កម្មករ​២នាក់​ទៀត​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ក្រោយ​នាំ​គ្នា​បង្កើត​សហជីព​ក្នុង​រោង​ចក្រ

រោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក)

កម្មករ២នាក់ទៀតដែល​​បម្រើការងារនៅរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយនាំគ្នាបង្កើតសហជីពនៅក្នុងរោងចក្រ។

គិតត្រឹម​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២២ កម្មករ-កម្មការិនីចំនួន​ ៩នាក់​ ហើយដែលបម្រើការងារនៅរោងចក្រ អ៊ីស្តក្រោន ត្រូវបានថៅកែចេញលិខិត​បញ្ចប់កិច្ចសន្យាការងារ ក្រោយកម្មករទាំងនោះនាំគ្នាបង្កើត​សហជីពមួយឈ្មោះ «សហជីពឯករាជ្យ» នៅក្នុងរោងចក្រ ដើម្បីជួយតស៊ូមតិ និងការពារ​សិទ្ធិជូនកម្មករ។

ស្ថាបនិកសហជីពឯករាជ្យប្រចាំរោងចក្រ អ៊ីស្តក្រោន លោក ឌួង តុលា ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា កម្មការិនីម្នាក់​ត្រូវបានរដ្ឋបាលរោងចក្រ​ជូនដំណឹង​ឱ្យឈប់ពីការងារនៅថ្ងៃនេះ ខណៈរូបលោកត្រូវឈប់ថ្ងៃស្អែក។​ លោកថា រូបលោក និងថ្នាក់ដឹកនាំសហជីពឯករាជ្យប្រមាណ ៩នាក់ផ្សេងទៀត បាននាំ​គ្នា​ចងក្រង​បង្កើតសហជីពនៅក្នុងរោងចក្រ ក្រោយពីមើលឃើញថា រោងចក្រ​នេះ មានការគាបសង្កត់ និងកេងប្រវ័ញ្ញកម្លាំងពលកម្មកម្មករ ហើយត្រូវបាន​ថៅកែបញ្ឈប់ពីការងារជាបន្តបន្ទាប់។

ស្ថាប​និក​សហជីពរូបនេះ បន្តថា ថ្នាក់ដឹកនាំរោងចក្របានប្រើប្រាស់​សម្តី​មើល​ងាយ​កម្មករ បង្ខំឱ្យកម្មករធ្វើការថែមម៉ោង ជេរ​ប្រមាថ និងពិបាកក្នុង​ការសុំច្បាប់ពេល​​មានបញ្ហាផ្សេងៗជាដើម។

លោក ឌួង តុលា ថ្លែងថា៖ «ការបង្ខំឱ្យធ្វើការថែមម៉ោង មកមិនទាន់គំរាមយើងទៀត។ បង្ខំជាចំនួនយើងធ្វើការ បើយើងធ្វើឱ្យគេ​អត់គ្រប់ចំនួន គេស្តីឱ្យ​យើង គេប្រមាថយើង គេថាយើងធ្វើការមិនកើត។ ការបញ្ឈប់ពួកខ្ញុំនេះ គឺគាត់មានចេតនារើសអើង​សហជីព ព្រោះអី​គេ​ឱ្យ​ខ្ញុំ​លាលែងចេញពី​សហជីព​ដែលពួកខ្ញុំបង្កើត ទៅចូលរួមជាមួយសហជីពតំណាងរោងចក្រ គេនឹងបន្តកិច្ចសន្យាឱ្យយើង។ ប៉ុន្តែយើងអត់លាលែងពីសហជីពដែលយើងបង្កើតទេ គេនឹងបញ្ចប់កិច្ចសន្យាយើង»

បើតាមរយៈសារដែលខាងរដ្ឋបាលរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ផ្ទើរទៅក្រុមកម្មករនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលរោងចក្រ បានបញ្ជាក់ថា រោងចក្រមិនបានបញ្ចប់កិច្ចសន្យាការងាររបស់កម្មករទាំងនោះឡើយ ដោយគ្រាន់តែឱ្យឈប់សម្រាកមួយរយៈប៉ុណ្ណោះ និងទទួលបាន​ប្រាក់ឈ្នួលធម្មតា។

ប្រធានរដ្ឋបាលរោងចក្រ អ៊ីស្តក្រោន លោក អ៊ី ហុង អះអាងថា ខាងរោងចក្របានឱ្យកម្មករតែ ៧នាក់ប៉ុណ្ណោះ ឈប់សម្រាក​បណ្តោះអាសន្ន​ដោយមិនកំណត់ពេលចូលវិញ ក្រោមហេតុផលថា ក្នុងតំណែង ឬតួនាទី​របស់កម្មករទាំងនោះ ពុំ​មានការ​ងារ​ធ្វើ។

លោក អ៊ី ហុង បន្ថែមថា៖ «ចំពោះពួកគាត់ហ្នឹងមិនមែនចំនួន​១០នាក់​ទេ មាន​តែចំនួន៧នាក់ទេ យើងឱ្យគាត់សម្រាកសិន ព្រោះឥលូវ​វាអត់​មាន​ការ​ងារ​ធ្វើ​នៅ​ផ្នែក​បោះ​គាត់​ហ្នឹង។ អីចឹង​ហើយ​ឱ្យគា​ត់​សម្រាក​សិន​ទៅ ចាំមានការងារធ្វើ យើងអាចនឹងហៅគាត់មកធ្វើវិញ»

ប្រធានសហព័ន្ធសហជីព​​ឯករាជ្យ លោក រី សិទ្ធីណែត ចាត់ទុកករណីថៅកែបញ្ឈប់កម្មករពីការងារ ក្រោយបង្កើតសហជីពនេះថា ជាចេតនារើសអើងសហជីព និងបានរំលោភលើសិទ្ធិកម្មករ។

លោក​បន្ត​ថា ករណីរោងចក្រកែប្រែថា មិនបានបញ្ចប់កិច្ចការងារដោយគ្រាន់ឱ្យឈប់សម្រាកមួយរយៈ និងទទួលបានប្រាក់ឈ្នួលធម្មតាកើតឡើង ក្រោយពីមានការផ្សព្វផ្សាយករណីសារព័ត៌មាន និងកិច្ចអន្តរគមន៍ពីអ្នកបញ្ជាទិញម៉ាក PUMA  ហើយរោងចក្រចង់គេចវេស​ពីការទទួល​ខុសត្រូវចំពោះការអើសអើងសហជីព។

លោក រី សិទ្ធីណែត បន្ថែមថា៖ «ករណីនេះ ខ្ញុំសូមឱ្យភូម៉ា និងក្រសួងការងារ ពិនិត្យមើលករណីហ្នឹង ព្រោះជាទូទៅក្រសួងការងារ​តែង​តែនិយាយ​ថា អាហ្នឹងជាការដល់កិច្ចសន្យាការងារ និងការបញ្ចប់កិច្ចសន្យាការងារ ប៉ុន្តែមុននឹងបញ្ចប់កិច្ចសន្យានៅថ្ងៃទី១៦ និង​ទី១៧ ខែតុលានេះ ខាងរោងចក្រ​បានហៅកម្មករទាំងអស់ទៅ​ប្រាប់​ហើយ​ថា បើអ្នកឯងលាឈប់ពីសហជីពឯករាជ្យគាត់នឹង​បន្ត​កិច្ច​សន្យាឱ្យ កន្លែងហ្នឹងហើយដែលស្តែង​ពីការរើសអើង​សហជីពយ៉ាងច្បាស់ពិតប្រាកដ។ ខ្ញុំសង្ឃឹមថា ភូម៉ាក៏ជួយជំរុញរឿងហ្នឹង ជាពិសេសឱ្យមានការការពារថ្នាក់ដឹកនាំ​សហជី​ព​ឯករាជ្យចូលធ្វើការងារវិញ»

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នាយ​កដ្ឋា​ន​វិវាទ​ការ​ងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញលិខិតកោះហៅកម្មករ-កម្មការិនីចំនួន ៤នាក់ ដែលត្រូវបា​នថៅកែ​រោង​ចក្រ អ៊ីស្តក្រោន បញ្ឈប់ពីការងារឱ្យឆ្លើយបំភ្លឺពាក់ព័ន្ធករណីនេះ នៅថ្ងៃទី២៦ ខែតុលា ប៉ុន្តែត្រូវបានក្រុមកម្មករស្នើសុំពន្យា​ពេល​ទៅ​ចូលឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២វិញ​។

តំណាងក្រុមហ៊ុនបញ្ជាទិញម៉ាកភូម៉ា(PUMA) បានប្រាប់វីអូឌីតាមរយៈប្រព័ន្ធអេឡេចត្រូនិចអ៊ីម៉ែលកាលពីថ្ងៃទី២៥ ខែតុលា​ថា ក្រុមហ៊ុនមួយនេះ បេ្តជ្ញាការពារសិទ្ធិកម្មករក្នុងការបង្កើតសហជីព ហើយមិនអត់ឱនចំពោះការរំលោភបំពានលើសេរីភាពសហជីពឡើយ។

តំណាងក្រុមហ៊ុនភូម៉ា បញ្ជាក់ថា៖ «យើងសូមបញ្ជាក់ជាថ្មីម្តងទៀតថា ក្រុមហ៊ុន PUMA ប្តេជ្ញាការពារសិទ្ធិសេរីភាពក្នុងការបង្កើត ការរៀបចំ ឬការចូលរួមក្នុងសហជីព។ ក្រុមហ៊ុន PUMA មិនអត់ឱនចំពោះការរំលោភបំពានលើសេរីភាពបង្កើតសហជីពឡើយ»

ដោយឡែក អ្នកនាំពាក្យក្រសួងការងារ ​លោក ហេង សួរ ធ្លាប់ប្រាប់ ​វីអូឌី ថា មន្ត្រីជំនាញរបស់ក្រសួង កំពុ​ង​ដោះ​ស្រាយ​បញ្ហានេះ។ ​

បើតាម​កម្មករ រោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD)មានកម្មករប្រមាណ ៣ ០០០នាក់ កំពុងបម្រើការងារ ដែលមានថៅកែជាជនជាតិចិន និងជារោងចក្រផលិតស្បែកជើងម៉ាក ភូម៉ា [PUMA]។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធ​សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានឱ្យដឹងថា មាន​​រោង​ចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប​១ ៤០៨នាក់ បាន​​រងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីព​ក្នុង​សហគ្រាស និងគ្រឹះ​ស្ថាន​​​ដែលពួកគេកំពុង​ធ្វើការ។

មួយ​ទៀត​​នោះ សហជីពថា សំណុំរឿងមួយចំនួន ​​​ដែល​​ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​បាន​ដោះ​ស្រាយ និង​សម្រេច​ឱ្យក​ម្មករ​​ឈ្នះ​​​ហើយ គឺមិនត្រូវបានថៅកែ ឬនិយោជក​អនុវត្តតាម​សេចក្ដី​​បង្គាប់​​របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ឡើយ ដែល​ករណីនេះ សហជីពចាត់ទុក​ថាជា​ការរំលោភសិទ្ធិ​មនុស្ស​​ធ្ងន់​​ធ្ងរ និង​​ជា​​ការកេងប្រវ័ញ្ចកម្លាំងពលកម្ម​កម្មករ ដែលត្រូវបានហាមឃាត់​ដោយ​ច្បាប់ផងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ