ក្រុមហ៊ុនជួញដូរសត្វស្វាមួយរបស់អាមេរិក បានឱ្យដឹងថា ករណីចោទប្រកាន់ពីបទជួញដូរសត្វព្រៃដោយខុសច្បាប់លើមន្ត្រីកម្ពុជា បានបណ្តាលឱ្យមានការពន្យារពេលក្នុងការនាំចេញសត្វស្វាក្ដាម ខណៈក្រសួងកសិកម្ម ក៏មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយ ថាតើខ្លួនកំពុងចាត់វិធានការបន្ថែមទៀតលើករណីនេះ ឬយ៉ាងណានោះទេ ស្របពេលដែលអាជីវកម្មមួយនេះហាក់ចាប់ផ្តើមឡើងវិញ។
តុលាការសហព័ន្ធមួយរបស់អាមេរិក កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំមុន បានចោទប្រកាន់មន្ត្រីក្រសួងកសិកម្មកម្ពុជាចំនួន ២រូប ក្នុងនោះមានលោក គ្រី ម៉ះផល និងលោក កែវ អូម៉ាលីស ពីបទ «រត់ពន្ធសត្វព្រៃ» បន្ទាប់ពីពួកគេត្រូវបានរកឃើញថា បានជួយសម្រួលដល់ក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (Vanny Bio-Research) ដើម្បីនាំចេញសត្វស្វាក្ដាមដែលចាប់បានពីព្រៃ ដោយបំពានច្បាប់ជួញដូរអន្តរជាតិ។
ជាមួយគ្នានេះ ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា លោក គ្រី ម៉ះផល ក៏ត្រូវបានចាប់ខ្លួនក្នុងពេលនោះផងដែរ នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy) ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ប៉ុន្តែរូបលោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយស្ថិតនៅក្រោមការឃ្លាំមើលតាមប្រព័ន្ធ GPS វិញ កាលពីចុងខែធ្នូ កន្លងទៅ។
យោងតាមទិន្នន័យពាណិជ្ជកម្មរបស់អាមេរិក បានឱ្យដឹងថា ប្រទេសនេះបាននាំចូលសត្វស្វាជាង ១០តោន តាមផ្លូវអាកាសក្នុងខែវិច្ឆិកា ឆ្នាំមុន ពីប្រទេសកម្ពុជា ឬប្រមាណ ១៦៣តោន ដែលមានតម្លៃ ២០៣លានដុល្លារ សម្រាប់រយៈពេលពេញមួយឆ្នាំ គិតត្រឹមខែវិច្ឆិកា ឆ្នាំមុននេះ ខណៈកម្ពុជា គឺជាប្រទេសផ្គត់ផ្គង់សត្វស្វាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ដែលប្រើប្រាស់សម្រាប់គោលដៅវេជ្ជសាស្ត្រ។
កាលពីដើមខែធ្នូកន្លងទៅ ក្រុមហ៊ុនជួញដូរសត្វស្វាសម្រាប់គោលដៅវេជ្ជសាស្ត្រមួយរបស់អាមេរិក ក៏បានឱ្យដឹងដែរថា ការផ្គត់ផ្គង់សត្វស្វារបស់ខ្លួនពីកម្ពុជាត្រូវបានបញ្ឈប់ បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហ៊ុនផ្គត់ផ្គង់កម្ពុជាមួយ ពីបទ «ជួញដូរសត្វស្វាព្រៃដោយខុសច្បាប់»។
ទោះជាយ៉ាងណា ក្រសួងកសិកម្ម នៅពេលនោះ បានអះអាងថា ការនាំចេញ គឺមិនត្រូវបានបញ្ឈប់នោះទេ។
ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា មិនបានឆ្លើយតបនឹងសំណួរថាតើក្រសួងមានការរឹតបន្តឹង ឬវិធានការអ្វីបន្ថែមទៀតនោះទេ ខណៈការដឹកជញ្ជូនហាក់កំពុងបន្តធ្វើឡើងវិញ។
ក្រុមហ៊ុនជួញដូរសត្វស្វាមួយទៀតរបស់អាមេរិក Charles River Laboratories បានឱ្យដឹងតាមរយៈអ៊ីម៉ែលថា ខ្លួនបានជួបប្រទះនឹងការពន្យារពេលក្នុងការដឹកជញ្ជូនសត្វស្វាកម្ពុជា ប៉ុន្តែខ្លួនជឿជាក់ថា ការដឹកជញ្ជូនជាសកលមិនមានការផ្អាកនោះទេ។
ក្រុមហ៊ុននេះបន្តថា៖ «ខណៈពេលដែលសកម្មភាពនៃការផ្គត់ផ្គង់សត្វស្វាកម្ពុជាស្ថិតក្នុងការប្រែប្រួល ក្រុមហ៊ុននៅតែបន្តធ្វើកិច្ចការងារ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានឡើងណាមួយ»។
បុរសម្នាក់ដែលបានលើកលេខទូរសព្ទរបស់លោក James Mansang Lau ដែលជាប្រធានក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច បានបដិសេធមិនធ្វើអត្ថាធិប្បាយកាលពីថ្ងៃអង្គារ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ No Clarity on Monkey Exports Restart after Smuggling Charges