កូរ៉េខាងត្បូង​ប្ដេជ្ញា​ស៊ើបអង្កេត​​ករណី​រត់ជាន់គ្នា​ក្នុង​ពិធីបុណ្យ Halloween

ប៉ូលិសម្នាក់ព្យាយាមពន្យល់ឱ្យបុរសម្នាក់ដែលជាបុគ្គលហាងមួយនៅក្បែរចំណុចកើតហេតុនៃព្រឹត្តិការណ៍រត់ជាន់គ្នាបានកើតឡើងនៅថ្ងៃទី២៩ ក្នុងអំឡុងពេលពិធីបុណ្យ Halloween ខណៈដែលគាត់ទៅគោរពវិញ្ញាណក្ខន្ធនៅកណ្តាលកន្លែងនោះ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ (REUTERS/Kim Hong-Ji)

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ដាក់ស៊ូ (Han Duck-soo) នៅថ្ងៃចន្ទនេះ បានសន្យាថា​នឹងស៊ើបអង្កេតយ៉ាងហ្មត់ចត់​ចំពោះ​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​ក្នុង​ពិធី​បុណ្យ Halloween កាល​ពី​ចុង​សប្តាហ៍ ​នៅ​តំបន់​អ៊ីថេវ៉ុន (Itaewon) ទីក្រុងសេអ៊ូល ដែលបានសម្លាប់មនុស្សជាង១៥០នាក់។ នេះបើយោង​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters នៅថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០២២នេះ។

ក្រុមមន្ត្រីកូរ៉េខាងត្បូង បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់១៥៤នាក់ អ្នក​រងរបួស​ចំនួន១៤៩នាក់ ក្នុងនោះ ៣៣នាក់ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានឱ្យដឹងថា ក្នុង​ចំណោម​ជនរង​គ្រោះដែ​ល​បាន​ស្លាប់​ក្នុង​ព្រឹត្តិ​ការណ៍​នេះ មានជនបរទេសចំនួន២៦​នាក់ រួ​ម​មាន ជនជាតិអ៊ីរ៉ង់​៥នាក់ ជនជាតិ​ចិន៤នាក់ ជនជាតិរុស្ស៊ី៤នាក់ ជនជាតិអាមេរិក២នាក់ ជនជាតិជប៉ុន២នាក់ ជន​ជាតិ​បារាំង​ម្នាក់ ជនជាតិអូស្ត្រាលីម្នាក់​ ជនជាតិន័រវែសម្នាក់ ជនជាតិអូទ្រីសម្នាក់ ជន​ជាតិវៀត​ណាមម្នាក់ ជនជាតិថៃម្នាក់​ ជនជាតិកាហ្សាក់ស្ថានម្នាក់ ជនជាតិអ៊ូសបេគីស្ថានម្នាក់ និងជនជាតិស្រីលង្កាម្នាក់​​។

នាយក​រដ្ឋមន្ត្រីកូរ៉េខាងត្បូង​ លោក Han Duck-soo បាននិយាយថា៖ «រដ្ឋាភិបាលនឹងធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់អំពីមូលហេតុដែលបណ្តាលឱ្យមានឧបទ្ទវហេតុ​នេះ និង​ព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើការផ្លាស់​ប្តូរ​ដែល​ចាំបាច់ ដើម្បីកុំឱ្យឧបទ្ទវហេតុបែបនេះកើតឡើង​ម្តង​ទៀត»។

លោកបន្ថែម​ថា៖ «អ្នក​ស្លាប់​ទាំង​១៥៤នាក់ត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ ហើយ​ខ្ញុំ​ជឿ​ថាដល់​​ពេល​សម្រាប់​ចាត់វិធាន​ការ​តាម​ដាន ដូច​ជា នីតិវិ​ធី​បុណ្យសព​ដែល​ត្រូវ​បាន​អនុវត្តដោយស្មោះត្រង់។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព​ ដើម្បីផ្តល់ការគាំទ្រជាចាំបាច់ដោយឆ្លុះបញ្ចាំងពីមតិរបស់គ្រួសារសព​ តាមដែលអាចធ្វើទៅបាន»។

គួរបញ្ជាក់ថា សោកនាដកម្មនេះបានកើតឡើងនៅយប់ថ្ងៃសៅរ៍ [ទី២៩ ខែតុលា ឆ្នាំ២០២២] នៅពេល​ដែល​ហ្វូង​មនុស្សដ៏ច្រើនចូលរួមក្នុងពិធី​បុណ្យ Halloween បានប្រជ្រៀតគ្នា​នៅ​លើ​ផ្លូវចុះ​ចំណោទ​ដ៏​តូច​ចង្អៀតមួយ​ដែល​មាន​ទទឹង​ប្រវែង៣,២​ម៉ែត្រ និងបណ្តោយប្រវែង៤០ម៉ែត្រ តភ្ជាប់​ពីតំបន់ភោជនីយដ្ឋានដ៏មមាញឹកទៅ​នឹងផ្លូវធំនៅក្នុងតំបន់កម្សាន្ត ក្នុងស​ង្កាត់អ៊ីថេ​វ៉ុន (Itaewon) ទីក្រុងសេអ៊ូល។

សោកនាដកម្មនេះ គឺជាសោកនាដកម្មដ៏សោកសៅបំផុតក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូង និង​ជាមហន្តរាយដ៏អាក្រក់បំផុតដែលមិនធ្លាប់មានក្នុងប្រទេសនេះចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលសាឡាង Sewol បានលិចនៅក្បែរឆ្នេរភាគខាងត្បូង និងបានសម្លាប់មនុស្ស៣០៤នាក់ដែលភាគច្រើនជាសិស្សវិទ្យាល័យ។

មនុស្សរាប់ម៉ឺននាក់បានទៅលេងតំបន់ Itaewon ក្នុងពិធីបុណ្យ Halloween បន្ទាប់ពីរដ្ឋាភិបាលបានលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅខាងក្រៅ ដើម្បីទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ-១៩ កាល​ពី​ដើម​ឆ្នាំនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ