UN ថា​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ធ្វើ​ឱ្យ​កុមារ​៤លាននាក់​រស់នៅ​ក្នុង​ភាព​ក្រីក្រ

ជនភៀសខ្លួនអ៊ុយក្រែននៅព្រំប្រទល់ Otaci រវាងអ៊ុយក្រែន និងម៉ុលដូវី (Moldova) ក្រោយរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន។ (ធ្វីតទ័រ៖ Maia Sandu/ President of the Republic of Moldova)

សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងការកើនឡើងនៃអតិផរណា បានធ្វើឱ្យកុមារប្រហែល៤លាននាក់​នៅអឺរ៉ុបខាងកើត និងអាស៊ីកណ្ដាល រស់នៅក្នុងភាពក្រីក្រ។ នេះបើយោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការកុមារ ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន Al Jazeera យកមកចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។

អង្គការយូនីសេហ្វ (UNICEF) បានលើកឡើង​​នៅថ្ងៃចន្ទនេះថា៖ «កុមារកំពុងតែទទួល​បន្ទុក​ធ្ងន់​បំផុតនៃវិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពីសង្គ្រាមនៅអ៊ុយក្រែន»។

អង្គការនេះបន្តទៀតថា៖ «ជម្លោះ និងការកើនឡើងនៃអតិផរណា បានធ្វើឱ្យកុមារ៤លាននាក់​នៅអឺរ៉ុបខាងកើត និងអាស៊ីកណ្ដាល រស់នៅក្នុងភាពក្រីក្រ ដែលកើនឡើង១៩ភាគរយចាប់តាំងពីឆ្នាំ២០២១»។

អង្គការនេះបានទាញការសន្និដ្ឋានរបស់ខ្លួនពីការសិក្សាទិន្នន័យ​ពី ២២​ប្រទេស។

កុមារនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានរងផលប៉ះពាល់ខ្លាំងបំផុតចាប់តាំងពីទីក្រុងមូស្គូបើកការវាយប្រហារប្រទេសជិតខាងមួយនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២២។

អង្គការ UNICEF បានរកឃើញថា៖ «ប្រទេសរុស្ស៊ីមានកុមារជិត ៣/៤ [នៃកុមារ៤លាននាក់ដែល​រស់​នៅ​ក្នុង​ភាព​ក្រីក្រ] ដោយសា​រ​សង្រ្គាម​នៅ​អ៊ុយ​ក្រែន។ ហើយ​បច្ចុប្បន្ននេះ មាន​កុមារបន្ថែម​ចំនួន២,៨​លាន​នាក់​រស់នៅក្នុងគ្រួសារដែលមានជីវភាពស្ថិតនៅក្រោម​បន្ទាត់​ភាព
ក្រី​ក្រ»។

អង្គការ​នេះប​ន្ថែមថា ប្រទេសអ៊ុយក្រែន​មានកុមារកន្លះលាននាក់រស់នៅក្នុងភាពក្រីក្រ ខណៈ​ប្រទេស​រូម៉ានី​មាន១១០ ០០០នាក់។

លោកស្រី អាហ្វសាន ខាន់ (Afshan Khan) នាយកប្រចាំតំបន់របស់អង្គការ UNICEF ប្រចាំនៅអឺរ៉ុប និងអាស៊ីកណ្តាល បាននិយាយថា៖ «កុមារទូទាំងតំបន់កំពុងត្រូវបានបំផ្លិចបំផ្លាញ​ដោយសង្រ្គាមនេះ [អ៊ុយ​ក្រែន និងរុស្ស៊ី]»។

លោកស្រីបន្ថែមថា៖ «ប្រសិនបើយើងមិនគាំទ្រកុមារនិងគ្រួសារទាំងនេះនៅពេលនេះទេ ការកើនឡើងនៃភាពក្រីក្ររបស់កុមារស្ទើរតែនឹងបណ្ដាលឱ្យបាត់បង់ជីវិត បាត់បង់ការសិក្សា និងបាត់បង់អនាគត»។

ទីភ្នាក់ងារនេះបានលើកឡើងថា គ្រួសារកាន់តែក្រីក្រកាន់តែមានការលំបាកក្នុងការចំណាយលើអាហារនិងប្រេង​ឥន្ធនៈ ដែលធ្វើឱ្យមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ការថែទាំសុខភាព និងការ​អប់រំ​របស់​កុមារ។

ទីភ្នាក់ងារនេះបន្ថែម​ថា ពួកគេ​ក៏​មាន​ហានិភ័យ​នៃ​អំពើ​ហិង្សា ការកេងប្រវ័ញ្ច និង​ការ​រំលោភបំពាន​ច្រើន​ផងដែរ។

អង្គការនេះបានអំពាវនាវឱ្យចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះ រួមទាំងការផ្តល់អត្ថប្រយោជន៍​ជាសា​ច់​ប្រាក់​ជា​សកល​សម្រាប់​កុមារ និងការការពារការចំណាយសង្គម ជាពិសេស​សម្រាប់​កុមារ និងគ្រួសារដែលងាយរងគ្រោះបំផុត។

លោកស្រី Afshan Khan បានមានប្រសាសន៍ថា៖ «វិធានការរឹតត្បិតនឹងប៉ះពាល់ដល់កុមារភាគច្រើន ដែលធ្វើឱ្យកុមារកាន់តែធ្លាក់ទៅក្នុងភាពក្រីក្រ និងធ្វើឱ្យគ្រួសារដែលជួបការលំបាករួចទៅហើយកាន់តែមានភាពលំបាកថែមទៀត»។

លោកស្រីបន្ថែមថា៖ «យើងត្រូវការពារ និងពង្រីកកិច្ចគាំពារសង្គមសម្រាប់គ្រួសារដែលងាយរងគ្រោះ មុនពេលស្ថានភាពកាន់តែអាក្រក់ទៅៗ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ