តំណាង​​ពលរដ្ឋ​​២១០គ្រួសារ​​ លើក​គ្នា​​មក​​តវ៉ា​​នៅ​​សាលា​​ខេ​ត្ត​សៀមរាប​​ទាមទារ​​សំណង​​ដីធ្លី​

ពលរដ្ឋរាប់សិបអ្នក រស់នៅ ភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើកបដាតវ៉ាឱ្យ អាជ្ញាធរ ជួយដោះស្រាយបញ្ហា វិវាទដីធ្លីកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

​ក្រុមប្រជាពលរដ្ឋជាង១០០នាក់ ដែលអះអាងថា តំណាងឱ្យពលរដ្ឋជាង ២០០គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប លើកគ្នា​មកតវ៉ានៅមុខ សាលាខេត្ត នៅព្រឹកថ្ងៃទី២៤ ខែតុលា ដើម្បីទាមទារ​សំណងដីធ្លីសមរម្យតាម​តម្លៃទីផ្សារ ខណៈ​មន្ត្រីធ្លាប់សន្យាថា នឹងទូទាត់សំណងជូនពួកគាត់​ តែ​ពួកគេ​មិនបានគោរពសន្យាឡើយ។ ​

ការលើកគ្នាមកតវ៉ានេះ ធ្វើឡើងក្រោយពលរដ្ឋចំនួន ២១០គ្រួសារ ដែលមានដីស្រែចម្ការចំនួន ១៦០ហិកតា បានរងផលប៉ះពាល់ជាមួយ អាជ្ញាធរអប្សរា ខណៈមន្ត្រីអះអាងថា ​ដីនោះស្ថិតនៅក្នុងខ្សែបន្ទាត់អាជ្ញាធរអប្សរា។

ពលរដ្ឋរស់នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប អ្នកស្រី ហុន វុន ប្រាប់ VOD ថា គាត់និងអ្នកភូមិជាង១០០នាក់ តំណាងឱ្យ​ពលរដ្ឋមានវិវាទដីធ្លីសរុប ២១០គ្រួសារបានលើកគ្នាមកតវ៉ានៅពីមុខសាលាខេត្តសៀមរាប ពាក់ព័ន្ធបញ្ហាដីធ្លីរ៉ាំរ៉ៃ​ដែល អាជ្ញាធរអប្សរា បានវាទយកតាំងពីឆ្នាំ២០០៥។

អ្នកស្រីថា រយៈពេលជិត ២០ឆ្នាំមកនេះ ពលរដ្ឋបានតវ៉ា និងស្វែងរកកិច្ចអន្តរាគមន៍​រកដំណោះស្រាយទៅអាជ្ញាធរមូលដ្ឋាន និងខេត្តជាច្រើនលើក ​នៅតែគ្មានការឆ្លើយតបជាវិជ្ជមានឡើយ។

ប្រភពដដែលបន្ថែមថា ដំបូងឡើយអាជ្ញាធរសន្យាថា នឹងផ្តល់សំណងទៅតាមស្ថានភាពទីតាំងជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងតាមតម្លៃទីផ្សារ។  យ៉ាងណា ក្រោយពលរដ្ឋផ្តិតមេដៃយល់ព្រមរួច ពួកគាត់មិនបានទទួលសំណងនោះសោះ ទើបពួកគាត់នាំគ្នា​តវ៉ាជាបន្តបន្ទាប់។

អ្នកស្រី ហុន វុន ថា៖ «បើគេផ្តល់សំណងរៀងសមរម្យ ក៏ប្រជាពលរដ្ឋយើងយល់ព្រម ដើម្បីឱ្យពលរដ្ឋសប្បាយចិត្ត កុំឱ្យពលរដ្ឋពិបាកចិត្តពេក។ តែបើគេផ្តល់សំណងរៀងតិចតួចពេក ក៏មិនដឹងយកទៅធ្វើអីកើតលុយសព្វថ្ងៃៗដីវាថ្លៃម៉ែអើយ។ កាលមុន[ឆ្នាំ២០០៦]គាត់ថា ផ្តល់ជាសំណងលុយ ដីស្រឡះ ៥០០ ដីព្រៃ ៧០០ [ដុល្លារក្នុងមួយហិកតា]ដល់ពេលបានមេដៃបានអីអស់ហើយ មិនដឹងយ៉ាងម៉េច​បាន​គាត់​មិន​ឱ្យ។ បើសិនឱ្យនោះ វាចប់រឿងបាត់ហើយ មិនពិបាកអីមកដល់សព្វថ្ងៃនេះ។ [ពេលគេមិនឱ្យអញ្ចឹង តើពលរដ្ឋទាំង២១០គ្រួសារមានប្រតិកម្មយ៉ាងណា?]មានប្រតិកម្មដាក់ពាក្យស្នើសុំរហូត តែគេថា ដីចូលអប្សរាហើយគេមិនឱ្យទេៗ តែប៉ុណ្ណឹងឯង»។

អ្នកស្រីថា បើគ្មានគ្មានការផ្តល់សំណងសមរម្យតាមតម្លៃទីផ្សារទេ ពួកគាត់នឹងមិនឈប់ត្រឹមនេះទេ ដោយត្រូវតវ៉ារហូតដល់មានដំណោះស្រាយ។

អ្នកស្រីបន្តថា គាត់មានដីស្រែចម្ការជាង១ហិកតា ដែលប៉ះពាល់ទាំងស្រុង ហើយបើគ្មានការផ្តល់សំណងទេ ពួកគាត់នឹងគ្មានលទ្ធភាពទិញដីធ្វើស្រែ ដាំដុះ សម្រាប់ផ្គត់ផ្គង់ជីវភាពតទៅទៀតឡើយ។

ពលរដ្ឋមួយរូបទៀត លោក រ៉ាន់ រ៉ា លើកឡើងថា កាលពីព្រឹកមិញ​មន្ត្រីសាលាខេត្តសៀមរាប បានច្រានចោល​នូវសំណើពលរដ្ឋ​ដែលទាមទារឱ្យ​ជួយដោះស្រាយរឿងដីធ្លី ដោយមន្ត្រីថាពលរដ្ឋគ្មានលិខិតបញ្ជាក់កម្មសិទ្ធិច្បាស់លាស់ ដូច្នេះមន្ត្រីមិនអាចជួយបានទេ។

យ៉ាងណា ពលរដ្ឋភូមិស្នាសង្គ្រាម រូបនេះថា ដីទាំងនោះគឺពួកគាត់អាស្រ័យផលតជំនាន់តាំងពីដូនតាមក មិនមានលិខិតបញ្ជាក់កម្មសិទ្ធិទេ ខណៈ​ទើបតែអាជ្ញាធរអះអាងថាជាដីរបស់អាជ្ញាធរអប្សរានិងហ៊ុមព័ទ្ធ នៅឆ្នាំ២០០៥។

បុរសវ័យជាង ៥០ឆ្នាំរូបនេះបន្តថា តាំងពីពេលនោះមក ពលរដ្ឋមិនត្រូវបានអនុញ្ញាតឱ្យចូលអាស្រ័យផលនៅទីនោះបានទៀតទេ ពោលគឺ​នៅសល់តែ​ដីផ្ទះប៉ុណ្ណោះ ស្របពេលកត្តាជីវភាពបានជំរុញឱ្យពួកគាត់ ដើរជួលដីគេអាស្រ័យផលកសិកម្មបន្តិចបន្តួច។​

លោក រ៉ាន់ រ៉ា ថ្លែងថា៖ «ឱ្យគេជួយដោះស្រាយជូនប្រជាជនស្នាសង្គ្រាមឱ្យបាន មើលថាដី ៤ឬ ៥ហត្ថ គេឱ្យយើងបានម្នាក់មួយឡូត៍ពីរឡូត៍ បើចែកជូនបងប្អូនស្នាសង្គ្រាម គាត់ក៏ទទួលយកបាន មានភាពកក់ក្តៅណាស់ទៅហើយ។ តែវាអត់ទៅទៀត ចឹងប្រជាជនគាត់ចាប់ផ្តើមសើរើតវ៉ា បើបាត់បង់ទទេៗ។ [បើគ្មានដំណោះស្រាយ] វាមានពិបាកអីបង មានតែអត់បាយណា បើគេមិនដោះស្រាយឱ្យអត់បាយណា។ និយាយទៅអត់តែរហូត ទទួលដីគេធ្វើតែរហូត បើគេដោះស្រាយទៅ យើងបានមានប្រកបមុខរបរដាំនេះ ដាំនោះ ធ្វើផ្ទះធ្វើសម្បែងនៅ ហើយដូចខ្ញុំចាស់ប៉ុណ្ណេះទៅហើយ អត់ចៅអត់កូនអាយុ ៥០ជាង ក៏បើគេបានដោះស្រាយ ចេះតែបានធ្វើនេះធ្វើនោះ ដាំបន្លែងបង្ការ លក់ដូរនឹងគេទៅ»។

អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ លើកឡើងថា លោកមិនបានដឹងពីការតវ៉ារបស់ពលរដ្ឋនេះទេ។

ចំណែក អភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង ថ្លែងថា លោកបានទទួលព័ត៌មាននេះហើយ ដោយអះអាងថានឹងពិនិត្យ សួរនាំ​តំណាង​ពលរដ្ឋ​ឱ្យច្បាស់ពីករណីនេះ។ ​ លោកថា ករណីនេះគឺជារឿងថ្មីសម្រាប់លោក ត្បិតរឿងរ៉ាវបានកើតឡើងតាំងពីឆ្នាំ២០០៦ ខណៈលោកទើបតែកាន់តំណែង​បាន ៤ឆ្នាំ។

លោក សូរ ប្លាតុង ថ្លែងថា៖ «ដោយសារករណីហ្នឹងថ្មីដែរ ខ្ញុំឃើញគាត់ទើបតែតវ៉ា។ ចាំមើល ខ្ញុំពិនិត្យមើលតើករណីហ្នឹងយ៉ាងម៉េច? ព្រោះ​ករណីហ្នឹង បើតាមខ្ញុំសួរខាងអាជ្ញាធរអប្សរា គេបានដោះស្រាយគោលនយោបាយជូនបងប្អូនហ្នឹងមួយចំនួនហើយៗ ​សួរទៅថា ដីភូមិដីស្រែហ្នឹង​បានដោះស្រាយ​ជាមួយបងប្អូនប្រជាពលរដ្ឋរួចហើយ លែកលែងតែដីព្រៃទេ កាលហ្នឹងអត់បានដោះស្រាយជូន។ ​មិនដឹងថា ឯកសារយ៉ាងម៉េច អាហ្នឹងមានតែ ខាង​អប្សារា​បានច្បាស់ ព្រោះឯកសារឃើញតែលិខិតគាត់ប៉ុណ្ណឹង មិនដឹងថាមានអីទៀត»។

​មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លី នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា ពលរដ្ឋនៅស្នាសង្គា្រម​បានរងគ្រោះ​ដោយសារបញ្ហាដីធ្លីនេះ២ដងរួចមកហើយ ដូចជាទំនាស់ដីធ្លីជាមួយអ្នកមានអំណាច បន្ទាប់មកដោះស្រាយរួច និងបញ្ហាម្តងទៀតគឺជាមួយអាជ្ញាធរអប្សរា។

លោកកត់សម្គាល់ថា ពាក់ព័ន្ធបញ្ហាដីធ្លី អាជ្ញាធរហាក់មិនយល់ពីតួនាទី និងកាតព្វកិច្ចរបស់ខ្លួនក្នុងការបម្រើពលរដ្ឋ ដោយសន្យាជាមួយពលរដ្ឋ យកស្នាមមេដៃ ហើយក៏លែងខ្វល់ខ្វាយគិតគូរសំណងតាមការសន្យារបស់ពួកគេទៅវិញ។  

លោកថា ការផ្តោតលើផលប្រយោជន៍ថ្នាក់លើ ដោយមិនបានគិតដល់ផលប៉ះពាល់របស់ពលរដ្ឋ​ គឺជារឿងប្រាស់ចាកពីតួនាទីក្នុងនាមអាជ្ញាធរ។

លោក វណ្ណ សូផាត ថ្លែងថា៖ «អាជ្ញាធរភាគច្រើន គឺច្រើនតែសន្យាៗខ្យល់! សន្យាឱ្យប្រជាពលរដ្ឋ ហើយយកស្នាមមេដៃ​ប្រជាពលរដ្ឋចឹង អាហ្នឹងវាជា​ការបោកប្រាស់ប្រជាពលរដ្ឋ។ ហើយដែលវា​អត់សមក្នុងនាមជាអាជ្ញាធររដ្ឋ ក្នុងនាមជាបុគ្គលិកស្ថាប័នរដ្ឋ មិនគួរធ្វើចឹងដាក់ប្រជាពលរដ្ឋទេ ព្រោះ​សន្លឹកឆ្នោត​ពួកគាត់ដែល[មន្ត្រី]បានធ្វើការរាល់ថ្ងៃបច្ចុប្បន្នហ្នឹងមកនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ហើយរដ្ឋាភិបាលគឺបានមកពីប្រជាពលរដ្ឋ។ ចឹងគួរតែគិតពីជីវភាពរបស់ប្រជាពលរដ្ឋជាសំខាន់»។

លោក វណ្ណ សូផាត បន្តថា៖ «ហើយបើសិនជាដីហ្នឹងថាវាប៉ះពាល់យ៉ាងម៉េចៗ ព្រោះដីហ្នឹងពីដើមមកត្រូវមានកំណត់ មានគោលការណ៍ច្បាស់លាស់ មានការកំណត់ច្បាស់លាស់ មិនមែននឹកឃើញៗស្រាប់តែដីហ្នឹងប៉ះពាល់ដល់ អាជ្ញាធរអប្សារា ទៅយកដីគាត់ហើយថា នៅក្រោមលក្ខខណ្ឌ​អាជ្ញាធរ​អប្សារា​របស់រដ្ឋអីចឹង អាហ្នឹងគឺវាមិនសមមូលទេ»។

ជាដំណោះស្រាយ មន្ត្រីសង្គមស៊ីវិលរូបនេះថា រដ្ឋគួរតែពិនិត្យលទ្ធភាពផ្តល់សំណងសមរម្យដល់ពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចមានលទ្ធភាពធ្វើស្រែចម្ការ រកចំណូល និងដោះស្រាយជីវភាពគ្រួសារបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ