កម្មករ៧នាក់ត្រូវបានបញ្ឈប់ពីការងារក្រោយនាំគ្នាបង្កើតសហជីពក្នុងរោងចក្រ

(រាប់ពីស្ដាំ) សមាជិកស្ថាបនិកចំនួន៤នាក់របស់សហជីពឯករាជ្យ នៃក្រុមហ៊ុន អ៊ីស្តក្រោន ហ្វ៊ូតវែរ អ៊ិនដាសស្ទ្រី ឯ.ក ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ក្រោយពេលក្រុមហ៊ុន បញ្ចុះបញ្ចូលពួកគាត់ឱ្យលាឈប់សហជីព តែត្រូវបានពួកគាត់បានបដិសេដ្ឋ។ (អ៊ីនទូហ្វី – intufe)

កម្មករ-កម្មការិនីចំនួន៧នាក់បម្រើការងារនៅរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយនាំគ្នាបង្កើតសហជីពនៅក្នុងរោងចក្រ។

កម្មការិនីមួយរូបដែលមានឈ្មោះបញ្ឈប់ពីការងារ អ្នកស្រី អាន យូសា ប្រាប់វីអូឌីនៅថ្ងៃអង្គារ​ថា អ្នកស្រីបម្រើការងារនៅរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ បានរយៈពេល៥ខែ ដោយមើលឃើញរោងចក្រនេះគាបសង្កត់ និងរំលោភសិទ្ធិកម្មករពេក ក៏បាននាំគ្នាចូលជាសមាជិក និងបង្កើត​សហជីពមួយឈ្មោះ «សហជីពឯករាជ្យ» នៅក្នុងរោងចក្រ ដើម្បីជួយតស៊ូមតិ និងការពារសិទ្ធិជូនកម្មករ។

កម្មការិនីរូបនេះបន្តថា កន្លងមក ថៅកែបានបង្ខិតបង្ខំឱ្យកម្មករធ្វើការងារច្រើន ថែមម៉ោង ពិបាកក្នុងការសុំច្បាប់ និងកេងប្រវ័ញ្ចកម្លាំងពលកម្មកម្មករ ជាដើម។ អ្នកស្រីថា ក្រោយពីថៅកែដឹងថា ពួកគាត់ប្រមាណ១០នាក់បានចងក្រងបង្កើតសហជីពឯករាជ្យនៅក្នុងរោងចក្រ គឺថៅកែបានបញ្ចុះបញ្ចូលឱ្យអ្នកស្រី និងសមាជិកសហជីពផ្សេងទៀតលាឈប់ពី​សហជីពឯករាជ្យ ​ ទៅចូលរួមជាសហជីពដែលបង្កើតដោយរោងចក្រ ប៉ុន្តែពួកគាត់មិនព្រម ហើយថៅកែបានបញ្ឈប់ពួកគាត់ពីការងារជាបន្តបន្ទាប់ ខណៈអ្នកស្រីត្រូវបានបញ្ឈប់ពីការងារកាលពីថ្ងៃទី១១ ខែតុលានេះ។

អ្នកស្រីបន្ថែមថា៖ «គេបញ្ឈប់ពួកខ្ញុំ ដោយសារពួកខ្ញុំបង្កើតសហជីពនៅក្នុងរោងចក្រ។ គេអត់បន្តកិច្ចសន្យាឱ្យពួកខ្ញុំ។ គេថា បើសិនជាពួកខ្ញុំលាលែងពីសហជីពដែលខ្ញុំកំពុងបង្កើតហ្នឹង ហើយចូលទៅក្នុងសហជីពគេ គេនឹងបន្តកិច្ចសន្យាការងារឱ្យពួកខ្ញុំធ្វើទៀត។ តែបើខ្ញុំមិនព្រមលាលែងទេ គេបញ្ចប់កិច្ចសន្យាការងារខ្ញុំហើយ។ ខ្ញុំអត់ព្រមលាលែងពីសហជីពខ្ញុំបង្កើត ដោយសារសហជីពខាងគេ យើងពឹងអីអត់បាន យើងស្នើអីមិនបាន ពេលថៅកែគាបសង្កត់កម្មករ សហជីពហ្នឹងអត់ជួយអីដល់កម្មករបានទេ»

កម្មការិនីម្នាក់ទៀត កញ្ញា ដួង សុខណា ឱ្យដឹងថា គាត់ក៏ត្រូវបានថៅកែបញ្ឈប់ពីការងារផងដែរ ក្រោយពីកញ្ញាចូលជាសមាជិក​សហជីពឯករាជ្យ។ អ្នកស្រីចាត់ទុកករណីថៅកែបញ្ឈប់​ពួកគាត់ពីការងារនេះថា ជាការរើសអើងសហជីព និងបានរំលោភសិទ្ធិរបស់កម្មករក្នុងការចូលរួមបង្កើតសហជីពដែលធានាដោយច្បាប់ស្តីពីការងារ។

កញ្ញានិយាយថា ករណីថៅកែ​បញ្ឈប់ពួកគាត់ពីការងារនេះ គឺពួកគាត់បានដាក់ពាក្យប្តឹងទៅខាងក្រសួងការងារឱ្យជួយអន្តរាគមន៍​ដោះស្រាយ និងជួយ​ធ្វើយ៉ាងណាឱ្យពួកគាត់បានចូលធ្វើការងារវិញ។

កម្មការិនីរូបនេះបន្តថា សហជីពដែលបង្កើតឡើងដោយថៅកែនៅក្នុងរោងចក្រ គឺមិនបានការពារផលប្រយោជន៍កម្មករនោះទេ គឺសហជីពនោះការពារតែផលប្រយោជន៍របស់ថៅកែប៉ុណ្ណោះ។ អ្នកស្រីថា ពេលកម្មករមានបញ្ហាអីនោះ គឺមិនដែលជួយដោះស្រាយ​ជូនកម្មករឡើយ។

អ្នកស្រីបន្ថែមថា៖ «មូលហេតុដែលគេបញ្ឈប់ខ្ញុំ ដោយសារខ្ញុំបង្កើតសហជីព។ គេរើសអើងសហជីព។ ខ្ញុំចង់បានសហជីពដែលតំណាងឱ្យកម្មករពិតប្រាកដ មិនមែនជាសហជីពតំណាងឱ្យខាងរោងចក្រនោះទេ»។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន អ៊ីស្តក្រោន ដែលវីអូឌីទទួលបានថ្ងៃទី១៨ ខែតុលានេះ ស្តីពីការបញ្ចប់កិច្ចសន្យាទៅលើកម្មករចំនួន៧នាក់ ដែលពួកគេទាំងនោះជាសមាជិក និងថ្នាក់ដឹកនាំសហជីពឯករាជ្យ រួមមាន ឈ្មោះ អៀម សំបាត់, ឈ្មោះ ដួង សុខណា,  ឈ្មោះ ដួង សុកណាង, ឈ្មោះ ម៉ាត់ វី, ឈ្មោះ សារ៉េម ថារ៉ីម, ឈ្មោះ សួង សារិន និងឈ្មោះ អាន យូសា

​ប្រធានរដ្ឋបាលរោងចក្រ អ៊ីស្តក្រោន លោក អ៊ី ហុង បានបដិសេធថា រោងចក្រមិនបានបញ្ឈប់កម្មករពីការងារដោយសារការបង្កើតសហជីពឡើយ។

​​​ដោយឡែក អ្នកនាំពាក្យក្រសួងការងារ ​លោក ហេង សួរ មានប្រសាសន៍ថា នាយកដ្ឋាននៃក្រសួងការងារកំពុងដោះស្រាយបញ្ហានេះ។ ​

ប្រធានសហព័ន្ធសហជីព​​ឯករាជ្យ លោក រី សិទ្ធីណែត ចាត់ទុកករណីថៅកែបញ្ឈប់កម្មករពីការងារក្រោយបង្កើតសហជីពនេះថា ជាការរើសអើងសហជីព និងរំលោភលើសិទ្ធិកម្មករ។ បញ្ហានេះ លោកជំរុញទៅក្រសួងការងារត្រូវមានវិធានការចំពោះថៅកែរោងចក្រឱ្យអនុវត្តច្បាប់ និងទទួលយកកម្មករចូលធ្វើការងារវិញ។

លោក រី សិទ្ធីណែត បន្តថា ប្រសិនជាមន្ត្រីក្រសួងការងារមិនចាត់វិធានការតឹងរ៉ឹងចំពោះថៅកែទេ ​កម្មករនឹងរងការគាប​សង្កត់ ហើយបន្តរងទុក្ខលំបាកដោយសារការរើសអើង និងការមិនអនុវត្តច្បាប់របស់ថៅកែទាំងនោះ។

លោកបន្ថែមថា៖ «បើសិនជាក្រសួងការងារប្រើយន្តការរបស់អធិការកិច្ចការងារឱ្យមានប្រសិទ្ធភាព ហើយជំរុញឱ្យមានការអនុវត្តច្បាប់ អាហ្នឹងការរើសអើងសហជីពលែងមានហើយ។ ប៉ុន្តែកន្លងមក មន្ត្រីអធិការកិច្ចការងារហ្នឹងមិនបានប្រើជំនាញរបស់ខ្លួនទេ។ គាត់គ្រាន់តែនិយាយថា ថៅកែត្រូវយកកម្មករចូលធ្វើការងារវិញ បើថៅកែអត់ព្រម គាត់អត់មានវិធានការអីដែរ។ ការពិត មានជំនាញមួយទៀត បើថៅកែមិនអនុវត្ត គាត់ដាក់ទោសពិន័យ។ ធ្វើលិខិតផាកពិន័យ ហើយបន្ទាប់ពីធ្វើលិខិតហើយអត់ព្រមអនុវត្តទៀត គាត់មានកាតព្វកិច្ចមួយទៀត ត្រូវប្តឹងករណីនេះទៅតុលាការ ដើម្បីជំរុញឱ្យរោងចក្រគោរពច្បាប់។ ប៉ុន្តែកន្លង យើងអត់ដែលឃើញនាយកដ្ឋានអធិការកិច្ចការងារ ប្រើយន្តការនេះនៅឡើយទេ»

បើតាមកម្មករ រោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD)មានកម្មករប្រមាណ៣ ០០០នាក់កំពុងបម្រើការងារ ដែលមានថៅកែជាជនជាតិចិន និងជារោងចក្រផលិតស្បែកជើងម៉ាក ភូម៉ា [PUMA]

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធ​សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានឱ្យដឹងថា មាន​​រោង​ចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប​១ ៤០៨នាក់ បាន​​រងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីព​ក្នុង​សហគ្រាស និងគ្រឹះ​ស្ថាន​​​ដែលពួកគេកំពុង​ធ្វើការ។

មួយ​ទៀត​​នោះ សហជីពថា សំណុំរឿងមួយចំនួន​​​ដែល​​ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​បាន​ដោះ​ស្រាយ និង​សម្រេច​ឱ្យក​ម្មករ​​ឈ្នះ​​ហើយ គឺមិនត្រូវបានថៅកែឬនិយោជក​អនុវត្តតាម​សេចក្ដី​​បង្គាប់​​របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ឡើយ ដែល​ករណីនេះ សហជីពចាត់ទុក​ថាជា​ការរំលោភសិទ្ធិ​មនុស្ស​​ធ្ងន់​​ធ្ងរ និង​​ជា​​ការកេងប្រវ័ញ្ចកម្លាំងពលកម្ម​កម្មករ ដែលត្រូវបានហាមឃាត់​ដោយ​ច្បាប់ផងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ