ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសអតីតមេដឹកនាំ និងសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ចំនួន៣៧នាក់ ក្នុងនោះ ៣៦នាក់ជាប់ពន្ធនាគារចន្លោះ៥ទៅ៧ឆ្នាំ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ខណៈម្នាក់ក្នុងចំណោមនោះរួចផុតបទចោទ ពាក់ព័ន្ធការប៉ុនប៉ងនិងគាំទ្រដំណើរវិលត្រលប់មិនបានសម្រេចរបស់លោកស្រី មូរ សុខហួរ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី អ៊ុក រ៉េតគន្ធា បានប្រកាសសាលក្រម នាថ្ងៃនេះ ដោយផ្ដន្ទាទោសអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ ក្នុងនោះមានលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោក ឡុង រី, លោកស្រី មូរ សុខហួរ, លោក ហូរ វ៉ាន់, លោកស្រី ជូឡុង សូម៉ូរ៉ា, លោក នុត រំដួល, លោក អ៊ូ ច័ន្ទឫទ្ធិ និងមនុស្ស ៣នាក់ទៀត ដាក់ពន្ធនាគារម្នាក់ៗ ៧ឆ្នាំ ដោយដកសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត។
សកម្មជនគណបក្សនេះចំនួន២៤នាក់ទៀត ក៏ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ៗចំនួន៥ឆ្នាំផងដែរ។ ក្នុងចំណោមសកម្មជនទាំង២៤នាក់នោះ មានតែសកម្មជន៣នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស រួមមានលោក គង់ ម៉ាស់, លោក វឿង សំណាង និងលោក ខាន់ ប៊ុនផេង ខណៈសកម្មជន១៩នាក់ទៀតនៅក្រៅប្រទេស។ ចំណែកសកម្មជន២នាក់ទៀត ឈ្មោះ ឈុន សិទ្ធី និងឈ្មោះ ងឹម ញ៉េញ ដែលតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំដែរនោះ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះសម្រេចព្យួរទាំងអស់។
ដោយឡែក សកម្មជន២នាក់ទៀត ក្នុងនោះឈ្មោះ សេង សុខឡេង ត្រូវបានតុលាការសម្រេចឱ្យអនុវត្តទោសក្នុងពន្ធនាគារប្រហែល១ខែ ដោយទោសនៅសល់ត្រូវព្យួរទាំងអស់ដែរ ខណៈឈ្មោះ ម៉ាត់ វណ្ណី ត្រូវបានតុលាការសម្រេចឱ្យរួចផុតពីបទចោទប្រកាន់។
លើសពីនេះ លោកស្រី អ៊ុក រ៉េតគន្ធា ប្រកាសចេញដីកាឱ្យចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងដែលនៅក្រៅប្រទេស និងបញ្ឈប់ដីកាចាប់ខ្លួនមនុស្ស៣នាក់វិញ រួមមាន ឈ្មោះ ម៉ាត់ វណ្ណី, ឈុន សិទ្ធី និង ងឹម ញ៉េញ។
សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក គង់ ម៉ាស់ ចាត់ទុកការសម្រេចរបស់តុលាការថាជារឿងអយុត្តិធម៌ ខណៈពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ លោកថា រូបលោកនឹងបន្តប្តឹងសាទុក្ខទៅសាលាឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងសាលក្រមនេះ។
អ្នកស្រី ទៀង ចិន្តា ដែលជាភរិយាសកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ លោក វឿង សំណាង បានប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ថាស្វាមីអ្នកស្រីមិនបានធ្វើអ្វីខុសសោះ តែបែរតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ទាំងអយុត្តិធម៌។
អ្នកស្រីបានយំរៀបរាប់ទៀតថា រយៈពេល២ឆ្នាំដែលស្វាមីជាប់ពន្ធនាគារ គឺអ្នកស្រីជួបការលំបាកច្រើន ខណៈកូនស្រីនៅតូចហើយកំពុងរៀនថែមទៀត។
អ្នកស្រីថា៖ «ខ្ញុំធ្វើម៉េចទៅ? ខ្ញុំពឹងអីទៀត? អយុត្តិធម៌ណាស់! ដាក់[ពន្ធនាគារ]៥ឆ្នាំពេញ។ តែពីរនាក់ម៉ែកូន ប្ដីជាប់ពន្ធនាគារ៥ឆ្នាំ ខ្ញុំពឹងអី?»
ចំណែកភរិយាសកម្មជនបក្សប្រឆាំង លោក ខាន់ ប៊ុនផេង គឺអ្នកស្រី ម៉ែន គន្ធាវី លើកឡើងដែរថា ការចាប់ខ្លួននិងចោទប្រកាន់ស្វាមីអ្នកស្រី ផ្ដើមចេញពីចម្លើយការសន្ទនាតាមទូរសព្ទជាមួយឈ្មោះ សេង សុខឡេង ដែលអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅសង្កាត់ព្រែកព្រះស្ដេច ខេត្តបាត់ដំបង បញ្ជាក់ថាជាមនុស្សមានស្មារតីមិនប្រក្រតី។
អ្នកស្រីថា ស្វាមីរបស់គាត់ក៏បានបដិសេធភស្តុតាងដែលតុលាការយកមកចោទប្រកាន់ដែរ ប៉ុន្តែតុលាការនៅតែកាត់ទោសឱ្យស្វាមីអ្នកស្រីជាប់ពន្ធនាគារ ៥ឆ្នាំ។ អ្នកស្រីចាត់ទុកការសម្រេចរបស់តុលាការនាថ្ងៃនេះ ថាជារឿងអយុត្តិធម៌។
អ្នកស្រីថា៖ «សង្ឃឹមថាគេប្រកាសនេះ ថានឹងចេញថ្ងៃនេះ ឬមួយខែទៀត ដល់ឥលូវដល់ទៅ ៥ឆ្នាំ វាលំបាកខ្លាំងសម្រាប់មីង»។
លោក សំ សុគង់ មេធាវីការពារក្ដីឱ្យលោក គង់ ម៉ាស់ លោក ខាន់ ប៊ុនផេង និងលោក វឿងសំណាង បង្ហាញការខកចិត្តចំពោះការសម្រេចរបស់តុលាការ ដែលកាត់ទោសឱ្យកូនក្ដីជាប់ពន្ធនាគារ ៥ឆ្នាំ។ លោកបញ្ជាក់ថា ភស្ដុតាងដែលតុលាការយកមកដាក់បន្ទុកលើកូនក្ដី មិនមានធាតុផ្សំគ្រប់គ្រាន់ឡើយ។
លោកថា៖ «ភស្តុតាងទាំងនោះគ្រាន់តែជាការសង្ស័យថាអាចជាបណ្ដាញ អាចជាក្រុម ប៉ុន្តែបើយើងមើលភស្តុតាងដែលមានទំនាក់ទំនង គឺវាអត់មានទេ! គឺមានតែថ្នាក់ដឹកនាំគាត់រៀបចំផែនការនៅក្រៅប្រទេសផ្សេងអ៊ីចឹង។ ហើយពួកគាត់ក្នុងស្រុក បញ្ចេញមតិឬគំនិតផ្ទាល់ខ្លួនតាមរយៈហ្វេសប៊ុក បែរជាភ្ជាប់ការបញ្ចេញមតិនិងគំនិតផ្ទាល់ខ្លួនថាជាសកម្មភាពមួយជួយគាំទ្រការរៀបចំផែនការរបស់ថ្នាក់ដឹកនាំ ហើយមានគំនិតមួយថាចង់ផ្ដួលរំលំរដ្ឋាភិបាលអ៊ីចឹង»។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ នាថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ចាប់ពីពេលនេះទៅ លោក សម រង្ស៊ី អស់ផ្លូវដើរហើយហើយចំពោះអ្នកដែលពាក់ព័ន្ធជាមួយលោក សម រង្ស៊ី គ្មានអ្វីក្រៅពីជាប់ពន្ធនាគារព្រៃស។
លោកថា៖ «រួចហៅកូនខ្ញុំ សុទ្ធតែជាកូនក្រៅខោ មើលអារឿងបញ្ហាដែលថាកូនខ្ញុំជាកូនវៀតណាម គឺអាហ្នឹង [លោក សម រង្ស៊ី] ជាអ្នកបញ្ចេះឱ្យធ្វើ គ្មានអាណាទៀត គឺអាហ្នឹង! អាមួយហ្នឹង! ភាពឈ្លើយរបស់វា។ អ៊ីចឹងហើយបានវានៅជាមួយគេមិនបាន មនុស្សគាំទ្រច្រើនទៅតិច។ ប៉ុន្តែហ្អែងអស់ផ្លូវហើយ ហ្អែងចប់ហើយ អ្នកដែលជឿលើអាហ្នឹង គឺជម្រើសនៅសល់ គឺមានតែព្រៃស»។
អតីតមេដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ទាំង៣៧នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» បន្ទាប់ពីពួកគេគាំទ្រការប៉ុនប៉ងវិលត្រលប់មិនបានសម្រេចរបស់លោកស្រី មូរ សុខហួរ ដើម្បីមកប្រឈមនឹងការកាត់ក្តីកាលពីដើមឆ្នាំ២០២១៕
កែតម្រូវ៖ ចំណងជើងរឿង “តុលាការផ្ដន្ទាទោសអតីតមេដឹកនាំនិងសកម្មជនបក្សប្រឆាំង ៣៧នាក់ ចន្លោះពី៥ទៅ៧ឆ្នាំ ពីបទចោទ «រួមគំនិតក្បត់»” ទៅជា “តុលាការផ្ដន្ទាទោសអតីតមេដឹកនាំនិងសកម្មជនបក្សប្រឆាំងជិត៤០នាក់ ចន្លោះពី៥ទៅ៧ឆ្នាំ ពីបទចោទ «រួមគំនិតក្បត់»”











