តុលាការ​កាត់ទោស​ឱ្យ​លោក សម រង្ស៊ី ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ដកសិទ្ធិ​ធ្វើ​នយោបាយ​ជាស្ថាពរ

លោក សម រង្ស៊ី កាលពីពេលកន្លង

តុលាការសម្រេចកាត់ទោសឱ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារអស់មួយជីវិត និង​ដក​សិទ្ធិ​ធ្វើនយោបាយ​ជាស្ថាពរ ​ក្រោម​បទ​ចោទ «​ប្រគល់​ឱ្យរដ្ឋ​បរទេស​» ពាក់​ព័ន្ធ​​នឹង​​ករណី​​ដែល​លោក​ចុះហត្ថ​​​លេខា​​លើកិច្ចព្រមព្រៀង​កាត់ទឹកដី​កម្ពុជា​ចំនួន៤​ខេត្ត ឱ្យ​ជន​ជាតិ​​ដើ​ម​​ភាគតិច​​ម៉ុងតាញ៉ា​ដើម្បីរស់នៅ។

ការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើង​បន្ទាប់​ពី​តុលាការ​បាន​បើក​សវនាការ​ជំនុំ​​ជម្រះ​​សំណុំ​​រឿង «​ប្រគល់ឱ្យរដ្ឋបរទេស» កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដែលមាន​ជន​ជាប់​ចោទ ​លោក ​សម រង្ស៊ី សហ​ស្ថាបនិក​​គណបក្ស​សង្គ្រោះជាតិដែលត្រូវបានតុលាការ​​​រំលាយ។ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ លោក សម រង្ស៊ី បានចុះហត្ថលេខាជាមួយលោក កុក ស នៅសហរដ្ឋអាមេរិក លើកិច្ចព្រមព្រៀងកាត់ទឹកដីខេត្តចំនួន​៤ នៅកម្ពុជា រួមមាន ខេត្តមណ្ឌល​គិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង ឱ្យ​ជន​ជាតិ​​ដើ​ម​​ភាគតិច​​ម៉ុងតាញ៉ា​ដើម្បីរស់នៅ។

ប្រធាន​ក្រុម​ប្រឹក្សាជំ​នុំ​ជម្រះ​សាលាដំបូងរាជ​ធានី​ភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន នៅថ្ងៃពុធនេះ បាន​ប្រកាស​សាលក្រមផ្ដន្ទាទោសឱ្យលោក សម រង្ស៊ី ជាប់​ពន្ធនាគារអស់មួយជីវិត និង​ដកសិទ្ធិ​ធ្វើនយោបាយ​ជាស្ថាពរ។ ក្រៅពីដកសិទ្ធិធ្វើនយោបាយហើយ តុលាការក៏បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក សម រង្ស៊ី ហើយចាត់ទុកការប្រកាសសាលក្រមនេះនៅចំពោះមុខជនជាប់ចោទ។

មេធាវីការពារក្ដីឱ្យលោក សម រង្ស៊ី គឺលោក យុង ផានិត បញ្ជាក់ថា ការសម្រេចរបស់ចៅក្រម ដោយ​​​សម្អាងទៅបទចោទប្រកាន់ និង​កិច្ច​ព្រម​ព្រៀងដែល​កូនក្ដីរបស់លោកចុះជាមួយលោក កុក ស នៅ​សហរដ្ឋអាមេរិ​ក​ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣​។

តែយ៉ាងណា លោក​ចាត់ទុក​សាលក្រមរបស់តុលាការ​ ដែល​​ផ្ដន្ទា​ទោស​កូន​ក្ដីរបស់​​លោកដាក់ពន្ធនា​គារ​​​អស់​មួយ​ជីវិត​នោះ ​ថាធ្វើឡើង​ដោយពុំ​មានភស្ដុតាងគ្រប់គ្រាន់ឡើយ។

លោក យុង ផានិត ថ្លែង​ថា៖ «បទចោទហ្នឹង គេដាក់ទណ្ឌកម្មអស់មួយជីវិត។ ជុំវិញរឿងនេះ​ ខ្ញុំបានលើកនៅក្នុ​ងសេ​ចក្ដីសន្និដ្ឋានហើយ វាអត់មានភស្ដុតាងគ្រប់គ្រាន់»។

នាយក​ទទួល​បន្ទុក​កិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការ​ប្រកាស​​សាលក្រមផ្ដន្ទាទោសលោក សម រង្ស៊ី នេះ ​មិនមានអ្វីចម្លែកឡើយ ខណៈ​សំណុំ​រឿង​ជាច្រើន​ពាក់​ព័ន្ធ​នឹង​រឿង​ថ្នាក់ដឹកនាំ​បក្សប្រឆាំង ត្រូវ​សហគមន៍ជាតិនិងអន្តរជាតិមើលឃើញថាជារឿងនយោបាយ​ច្រើន​ជាង​ការ​អនុវត្តច្បាប់។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ មានប្រសាសន៍ស្រដៀង​មន្ត្រី​សិទ្ធិ​មនុស្ស​​ដែរ​ថា សំណុំរឿងដែលតុលាការចោទប្រកាន់ទៅលើថ្នាក់ដឹកនាំ និងសកម្មជនគណ​បក្សសង្គ្រោះជាតិដែល​តុលាការ​បាន​រំលាយ ត្រូវ​បានសហគមន៍ជាតិ និងអន្តរជាតិ មើលឃើញ​ថា ពាក់ព័ន្ធនឹងរឿងនយោបាយ។ លោក​ស្នើទៅតុលាការ​ធ្វើការស៊ើបអង្កេត និង​បង្ហាញភស្ដុតាង មុននឹងធ្វើសេចក្ដីសម្រេច។

លោកថា៖ «យើងមិនចង់ឃើញការកាត់សេចក្ដីណាមួយដែលជាប់ជំពាក់​បញ្ហានយោបា​យ។ អ៊ីចឹង​វាធ្វើឱ្យយុត្តិធម៌នៅកម្ពុជាមិនអាចទទួលយកបាន ឬក៏ពិបាកទទួលយកភ្លាមៗ ហើយបញ្ហា​ទាំង​អស់​នេះ វាកើតមានរឿងជាច្រើននៅកម្ពុជាហ្នឹង។ នៅពេលអ្នកនយោបាយឈ្លោះគ្នា គឺ​តែងតែយកប្រព័ន្ធតុលាការមកធ្វើជារបៀបនៅក្នុងការដោះស្រាយ ហើយតុលាការកម្រនឹងផ្ដល់សិទ្ធិឱ្យភាគីពាក់ព័ន្ធមកជជែក ឬបង្ហាញភស្តុតាង​ ដើម្បី​ដោះប​ន្ទុក ឬទទួលយកការកាត់​សេច​ក្ដី​នៅ​ចំពោះមុខតុលាការ។ អ៊ីចឹងអាហ្នឹងគឺជារឿងដែលលំបាកមែនទែន»។

យ៉ាងណា លោក សម រង្ស៊ី មិន​មែន​ត្រូវ​បាន​តុលាការកាត់ទោសឱ្យជាប់ពន្ធនាគារតែសំណុំរឿង «​ប្រគល់ឱ្យរដ្ឋបរទេស» នេះទេ លោកក៏ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស​ឱ្យជាប់ពន្ធនាគារ១០ឆ្នាំ ពីបទ រួមគំនិត​ក្បត់ ញុះញង់បង្កឱ្យ​មានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម និងបទញុះញង់យោធាមិនឱ្យស្តាប់​បង្គាប់​ ដែល​ផ្តើមចេញពីការប៉ុនប៉ងវិល​ត្រលប់​ចូលប្រទេស​កម្ពុជាកាលពីឆ្នាំ២០១៩ និងការបង្កើតចលនាសង្គ្រោះជាតិ (CNRM) បន្ទាប់​ពី​ការ​រំលាយ​គណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។ 

ក្រៅពីនោះ កាលពីដើមខែមីនា ឆ្នាំ២០២១ លោក សម រង្ស៊ី ក៏ត្រូវបានតុលាការ​សម្រេចផ្តន្ទា​ទោស​ឱ្យ​ជាប់ពន្ធនាគារ​២៥ឆ្នាំ ពីបទ «ឧបឃាត»​ ជុំវិញការជាប់ពាក់ព័ន្ធនឹងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ក្នុងគម្រោង​វិល​ចូល​ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមនឹងបទល្មើសមួយចំនួន​ទៀត​ផងដែរ។

បច្ចុប្បន្ន តុលាការ​ក៏កំពុង​ដំណើរការ​សវនាការ​លើ​សំណុំរឿងរបស់លោក សម រង្ស៊ី និងថ្នាក់ដឹក​នាំ រួមទាំង​​សកម្មជន​គណបក្សសង្គ្រោះជាតិ​ដែលតុលាការ​បាន​រំលាយ សរុប​ចំនួន៣៩រូ​ប ពាក់​​ព័ន្ធ​​នឹង​​បទ «រួមគំនិតក្បត់» ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ