អ៊ុយក្រែនកំពុងរឹតត្បិតលើការប្រើប្រាស់អគ្គិសនីទូទាំងប្រទេសជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (Drone) របស់រុស្ស៊ី ដែលបានបំផ្លាញរោងចក្រថាមពលមួយចំនួន នៅមុនរដូវរងាចូលមកដល់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ។
មន្ត្រីរដ្ឋាភិបាល និងប្រតិបត្តិករបណ្ដាញអគ្គិសនីឈ្មោះ អ៊ុយក្រេណឺហ្គោ (Ukrenergo) បាននិយាយថា ការផ្គត់ផ្គង់ថាមពលនឹងត្រូវបានរឹតត្បិតចន្លោះពីម៉ោង៧ព្រឹក ដល់ម៉ោង១១យប់។ ជំនួយការប្រធានាធិបតីបាននិយាយនៅលើសារតាមតេឡេក្រាម ដោយបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋមិនកាត់បន្ថយការប្រើប្រាស់អគ្គិសនីនោះទេ នឹងមានការផ្តាច់អគ្គិសនីជាបណ្ដោះអាសន្ន។
រុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក លើហេដ្ឋារចនាសម្ពន្ធថាមពល និងទឹកដីរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូ កាលពីយប់ថ្ងៃពុធថា៖ «មានការខូចខាតថ្មីចំពោះហេដ្ឋារចនាសម្ពន្ធសំខាន់ៗ។ រោងចក្រថាមពលចំនួន៣ ត្រូវបានបំផ្លាញដោយសត្រូវនៅថ្ងៃនេះ»។
លោកបន្ថែមថា៖ «យើងកំពុងត្រៀមសម្រាប់រដូវរងានាពេលខាងមុខ។ យើងសន្មតថា រុស្ស៊ីមានគោលដៅវាយប្រហាររោងចក្រថាមពលរបស់យើង។ លុះត្រាតែយើងមានជំនួយពីដៃគូ ទើបយើងអាចបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់សត្រូវ ១០០%»។
អភិបាលក្រុងលីវ (Lviv) ភាគខាងលិច បាននិយាយតាមទូរទស្សន៍ថា ទីក្រុងនេះនឹងត្រូវចំណាយពេលច្រើនខែ ដើម្បីជួសជុលអនុស្ថានីយ៍ថាមពលអគ្គិសនីដែលបានខូចខាត។
លោក Zelenskiy បាននិយាយថា រហូតមកដល់ពេលនេះ អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលផលិតដោយអ៊ីរ៉ង់ សរុបចំនួន២៣៣គ្រឿងដែលប្រើប្រាស់ដោយរុស្ស៊ី។
អ្នកសង្កេតការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន៥គ្រឿងបានវាយប្រហារទីក្រុងម៉ាយកូលីវ (Mykolaiv) ភាគខាងត្បូងប្រទេសអ៊ុយក្រែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនច្បាស់ថា វាផ្ទុះនៅកន្លែងណា ឬមានការខូចខាតក្នុងទំហំប៉ុន្មាននោះទេ។
អ៊ុយក្រែនចោទរុស្ស៊ីថាបានប្រើយន្តហោះគ្មានមនុស្សបើកប្រភេទ Shahed-136 ផលិតដោយអ៊ីរ៉ង់ ដើម្បីវាយប្រហារគោលដៅ។ អ៊ីរ៉ង់បដិសេធថាមិនបានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកទាំងនោះទៅឱ្យរុស្ស៊ីឡើយ ហើយវិមានក្រឹមឡាំងក៏បានបដិសេធថាមិនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកទាំងនោះដែរ។
លោក ឌីមីទ្រី ប៉ូលយ៉ាន់ស្គី (Dmitry Polyanskiy) ឯកអគ្គរដ្ឋទូតរងរបស់អង្គការសហប្រជាជាតិប្រចាំនៅរុស្ស៊ី បានប្រាប់អ្នករាយការណ៍ព័ត៌មាននៅអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធម្សិលមិញថា រុស្ស៊ីនឹងវាយតម្លៃឡើងវិញនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតធឺរ៉េស (Antonio Guterres) និងបុគ្គលិករបស់លោក ប្រសិនបើលោក Guterres បញ្ជូនអ្នកជំនាញទៅអ៊ុយក្រែន ដើម្បីត្រួតពិនិត្យយន្តហោះគ្មានមនុស្សបើកដែលអ៊ុយក្រែន និងលោកខាងលិចអះអាងថាផលិតនៅប្រទេសអ៊ីរ៉ង់៕