អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg នៅថ្ងៃចន្ទនេះ បានជំរុញឱ្យប្រទេសកូរ៉េខាងត្បូង បង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ដោយលើកឡើងពីប្រទេសផ្សេងទៀតដែលបានផ្លាស់ប្តូរគោលនយោបាយរបស់ពួកគេ ក្នុងការមិនផ្តល់អាវុធដល់ប្រទេសដែលមានជម្លោះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
ការជំរុញនេះត្រូវបានធ្វើឡើង ខណៈអគ្គលេខាធិការអង្គការណាតូ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក ស្របពេលដែលមានសង្គ្រាមនៅអ៊ុយក្រែន និងការកើនឡើងនៃការប្រកួតប្រជែងជាមួយប្រទេសចិន។
ថ្លែងនៅវិទ្យាស្ថានមួយក្នុងទីក្រុងសេអ៊ូល លោក Jens Stoltenberg បានអរគុណដល់ប្រទេសកូរ៉េខាងត្បូង សម្រាប់ជំនួយដែលមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ៊ុយក្រែន។ ទោះជាយ៉ាងណា លោកបានជំរុញឱ្យប្រទេសមួយនេះផ្ដល់ជំនួយបន្ថែមទៀត ខណៈគ្រាប់រំសេវមានតម្រូវការបន្ទាន់។
លោកថា៖ «ខ្ញុំជំរុញឱ្យសាធារណរដ្ឋកូរ៉េបន្ត និងបង្កើនការគាំទ្រផ្នែកយោធា [សម្រាប់ប្រទេសអ៊ុយក្រែន] ខណៈសម្ពន្ធមិត្តណាតូមួយចំនួនដែលមានគោលនយោបាយមិននាំចេញអាវុធទៅកាន់ប្រទេសដែលមានជម្លោះបច្ចុប្បន្ន បានផ្លាស់ប្តូរគោលនយោបាយនោះហើយ»។
គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ច្បាប់របស់ប្រទេសលោកប្រឆាំងនឹងការផ្តល់អាវុធដល់ប្រទេសដែលមានជម្លោះ ធ្វើឱ្យការផ្តល់អាវុធដល់អ៊ុយក្រែនមានការលំបាក។
ទោះជាយ៉ាងណា លោក Jens Stoltenberg បានធ្វើការកត់សម្គាល់ថា ប្រទេសមួយចំនួនដែលមានដូចជាអាល្លឺម៉ង់ ស៊ុយអែត និងន័រវែស ក៏មានគោលនយោបាយស្រដៀងគ្នានេះផងដែរ ប៉ុន្តែពួកគេបានផ្លាស់ប្តូរអស់ហើយ។
ដោយសំដៅលើសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន លោកថា៖ «ប្រសិនបើយើងមិនចង់ឱ្យរបបផ្តាច់ការឈ្នះ នោះអាវុធគឺពិតជាចាំបាច់សម្រាប់ពួកគេ [អ៊ុយក្រែន]។ វាគឺជាការពិត»។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានឈានចូលមកដល់ខែទី១១ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ និងតំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក។
ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះត្រូវបានបណ្ដាប្រទេសមួយចំនួនចាត់ទុកថាជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់៕