មន្ត្រី​រកឃើញ​បំណែ​ក​ព្រះកេស​អសុរា​នៅ​ប៉ែកខាងកើត​ទ្វារ​ទន្លេអុំ

ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែកព្រះកេសអសុរាធ្វើពីថ្មបុរាណចំនួនមួយ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោយចុះរៀបចំសណ្ដាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករ នៅមុខខ្លោងទ្វារចូលក្រុងអង្គរធំ នាប៉ែកខាងកើតនៃស្ពានទន្លេអុំ។ (អាជ្ញាធរជាតិអប្សរា)

ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែក​ព្រះកេស​អសុរាទាញព្រ័ត្​​​ ធ្វើពីថ្មបុរាណ​ ចំនួន១ នៅ​មុខ​ខ្លោង​ទ្វារ​ចូល​ក្រុងអង្គរធំ នាប៉ែកខាងកើតនៃស្ពានទន្លេអុំ ក្នុង​​ខេត្តសៀមរាប។

ប្រធានក្រុមការងារចុះបញ្ជីវត្ថុសិល្បៈ នៃ​នាយកដ្ឋានអភិរក្សប្រាសាទ ​និងបុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក​ ឈូក សុម៉ាឡា ត្រូវបានស្រង់ប្រសាសន៍មកផ្សព្វផ្សាយក្នុងទំព័រហ្វេស​ប៊ុក​​អាជ្ញាធរ​ជាតិ​អប្សរា​​ថា ទីតាំងដែលរកឃើញបំណែកព្រះកេសអសុរាទាញព្រ័ត្រ​​នេះ គឺជាអតីតកន្លែងតូប​​លក់ដូរវត្ថុអនុស្សាវរីយ៍របស់អាជីវករ ដែលស្ថិតនៅផ្នែកខាងកើតនៃខ្លោងទ្វារទន្លេអុំ ខណៈ​ក្រុមការ​ងារ​បានចុះទៅសម្អាតទីតាំងនោះឱ្យមានសណ្ដាប់ធ្នាប់ឡើងវិញ។

លោកបន្តថា ដំបូងឡើយ ក្រុមការងារបានជីកកាយដីជ​ម្រៅប្រ​មាណ​ពី​៣ទៅ៤តឹក ក៏ប្រទះ​ឃើញ​បំណែកថ្មបុរាណចំនួន៣ផ្ទាំង បន្ទាប់មក ក្រុមការងារ​ក៏បានយកទៅលាងសម្អាត និងផ្គុំគ្នា ក៏កើតបានទៅជាព្រះកេសអសុរាតែមួយ ដែលមានកម្ពស់៦០សង់ទីម៉ែត្រ ទទឹង៦៥សង់ម៉ែត្រ និងកម្រាស់៥៩សង់ទីម៉ែត្រ។

ប្រភពដដែលបន្តទៀតថា ព្រះកេសអសុរាធ្វើពីថ្មភក់​ ដែលត្រូវបាន​​​ប្រទះឃើញនេះ ស្ថិត​​ក្នុង​រចនាប័ទ្មបាយ័ន ​នៃរាជព្រះបាទជ័យវរ្ម័នទី៧ ដូចគ្នានឹងអសុរាទាញព្រ័ត្រ នៅ​តាម​ខ្លោង​ទ្វារ​ទាំង៤ផ្សេង​ទៀត​នៃ​ក្រុង​អង្គរ​ធំដែរ​។ បច្ចុប្បន្ន ព្រះកេសអសុរានេះ ក្រុម​ការ​ងារ​បាន​សហការជាមួយនគរបាលការពារបេតិកភណ្ឌ និងភ្នាក់ងារសណ្ដាប់ធ្នាប់ ព្រមទាំងភ្នាក់ងារទេសចរណ៍ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីលាងសម្អាត និងជួសជុលតាមបច្ចេក​ទេស​ ហើយក្រុមការងារក៏នឹងសិក្សាដើម្បីស្វែងរកដងខ្លួនដើម​នៃ​ចម្លាក់​នោះ មុ​ន​នឹង​យក​ទៅ​ផ្គុំឡើងវិញផង​ដែរ។

មន្ត្រីអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា តាមការអះអាងរបស់អ្នកភូមិ កន្លែងដែលគេប្រទះឃើញព្រះ​​កេសអសុរានេះ ធ្លាប់ជាការដ្ឋានជួសជុលខ្លោងទ្វារទន្លេអុំ កាលពីសម័យបារាំង។ បច្ចុប្បន្ន តាមការពិនិត្យនៅទីតាំងនោះជាក់ស្តែង ឃើញមាននៅសេសសល់បំណែកដៃ ជើង ដងខ្លួននាគ ព្រមទាំងចម្លាក់ទេវតា និងអសុរាទាញព្រ័ត្រជាច្រើនបំណែកទៀត ដែលនៅរប៉ាត់រប៉ាយពេញក្នុងបរិវេណនោះ។

បើតាមអាជ្ញាធរជាតិអប្សរា មន្ត្រីជំនាញក៏គ្រោងនឹង​​ធ្វើកំណាយស្រាវ​ជ្រាវ និង​ការ​ចុះ​បញ្ជីបំណែក​​ចម្លាក់​ក្នុង​ទីតាំង​នោះ នឹង​បន្ត​ធ្វើ​ដើម្បី​ស្វែង​រក​បំណែក​ចម្លាក់​ជាច្រើន​ទៀតដែល​បានបាត់​បង់​ ដើម្បីអាចមានលទ្ធភាពយកទៅដាក់ផ្គុំឡើងវិញនាពេលអនាគត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ