លោក ហ៊ុន សែន ប្រកាស​បើក​ភ្លើងខៀវ​ដល់​អ្នក​នៅជុំវិញ​លោក សម រង្ស៊ី ឱ្យ​រួចផុត​ពី​បម្រាម​នយោបាយ

ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ១,៨៥៣គ្រួសារដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បាន​អំពាវនាវ​ឱ្យ​​​ម​​នុស្ស​​​មួយ​​​ចំនួនដែល​បន្ត​គាំទ្រ​លោក សម រង្ស៊ី ហើយចង់រួចខ្លួនពីបម្រាម​តុ​លា​​​​ការ អាច​ផ្ដាច់ខ្លួនពី​ពេល​នេះបា​ន ដោយ​លោក​​ធានាក្នុ​ង​ការ​ផ្ដល់​ជូន​នូវ​សេរីភាព តាម​រយៈ​​​កា​​រ​​ស្នើ​​​​​​សុំ​ព្រះរា​​ជ​ទាន​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ ប៉ុន្តែលោក​ថា ការដើរចេញពីស្ថាបនិកមេបក្ស​​ជំទាស់នេះ​ត្រូវធ្វើ​​ដោយ​​មាន​ភាព​ស្មោះ​ត្រង់​ជាមួយ​គ្នា។

ការថ្លែងដូច្នេះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើងក្នុងពេលដែលលោកចុះជួបពលរដ្ឋនៅតំបន់អភិវឌ្ឍន៍​រុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្ត​សៀម​រាប នៅ​ថ្ងៃ​ទី​២១ ខែ​តុលា​នេះ។

ប្រធាន​គណបក្សប្រជា​​ជន​កម្ពុជារូបនេះបានព្រមានជាថ្មីទៀតថា ចំពោះ​មន្រ្តី​បក្ស​ជំទាស់​ទាំង​អស់ គឺ​មាន​តែ​លោក សម រង្ស៊ី ម្នាក់ទេដែល​ជា​សត្រូវ​ពិត​របស់​លោក។ ដោយ​ឡែក មនុស្ស​ដទៃ​ផ្សេង​ទៀត លោកថា គឺមិនមាន​​​ប​ញ្ហា​​​អ្វីដែលត្រូវចោទឡើយ ប៉ុន្តែប្រសិនបើអ្នក​ដែល​​នៅ​ក្បែរ​លោក សម រង្ស៊ី ចង់​មាន​​​​សេរី​​ភា​ព និ​​ង​​​ផុតពីបម្រាមតុលាការ ត្រូវផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី ចាប់ពីពេលនេះទៅ នោះពួកគេនឹង​​ទទួល​​បា​​ន​​​​​ការលើកលែងទោស តាមរយៈ​សំណើ​របស់​នាយក​រដ្ឋ​មន្រ្តី​ ថ្វាយ​ព្រះមហាក្សត្រ ដើម្បីសុំ​ព្រះរាជ​​​ទា​ន​​លើក​​លែងទោស។

លោកបន្តថា៖ «បើយើងមិនកម្ចាត់​អាមួយ​ហ្នឹង​ ទើប​វា​ចម្លែក! ខ្ញុំកម្ចាត់​តែ​អាមួយ​ហ្នឹង​ទេ ខ្ញុំអត់​កម្ចាត់​អ្នក​ណា​ផ្សេង​ទេ។ អ៊ីចឹង​អ្នកដទៃ​បំបែក​ខ្លួន​ចេញ​មក ខ្ញុំអាច​នឹង​ពិនិត្យ​លើក​លែង​ទោស​ឱ្យ​អ្នក​ឯង ប៉ុន្តែ​ឱ្យបែ​កចេញ​ពីអា​មួយហ្នឹង។ សូមពិនិត្យទៅ ព្រោះខ្ញុំមានអំណាច ដើម្បីនឹង​ចុះហត្ថលេខា​​ស្នើសុំព្រះមហាក្សត្រលើកលែងទោស ក៏ប៉ុន្តែក្នុងលក្ខខណ្ឌ​ដែល​អ្នកឯង​បំបែកចេញ​ពីអាមួយហ្នឹង​។ ខ្ញុំប្រកាស​គោលនយោបាយរបស់ខ្ញុំ»។

ក្រៅពីការអំពាវនាវនេះ លោក ហ៊ុន សែន ក៏​បានព្រមាន​ប្តឹង​ទៅ​តុលាការ ចំពោះ​គណ​បក្ស​នយោ​បាយ​ណាដែល​​​មាន​​ចំណង​ទាក់​​​​ទង​ជា​​មួយ​​​លោក សម រង្ស៊ី ដើម្បី​រំលាយ​ចេញ​ពី​សង្វៀន​នយោ​បាយ​​​​បន្ត​​​​ទៀ​​ត ដូចដែលធ្លាប់បានធ្វើរួចហើយចំពោះគណបក្សសង្រ្គោះជាតិ។

បើតាមលោកនាយករដ្ឋមន្រ្តី នៅចំពោះមុខនេះ លោកក្តាប់ព័ត៌មានបានថាមានបក្ស​នយោបាយ​មួយ ដែ​ល​លោក​មិន​បាន​បញ្ជាក់​ចំ​ឈ្មោះ ថា​កំពុង​មាន​ទំនាក់ទំនងជាមួយនឹងលោក សម រង្ស៊ី ហើយ​​​លោ​​ក​ក៏ព្រមានដែរថា បក្សនយោបាយនោះត្រូវ​មាន​ការ​ប្រុងប្រយ័ត្នខ្លួន បើ​មិន​ចង់​​​មាន​​វាសនាដូ​ច​គណបក្សសង្រ្គោះជាតិ។

ឆ្លើយតបរឿងនេះ លោក ម៉ែន សុថាវរិន្រ្ទ មនុស្សដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី អះអាងថា នៅចំ​​ពោះ​​មុខនេះ សហស្ថាបនិកគណបក្សសង្រ្គោះជាតិ មិនមានទំនាក់ទំនងជាមួយបក្សនយោបាយ​​ណា​​មួ​​យនៅក្នុងប្រទេសកម្ពុជាទេ រួមទាំងគណបក្សភ្លើងទៀន ដែលលោកជាស្ថាបនិក​នៃ​គណ​​បក្ស​​នេះ​​​​ផង។

ប៉ុន្តែអតីតអ្នកតំណាងរាស្រ្តរូបនេះលើកឡើងជា​ចម្ងល់​វិញ​ថា៖ «មានគណបក្សប្រជាជន ហើយ​ជាជំនិត​​ជិត​​លោក ហ៊ុន សែន ទៀត ​ទាក់ទងមក​​លោ​ក សម រង្ស៊ី អាហ្នឹងម៉េចដែរឥលូវនេះហ្នឹង? ខ្ញុំមាន​ភស្តុតាង​ទៀត ឥលូវ​រំលាយគណបក្សប្រ​ជាជ​ន​​កម្ពុជាវិញហ្អី? ឬម៉េច? មាន​អ្នក​ជិត​ដិត​លោក ហ៊ុន សែន បំផុត ទាក់ទងមកលោក សម រង្ស៊ី មា​​ន​សំឡេង និងមានទាំងសាក្សីទៀត។​ ប៉ុន្តែ​បើអ៊ីចឹង​អាហ្នឹងត្រូវ​​រំលាយគណបក្សប្រជា​​ជនហើយ​​ បើ​​អ៊ីចឹងនោះ»។

បើតាមលោក ម៉ែន សុថាវរិន្រ្ទ មកដល់ពេលនេះ លោកនៅមិនទាន់ដឹងថាតើជំហរអ្នកនយោបាយ​​ផ្សេង​ទៀតដែលធ្លាប់បម្រើនយោបាយជាមួយលោក សម រង្ស៊ី នោះ ​ពួកគេ​សម្រេច​ចិត្ត​​បែប​ណា​នៅ​​​ឡើ​យ​​​​​​​ទេ។ ប៉ុន្តែលោកមាន​​ជំនឿដោយមុតមាំថា អ្នក​ដែល​​​មាន​​ឆន្ទៈ​នយោបាយ​ខាង​ប្រជាធិប​តេយ្យ ទំនង​ជា​មិន​ចាកចេញ​តាម​ការ​អំពាវនាវរបស់​លោក ហ៊ុន សែន នេះទេ។

លោកបន្តថា៖ «ខ្ញុំមិនជឿថា​មានអ្នកចុះ​ចូលទេ ពីព្រោះ​សកម្មជន​ម្នាក់ៗ​មាន​មនសិការជាតិ​របស់​គេ។ ហើយ​គេមើល​ឃើញ​ច្បាស់ណាស់​ពី​ទង្វើរ​បស់​លោក ហ៊ុន សែន»។

មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញ​មានអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ​ដែលត្រូវ​​បា​ន​​​​​​តុលា​​ការ​​រំលា​យ​​មួយចំនួន ដែលទៅបង្កើតបក្សនយោបាយថ្មី រួមមាន ​លោក ជីវ កក្តា, លោក កង គឹ​​ម​ហាក់ និងលោក ខឺយ ស៊ីនឿន ជាដើម បាន​ចុះចូលជាមួយ​​នឹងគណ​​ប​​ក្ស​​​​​​ប្រជាជន​​​កម្ពុជា​។ ជា​​ថ្នូ​រនឹងការផ្ដាច់ខ្លួននេះ ពួកគេទទួលបានងារជាឯកឧត្តម មាន​ឋានៈ​ស្មើ​​រដ្ឋ​​មន្រ្តី និងអនុរដ្ឋ​​លេ​​ខា​​​​ធិ​​ការ​។

ដោយឡែក កាលពីថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០២២ អតីតតំណាងរាស្រ្តគណបក្សជំទាស់​ចំនួន៣រូបដែលកំពុងរស់នៅដោយនិរទេសខ្លួន​នៅក្រៅប្រទេស​ ដូចជា លោក ហេង ដាណារ៉ូ, លោក គង់ សភា និង អ៊ូ ច័ន្ទឬទ្ធិ បានស្នើសុំលោក ហ៊ុន សែន ជួយអន្តរាគមន៍ដើម្បីបានលើកលែង​​ទោ​​ស​​​។ ក៏ប៉ុន្តែ​លិខិតស្នើសុំរបស់អ្នកទាំង៣រូបនេះមិនទាន់ឃើញមានការឆ្លើយតបបែបណាពី​លោ​​ក​​នា​យករដ្ឋមន្រ្តីនៅឡើយទេ គិតមកដល់ពេលនេះ។

សម្រាប់លោក សេក សុជាតិ ស្ថាបនិក​អង្គការអភិវឌ្ឍន៍ផ្នត់គំនិត ទទួលស្គាល់ថា អ្វីដែល​លោក​​ ហ៊ុន សែន អារកាត់ហើយនេះ ប្រាកដណាស់ លោកនឹងមិនបោះបង់គោលជំហររបស់លោកទេ ក្នុង​​ការឈាន​ទៅ​​កម្ចាត់គូប្រកួតរបស់ខ្លួន។

លោកបន្តថា៖ «ទម្លាប់នៃការធ្វើនយោបាយរបស់លោកនាយករដ្ឋមន្រ្តី គឺគាត់នឹងមិនដកថយ ហើយ​​​​នឹ​ង​​ធ្វើអ្វីៗសព្វបែបយ៉ាង​ ដើម្បីរក្សានូវសិទ្ធិនិងអំណាចរបស់គណបក្សគាត់។ ហើយទាំងអស់​​នេះ ខ្ញុំ​​ជឿ​ជាក់ថា​ ប្រសិនជាមានព្រឹត្តិការណ៍ណាមួយកើតឡើង គឺលោកនាយករដ្ឋមន្រ្តី​​នឹង​ធ្វើ​ពិត​ប្រាក​ដ​​​មែន»។

ស្របពេល​ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានកម្ចាត់អង្គការចាត់តាំងផង និង​អំពាវ​នាវ​ឱ្យអ្នក​នៅ​ក្បែរ​​​លោ​​​ក សម រង្ស៊ី ផ្តាច់ខ្លួនផង នៅថ្ងៃនេះដែរ លោកនាយករដ្ឋមន្រ្តីក៏បាន​កោះ​ប្រជុំ​បន្ទាន់​​​មួយ​នៅ​ក្នុងខេត្ត​​​សៀម​​​​​រាប ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និងក្រុម​​ប្រឹ​​ក្សា​​ឃុំ-សង្កាត់ ប៉ុន្តែបាន​បិទផ្លូវ ដោយ​មិន​ឱ្យស​មាជិក​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​​​​ជាប់​​ឆ្នោត​មក​ពី​គណបក្ស​​នយោបាយ​​ផ្សេង​​​​ចូល​​រួមឡើយ​។

កិច្ចប្រជុំដែល​លោកនាយករដ្ឋមន្រ្តីលើកឡើងថាសម្រាប់តែគណបក្សប្រជាជនកម្ពុជានេះ ហាក់​​ស៊ីគ្នា​​ទៅ​​​​នឹងអ្វីដែលលោកបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការចុះតាមមូល​​ដ្ឋាន​​រប​​ស់​​​​​​​​លោ​​​ក​​​​លើក​​នេះ គឺដើម្បីរៀបចំ​យុទ្ធសាស្រ្ត ដើម្បីកម្ចាត់អ្នកដែលនៅគាំទ្រ​ចលនាអង្គកា​​រ​​ចាត់​​​តែង ដែល​​ដឹកនាំដោយលោក សម រង្ស៊ី។

បើតាមលោក ម៉ែន សុថាវរិន្រ្ទ បើទោះជានៅពេលនេះ លោកនាយករដ្ឋមន្រ្តីថ្លែង​សារ​​ព្រមាន​ម្តង​ហើយ​ម្តង​​​ទៀត​​​ក្តី ទំនងជាសារនយោបាយរបស់លោក ហ៊ុន សែន នៅ​ពេល​នេះ​អាច​នឹង​ត្រូវ​ប្រែ​ប្រួល​​​វិញ ក្រោ​​​​យ​​ពីមានព្រឹត្តិការណ៍ដ៏សំខាន់មួយនឹងកើតឡើង​នៅក្នុ​ង​ខែវិច្ឆិកា ឆ្នាំ​២០២២ ខាង​​​មុខ​​​​នេះ។

បើជា​ទោះ​បែបណា សភាអឺរ៉ុបធ្លាប់បានព្រមានកម្ពុជាម្តងរួចមកហើយកាលពីដើមខែ​ឧសភា ឆ្នាំ​២​​០​២២ ដោយ​​​​ត​​ម្រូ​វ​​​​ឱ្យសមាជិករបស់ខ្លួនត្រូវតាមដានដោយដិតដល់​អំពីដំណើរការនៃកា​​របោះ​​ឆ្នោ​​​​ត​​​​​នៅក្នុង​​ប្រទេស​​កម្ពុ​ជា​​ ទាំងការបោះឆ្នោត​ថ្នាក់​​ឃុំ​សង្កាត់​ឆ្នាំ២០២២ និងការបោះឆ្នោត​​ថ្នាក់​​ជាតិ​ឆ្នាំ២០២៣ ខាង​​មុខ​​នេះ​។

តាមរយៈសមាជិកដែលមាន២៧ប្រទេស សភាអឺរ៉ុបព្រមានពីការផ្តាច់ប្រព័ន្ធអនុគ្រោះ​​ពន្ធ ដែល​​ហៅ​​​​​​កាត់ថា EBA ទំាងស្រុងចេញពីកម្ពុជា បន្ថែមលើការអនុគ្រោះពន្ធ​​ដែលកំពុង​ព្យួរ​ ២០​​% កាល​​ពី​​​​លើកមុនផង ប្រសិនបើការបោះឆ្នោតទាំងពីរលើនេះមិនអាចធានាបានពីសេរី ត្រឹមត្រូវ និងយុត្តិ​​ធម៌​នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ