តុលាការ​​កំពូល​សម្រេច​​ប្រគល់​លិខិត​ឆ្លងដែន​ដល់​អតីត​បុគ្គលិក​អាស៊ី​សេរី​​

លោក យាង សុធារិន្ទ អតីតអ្នករាយការណ៍​ព័ត៌មាន​អាស៊ី​​​​សេរី ចាកចេញពី តុលាការកំពូល បន្ទាប់ពីចូលរួម សវនាការបណ្ដឹង​សាទុក្ខ​​​​សុំលិខិតឆ្លងដែន​មកវិញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (ហ៊ុយ ឧស្សាហ៍)

​ប្រធាន​​ក្រុម​​ប្រឹក្សា​​​ជំនុំ​​ជម្រះ​​​​​នៃ​​​តុលាការ​កំពូល សម្រេច​​ប្រគល់​​​លិខិត​ឆ្លងដែន​ដល់​អតីត​អ្ន​ក​រាយ​កា​រណ៍​ព័​ត៌មាន​​​​អាស៊ី​សេរី លោក យាង សុធារិន្ទ ដើម្បី​យក​ទៅ​ប្រើប្រាស់​​​វិញ ដោយ​សម្អាង​​​​​ថា ជន​ជាប់ចោទ​រូបនេះ​ចូលរួម​សហការ​​ជាមួយ​តុលាការ​​នៅគ្រប់​នីតិវិធី​។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ តុលាការ​កំពូលបាន​​​​បើកសវនាការ​​លើបណ្តឹង​សាទុក្ខ​​​សុំដកលិខិត​​ឆ្លងដែន​ទៅប្រើប្រាស់​វិញ​​របស់​​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​​​​សេរី ដោយនឹង​ប្រកាស​សាលដីកា​នៅថ្ងៃសុក្រនេះ។

នៅក្នុងបន្ទប់​សវនាការនា​ព្រឹកថ្ងៃសុក្រនេះ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក គង់ ស្រ៊ីម បានសម្រេច​ប្រគល់លិខិត​ឆ្លងដែនឱ្យ​ទៅ​លោក យាង សុធារិន្ទ កាន់កាប់វិញ ដោយ​សម្អាងថា ជនជាប់ចោទរូបនេះ​តែងចូលរួមសហការ​ជាមួយតុលាការនៅគ្រប់នីតិវិធី និងបងស្រី​ឈឺធ្ងន់នៅ​​ស្រុកកំណើត [ទឹកដី​កម្ពុជា​ក្រោម] ហើយសន្យាថានឹង​បង្ហាញខ្លួន​​នៅចំពោះមុខ​​តុលាការ​គ្រប់ពេលកោះហៅ។

តែយ៉ាងណា ប្រធានក្រុមប្រឹក្សា​ជំនុំជម្រះ ក៏បានព្រមានដែរថា ក្នុងករណីដែល​ជនជាប់ចោទគេចវេះ​មិនចូល​ខ្លួន​ធ្វើតាមការសន្យា នៅពេលតុលាការ​កោះហៅ លោកអាច​ប្រឈមនឹងការចាប់ខ្លួនដាក់​ពន្ធ​នាគារ​ជាថ្មីទៀត។

លោក សំ ចំរើន មេធាវីការពារក្តីឱ្យលោក យាង សុធារិន្ទ បានប្រាប់អ្នកសារព័ត៌មាន​នៅ​ខាងមុខ​តុលាការកំពូល ថាកូនក្ដីរបស់​លោក​មិន​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ទៀតទេ។

លោក​ថា៖ «ខ្ញុំយល់​ថា ការទទួល​​បា​ន​​លិខិត​​ឆ្លង​​ដែន​​ម​ក​ប្រើ​ប្រាស់​វិញ វាជាសញ្ញាមួយនៅក្នុងដំណើរការរឿងក្ដីនេះ​តែ​ប៉ុណ្ណោះ។ អត់​ទេ​! កូន​ក្ដី​អត់​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ទៀត។ គាត់អាច​ធ្វើដំណើរ​ចេញ-ចូល​ក្រៅប្រទេសបាន ​គាត់អត់ជាប់បម្រាមទៀតណា»។

លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា និងលោក អ៊ួន ឈិន អ្នករាយការណ៍ព័ត៌មាន​​វិទ្យុ​​អា​ស៊ី​សេរី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅផ្ទះសំណាក់ ម៉ារឌី ក្នុងខណ្ឌ​​មាន​​ជ័​យ​ រាជធានីភ្នំពេញ និងបានដកហូត​លិខិតឆ្លងដែន​របស់អ្នកទាំង២។ អ្នកទាំង​២ ត្រូវ​រង​ការ​ចោទ​ប្រកាន់ពី​បទ​​ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌​​​មានជា​អា​ទិ៍ ដែលអាចឱ្យអន្តរាយការការពារជាតិ»។ គិតពីថ្ងៃដែលសមត្ថកិច្ចចាប់ខ្លួនមកដល់ពេលនេះ សំ​​ណុំរឿង​ព្រហ្ម​ទណ្ឌមួយ​នេះបានអូសបន្លាយជិត៥ឆ្នាំទៅហើយ។

កាលពី​​​ថ្ងៃ​ទី៧ ខែមេសា ឆ្នាំ២០២២ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានច្រានចោលម្តងរួចហើយ នៅបន្ទាប់ពី​លោក យាង សុធារិន្ទ តាម​​រ​​យៈ​​មេធាវី​​កា​​​រ​​​​ពារសិទ្ធិរបស់ខ្លួន ដាក់សំណើសុំលិខិតឆ្លងដែននេះដើម្បីយកទៅប្រើប្រាស់ ហើយ​​កាល​ពី​ថ្ងៃទី១២ ខែកក្កដា ជនជាប់ចោទ បាន​ធ្វើបណ្តឹង​​សាទុក្ខ ប្តឹងមកតុលាការកំពូល​បន្ត ក្រោ​​​យ​ពីសភាស៊ើបសួរនៃតុលាការថ្នាក់កណ្តាល​បដិសេធជាថ្មីទៀត កាលពីខែមិថុនា ឆ្នាំ២០​​​២​​២​​​ ចំ​​ពោះ​​​​ការស្នើសុំដកលិខិតឆ្លងដែននេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ