈ្មោះពីមុនមក និងអ្នកដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ​ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត។

កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សហព័ន្ធសហជីព​សេរី​កម្មករ​នៃព្រះរាជា​ណាច​ក្រ​កម្ពុជា ក៏​បាន​អំពាវនាវដល់សមាជិករបស់ខ្លួន និង​ប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះនិ​ង​ចុះ​ឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិចូលរួមការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខនេះផងដែរ។

រដ្ឋាភិបាលបាន​ដាក់​ចេញ​គោលការណ៍រួចហើយថា ការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រា​​ប់​​​​នីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ