កប៉ាល់​ដឹកខ្សាច់​ឆ្លងកាត់​ច្រកព្រំដែន ខណៈ​ការនាំខ្សាច់​ចេញ​ចាប់ផ្ដើម​ងើប​ឡើង​វិញ​ដោយ​ស្ងៀមស្ងាត់

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ – ព្រំប្រទល់ក្អមសំណ ខេត្តកណ្តាល (ប្រទេសកម្ពុជា)។ ការ​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ព្រំដែន​វៀតណាម​កម្ពុជា​នៃ​ទន្លេមេគង្គ។ (Andy Ball / សាកលវិទ្យាល័យ Southampton)

ប៉ុន្មាន​ឆ្នាំបន្ទាប់​ពីអង្គការសហប្រជាជាតិបានបង្ហាញភស្តុតាង​អំពី​ការ​ដឹក​ខ្សាច់​ទៅ​លក់​នៅប្រទេស​សិង្ហ​បុរី រដ្ឋាភិបាលកម្ពុជាបាន​បន្ត​លក់​ខ្សាច់ទៅក្រៅប្រទេសដោយស្ងៀមស្ងាត់។

កាល​ពី​ខែ​មុន អ្នក​រាយការណ៍​ព័ត៌មាន​ វីអូឌី បាន​ឃើញកប៉ាល់ដែលមានដោតទង់ជាតិកម្ពុជា និងវៀតណាម បាន​​ដឹក​​ខ្សាច់​​​ចេញ​​​ពី​​ទន្លេ​​មេគង្គ​ ស្ថិត​នៅ​​​ព្រំដែន​​កម្ពុជា-​វៀតណាម គឺ​ច្រក​ក្អមសំណ ខេត្ត​កណ្ដាល។

លោក អ៊ឹង ឌីប៉ូ​ឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានលើកឡើងថា៖ «យើង​បាន​ប្រកាស​កាល​ពី​មួយ​ឆ្នាំ​កន្លះ​មុន ហើយ​យើង​បាន​ធ្វើស​ន្និ​សីទ​កាសែត […] ប្រទេស​ណាដែ​ល​មា​ន​តម្រូវការខ្សាច់ អាចទិញបាន»។

លោក​​បាន​​​ប្រាប់​​​អ្នក​​រាយ​ការណ៍​ព័ត៌​មាន​​ថា លោក​​នឹង​​ផ្ដល់​​ស្ថិតិ​​អំពី​​បរិមាណ​ខ្សាច់​​ដែល​​បាន​នាំចេញ ប៉ុន្តែ​លោកមិន​បាន​ផ្តល់​ឱ្យ​ឡើយ។

ទិន្នន័យពីគេហទំព័រ U.N. Comtrade បង្ហាញ​ថា ប្រទេសកម្ពុជាបាន​នាំចេញ​ខ្សាច់​ចំនួន៧៩៧ ២១៨តោន កាលពីឆ្នាំមុន ដែល​មាន​តម្លៃជិត៥,​៦​លាន​ដុល្លារ។ កាលពីឆ្នាំ២០១៦ ក្រុម​សកម្មជន​បរិស្ថាន​មាតា​ធម្ម​ជាតិ បាន​បង្ហាញ​ទិន្នន័យ​ដែល​ស្រង់​ចេញ​ពី​ទិន្ន​ន័យ​ពី​​គេហ​ទំព័រ U.N. Comtrade ដែរ​ បង្ហាញ​ថា បរិមាណ​ខ្សាច់​ដែលមា​ន​តម្លៃជិត ៧៥០លានដុល្លារ ត្រូវ​​បា​ន​នាំ​ចេញទៅ​កាន់​ប្រទេស​សិង្ហ​បុរី​ ក្នុងរយៈពេល៨ឆ្នាំ។

គេហទំព័រ U.N. Comtrade មានទិន្នន័យនាំចេញខ្សាច់ពីប្រទេសកម្ពុជាជាច្រើន​ឆ្នាំ ចាប់​តាំង​ពីឆ្នាំ​២០១៧ នៅពេ​ល​ដែល​រដ្ឋាភិបាលបានហាមឃាត់ការដឹកជញ្ជូនខ្សាច់អន្តរជាតិ ចំពេលមានភាពចម្រូងចម្រាស​កើត​ឡើង​ដោយ​សារ​កង្វះ​ខាត​កំណត់​ត្រា។ នៅក្នុង​ឆ្នាំ​២០១៨ បរិមាណខ្សាច់ដែលបាននាំចេញមានចំនួន៤៥ ៧៩៣​តោន និង​រក​ប្រាក់​ចំណូល​បាន​ជាង៨,១​លានដុល្លារ

ទាំងការ​ក្លែង​បន្លំ​ ដែល​ត្រូវ​បាន​​ចោទ​ប្រកាន់​ពី​ឆ្នាំ​២០១៦ និង​ការ​ហាម​ឃាត់​ការ​នាំ​ចេញ ​ទទួលបាន​កា​រ​ចាប់​អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយអន្តរជាតិ ដូច្នេះ​ការ​បន្ត​ការ​នាំ​ចេញ​នឹង​ក្លាយ​ជាព្រឹត្តិ​ការណ៍​​គួ​​​រ​​ឱ្យ​​ចាប់​​​​​​​​​​​​​​អារម្មណ៍។ ទោះ​យ៉ាង​ណា ​​គេ​​មិន​​ទាន់​​ដឹង​​ថាតើ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ណា​ខ្លះ​​​ដែល​​​មា​​ន​​វត្តមាន​​ក្នុង​​សន្និសីទ​​សារព័ត៌មាន​ដែល​លោក អ៊ឹង ឌីប៉ូឡា បាន​លើក​ឡើង​នោះទេ ដែលហាក់​ដូច​ជា​មាន​ការផ្តល់ព័ត៌មាន​តិចតួច​។

ក្រុម​សង្គម​​ស៊ីវិល ​ក៏​ហាក់​​​ដូច​​ជា​​​មិនច្បាស់​អំពីចំណាត់​ការ​នេះ​ដែរ។ តំណាង​​អង្គ​ការ​​សិទ្ធិ​មនុស្ស​​លីកាដូ និង​អង្គការ​ឃ្លាំមើល​គណនេយ្យភាព គឺ​អង្គការ​តម្លាភាព​អន្តរជាតិ មិន​បាន​ឮ​អំពី​ការ​​បន្ត​ការ​នាំ​ចេញ​នេះទេ។

លោក ប៉ិច ពិសី នាយកអង្គការតម្លាភាពកម្ពុជា បាននិយាយថា ក្រុមការងាររបស់លោកកំពុងស្វែង​រកព័ត៌មានបន្ថែមអំពីករណីនេះ។

លោក​បាននិយាយនៅក្នុងសារមួយថា៖ «យើង​ចង់​បង្កើន​តម្លាភាព​​ក្នុង​ការ​ផ្តល់​អាជ្ញាបណ្ណ​អាជីវកម្មបូម​ខ្សាច់ លើក​​កម្ពស់​ការរកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាពពីអាជីវកម្មបូមខ្សាច់ រួមទាំងការបែងចែកមូលនិធិសង្គមសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ និងបង្កើន​លទ្ធភាពទទួលបានព័ត៌មានសំខាន់ៗស្តីពី​អាជីវកម្ម​បូម​ខ្សាច់ រួម​ទាំង​ការ​ធ្វើផែនទី​នៃ​ប្រតិបត្តិការបូមខ្សាច់ទាំងអស់នៅក្នុងប្រទេសកម្ពុជា»។  

លោក អាឡិច ហ្គន់សាឡេស ដេវិត​សុន (Alex Gonzalez-Davidson) ស្ថាបនិកនៃអង្គការមាតាធម្មជាតិ បានលើកឡើងថា មានការបន្តនាំ​ខ្សាច់​ចេញ។

លោកបាននិយាយនៅក្នុងសារមួយមកកាន់ វីអូឌី ថា៖ «របបនេះ ត្រូវការ​លុយ​ជា​ខ្លាំង និង​បន្ត​នាំ​ចេញខ្សាច់​ទន្លេ​មេគង្គ​ឡើង​វិញ»។      

តែយ៉ាងណា មន្ត្រីក្រសួងរ៉ែ លោក អ៊ឹង ឌីប៉ូឡា បាន​និយាយថា ការ​បន្ត​ការ​នាំ​​​ខ្សាច់ចេញ នឹង​​បង្កើត​​ប្រាក់​ចំណេញ​​សម្រាប់រដ្ឋាភិបាល​ក្នុងអំឡុងមានវិបត្តិកូវីដ-១៩។

លោកបន្ថែមថា៖ «ថ្មីៗនេះ យើងរកចំណូលបាន៥លានដុល្លារ។ នេះ​ជា​ចំណូល​ដ៏​ច្រើន​សម្រាប់​ថវិកា​រដ្ឋ​របស់​យើង​ ក្នុង​អំឡុង​ពេលការរីករាលដាលនៃ​ជំងឺ​កូវីដ​-១៩»។ 

លោកបន្ត​ថា បច្ចុប្បន្ន ​កន្លែង​នាំ​ចេញ​តែ​មួយ​គត់ ​គឺ​តាម​​ច្រក​​ព្រំដែន​​ក្អម​សំណ។ លោក​​ថា ប្រវែង​​ទន្លេ​មេគង្គ​​​ពី​​​ទី​នោះ [កន្លែងនាំចេញ] ​ទៅ​ខាងជើង​​ស្ពាន​​អ្នក​លឿង មាន​​ចម្ងាយ​​ប្រមាណ៤១គីឡូ​ម៉ែត្រ​ មាន​​តម្រូវ​ការ​​ខ្សាច់​​ក្នុង​​ស្រុក​​តិច​តួច ដែល​​ជំរុញ​ឱ្យ​មាន​ការសម្រេចចិត្ត​ដឹកជញ្ជូន​​ទៅ​ក្រៅ​​ប្រទេស។

លោកបន្ត​ថា៖​ «​ទីតាំង​នេះ​​​មាន​​ខ្សាច់​​ដុះ​​ច្រើន ហើយ​វា​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​នាវាចរណ៍​របស់​កប៉ាល់​»

លោកបន្ថែម​ថា​៖ «​ទីតាំង​មួយចំនួនបង្ក​ឱ្យ​មាន​​ខ្សាច់​ដុះដោ​យ​​ការ​​ផ្លាស់​ប្តូរ​​លំហូរ​​ទឹ​ក​​​ទៅ​​បុក​ច្រាំងទន្លេ​ ដែល​បណ្តាល​​ឱ្យ​​បាក់​​ច្រាំង​​ទន្លេ​»​។

អ្នករាយការណ៍​ព័ត៌​មាន​ដែល​ទៅ​មើល​ព្រំដែន​ក្អម​សំណ កា​លពីខែមុន បាន​ឃើញ​កាប៉ាល់​ដឹកខ្សា​ច់​ទៅកា​ន់​ប្រទេស​វៀត​ណាម។ កប៉ាល់​ដឹកខ្សាច់ទាំងនោះ មាន​ដោត​​ទង់​ជាតិ​​ប្រទេសកម្ពុជា និងប្រទេសវៀតណាម។

កប៉ាល់​​ដែលមិនមានដឹកខ្សាច់​ បើក​ចូលមក​ប្រទេស​កម្ពុជា ​មាន​ឈ្មោះ​ក្រុមហ៊ុន​ពីរ​នៅ​ពីចំហៀង គឺក្រុមហ៊ុន Cambodia Energy Development Co. ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងមានទីស្នាក់ការនៅរាជធានីភ្នំពេញ និងក្រុមហ៊ុន Đông Dương មានទីស្នាក់ការនៅទីក្រុងហាណូយ ដែល​មាន​ឯក​ទេស​ផលិត​កម្រាល​ឈើ និង​សម្ភារ​តុប​តែង​ផ្នែក​ខាង​ក្នុង។

ទោះបីជាទំព័រ​ហេ្វសប៊ុក​របស់​ខ្លួន​ភាគ​ច្រើន​បង្ហោះជា​ភាសា​វៀតណាម អំពី​អា​ជីវកម្ម​របស់​ខ្លួនក៏​ដោយ ក៏ក្រុមហ៊ុន Đông Dương ផ្សាយពាណិជ្ជកម្មអំពីការល​ក់​ខ្សាច់​នៅ​ក្នុង​ប្រទេស​កម្ពុជាផង​ដែរ។

វីអូឌី បានទូរសព្ទ​ជាច្រើន​ដង​ទៅ​លេខ​ទូរសព្ទដែលមាននៅលើការបង្ហោះ​អំពី​ការ​លក់​ខ្សាច់ ប៉ុន្តែ​មិន​អាច​ទាក់​ទង​បាន​ទេ ហើយ​ពេលខ្លះ ​​អ្នក​រាយការណ៍ព័ត៌មានមិនអាចទទួលបានចម្លើយពីអ្នក​ដែល​លើក​​ទូរសព្ទ។

លោក អ៊ឹង ឌីប៉ូឡា បាន​និយាយ​ថា មាន​ក្រុមហ៊ុនកម្ពុជា​ចំនួន២ គឺ​ក្រុមហ៊ុន Global Green Energy Development ដែលជាកម្មសិទ្ធិរបស់កូនប្រុសឧកញ៉ាដ៏មានអំណាចម្នាក់ គឺ​ឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុន Chaktomuk Resources Supply ដែលនាំខ្សាច់ចេញ។ ទោះយ៉ាងណា តាមការសង្កេតមើលរបស់អ្នករាយការណ៍ព័ត៌មាន ចំពោះ​កប៉ាល់​ដឹក​ខ្សាច់​របស់​ក្រុម​ហ៊ុន Cambodia Energy Development បង្ហាញ​ថា អ្នកផ្សេងទៀត​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​ខ្សាច់​ទៅ​កាន់ប្រទេស​វៀត​ណាម។

ក្រុមហ៊ុន​មួយ​ក្នុង​ចំណោ​មក្រុម​ហ៊ុន​ទាំង​នេះ ដែលធ្វើការលើផ្នែកភស្តុភារ គឺ​ក្រុម​ហ៊ុន IBCO Group ដែល​ជាក្រុម​ហ៊ុន​មាន​មូល​ដ្ឋាន​នៅ​រាជធានីភ្នំពេញ និងមានប្រភពមកពីវៀតណាម។ ក្រុម​ហ៊ុន IBCO បាន​បង្ហោះព័​ត៌​មាន​យ៉ាង​ច្រើននៅលើគេហទំព័ររបស់ខ្លួន អំពី​ការ​បន្ត​ការ​នាំចេញ រួម​ទាំង​អាជ្ញាបណ្ណនាំចេញ និងវិក្កយបត្រគយដែលមានចុះកាលបរិច្ឆេទតាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

តំណាងក្រុមហ៊ុន IBCO ដែលប្រាប់​ឈ្មោះរបស់គាត់ថា ម៉ាក្ស (Max) បាននិយាយថា ក្រុម​ហ៊ុនបាន​សម្រប​សម្រួល​ការ​នាំចេ​ញ​ខ្សាច់​ពី​កម្ពុជា ទៅកាន់កំពង់ផែនៅទីក្រុងហូជីមិញ។

លោក​បាននិយាយ​តាម​ទូរសព្ទ​ថា៖​ «​ប្រសិន​បើ​អ្នក​ចង់​ដឹកខ្សាច់​ទៅ​ប្រទេស​ផ្សេង ​ត្រូវដឹក​ឆ្លង​កាត់​ប្រទេស​វៀតណាម»​។

លោកថា ក្រុមហ៊ុន​នានាត្រូវ​ប្ដេជ្ញាទិ​ញខ្សាច់យ៉ាង​ហោចណាស់​ឱ្យបាន១លានតោន ដើម្បីទទួល​បាន​អាជ្ញា​បណ្ណ​នាំ​ចេញ​ពី​រដ្ឋាភិបាល​កម្ពុជា។

លោក Max បាននិយាយថា រដ្ឋាភិបាលកម្ពុជាលក់ខ្សាច់ក្នុងតម្លៃថោក ហើយក្រុ​ម​ហ៊ុន​នានាត្រូវ​បាន​ស្វាគមន៍។

ទោះយ៉ាងណា លោក​បាន​ពិពណ៌នា​អំពី​ការ​យក​លុយ​ក្រោម​តុ​ ដែលប្រព្រឹត្តដោយអ្នកម៉ៅការ​ និងមន្រ្តីតូចតាចនៅតាមព្រំដែននៃប្រទេសទាំងពីរ។

លោក Max បាននិយាយថា៖ «អ្នកត្រូវធ្វើការជាមួយមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល។ ប្រជាជនក្នុងតំបន់គិតថ្លៃខ្ពស់ បើទោះបីជាអ្នកមានអាជ្ញាបណ្ណសម្រាប់នាំចេញក៏ដោយ»។

លោក Max បន្តថា ក្រុម​ហ៊ុន IBCO អាចដឹកនាំក្រុមហ៊ុននាំចេញដែលមានបំណងចង់ទិញ​ខ្សា​ច់​ឆ្លង​កាត់​ឧបសគ្គ​ទាំង​នោះ ដោយ​ចាប់​ផ្តើម​ពីជំ​ហានដំបូងនៃការទទួលបានអាជ្ញា​បណ្ណ​នាំ​ចេញ ខណៈកា​រទ​ទួល​បាន​អាជ្ញាបណ្ណនាំចេ​ញ​ដោយផ្ទាល់ពីរដ្ឋាភិបាលកម្ពុជា តម្រូវឱ្យ​ដាក់ប្រាក់​តម្កល់ ១លាន​ដុល្លារ។ លោកបានអះអាងថា សម្រាប់​ក្រុម​ហ៊ុន IBCO ត្រូវបាន​តម្រូវ​​ឱ្យ​ដាក់​​ប្រាក់​​តម្កល់ប្រហែល ៦០០ ០០០ដុល្លារ។

លោកបន្ថែមថា៖ «អ្នកសួរថាហេតុអ្វី​បានជាយើងធ្វើការងារនោះងាយស្រួលម៉្លេះ? ដោយ​សារ​តែ​​យើង​​មាន​​បណ្តាញ​នៅ​​កម្ពុជា និង​​​នៅ​​វៀត​ណាម។ អ្នកអាចធ្វើដោយខ្លួនឯងបាន ប៉ុន្តែខ្ញុំប្រាកដថា អ្នកមិនអាចទទួលបានតម្លៃនោះទេ»។

នៅពេលដំណើរការនេះ​ត្រូវបាន​បញ្ចប់ លោក Max បាននិយាយថា ក្រុម​ហ៊ុន IBCO អាច​ជួយក្រុម​ហ៊ុន​នាំ​ចេញ​ឱ្យ​ទទួល​បាន​ឯក​សារ កម្លាំង​ពលកម្ម និង​គ្រឿង​ម៉ាស៊ីន​ដែល​ត្រូវការ ដើម្បីដឹក​ខ្សាច់​ទៅ​ប្រទេស​វៀត​ណាម។ ទោះបីជាប្រទេសវៀតណាម មានតម្រូវការខ្សាច់ខ្ពស់ក្នុងស្រុក​ក៏​ដោយ ក៏​ក្រុមហ៊ុននាំចេញអាចប្រើប្រាស់កំពង់​ផែ Ho Chi Minh City ដែលមានទំហំដ៏ធំ និងអាចផ្ទុកប៉ាល់ដឹកខ្សាច់ដែល​មាន​ចំណុះ ៤០ ០០០​តោន។ លោក Max បាននិយាយថា កំពង់ផែនេះជួយសម្រួលការដឹកជញ្ជូនខ្សាច់ទៅ​២០​ប្រទេស បើទោះបី​ជា​លោក​មិន​បានបញ្ជាក់​ច្បាស់​ពី​ប្រទេស​ណា​ខ្លះ​ក៏​ដោយ។

មូលដ្ឋានទិន្នន័យដែលយកចេញពីគេហទំព័រ Comtrade មិនមានស្ថិតិអំពីបរិមាណខ្សាច់ដែលបាននាំចេញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះពីប្រទេសវៀតណាមទេ។ ទោះយ៉ាងណា លោកថា ប្រទេស​វៀត​ណាម​បាន​នាំចេ​ញ​ខ្សាច់​ចំនួន១៤,៨លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០២០ និ​ងប្រ​ហែល​ ១៧,៦​លានដុល្លារកាលពីឆ្នាំមុន។

លោក Max បានពណ៌នាការបន្តការនាំចេញរបស់កម្ពុជា ថាជា​ឱកាស​អាជីវកម្ម​ដ៏​សំខាន់ ប៉ុន្តែបាន​បដិសេធមិននិយាយថា​តើក្រុមហ៊ុននេះ [IBCO] ជួយដឹកខ្សាច់ប៉ុន្មានតោន​ជាមធ្យម​ក្នុងមួយ​ឆ្នាំពីកម្ពុជានោះទេ។

លោកថា៖ «ច្រើនណាស់ ប៉ុន្តែ​កុំ​បារម្ភ​រឿង​ហ្នឹង បារម្ភតែអំពីពេលវេលាបានហើយ ព្រោះគោលការណ៍អាចផ្លាស់ប្តូរ​គ្រប់​​ពេល ដូច្នេះ​​យើង​ត្រូវ​តែ​ធ្វើ​កិច្ចការនេះឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប្រហែល​កន្លះ​ឆ្នាំ ឬ​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Fleets of Sand Barges Cross Border as Exports Quietly Restarted

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ