លោក ហ៊ុន សែន ជំរុញ​ឱ្យ​ព្រះសង្ឃ និង​ប្រជា​ពលរដ្ឋ​ក្រោក​ឈរ​ប្រឆាំង​លោក សម រង្ស៊ី 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋក្រោកឈរប្រឆាំងលោក សម រង្ស៊ី  ក្នុងពិធីប្រគល់ស្រូវពូជ ជូនកសិករដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ (ហ្វេសប៊ុក នាយករដ្ឋមន្រ្តី ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្រោកឈរប្រឆាំងលោក សម រង្ស៊ី  ក្រោមហេតុផលថា សហស្ថាបនិកគណបក្សសង្ក្រោះជាតិ​រូបនេះ បានប្រមាថអង្គព្រះមហាក្សត្រ​ធ្ងន់ធ្ងរជាថ្មីទៀត។

ក្នុងពិធី​ប្រគល់​ស្រូវពូជ​ជូនកសិករ​ដែល​រងគ្រោះដោយសារ​ទឹកជំនន់នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា អ្នកទាំងឡាយណាដែលបានផ្សារភ្ជាប់​ជាមួយនឹងគណបក្សដឹកនាំដោយលោក សម រង្ស៊ី នោះ ត្រូវឆាប់ផ្ដាច់ខ្លួនចេញ បើមិនដូច្នេះទេ លោកព្រមានថា នឹង​ចាត់វិធានការលើពួកគេតែម្តង។

លោក ហ៊ុន សែន ថ្លែងថា៖ «គេ[សម រង្ស៊ី]មិនត្រឹមជេរខ្ញុំទេ គេជេរព្រះមហាក្សត្ររបស់យើង។ ដូច្នេះ ខ្ញុំអំពាវនាវទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដើម្បី​ប្រឆាំង​ជនក្បត់ជាតិ ហើយទាំងបក្សណា​ដែលផ្សារភ្ជាប់​ជាមួយជនក្បត់ជាតិនេះ ដើម្បីធានា​ការពាររាជានិយម ការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រ ការពារឯកភាពសន្តិភាព​នៃទឹកដីរបស់យើង។ អ្នកទាំងឡាយដែលផ្សារភ្ជាប់ខ្លួនជាមួយគណបក្សដែលក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រនេះ គួរ​តែផ្ដាច់ខ្លួន អំពីក្រុមក្បត់ជាតិនេះ បើមិនដូច្នេះ អ្នកអាច​រងទទួលផលលំបាកផ្សេងៗ។ នេះមិនមែនជាការគំរាមកំហែងទេ ក៏ប៉ុន្តែវាជារឿងពិត នៅក្នុង​ប្រទេស​មួយ​មិនអាចអនុញ្ញាតឱ្យមាន​បក្សក្បត់ជាតិបានទេ»។

លោក ហ៊ុន សែន ព្រមានថា បក្សណាក៏ដោយដែលបានផ្សាភ្ជាប់ជាមួយនឹងលោក សម រង្ស៊ី លោកថា គណបក្សទាំងអស់នោះ នឹង​ប្រឈម​ការរំលាយ​ដោយប្រព័ន្ធតុលាការកម្ពុជា។ លោកក៏អំពាវនាវឱ្យអ្នកដែលគាំទ្រគណបក្សមួយដោយលោកមិនបញ្ចេញឈ្មោះនោះ ទៅ​ចូល​ធ្វើនយោបាយ​ជាមួយ​គណ​បក្សផ្សេងៗទៀត ដែលមិនពាក់ព័ន្ធនឹងលោក សម រង្ស៊ី ។

លោកនាយករដ្ឋមន្រ្តី បន្ថែមថា៖ «បើនៅជាមួយបក្សនេះមានហានិភ័យដែលនឹងឈានទៅដល់ការអនុវត្តច្បាប់។ ប្រសិនបើរកឃើញថា មាន​ទំនាក់​ទំនង​ជាមួយអាជនក្បត់ជាតិមួយនេះ។ ឥឡូវ ប្រជាពលរដ្ឋ និងព្រះសង្ឃ​កំពុងចេញសារ​ថ្កោលទោស​ព្រោះវាចេញ​ឃ្លីបវីដេអូ​និយាយយ៉ាងច្បាស់​ពាក់ព័ន្ធ​នឹង​រឿងនេះ»។

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២កន្លងមក ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន ក៏បានប្រកាសជាសាធារណៈដោយ​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធសាស្រ្ត ដើម្បី​តាម​កម្ទេចអ្នកដែល​លោក​​ហៅ​ថា ​ជា​​ក្រុម​​ប្រឆាំង​​នៅ​​តាម​​មូល​​ដ្ឋាន ហើយ​គាំទ្រ​អង្គ​ការ​ចាត់​តាំង​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី​​។

លើសពីនេះ លោក​ ហ៊ុន សែន ​​បានប្រកាសជាសាធារណៈ ដោយចោទលោក សម រង្ស៉ី ថាជា «​ត្រកូលក្បត់ជាតិបីជំនាន់» និងមាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាលជាថ្មី​ទៀត តាមរយៈការអំពាវនាវឱ្យ​កងកម្លាំងប្រដាប់អាវុធ​ប្រឆាំងរដ្ឋាភិបាល។

ក្រោយពីមានការប្រកាសរបស់លោក ហ៊ុន សែន ដោយចោទលោក សម រង្ស៊ី រឿងក្បត់ជាតិ​នោះ ក្រសួង-ស្ថាប័ន ព្រមទាំងគណៈសង្ឃនាយកផង ក៏បានចេញ​ញត្តិថ្កោល​លោក សម រង្ស៊ី ជាបន្តបន្ទាប់​ ខណៈសង្គមស៊ីវិលចាត់ទុកការចេញញត្តិថ្កោលទោសនោះថា ជាការដើរផ្ទុយពី​គោលការណ៍​អព្យាក្រឹតរបស់មន្ត្រីរាជការ។

ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី២២ ខែតុលា លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកដោយលើកឡើងពី​សេចក្តីកែតម្រូវ របស់សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រខ្មែរ កាលនៅមានព្រះជន្ម ពីទីក្រុងប៉េកាំង ក្នុងឆ្នាំ២០០៣។ លោកបន្តថា ពេលនោះព្រះអង្គបញ្ជាក់ថា ​ឪពុករបស់លោកគឺ លោក សម សារី ជា​អ្នកស្នេហាជាតិដ៏ឧត្តម និងបរិសុទ្ធ ដែលបានធ្វើការ មួយព្រះអង្គដើម្បីបម្រើមាតុភូមិយ៉ាងឧត្តុង្គឧត្តម ក្នុងឆ្នាំដ៏សំខាន់បំផុតនៃ​រាជកាល​ទីមួយ​របស់​ព្រះអង្គ និងនៅពេលចាប់ផ្តើមសម័យសង្គមរាស្ត្រនិយម​។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា បច្ចុប្បន្ន គណបក្សនេះធ្វើសកម្មភាព​ស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ ហើយកន្លងមកក៏បានចេញ​សេចក្ដី​ថ្លែងការណ៍​ចំនួន២លើករួចមកហើយ ដោយថាមិនពាក់ព័ន្ធ​លោក សម រង្ស៊ី នោះទេ។ ដូច្នេះ លោកថាមិនមានអ្វី​គួរឱ្យបារម្ភ​ឡើយចំពោះសារព្រមានរបស់លោក ហ៊ុន សែន ពេលនេះ។

លោកថា៖ «គណបក្សណាដែលគាត់បានទាក់ទង គាត់បានអីអាហ្នឹង ជារឿងរបស់គាត់ ចំពោះយើង​អត់មាន​ពាក់ព័ន្ធអ្វីទេ ហើយយើងបានណែនាំសកម្មជន​ ថ្នាក់ដឹកនាំយើងធ្វើ​បន្ត​សកម្មភាពយើងស្របតាម​ច្បាប់តែប៉ុណ្ណោះ។ យើងអត់មានអ្វីទំនាក់ទំនង​នាំឱ្យមាន​ការភ័យ​ខ្លាចទេ។ លោក [ហ៊ុន សែន] អំពាវនាវហ្នឹង គឺគណបក្សណា​ដែល​ពាក់ព័ន្ធ ឬ​អ្នកណា​ដែល​ពាក់ព័ន្ធ​ អាហ្នឹង​ជារឿង​ការអំពាវនាវរបស់លោកចុះ ហើយរឿងដែលយើងមិនពាក់ព័ន្ធ យើងគ្មាន​អីត្រូវ​ខ្វល់ខ្វាយ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ប្រសិនបើ​អ្នក​នយោបាយឬបុគ្គលម្នាក់ធ្វើខុសច្បាប់ គួរអនុវត្តទៅតាមច្បាប់ ដោយសុំឱ្យរដ្ឋាភិបាល​ប្រទេស​បារាំងផ្ដល់សច្ចាប័ន បញ្ជូនជនដែលប្រព្រឹត្តខុសច្បាប់នោះ​ ដើម្បីយកមកផ្ដន្ទាទោស​នៅកម្ពុជា ជាជាងការអំពាវនាវ​បែបនេះ​​។

លោកថា៖ «វាមិនមានអ្វីធំដុំទេ ជាជម្លោះអ្នកនយោបាយបក្សប្រឆាំង និងអ្នកនយោបាយ​កាន់​អំណាចទេ។ កាល​ណាបុគ្គលម្នាក់មិនគោរពច្បាប់ បានន័យថា រដ្ឋធម្មនុញ្ញយើង អង្គ​ព្រះមហាក្សត្រ​មិនអាចប្រមាថ រំលោភបំពានអ៊ីចឹង។ លោក សម រង្ស៊ី ខុសច្បាប់អ៊ីចឹង ​កាត់​ទោស​តាមច្បាប់អ៊ីចឹងទៅ។ យើងមានច្បាប់ដែរ ទាមទារធ្វើម៉េចឱ្យពលរដ្ឋ ឬក៏បើសិនពលរដ្ឋ​គេមានសន្ដានចិត្តឬសុឆន្ទៈ គេជឿទៅប្រព័ន្ធតុលាការ ដែលអ្នកនយោបាយអស់វិធីហើយបានអំពាវនាវ នេះជាលក្ខណៈមួយធ្វើឱ្យចរន្តនយោបាយអាចនាំប្រជាពលរដ្ឋទៅចរន្តមួយទៀត វាផុតពីកត្តាច្បាប់វិញ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះបន្តថា ប្រសិនបើរដ្ឋាភិបាលបន្តព្រមានដដែល​ៗបែប​នេះ វាបង្ហាញឱ្យឃើញថា សេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយនៅប្រទេស​កម្ពុជា ​មិនទាន់បើកចំហ​ ដែលធ្វើគណបក្សនយោបាយក្រៅរដ្ឋាភិបាល​ពិបាកក្នុងការចូលរួម​ការ​បោះឆ្នោតនៅពេលខាងមុខ​៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ