ពលរដ្ឋ​មួយចំនួន​ដែល​ស្ម័គ្រចិត្ត​ទៅ​នៅ​តំបន់​រុនតាឯក​កាល​២ឆ្នាំមុន​បានចាកចេញ​ពីភូមិ ក្រោយ​គ្មាន​មុខរបរ​ចិញ្ចឹមជីវិត

ទិដ្ឋភាពផ្ទះប្រជាពលរដ្ឋ មួយចំនួនជាប្រជាពលរដ្ឋ​ដែលបានស្ម័គ្រចិត្តដោះដូរទីលំនៅពីតំបន់​រមណីយដ្ឋាន​​​អង្គរ ទៅកាន់ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រជាពលរដ្ឋមួយចំនួន​​នៅតំបន់អង្គរ​ ដែល​បាន​ស្ម័គ្រចិត្ត​ដោះដូរ​ទីលំនៅទៅនៅតំបន់អភិវឌ្ឍន៍រុនតាឯកកាលពី២ឆ្នាំមុន បាន​​ចាក​ចេញ​ពី​ផ្ទះ​សម្បែង ក្រោយ​ពួក​គេ​ជួប​​បញ្ហា​ជីវភាព ដោយ​សារ​​ទីតាំងថ្មីនេះ​គ្មាន​មុខ​របរ​សម្រាប់ចិញ្ចឹមជីវិត។​

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ក្រុមការងាររបស់វីអូឌី បានចុះទៅសង្កេតផ្ទាល់ដល់តំប​ន់អភិវឌ្ឍន៍រុនតាឯក ដើម្បីពិនិត្យ​មើល​ការ​រ​ស់​នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ​ដែលបានស្ម័គ្រចិត្តដោះដូរទីលំនៅពីតំបន់​រមណីយដ្ឋាន​​​អង្គរ​ ទៅរស់​នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពី២ឆ្នាំមុន​។ នៅទីនោះ គេសង្កេតឃើញមានផ្ទះ​ប្រជាពលរដ្ឋមួយចំនួនបាន​ចាក់​សោរ​​ទ្វារ និងទុកផ្ទះ​ចោល ខណៈ​ផ្ទះខ្លះមានដាក់លេខទូរសព្ទ​សម្រាប់ទំនាក់​ទំនង​រកផ្ចាស់​ផ្ទះ ​ក្នុងករណីមានការចាំបាច់​ផងដែរ។

ប្រជាពលរដ្ឋដែលមានផ្ទះនៅភូមិធម្មជាតិរុនតាឯក អ្នកស្រី នូ សុភា ប្រាប់វីអូឌីថា គ្រួសារអ្នកស្រីបានស្ម័គ្រដោះដូរលំនៅឋានពី​មាត់ស្ទឹង​សៀមរាប​ ក្នុងក្រុងសៀមរាប ទៅរស់នៅភូមិធម្មជាតិរុនតាឯកនេះកាលពី​ឆ្នាំ​២០២០ ប៉ុន្តែ​ក្រោយ​ការដោះដូរទៅកាន់​ទីតាំងថ្មីនេះ គ្រួសារ​អ្នក​ស្រីជួប​ការ​​លំបាក​ជាខ្លាំង​​​ក្នុ​ងជី​វភា​ពគ្រួសារ ដោយសារតែ​ពុំមានមុខរបរសម្រាប់ចិញ្ចឹមជីវិត។

អ្នកស្រីបន្តថា គ្រួសាររបស់គាត់ដែលមាន​សមាជិក៥នាក់បានសម្រេចចិត្ត​​​ចាក់សោរផ្ទះចោល​ និង​បាន​ត្រលប់​ទៅ​ជួល​ផ្ទះគេ ​ស្នាក់​នៅ​ក្នុង​ទី​រួមខេត្ត រយៈពេលជាង១ឆ្នាំហើយ ដើម្បីរកការងារធ្វើនៅទីនោះ។

អ្នកស្រីបន្ថែមថា៖ «នៅតំបន់នោះអត់មានការងារអីធ្វើទេ បើមាន មានតែអ្នកភូមិចាស់ គេធ្វើដំណាំ គេធ្វើស្រែ! ចំណែក​ពួកខ្ញុំអ្នក​ចូល​ថ្មី​ពីតំបន់មាត់ស្ទឹងសៀមរាប​ទៅនៅទីនោះ ពួកខ្ញុំអត់មានការងារនៅហ្នឹងទេ ​គឺតាំងពីដើម ពួកខ្ញុំការងារនៅទីរួមខេត្តទាំងអស់គ្នា»

អ្នកស្រី សេង អូន អាយុ៧០ឆ្នាំ រស់នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក បានឱ្យដឹងថា គ្រួសារអ្នកស្រីបានស្ម័គ្រចិត្តដោះដូរលំនៅឋានពីមាត់ស្ទឹងសៀមរាប មករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកនេះកាលពីឆ្នាំ២០២០ដែរ ដោយទទួលបានដីឡូត៍ទំហំ «២០ម៉ែត្រគុណ៣០ម៉ែត្រ» ពីរដ្ឋាភិបាល។

ពលរដ្ឋរូបនេះបន្ត​ថា រយៈ​​ពេលជាង២ឆ្នាំមកនេះ គ្រួសារអ្នកស្រី និងពលរដ្ឋដែលស្ម័គ្រចិត្តដោះដូរផ្សេងទៀត បានជួបការលំបាក​ក្នុងជីវភាពជាខ្លាំង ដោយសារទីតាំងនេះ គ្មានមុខរបរ និងការងារល្អសម្រាប់ធ្វើ ហើយអ្នកភូមិមួយចំនួនបានចាក់សោរ​ផ្ទះទុ​ក​ចោល និង​ចំណាកស្រុកទៅរកការងារធ្វើកន្លែងផ្សេងៗទៀត ដែល​ធ្វើឱ្យភូមិអភិវឌ្ឍន៍ថ្មីមួយនេះមានសភាពស្ងប់​ស្ងាត់​។

ស្ត្រីវ័យចំណាស់រូបនេះបន្ថែមថា អ្នកស្រីរស់នៅសព្វថ្ងៃ គឺពឹងលើ​ការលក់ដូរបន្តិចបន្តួចនៅ​ផ្ទះ និងបានប្រាក់ខ្លះពី​​កូនៗ​ដែល​​បាន​​ធ្វើចំណាកស្រុក​ផ្ដល់ម​កឱ្យចាយ​ខ្លះតែ​ប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា៖ «ការពីមុន មានប្រជាពលរដ្ឋនៅច្រើនដែរ ប៉ុន្តែដល់នៅទៅ វាអត់មានអីហូប រកអត់បាន ហើយ​គ្នាស​ម្រេចចិត្ត​ត្រលប់​ទៅ​[ទីរួម]ខេត្ត​​វិញ។ អ្នកខ្លះ កូនចំណាក​ស្រុក! អ្នកខ្លះ ម្តាយរើសអេតចាយ! ខ្លះស៊ី​ឈ្នួល​លាង​ចាន​ឱ្យ​គេ​ បាន​លុយបាន​​កាក់ទិញអីស៊ីទៅ។ មកនៅនេះ គ្នាមានអីណា! អត់! នៅនេះលក់អីមិនដាច់ដែរ មើលខ្ញុំលក់តែនំបញ្ចុក៥គីឡូក៏មិនអស់ផង​ហ្នឹង»

ប្រជាពលរដ្ឋម្នាក់ទៀត លោក ភាវ ហុង អាយុ៦០ឆ្នាំ បាននិយាយថា គ្រួសារលោកបានស្ម័គ្រចិត្តចេញពីតំបន់អង្គរ មករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកនេះ រយៈពេល២ឆ្នាំមកហើយ ហើយ​​ការមករស់នៅកន្លែងថ្មីនេះ គឺគ្រួសារលោកពុំមានមុខរបរអ្វី ក្រៅពី​ការ​លក់ដូរគ្រឿងទេសបន្តិចបន្តួច​​នៅផ្ទះនោះទេ។

ពលរដ្ឋរូបនេះបន្តថា ការបើកលក់ដូរនៅផ្ទះនេះ គឺលក់មិនសូវដាច់ដូចនៅកន្លែងចាស់នោះទេ ដោយសារភូមិអភិវឌ្ឍន៍មួយនេះ​ពុំសូវមានមនុស្សរស់នៅ និងពុំមានផ្សារសម្រាប់លក់ដូរ។ លោកថា រូបលោក និងភរិយា ក៏ធ្លាប់បានចេញពីផ្ទះទៅរស់នៅជាមួយកូននៅខេត្តព្រះវិហារមួយរយៈដែរ ដោយសារគ្មានម្ហូបអាហារហូបចុក។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋ​បាន​បិទ​ទ្វារ​ផ្ទះ​ច្រើន​ ស្ងាត់​ណាស់ ​មិន​សូវ​មាន​មនុស្ស​នៅ​ទេ​ មានមួយៗ ​ចន្លោះៗហ្នឹង​ឯង ដោយ​សារ​នៅ​នេះ​រក​អត់​បាន អត់​មាន​ការ​ងារ​ធ្វើ ម្ល៉ោះហើយអ្នកខ្លះបានរត់ទៅនៅ ឬទៅរកអីនៅ[ទីរួម]ខេត្តវិញ។ នៅខេត្តមានគេធ្វើការងារសំណង់ ក៏ធ្វើសំណង់ជាមួយគេដែរទៅ។ បើនៅនេះ មិនមានអ្នកណាគេធ្វើសំណង់អីទេ។ ខ្ញុំដាច់ម្ហូបម្តងៗ ហើយ​បិទទ្វារចោល ​រត់​ទៅរកនៅខេត្តព្រះវិហារ ដោយសារនៅនេះរកអីអត់បាន»

បុរសវ័យចំណាស់រូបនេះបានឱ្យដឹងថា ការស្ម័គ្រចិត្តមករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកនេះ គ្រួសារគាត់ក៏ទទួល​បាន​បណ្ណ​ក្រី​ក្រដែរ ប៉ុន្តែជំនួយនេះមិនអាចជួយដោះស្រាយ​ជីវភាព​គ្រួសារ​របស់​លោកបាន​គ្រប់​គ្រាន់​ឡើយ។

មេឃុំ​រុនតាឯក​ អ្នកស្រី ឈួន អឹម មានប្រសាសន៍ថា កាលពី​ឆ្នាំ២០២០ មាន​ពលរដ្ឋចំនួន៥៩៤គ្រួសារដែលរស់នៅតាមបណ្តោយមាត់ស្ទឹងសៀមរាប បានស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ប៉ុន្តែមានប្រជាពលរដ្ឋតែជាង៣០០​គ្រួសារប៉ុណ្ណោះបាន​ទៅសា​ងសង់​លំនៅឋានសម្រាប់ការរស់នៅ។

សាលាឃុំរុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។
សាលាឃុំរុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេឃុំ​រូប​នេះទទួលស្គាស់ថា ពិតជាមានប្រជាពលរដ្ឋមួយចំនួនបានចាក់សោរផ្ទះ និងចេញពីភូមិទៅរកការងារធ្វើនៅទីរួមខេត្តសៀមរាប និងកន្លែងផ្សេងមែន ដោយក្នុង១ខែ ឬ២ខែ ពលរដ្ឋទាំងនោះបានមកលេងផ្ទះម្តង។ ចំពោះការជួយលើកកម្ពស់​ជីវភាពគ្រួសារពលរដ្ឋវិញ អ្នកស្រីបញ្ជាក់ថា រដ្ឋាភិបាល​បាន​បន្ត​ផ្តល់ និង​កំពុងដំណើរការធ្វើបណ្ណក្រីក្រជូន​ពលរដ្ឋទាំង​នោះ​ហើយ។

អ្នកស្រី ឈួន អឹម បន្ថែមថា៖ «ទាំងអ្នកចាស់ ទាំងអ្នកថ្មី ទាំងអ្នកមកមុន អ្នកមកក្រោយ គឺរដ្ឋាភិបាលផ្តល់ជូនបណ្ណក្រីក្រជូនទាំងអស់។ ទោះគាត់ទទួលបានបណ្ណក្រីក្រពីក្រុងហើយ ក៏គាត់នៅតែប្រើបណ្ណនោះបានរហូត។ បើគាត់ចង់ប្តូរមកយកបណ្ណក្រីក្រ ប្រភេទទី២​ បាន​ទាំង​អស់គ្នា»

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សអាដហុកប្រចាំខេត្តសៀមរាប លោក សួស ណារិន ដែលធ្លាប់ចុះទៅតំបន់នោះផ្ទាល់ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះ​បានចាកចេញពីភូមិ ដោយសារតែគ្មានមុខរបរនិងការងារធ្វើ ខណៈ​ពួកគេមាន​ជីវភាពក្រីក្រ។ មន្ត្រីសិទ្ធិមនុស្សរូបនេះបារម្ភថា ប្រជាពលរដ្ឋដែលស្ម័គ្រមកនៅក្រោយៗទៀតមាន​បញ្ហាជីវភាព​ដែរ ប្រសិនបើការអភិវឌ្ឍរបស់​រដ្ឋាភិបាល​នៅតំបន់នោះមា​ន​ភាព​យឺត​យ៉ាវ។

លោកបន្ថែមថា៖ «យើងមើលឃើញប្រជាពលរដ្ឋនៅតំបន់ហ្នឹងមានភាពក្រីក្រច្រើនណាស់។ ពួកគាត់មិនមែនជាអ្នកធូរធារអាច​ចូល​ទៅ​ហូប​គុយ​ទាវ ផឹកកាហ្វេ ដូចនៅទីក្រុងបានទេ។ ពួកគាត់សុទ្ធតែអ្នកក្រីក្រដូចគ្នា អ៊ីចឹង​ប្រសិនជាលក់ដូរ ក៏មិនអាចលក់បានតម្លៃខ្ពស់ដែរ។ បើសិនគម្រោងអភិវឌ្ឍន៍នៅតំបន់នេះមានសន្ទុះលឿនតាមសម្តីសម្តេចពិតមែន វានឹង​ផ្តល់ផល​ប្រយោជន៍ដល់ប្រជាពលរដ្ឋ ដូចជា ផ្លូវ​ ទឹក ភ្លើង បើ​អាបីមុខហ្នឹង​បាន​ល្អត្រឹមត្រូវហើយ អ៊ីចឹងប្រជាពលរដ្ឋគាត់មានជីវភាព​ល្អមួយ​កម្រិតទៀត»។

តំបន់រមណីយដ្ឋាន​​អង្គរ ដែល​ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដោយបច្ចុប្បន្នត្រូវបាន​រដ្ឋាភិបាល​កំពុង​រៀបចំឡើងវិញ ហើយបានប្រកាសឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផលនៅតំបន់ការពារមួយនេះ ស្ម័គ្រ​ចិត្ត​ដោះដូរលំនៅឋានទៅនៅទីតាំងថ្មីដែលរៀបចំដោយអាជ្ញាធរ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតនៅស្រុកបន្ទាយ​ស្រី និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងស្រុកអង្គរធំ ខេត្ត​សៀម​រាប ដោយ​ក្នុង១គ្រួសារទទួលបានដីឡូត៍ ២០ម៉ែត្រគុណ៣០ម៉ែត្រ។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា​ សរសេរលើហ្វេសប៊ុករបស់លោកថា ដីដែ​ល​ពលរដ្ឋទទួលក្នុងតំបន់អភិវឌ្ឍន៍រុនតាឯកនោះ នឹងត្រូវចុះបញ្ជីជាកម្មសិទ្ធិស្របច្បាប់តកូនតចៅ ហើយតំបន់មួយនេះ អាជ្ញាធរ​កំពុង​​រៀបចំ​ហេដ្ឋារចនាសម្ពន្ធផ្សេងៗ មានទាំង​សេវាសាធារណៈគ្រប់ប្រភេទ ដូច​ជា​ សាលារៀន​ មណ្ឌលសុខភាព​ ផ្សារ​ ផ្លូវ​ ទឹក​ស្អាត​ អគ្គិសនី​ ផ្តល់បណ្ណសមធម៌ប្រភេទ​ក្រីក្រ១ ជូន​ពលរដ្ឋ​រយៈពេល​១០​ឆ្នាំ​ និងសម្ភារផ្សេងៗទៀត។

បើតាមលោក ជា សុផារ៉ា គិតមកដល់ថ្ងៃទី១០ ខែតុលា​នេះ មានពលរដ្ឋចំនួន​៨ ០៣១គ្រួសារដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានទៅចាប់ឆ្នោត និងស្ម័គ្រចិត្តដោះដូរ​ទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ