ក្រុមអ្នកជំនាញ​បាន​យក​ផ្ទៃមុខ​អប្សរា​ដែល​របេះជ្រុះ​នៅ​ប្រាសាទ​តាព្រហ្ម ទៅ​បិទ​ភ្ជាប់​ឡើង​វិញ

ផ្ទៃមុខ​អប្សរា​នេះបាន​របេះ​ធ្លាក់​នៅប្រាសាទតាព្រហ្ម ស្ថិតក្នុង​ឧទ្យាន​បុរាណ​អង្គរ ខេត្តសៀមរាប។ (ហ្វេសប៊ុក៖ អាជ្ញាធរជាតិអប្សរា)

​ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានយកផ្ទៃមុខអប្សរាដែលរបេះជ្រុះធ្លាក់ពីរូបរាង នៅប្រាសាទ​តាព្រហ្ម ទៅ​បិទភ្ជាប់ឡើងវិញ ក្រោយស្ថានភាពថ្មមានសភាពស្ងួត។

យោងតាមទំព័រហ្វេស​ប៊ុករបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀលថ្ងៃសុក្រនេះថា ផ្ទៃមុខអប្សរានៅចំណុចដើមត្រាង នៃបរិវេណប្រាសាទ​តាព្រហ្ម​ បានរបេះធ្លាក់នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ដោយមិនមានការបែកបាក់អ្វីទេ ដោយសារធ្លាក់ទើរនឹងឫសឈើ និងត្រូវបានក្រុមភ្នាក់ងារទេស​ចរណ៍របស់អាជ្ញាធរជាតិអប្សរា រាយការណ៍ទៅក្រុមជំនាញ និងបាននាំទៅរក្សាទុក។

តែយ៉ាងណា ប្រភពដដែលបន្តថា នៅរសៀល​ថ្ងៃសុក្រនេះ ក្រុម​អ្នក​ជំនាញ​​អាជ្ញាធរជាតិអប្សរា និងស្ថាប័ន​ឥណ្ឌា ដែល​សហប្រតិបត្តិការជួសជុលប្រាសាទតាព្រហ្ម ​បាន​យកផ្ទៃមុខអប្សរាដែលរបេះជ្រុះធ្លាក់ពីរូបរាង មកបិទភ្ជាប់ឡើងវិញ ក្រោយស្ថានភាពថ្មមានសភាពស្ងួត។

លោក ស្រ៊ាង គឹម​ស្រ៊ុន សាស្ត្រាចារ្យភូគព្ភសាស្ត្រ នៃវិទ្យាស្ថានគុកោសល្យរាជធានីភ្នំពេញ មាន​ប្រសាសន៍​​ថា រូបចម្លាក់នៅប្រាសាទតាព្រហ្ម កម្រនឹងបែកបាក់​ណាស់ ​ទាល់តែមានអ្វីមួយ ឬ​មនុស្ស​ទៅ​ប៉ះ។ ទោះយ៉ាងណា លោកថា ដោយសារអាយុកាល អាកាសធាតុ ទឹក ឬខ្យល់ ជួនកាលអាចបណ្ដាលឱ្យមានការរបេះធ្លាក់។

បន្ទាប់​ពី​ពិនិត្យ​មើល​ផ្ទៃមុខអប្សរាដែលរបេះជ្រុះនោះ លោក ស្រ៊ាង គឹមស្រ៊ុន បាន​និយាយ​ថា ឫសឈើដែលដុះចូល​ផ្ទៃ​​មុខ​​អប្សរា ជាហេតុធ្វើឱ្យរបេះធ្លាក់។ លោក​បាន​បន្ថែម​ថា មន្ត្រីជំនាញ​អាច​បិទ​ភ្ជិត​ផ្ទៃមុខ​អប្សរា​​​ដោយ​ប្រើ​​ស៊ីម៉ងត៍បាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ