ពលរដ្ឋ​១០០​គ្រួសារ​នៅ​ខេត្តត្បូងឃ្មុំ​ស្នើ​សុំ​បណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​អាជ្ញាធរ ក្រោយ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ឯកជន

ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ សហគមន៍ចំនួន៧ មកពីស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ រួមគ្នាធ្វើការដាក់ញ្ញាត្តិទៅកាន់សាលាខេត្តត្បូងឃ្មុំ និងសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដោយមានពលរដ្ឋចូលរួមចំនួន២៣០នាក់ ដើម្បីជំរុញឱ្យមានការដោះស្រាយបញ្ហាដីធ្លី ស្នើសុំពន្លឿនចេញបណ្ណកម្មសិទ្ធិ និងស្នើឱ្យតុលាការសាលាឧទ្ធរណ៍ ធ្វើការបង្ហាញភស្តុតាងនៃកិច្ចសន្យាលក់ទិញរបស់ក្រុមហ៊ុនចិនពីក្រុមហ៊នខ្មែរដែលជាដីបញ្ហារបស់ពលរដ្ឋ។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋចំនួន​១០០គ្រួសារ នៅ​ឃុំ​​ចំនួន​​២ នៃ​​ស្រុក​​មេមត់ ខេត្តត្បូងឃ្មុំ បាន​ស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីពីអាជ្ញាធរខេត្ត ក្រោយ​ពី​ដីនេះ​បាន​កាត់​ឆ្វៀល​ចេញ​ពីគម្រោងដីក្រុមហ៊ុនឯកជនអស់រយៈពេល៦ឆ្នាំមកហើយ ប៉ុន្តែពលរដ្ឋនៅ​មិន​ទាន់​ទទួល​​​បាន​បណ្ណកម្មសិទ្ធិស្របច្បាប់នៅឡើយ។

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ពលរដ្ឋ​ជាង​២០០នាក់ តំណាងឱ្យពលរដ្ឋ១០០គ្រួសារ មក​ពី​ឃុំអន្លូង និងឃុំជាំក្រវៀន ស្រុក​មេមត់ បាននាំគ្នាប្រមូលផ្តុំឈរលើកបដា និង​ដាក់ញត្តិនៅរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បី​សុំឱ្យរដ្ឋបាលខេត្តនេះដោះស្រាយដីធ្លី និង​ពន្លឿនការ​ចេញ​ប​ណ្ណកម្មសិទ្ធិដីធ្លី​ជូន​ពួកគេ។

លោក ផុន សុផល អះអាងថាជាពលរដ្ឋរស់​នៅឃុំជាំ​ក្រវៀន ប្រាប់​វីអូឌី​នៅថ្ងៃព្រហស្បតិ៍នេះ​ថា ពលរដ្ឋ៦៤០​គ្រួសារ ដែលមាន​​ដី​សរុប១ ៩៦៣ហិកតា មាន​ជម្លោះជាមួយ​ក្រុមហ៊ុន ម៉ែន សារ៉ុន ចាប់តាំងពី​ឆ្នាំ២០១១មក​ ខណៈព​លរដ្ឋ​បាន​កាន់​កាប់ និ​ង​អាស្រ័យផលលើដីនោះតាំងពីឆ្នាំ២០០៦​ជាបន្តបន្ទាប់ ហើយក្រោយពីមានជម្លោះនៅឆ្នាំ២០១៦ រដ្ឋាភិបាលចេញអនុក្រឹត្យមួយកាត់ឆ្វៀលដីនោះជូនពលរដ្ឋវិញ។

ពលរដ្ឋរូបនេះឱ្យដឹងថា មាន​ពលរដ្ឋ​១០០គ្រួសារប៉ុណ្ណោះកំពុងដាក់សំណើទៅអាជ្ញាធរ ដើម្បីស្នើ​សុំពន្លឿន​ការចេញបណ្ណ​សិទ្ធិ​លើដីសរុប៣៩៦,៩ហិកតា ខណៈពលរដ្ឋផ្សេងទៀតមិនបានចូលរួមស្នើសុំបណ្ណកម្មសិទ្ធិនេះទេ។

លោក ផុន សុផល បន្ត​ថា ពួកគាត់សុំឱ្យអាជ្ញាធរពន្លឿនការចេញបណ្ណកម្មសិទ្ធិ ដោយសារបារម្ភពីសុវត្ថិ​ភាព​ដីធ្លី ក្រោយ​ឮថា តំប​ន់​នោះ​ រដ្ឋាភិបាលគ្រោងទៅអភិវឌ្ឍ និងមានជនមួយចំនួនអះអាងថាដីតំបន់នោះជាដី​របស់ខ្លួន។

លោកបន្ថែមថា៖ «នៅពេលថ្មីៗនេះ ក៏មានខាងទាហានចុះវាស់វែងបាញ់ថ្នាំក្រហម ដោយអ្នកខ្លះថាធ្វើផ្លូវ អ្នកខ្លះថារាវមីន​ ធ្វើឱ្យពលរដ្ឋ​មាន​ការព្រួយបារម្ភពីផលប៉ះពាល់ដីធ្លីរបស់​ពួក​គាត់។ ហើយ​មួយ​ទៀត លេច​​​ឮ​​ថាតំបន់មួយទៀត​ គេទុក​ធ្វើបន្ទាយ​ទាហាន និងមួយទៀត ដីពួកយើងហ្នឹង វានៅជិតតំបន់ដីដែលរដ្ឋាភិបាលប្រកាសបង្កក​សម្រាប់​តំបន់​សេដ្ឋកិច្ចពិសេស។ អ៊ីចឹងយើងដឹងស្រាប់ហើយ កន្លែងណាឱ្យតែមានការអភិវឌ្ឍ​អ៊ីចឹង វាតែងតែមានមានជម្លោះដីធ្លីកើតឡើង។ អ៊ីចឹង​ពលរដ្ឋ​គាត់​ចេះតែ​បារម្ភ អ៊ីចឹងបានជាពួកយើងស្នើសុំពន្លឿនចេញប្លង់កម្មសិទ្ធិ ដើម្បីបញ្ចប់​ជម្លោះ និង​ជា​ភស្តុ​តាង​មួយសម្រាប់​ពួក​គាត់​នៅ​ពេល​ដែល​មាន​បញ្ហា»

ពលរដ្ឋម្នាក់​ទៀត លោក ប៊ុន ចែម ឱ្យដឹង​ថា គ្រួសារលោកមាន​ដី៦ហិកតា បាន​កាន់កាប់​និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ២០១១ ដែលបច្ចុប្បន្នពោរ​ពេញ​ដោយ​ដំណាំ​ស្វាយ​ចន្ទី ប៉ុន្តែ​ដី​នេះ​ អាជ្ញាធរពាក់ព័ន្ធពុំទាន់បានចេញបណ្ណកម្មសិទ្ធិជូននៅឡើយ​ទេ។ ពលរដ្ឋរូបនេះបន្តថា លោក​កំពុង​បារម្ភ​ពី​ការ​រឹប​អូស និង​ការកើតមានជម្លោះផ្សេងៗ ខណៈ​អាជ្ញាធរ​ថា ដីតំបន់នោះ​កំពុងមានជម្លោះ មិនអាចចេញបណ្ណកម្មសិទ្ធិបានឡើយ។

លោកបន្ថែមថា៖ «ដីនេះ ពីដំបូងឡើយ ​ខ្ញុំដាំដំឡូងមី ដាំស្រូវ ប៉ុន្តែឥលូវនេះ ដាំចន្ទី ធំៗអស់ហើយ​ បាន៧ឆ្នាំហើយ។ ខ្ញុំបារម្ភថា ខ្លាច​ថ្ងៃមុខ​ទៅ​ គេ​មកឈូសឆាយយកអស់ ព្រោះលេចឮដំណឹង​ថា គេ​បម្រុងយកកន្លែងហ្នឹងធ្វើបន្ទាយទាហាន។ ហើយបើយើងមានបណ្ណកម្មសិទ្ធិ វាស្រួលដែរ យើងចង់លក់ដូរអី ក៏វាស្រួលដែរ»

ក្នុងញត្តិដាក់ទៅរដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា កន្លងមក អាជ្ញាធរពាក់ព័ន្ធ​បាន​ចុះ​វាស់​វែង និងកំណត់អត្តសញ្ញាណម្ចាស់​ដី​ជាច្រើនលើកច្រើនសាហើយ ប៉ុន្តែអាជ្ញាធរទាំងនោះមិន​បាន​ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឡើយ ក្រោម​ហេតុផល​ថា ដីនោះកំពុងមានជម្លោះ។

ញត្តិដដែល​បន្ត​ថា កាល​ពី​ខែ​កញ្ញា ឆ្នាំ២០២២ អ្នក​ភូមិ​បាន​ដាក់​សំណើសុំ​ឱ្យ​រដ្ឋបាលស្រុក​មេមត់​ជួយដោះស្រាយករណីនេះ​ដែរ ប៉ុន្តែអភិបាលស្រុកបដិសេធដោះស្រាយឱ្យពលរដ្ឋ។

ប្រធានរដ្ឋបាលខេត្តត្បូងឃ្មុំ លោក សេង ជ័យវុឌ្ឍ មាន​ប្រសាសន៍​ថា រដ្ឋបាលខេត្តបានទទួលញត្តិ និងសំណូម​ពរ​របស់​ប្រជាពលរដ្ឋ​ហើយ ប៉ុន្តែ​លោក​ថា ដី​តំបន់​នោះ​មួយ​ចំនួន គឺ​រដ្ឋាភិបាលត្រូវការសម្រាប់អភិវឌ្ឍ ដោយមិនអាចចេញបណ្ណកម្មសិទ្ធិ ឬឱ្យពលរដ្ឋអភិវឌ្ឍនៅនឹងកន្លែងបានឡើយ។

លោកបន្ថែមថា៖ «ស.ជ.ណ បានលើកឡើងហើយថា ពួកគាត់ត្រូវតែរើចេញ! មាន៣ទីតាំង​ដែលគាត់អាចជ្រើសរើស។ ហើយពួកគាត់សុំនៅទីតាំងដដែល ហើយទីតាំងដដែល យើងឱ្យម៉េច​កើត!»

ប្រធាន​​សមាគម​សម្ព័ន្ធ​សហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ដែលឃ្លាំមើលរឿងនេះ បានទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្តត្បូងឃ្មុំ ចុះស្រាវជ្រាវដោះស្រាយ និង​ពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ​ ដើម្បីធានាពីសុវត្ថិ​ភាពនៃ​ការ​កាន់កាប់ដីធ្លីរបស់ពួកគាត់។

មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ការពន្យារពេលមិនដោះស្រាយ និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋនេះ បានធ្វើឱ្យពលរដ្ឋទាំងនោះគ្មានដីធ្លីគ្រប់គ្រាន់សម្រាប់បង្កបង្កើន​ផល ហើយបានធ្វើឱ្យពួកគេបារម្ភ និងបង្ក​ផលប៉ះពាល់ដល់ជីវភាពគ្រួសារ​ពលរដ្ឋ​​ទាំង​នោះ​ផង​​ដែរ។

លោកបន្ថែមថា៖ «ប្រសិនជា​នៅ​តែប​ន្ត​អូសបន្លាយ មិនចេញបណ្ណកម្មសិទ្ធិជូនពួកគាត់ទៀត វានឹងបង្កើនភាព​ព្រួយ​បារម្ភ និង​ភាព​ភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋកាន់តែកើនឡើង។ ហើយ​វាបង្ហាញ​ពី​ហានិភ័យ ឬ​អសុវត្ថិ​ភាព​នៃ​ការគ្រប់គ្រង ការ​កាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រើ​ប្រាស់​ជាក់​ស្តែង​ផង​ដែរ។ អ៊ីចឹង ខ្ញុំស្នើដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះដោះស្រា​យ​ជូនប្រជាពលរដ្ឋនេះ​ គួរតែត្រូវបានពន្លឿន ហើយចាត់ជាអាទិភាព​ផង​ដែរ ព្រោះថា​ដីធ្លី​គឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋនៅជន​បទ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ