មេធាវី​សួរ​សមត្ថកិច្ច​ពី​នីតិវិធី​​ស៊ើប​អង្កេត​​លើ​ប​ណ្តាញ​សង្គម​​​ ក្នុង​​​សំណុំ​រឿ​​ង​​ដំណើរ​វិល​ត្រឡប់​​របស់​​លោកស្រី មូរ សុខហួរ​

លោកស្រី មូរ​ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ​

មេធាវីការពារក្តីឱ្យ​​សកម្មជនបក្សប្រឆាំង បាន​ទាម​ទារ​ឱ្យ​នគរបាលយុត្តិធម៌ បង្ហាញ​ទី​កន្លែងដែល​កូន​ក្ដីរបស់ខ្លួន បាន​​បង្ហោះ​សារ​លើ​​បណ្ដាញសង្គមហ្វេសប៊ុក ហើយត្រូវបានសមត្ថកិច្ចដកស្រង់យកមកធ្វើជាភស្ដុតាង​​ដាក់​បន្ទុក។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្តសវនាការលើ​សំណុំរឿ​ង «រួម​គំនិតក្បត់» ពាក់ព័ន្ធនឹង​គម្រោង​​ដំណើរ​​វិល​ត្រឡប់មកកម្ពុជា កាលពីដើមខែមក​រា ​ឆ្នាំ២០២១ របស់លោកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំ ព្រមទាំងសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ។

ក្នុងសវនាការ មេធាវីការពារក្ដីឱ្យ​ថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំង សួរ​ដេញ​ដោល​ទៅ​មន្ត្រីនគរបាល​យុត្តិធម៌ ចំនួន ២​នាក់ ដោយទាមទារ​ឱ្យបង្ហាញទីកន្លែងដែលកូនក្ដីបង្ហោះសារ និងអំពី​នីតិវិធី​​នៃស៊ើបអង្កេតខំមិន(Comment) នៅលើ​បណ្ដាញសង្គមហ្វេសប៊ុក។

ឆ្លើយតប​នឹង​សំណួរមេធាវីការពារក្ដីឱ្យ​ថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងនោះ អនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការនគរបាល​ជាតិ លោក ពេជ្រ សុថារ័ត្ន បាន​រៀបរាប់ពីអំដំណើរនៃការកសាង​សំណុំរឿង និង​ឆ្លើយសំណួរជាច្រើន អំឡុងសវនាការ ខណៈមន្ត្រីនគរបាលមួយ​រូបទៀត គឺលោក ប៊ិន សម្បត្តិធារ៉ា មិនបានឆ្លើយនឹងសំណួរអ្វីច្រើនទេ ។

លោក ពេជ្រ សុថារ័ត្ន បានលើកឡើង​ថា តាមរយៈការ​ស៊ើបអង្កេតរបស់សមត្ថកិច្ច​ គឺ​បន្ទាប់ពីខកខានមិនបានចូលកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់លោក សម រង្ស៊ី នោះ​ក្រុម​ឧទ្ទាមក្រៅច្បាប់​​​បាន​បើកកិច្ចប្រជុំគណៈកម្មាធិការដោយខុសច្បាប់នៅថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២០  ក្នុងគោលបំណងវិលត្រឡប់មកកម្ពុជាលើកទី២ ដែលដឹកនាំដោយអនុប្រធានគណបក្ស​សង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោកស្រី មូរ សុខហួរ។

អំឡុងពេលសាកសួរ លោក សុថារ័ត្ន បាននិយាយថា សមត្ថកិច្ចចាប់ផ្ដើមស៊ើបអង្កេត មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ១០នាក់ ដែលបានបង្ហោះសារ ញុះញង់បង្កឱ្យប្រជាពលរដ្ឋខឹងសម្បាររដ្ឋាភិបាលកម្ពុជា។ ករណីនេះ លោក​ថា សមត្ថកិច្ចបានពង្រីកការស៊ើបអង្កេតរបស់ខ្លួន ដោយឈានទៅចោទប្រកាន់លើថ្នាក់ដឹកនាំ និងសកម្មជន ៣៩នាក់។

លោកបន្តថា នេះជាផែនការទី២ ដែលក្រុមនេះ បានបន្តមហិច្ឆតារបស់ខ្លួន ដោយពួកគេបានផ្លាស់ប្ដូរសេណារ៉ូ ដែលដឹកនាំដោយលោកស្រី មូរ សុខហួរ ។

លោក សុថារ័ត្ន បន្ថែមថា នៅឆ្នាំ២០២៣ ក្រុមនេះបានព្យាយាមប៉ុនប៉ងត្រឡប់មកកម្ពុជាវិញជាថ្មីទៀត ក្រោមហេតុ​ផល សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាខែល ដើម្បីបិទបាំងសកម្ម​ភាព​របស់​ខ្លួន។

មន្ត្រីនគរបាលរូបនេះ ក៏បាននិយាយអំពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Veung Samnang National Rescue Phnom Penh Capital” ដែលការបង្ហោះនោះ ត្រូវបានគេប្រើប្រាស់ ដើម្បីចោទប្រកាន់លើជនជាប់ចោទឈ្មោះ​ វឿង សំណាង ដែលត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមក​កម្ពុជាវិញ កាលពីឆ្នាំ២០២១។

លោកជឿ​ថា គណនីហ្វេសប៊ុក Veung Samnang National Rescue Phnom Penh Capital ជារបស់ឈ្មោះ វឿង សំណាង ដោយសារ​ជនជាប់ចោទរូបនេះ បានផ្សាយវីដេអូលើគណនីហ្វេសប៊ុករបស់ខ្លួន។

យ៉ាងណាក្ដី លោក ឡោ ជុនធី មេធាវីការពារក្ដីឱ្យ​ជនជាប់ចោទដែលជាសកម្មជនបក្សប្រឆាំង បានស្នើឱ្យ​​​លោក សុថារ័ត្ន បញ្ជាក់ពីទីតាំងដែលថា​កូនក្តីរបស់ខ្លួន​​​បាន​បង្ហោះសារ និងឡាយ​លើ​ហ្វេស​ប៊ុកនោះ។

លោក ញ៉ ញេន មេធាវីការពារក្តី​សកម្មជនបក្សប្រឆាំង ក៏បានចោទសួរទៅមន្ត្រីនគរបាលយុត្តិធម៌ លោក សុថារ័ត្ន អំពីរបៀបដែលលោកផ្ទៀងផ្ទាត់ថា តើមាននរណាម្នាក់ជាម្ចាស់គណនី Facebookមួយនោះឱ្យពិតប្រាកដ។

លោកក៏បានសួរផង​ដែរ​អំពីរបៀប​ដែលសមត្ថកិច្ចបានដឹងអំពីកន្លែងជាក់លាក់​នៃការ​បង្ហោះសារ និងបញ្ជាក់ពីទីតាំង ព្រមទាំងខំមិន​នៅ​លើហ្វេសប៊ុកដែលបានបង្ហោះ។

ឆ្លើយនឹងសំណួរមេធាវី​ លោក សុថារ័ត្ន បាននិយាយថា លោក​​មិន​​អាច​បញ្ជាក់​បានទេ ទាល់តែក្រុមបច្ចេកទេស​​ព័ត៌មាន​របស់​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ។

ក្រោយពីបើកសវនាការពេញមួយព្រឹកនេះ ប្រធានក្រុមប្រឹក្សា​ជំនុំជម្រះ​ លោកស្រី អ៊ុក រ៉េតគន្ធា បាន​ប្រកាស​ផ្អាកសវនាការ ដោយ​​គ្រោងនឹង​បន្ត​​នៅថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសាក​សួរ​មន្ត្រី​នគរបាល​បច្ចេកទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ