ប្រជាកសិករចង់ឃើញវិបត្តិទីផ្សារកសិកម្មនៅកម្ពុជាត្រូវបានបញ្ចប់ ក្រោយរដ្ឋមន្ត្រីថ្មីឡើងកាន់តំណែង

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ថ្លែងក្នុងសន្និសីទមួយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ឌិត ទីណា – DITH Tina)

ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួនបង្ហាញសុទិដ្ឋិនិយមចំពោះរដ្ឋមន្ត្រីក្រសួងកសិ​កម្មថ្មី ថានឹងអាចដោះស្រាយបញ្ហាប្រឈមនានារបស់កសិករបាន ពិសេសពួកគេចង់ឃើញវិបត្តិទីផ្សារកសិកម្មនៅកម្ពុជាត្រូវបានបញ្ចប់ ក្រោយរដ្ឋមន្ត្រីថ្មីឡើងកាន់តំណែង។

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ កូនប្រុសរបស់លោក ឌិត មុន្ទី ដែលជាប្រធានតុលាការកំពូល គឺលោក ឌិត ទីណា ត្រូវបានប្រកាសឱ្យទទួលមុខតំណែងជារដ្ឋមន្ត្រីថ្មីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន

កសិករនៅស្រុកកោះធំខេត្តកណ្ដាល លោក រិន ភារៈ មានប្រសាសន៍ថា លោកជាកសិករដាំស្វាយកែវរមៀត និងបន្លែផ្សេងៗទៀតជាច្រើនឆ្នាំមកហើយ សម្រាប់លក់ដូរចិញ្ចឹមជីវិត។ លោកថា ក្នុងមួយឆ្នាំៗ ផលស្វាយរបស់លោកប្រហែលជាង១០តោន និងប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានខាតបង់ប្រាក់អស់រាប់ពាន់ដុល្លារ ដោយសារតម្លៃផ្លែស្វាយចុះថោក និងគ្មានទីផ្សារសម្រាប់លក់ចេញ។​

កសិកររូបនេះឱ្យដឹងថា រយៈពេល២ឆ្នាំហើយដែលលោកបានសម្រេចចិត្តមិនបេះ និងទុកឱ្យផ្លែស្វាយធ្លាក់រលួយចោលដោយសារតម្លៃ​​ស្វាយចុះថោករហូតដល់១០០រៀល ឬ២០០រៀល ក្នុង១គីឡូក្រាម ហើយបានខាតបង់ប្រាក់ប្រហែល២ ០០០ដុល្លារ ទៅ ៣ ០០០ដុល្លារ ក្នុង១ឆ្នាំ។

លោក រិន ភារៈ ចង់ឃើញរដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ជួយរកទីផ្សារសម្រាប់លក់ផ្លែស្វាយកែវរមៀតឱ្យបានតម្លៃខ្ពស់ជាងពេលបច្ចុប្បន្ន។

លោកបន្ថែមថា៖ «យើងទិញថ្នាំគេមកថ្លៃ ដល់យើងដាំរបស់យើងបាន វាលក់បានថោក។ ហើយ២ឆ្នាំហើយដែលខ្ញុំអត់បេះខ្ញុំទុកវាឱ្យជ្រុះចោល ព្រោះវាថោកពេក ១គីឡូ ២០០រៀល ៣០០រៀល អត់រួចថ្លៃឈ្នួលបេះ ថ្លៃដឹក ថ្លៃជីផងហ្នឹង។ អ៊ីចឹងអ្វីដែលខ្ញុំចង់បាន គឺចង់ឱ្យមានទីផ្សារផលកសិកម្មរបស់ខ្មែរ និងបិទការនាំចូលពីប្រទេសវៀតណាម។ បន្លែបង្ការខ្មែរយើងថោក ដោយសារការនាំចូលពីវៀតណាម»

កសិករនៅស្រុកគាស់ក្រឡ​ ខេត្តបាត់ដំបង លោក ឌុយ លយ ប្រាប់វីអូឌីថា ក្នុងមួយឆ្នាំ លោកបានចំណាយលុយរាប់ពាន់ដុល្លារសម្រាប់ធ្វើស្រែប្រាំង។ លោកថា នៅឆ្នាំ២០២២នេះ គ្រួសារលោកបានខ្ចីលុយធនាគារជិត២ម៉ឺនដុល្លារ សម្រាប់ធ្វើដើមទុនធ្វើស្រែប្រាំងប្រហែល៤០ហិកតា ដោយទិញជី ប្រេងសាំង និងជួលកម្លាំងកម្មករ ឬគ្រឿងចក្រសម្រាប់ធ្វើស្រែនោះ។

កសិកររូបនេះបន្តថា បញ្ហាប្រឈមជារៀងរាល់ឆ្នាំចំពោះការធ្វើក​សិកម្មរបស់លោក ​គឺបញ្ហាជីឡើងថ្លៃ ប្រេងសាំងឡើងថ្លៃ កម្លាំងពលកម្មឡើងថ្លៃ ប៉ុន្តែពេលផលិតស្រូវបាន គឺស្រូវមានតម្លៃថោក ឬគ្មានទីផ្សារលក់។

លោក ឌុយ លយ ចង់ឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ​ដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយធ្វើយ៉ាងណាជួយទប់ស្កាត់កុំឱ្យជី ប្រេងសាំងឡើងថ្លៃខ្ពស់ពេក និងជួយរកទីផ្សារសម្រាប់លក់ស្រូវឱ្យបានខ្ពស់ផងដែរ។ លោកថា គ្រួសារលោកបានជំពាក់បំណុលធនាគារទ្វេដងដោយសារការធ្វើស្រែ ហើយកូនៗរបស់លោកខ្លះបានចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ ដើម្បីជួយរកលុយដោះបំណុលគេ។

លោកបន្ថែមថា៖ «ខ្ញុំធ្វើស្រែខ្លួនឯង១៦ហិកតា ជួលស្រែគេធ្វើថែមទៀត សរុបជាង៤០ហិកតា គ្រាន់តែចុះដើមជាង២ម៉ឺនដុល្លារ។ ដល់ពេលធ្វើហើយ ទឹកអស់អ៊ីចឹងទៅ យើងជួបបញ្ហាខ្លាំងមែនទែន។ និយាយទៅ កសិករជួបបញ្ហាលំបាកធ្ងន់ធ្ងរមែនទែន លំបាកគ្រប់បែបយ៉ាង អ្នកខ្លះឈប់ធ្វើស្រែហើយ នាំគ្នាទៅថៃអស់។ មូលហេតុហ្នឹង ជីវាឡើងថ្លៃ ប្រេងសាំងឡើងថ្លៃ ហើយផលិតស្រូវបាន ឈ្មួញវាមកទិញថោក ជាពិសេសពេលស្រូវយើងសើម គ្មានថ្ងៃហាល»

កសិករនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មួយរូបទៀត លោក ហួរ ហៀង ឱ្យដឹងថា ដើមឡើយ លោកបានដាំស្វាយកែវរមៀតស្វាយចន្ទី ខ្ទុរ ប៉ុន្តែក្រោយមកបានកាប់ដំណាំទាំងនេះចោល ដោយសារអត់ទីផ្សារលក់ ហើយបច្ចុប្បន្ននេះកំពុងដំណើរការដាំដំណាំដំឡូងមី ពោត និងសណ្តែកសៀង។

កសិកររូបនេះឱ្យដឹងថា ក្នុង១ឆ្នាំ ដំណាំដំឡូងមីរបស់លោកផ្តល់ផលបាន១ពាន់តោន ទៅជិត២ពាន់តោន និងសណ្តែកសៀងរាប់រយតោន។ លោកថា បញ្ហាប្រឈមរបស់លោក ក៏ដូចជាកសិករផ្សេងទៀតនៅតំបន់របស់លោករស់នៅ តែងជួបប្រទះ គឺបញ្ហាការប្រែប្រួលអា​កាសធាតុ ជី និងគ្រឿងផលិតកសិកម្មឡើងថ្លៃ ប៉ុន្តែពេលផលិតកសិ​ផលបាន គ្មានតម្លៃ ឬតម្លៃថោក។

លោក ហួរ ហៀង បន្តថា អ្វីដែលរូបលោកចង់ឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីដោះស្រាយនោះ គឺជួយផ្តល់បច្ចេកធ្វើកសិកម្មបែបទំនើបដល់ប្រជាកសិករ ជួយរកទីផ្សារលក់ផលិតផលជូនកសិករ និងជួយទប់ស្កាត់កុំឱ្យគ្រឿងយន្តកសិកម្មឡើងថ្លៃខ្ពស់ ជាដើម។

លោកបន្ថែមថា៖ «បញ្ហាទី១របស់យើង គឺបញ្ហាធម្មជាតិ ព្រោះយើងដាំដំណាំរាល់ថ្ងៃ យើងពឹងលើធម្មជាតិសុទ្ធ ហើយពេលគ្រឿងយន្តកសិកម្មឡើងថ្លៃខ្ពស់ពេក ក៏យើងពិបាកក្នុងការធ្វើកសិកម្មដែរ។ ហើយបញ្ហាមួយ គឺឈ្មួញក្រឡុកតម្លៃ។ អ្វីដែលខ្ញុំចង់បាន ស្នើឱ្យគាត់ជួយបណ្តុះបណ្តាលប្រជាជន ឱ្យគាត់ធ្វើកសិកម្មដែលបានថ្លៃ និងស្នើឱ្យគាត់ជួយរកទីផ្សារដល់ពួកយើង»។

ក្នុងពិធីចូលកាន់តំណែងកាលពីថ្ងៃទី១៧ ខែតុលា​ រដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានប្ដេជ្ញាប្រែក្លាយកសិកម្មកម្ពុជាឱ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាបន្ន ហើយមាននិរន្តរភាព ធន់នឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងបម្រើឱ្យផលប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ រួមទាំងលើកកម្ពស់ជីវភាពរបស់កសិករ ជាដើម។

រដ្ឋមន្ត្រីថ្មីរូបនេះក៏បានប្តេជ្ញាដោះស្រាយរាល់បញ្ហាប្រឈមរបស់វិស័យកសិកម្ម និងស្វែងរកទីផ្សារបន្ថែមសម្រាប់ផលិតផលកសិកម្ម តាមរយៈកិច្ចសហការជាមួយមន្រ្តីក្រោមឱវាទ និងស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ។

លោកបន្ថែមថា៖ «អ្វីដែលសំខាន់ គឺបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា នេះគឺជាការប្តេជ្ញារបស់ខ្ញុំ»

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា កន្លងមក បញ្ហាចម្បងរបស់កសិករ គឺផលិតបានហើយ ប៉ុន្តែគ្មានទីផ្សារសម្រាប់លក់។ លោកថា បញ្ហានេះ គឺរដ្ឋមន្ត្រីថ្មីមិនអាចដោះស្រាយបានល្អក្នុងរយៈពេលខ្លី ប្រសិនបើគ្មានការចូលរួមពីភាគីពាក់ព័ន្ធ​។

លោក ថេង សាវឿន បន្តថា ដើម្បីដោះស្រាយបញ្ហាទីផ្សារ គឺត្រូវពិនិត្យមើលលើការរៀបចំប្រព័ន្ធខ្សែសង្វាក់ទីផ្សារទៅតាមតួនាទី និងភារកិច្ចរបស់អ្នកពាក់ព័ន្ធ ដើម្បីបែងចែក ឬចែកចាយទំនិញនៅក្នុងស្រុក និងមួយទៀតនោះ ត្រូវមាន​ទំនាក់ទំនងការទូតពាណិជ្ជកម្ម ឬទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយទីផ្សារអន្តរជាតិ ​ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។

លោកបន្ថែមថា៖ «ខ្ញុំគិតថា ដើម្បីគិតគូរទៅលើផលប្រយោជន៍ទីផ្សារ វាទាមទារឱ្យមានការជជែកពិភាក្សាគ្នាច្រើន។ យើងអាចប្រើប្រាស់ទាំងប្រព័ន្ធឌីជីថលក្នុងការពិភាក្សា ការប្រើប្រាស់ដោយផ្ទាល់ និងប្រមូលបញ្ហារវាងអ្នកផលិត អ្នកទិញ ហើយអ្នកប្រើប្រាស់ ហើយក្រសួងត្រូវដើរតួនាទីសាម៉ី។ អ៊ីចឹងបើយើងរួមចំណែកធ្វើរបៀបនេះ វាប្រាកដណាស់នឹងល្អប្រសើរ»

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ រដ្ឋសភា​បោះឆ្នោត​គាំទ្រជា​ឯកច្ឆន្ទ ​ផ្តល់សេចក្តី​ទុកចិត្ត​ដល់លោក ឌិត ទីណា ដែលកំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលនោះ មកធ្វើជារដ្ឋមន្រ្តីថ្មីនៃក្រសួងកសិកម្ម បន្ទាប់ពីមានការស្នើពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ចំណែកអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មចាស់ គឺលោក វេង សាខុន ក្រោយពេលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២​ បន្ទាប់ពីមានការស្នើពីលោក ហ៊ុន សែន នោះ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង​លោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ