លោក ហ៊ុន សែន ថា​លោក​ធ្លាប់​ទទួលទាន​អាហារ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម ប៉ុន្តែ​មិន​អាច​ជាមួយ​លោក សម រង្ស៊ី ឡើយ

ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្រោយបញ្ចប់ការប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា លោកធ្លាប់ទទួលទានអាហារជាមួយមេដឹកនាំខ្មែរក្រហម នៅផ្ទះរបស់លោក ប៉ុន្តែរូបលោកមិនអាចធ្វើសកម្មភាពនេះជាមួយនឹងមេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី បានឡើយ។

ការថ្លែងខាងលើនេះ ដោយលោកនាយករដ្ឋមន្ត្រីបានធ្វើឡើង ខណៈរូបលោកបានអញ្ជើញទៅប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយលោកក៏បានហៅលោ​ក សម រង្ស៊ី ថាជា​អ្នកនយោបាយ​​ក្បត់​ជាតិ​៣​ជំនាន់ដែលផ្សព្វផ្សាយ​មនោគមវិជ្ជា​ដ៏​គ្រោះថ្នាក់​ក្នុង​ប្រទេសផងដែរ។

ជាមួយគ្នានេះ លោក ហ៊ុន សែន បានបន្ថែមថា លោកក៏នឹងកម្ចាត់​ចោលនូវ​អង្គ​ការ​ចាត់​តាំង​មនោគមវិជ្ជា​ជ្រុលនិយម​ដែល​បង្កើត​ឡើង​ដោយលោ​ក សម រង្ស៊ី ខណៈរូបលោកក៏នឹងមិនលើកលែងទោសឱ្យជនក្បត់នេះផងដែរ។

ទាក់ទិននឹងករណីនេះ លោកថា៖ «ខ្ញុំបាននិយាយហើយថា បើខ្ញុំចុះហត្ថលេខា[លើកលែងទោស]ឱ្យទៀត ខ្ញុំកាត់ដៃខ្ញុំគ្រវាត់ចោល»។

លោក ហ៊ុន សែន បន្ទាប់មកទៀត ក៏បានធ្វើការ​ប្រៀបធៀបលោ​ក សម រង្ស៊ី​ ទៅ​នឹងមេដឹកនាំខ្មែរក្រហមដែល​លោក​បាន​ជួប​កាល​ពី​អតីតកាល ដែលក្នុងនោះ លោកបានថ្លែងថា រូបលោកធ្លាប់វាយគ្នាសឹងតែពាក់កណ្ដាលជីវិតជាមួយនឹងមេដឹកនាំខ្មែរក្រហម ដែលរួមមាន ខៀវ សំផន, នួន ជា, អៀង​ សារី និងអ្នកដទៃទៀត ប៉ុន្តែនៅទីចុងបំផុត រូបលោកនៅតែអាចទទួលទានបាយជាមួយពួកគបាននៅផ្ទះរបស់លោក។

ទោះជាយ៉ាងណា លោកបញ្ជាក់ថា សកម្មភាពខាងលើនេះ គឺ​​មិន​អាចធ្វើ​ទៅ​រួច​ជាមួយលោក សម រង្ស៊ី ឡើយ។

លោកបន្តថា៖ «ខ្ញុំធ្លាប់ធ្វើចលនារំលាយចោលអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ខ្ញុំធ្វើបានជោគជ័យ»។

លោកបន្ថែមថា៖ «ឥលូវខ្ញុំនឹងបន្តធ្វើ តាមរយៈការអំពាវនាវចំពោះប្រជាពលរដ្ឋដែលយល់ខុសអំពីជនក្បត់ជាតិនេះ [លោក សម រង្ស៊ី] ឱ្យងាកចេញពីជនក្បត់ជាតិនេះ»។

ឆ្លៀតក្នុងឱកាសនេះ លោក ហ៊ុន សែន ក៏បានធ្វើការគំរាមទៅកាន់បក្សនយោបាយណាដែលផ្សារភ្ជាប់នឹងជនក្បត់ជាតិនេះ ក៏នឹងត្រូវតែប្តឹងទៅតុលាការដើម្បីរំលាយចោលផងដែរ។

គួរបញ្ជាក់ថា លោក សម រង្ស៊ី តាមរយៈទំព័រហ្វេសប៊ុក​ផ្លូវការរបស់​ខ្លួន កាលពីចុងសប្តាហ៍កន្លងទៅ បាន​ចេញជា​វីដេអូមួយដោយជំរុញឱ្យមានការផ្លាស់ប្ដូ​រ​ដោយសន្តិវិធីនៅកម្ពុជា​ នៅឆ្នាំ​២០២៣​ ខណៈសកម្មភាពនេះត្រូវបានចាត់ទុកដោយលោក ហ៊ុន សែន ថាជាផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ជាការឆ្លើយតប លោក ហ៊ុន សែន ថា៖ «បើអ្នកឯងមានកម្លាំង សូមអញ្ជើញ យើងគ្មានជម្រើសក្រៅពីការការពារជាតិ ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល។ យើងគ្មានជម្រើសទេ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Hun Sen Says Meals With Khmer Rouge More Palatable Than With Rainsy

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ