មន្ត្រី​គណបក្សកាន់អំណាច​ថា លោក សម រង្ស៊ី ធ្វើ​នយោបាយ​អត្តឃាត

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អ្នកនាំ​​ពាក្យ​គណ​បក្ស​ប្រជា​ជនកម្ពុ​ជា​ លោ​ក​ ​សុខ​ ​ឥសា​ន​ ​ចាត់​​ទុ​​កអ​តី​តដៃ​គូ​ប្រ​កួ​ត​ដែល​​មាន​ស​ក្ដានុ​ព​ល គឺ​​​​​​​​​​លោ​​​ក​​​ ​​សម​​ រ​ង្ស៊ី​ ​ថា​ជា​​​អ្នកធ្វើ​​ន​​យោបាយ​​​​បែប​​អ​ត្ត​ឃា​​ត ខណៈអ្នកឃ្លាំមើល​​ថា​​​ ​ទីលាន​​​ប្រ​កួ​​​ត​នយោ​​​បា​​យ​​ប​ច្ចុប្បន្ន អ្នកនយោបាយបាន​​ប្រើកល​​ល្បិច​កម្ចាត់​​គ្នាដើម្បីប​ន្តគ្រ​ប់គ្រ​ងអំ​ណា​ច ដោយ​មិ​នអ​នុលោ​ម​តាម​រដ្ឋ​ធម្ម​​នុ​ញ្ញ​។

​​ការ​ថ្លែងរ​​បស់​លោក​ សុខ ឥសាន​ បែបនេះ ធ្វើ​ឡើង​ក្នុង​​កម្ម​វិ​ធីតុមូល​​រប​ស់វី​អូឌី​ នៅ​ព្រឹ​កថ្ងៃ​​សុក្រនេះ ដែលមា​​ន​វាគ្មិនពី​ររូបផ្សេងទៀត​ចូ​លរួម ​​គឺ​លោ​​​ក​ប​ណ្ឌិត ប៉ា​​ ចន្ទរឿន​ ​និង​លោ​កបណ្ឌិត​ ​សូ​ ណា​រ៉ូ។​

លោ​ក សុខ ឥសាន​ បានលើ​ក​ឡើង​ថា លោក​ សម ​រង្ស៊ី ដែល​​កំពុ​​ងនិរទេ​ស ​ជាអ្ន​កបង្កើតបញ្ហាដើម្បីបិទផ្លូវចូលកម្ពុជាដោយខ្លួនឯង មិនមែនមកពីភាគីគណបក្ស​កាន់អំណាចរបស់លោកទេ។

ក្នុងន័យ​នេះ លោក​សម្អាងថា បុគ្គល សម រង្ស៊ី ដែលប្រកួតប្រជែងអំណាចតាម​យន្តការប្រជាធិបតេយ្យមិនឈ្នះ​គណបក្សប្រជាជនកម្ពុជា ហើយ​​​បែរ​ជាទៅប្រតិដ្ឋរឿង​ក្រុម​គ្រួសារ​នាយករដ្ឋមន្ត្រី ហើយ​វាយប្រហារជាលក្ខណៈបុគ្គល ដែលលោកថា ទង្វើប្រមាថនេះជាការ​​បិទ​ផ្លូវ​នយោបាយ​ដោយ​ខ្លួន​ឯង។

បញ្ហា​មួយ​ទៀត លោកថា ការ​ដែល​​លោក សម រង្ស៊ី រិះគន់មេដឹកនាំ​បារាំងថ្មីៗ​នេះ ក្រោយ​ប្រធានាធិបតីបារាំង ជួបសន្ទនាជា​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងទៅចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុបនោះ​ ភាគី​​បារំាង​​អាច​​នឹង​​បណ្ដេញ​លោក សម រង្ស៊ី ចេញពីប្រទេសនេះ​ក៏ថាបាន ខណៈលោក ​សម រង្ស៊ី មានសញ្ជាតិ​បារាំង​។

បន្ថែម​ពី​នេះ លោកថា ការដែលមិនអាចសម្របសម្រួលនយោបាយបាននោះ ដោយសារ​តែ​លោក សម រង្ស៊ី បាន​​ប្រ​​កាសឱ្យកងទ័ពបែរកាណុង​ចង់ផ្ដួលរំលំរដ្ឋាភិបាល ពា​ក់ព័ន្ធផែនការចង់វិលចូលកម្ពុជា​កាលពីចុងឆ្នាំ២០១៩ ការប្រកាសថា មាន​ស៊ី​(សម រង្ស៊ី) អ​​​ត់សែន(ហ៊ុន សែន) រួមទាំ​ងស​ន្យា​ដកកម្មសិទ្ធិ​អ្នក​មានចែ​​​​កឱ្យអ្នក​​ក្រ និ​ងការ​សន្យាលុប​បំណុល​អ្នក​ដែល​ជំពាក់​លុយ​ធនា​គារ ពេល​លោកឡើងកាន់អំណាចជា​​ដើម។

លោក សុខ ឥសាន ថ្លែង​ថា៖ «អ៊ីចឹងហើយ អានេះជា​នយោបាយអត្តឃាត​ខ្លួន​ឯង ហើយឯ​កោខ្លួន​ឯង​ពីសង្គម មិនមែន​ចេញ​តែ​ពី​សង្គម​កម្ពុជា​ទេ វាចេញពីសង្គមពិភពលោកទៅទៀត។ ឥលូវចេញពីស្រុកខ្មែរចូល​អត់​បាន ឥលូវ​ម​ក​នៅ​ស្រុកបារាំង ទីបំផុតទៅវាយប្រហារប្រធានាធិបតីបារាំង​ទៅ​ទៀត​ អ៊ីចឹង​ប្រហែល​​ជា​បន្តិច​ទៀត​អត់​បាន​នៅ​ស្រុក​បារាំង​ទៀត»

វីអូឌី មិន​អាច​ទាក់​ទង​លោក សម រង្ស៊ី ដើម្បីសុំការឆ្លើយតប ជុំវិញការលើកឡើងរបស់លោក សុខ ឥសាន នេះ​បាន​ទេ ​នៅថ្ងៃសុក្រនេះ។

ប៉ុន្តែ​​អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការ​រំលាយ​ និង​​ជា​មនុស្សស្និទ្ធនឹងលោក សម រង្ស៊ី ម្នាក់​ដែរ​​នោះ គឺ​​លោក​ស្រី មូរ សុខហួរ បាន​បដិសេធការ​លើកឡើងនេះ។

លោកស្រី មូរ សុខហួរ ដែលកំពុងនិរទេសខ្លួន​នៅក្រៅប្រទេស​ផងដែរនោះ បានគូសបញ្ជាក់ថា ការនិរទេសខ្លួន​ជា​ការ​ស្វែងរក​​ច្រក ដើម្បីរកកិច្ចអន្តរាគមន៍ពីប្រទេស​ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឱ្យជួយសង្គ្រោះប្រជាធិបតេយ្យនៅកម្ពុជា ក្រោយពីបក្សកាន់​អំ​ណា​​​​ចប្រើតុលាការ​រំលាយ​គណបក្សសង្គ្រោះជាតិ ចេញពីឆាកនយោបាយ​ទំាង​អយុត្តិធម៌ ខណៈគណបក្សនេះ​ទទួលបានសំឡេងឆ្នោត ជិតពាក់កណ្តាលប្រទេស។

លោក​ស្រី​ថា ប្រទេសបារាំង​ដែល​មាន​មេដឹកនាំគោរពច្បាប់ និងប្រជាធិបតេយ្យ នឹងមិនប្រើអំ​ណាច ឬប្រើតុលាការ​ជាឧបករណ៍ ដើ​ម្បី​​​បណ្ដេញពលរដ្ឋខ្លួនចេញពីប្រទេសដោយសារតែការបញ្ចេញមតិ ដូចដែលមេដឹកនាំកម្ពុជាធ្លាប់​ធ្វើនោះទេ។

លោកស្រីថា៖ «លោក សុខ ឥសាន អត់យល់ថាអ្វីដែលជាច្បាប់នៃប្រទេសដែលឯករាជ្យ ប្រទេសដែលមា​ន​​ប្រជាធិបតេយ្យ [..] ​មិនមែនដឹកនាំបែបផ្ដាច់​ការ​ដូច​លោក ហ៊ុ​ន​​ សែន ពាក្យមួយមាត់ត្រូវចូលគុក ខុស​ឬ​ត្រូវ​​ទៅ​លើ​ការ​កាត់​សេចក្ដី[របស់]លោក ហ៊ុន សែន សុទ្ធសាធហ្នឹង»

ប្រធាន​វិទ្យាស្ថានប្រជាធិបតេយ្យ​កម្ពុជា លោក​បណ្ឌិត ប៉ា ចន្ទរឿន មើលឃើញថា សង្វៀននយោបាយប​ច្ចុប្បន្ន ហាក់​បាន​ចាត់​ទុក​ដៃ​គូ​ប្រកួត​ជា​សត្រូវ ដែល​មិន​អនុលោមទៅតាមគន្លងប្រជាធិប​តេយ្យ ដូចមានចែងក្នុងរដ្ឋ​​​​ធម្មនុញ្ញទេ ដែល​ការណ៍​នេះ លោកគិតថា ជាល្បែងនយោបាយ​កំពុងបង្កហានិភ័យដល់ប្រទេសជាតិ។

លោកថា៖ «កាលណាចាត់ទុកគ្នាជាសត្រូវហើយ វាមិនអាចទៅផ្សះផ្សាធ្វើការជាមួយគ្នាដោយសុខដុមរមនាកើតទេ ទាល់តែចាត់ទុកគ្នាជាគូប្រកួតប្រជែង ជាខ្មែរដូចគ្នា មានសាច់ឈាមដូចគ្នា ហើយខុសត្រូវអីគួរតែ​និ​យាយ​គ្នា ទៅរឿងគំនិត រឿងគោលនយោបាយ វិធីដោះស្រាយបញ្ហាសង្គម ជាជាងផ្ដោតទៅលើបញ្ហាផ្ទាល់ខ្លួន ឬក៏ប្រើប្រាស់​មធ្យោបាយស្មោកគ្រោក​អសីល​ធម៌ ក្នុង​ការ​យក​ឈ្នះដៃគូប្រកួតរបស់ខ្លួន ឬសត្រូវរបស់ខ្លួននោះ»

ដោយឡែក អតីតទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី លោក សូ ណារ៉ូ យល់ថា ការតស៊ូន​យោបា​យ​ខ្វះវិជ្ជាជីវៈ នឹងនាំឱ្យជាតិជួបគ្រោះអន្តរាយ។ បញ្ហានេះ លោកចង់ឃើញ​អ្នកនយោបាយខ្មែរងាក​មកប្រកួត​គ្នា​​តាមគោ​ល​ន​យោបាយ ឈរលើស្មារតីរដ្ឋធម្ម​នុញ្ញ បើទោះចំណុចខ្លះ លោកគិតថា សកម្មភាពលោក សម រង្ស៊ី មិនអាក្រក់ទាំងអស់ទេ។

 លោកថា៖ «ដូចរាល់ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាចាត់ទុកលោក សម រង្ស៊ី ដូច​សត្រូវ ជូរចត់​ ស៊ី​សាច់ហុត​ឈាម ប៉ុន្តែ​តាមពិត ខ្ញុំនិយាយស្មោះត្រង់ គ្មាននរណាជួយ​គណបក្សប្រជាជនច្រើនជាង​លោក សម រង្ស៊ី ទេ ខ្ញុំនិយាយឱ្យអស់មួយ​ម៉ាត់​អ៊ីចឹង​​ចុះ។ គណបក្ស​ប្រជាជន​កម្ពុជា អាច​កាន់អំណាច​បាន​ជាង​៣០-៤០​ឆ្នាំនេះ ក៏ដោយសារ សម រង្ស៊ី ដែរ! ខ្ញុំនិយាយមួយម៉ាត់​ អស់​​លោកពិចារណាទៅ! បើអត់លោក សម រង្ស៊ី អ្នកប្រជាធិបតេយ្យអាច​រួបរួមគ្នាបាន​ច្រើន​ជាង​ហ្នឹង​ឆ្ងាយ​ណាស់ ហើយអាចធ្វើការបានច្រើនជាងហ្នឹងដែរ»

យ៉ាងណា ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ​ គេ​សង្កេតឃើញ​​​ប្លុក​​ប្រទេស​​លោក​​សេរី បាន​​កាត់​ផ្តាច់​ជំនួយ​ពី គ.ជ.ប, ផ្តាច់​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ២០ភាគរយ ​មុនកាលកំណត់, បិទទិដ្ឋាការ​មន្ត្រី​ជាន់​ខ្ពស់​នៅក្រសួង​ការប​រទេស, ដាក់​ទណ្ឌកម្ម​មន្ត្រីជាន់ខ្ពស់មួយចំនួន រួមទាំង​ឧកញ៉ា ដែលស្និទ្ធនឹង​នាយករដ្ឋមន្ត្រី ក្នុងនោះរួមទាំងលោក ហ៊ីង ប៊ុនហៀង ​មេ​បញ្ជាការកងអង្គរក្សនាយករដ្ឋមន្ត្រី ដែល​ជា​ការ​ឆ្លើយ​តប​ទៅនឹង​ការធ្លាក់​ចុះ​ដំ​ណើ​​រការប្រជាធិបតេយ្យនៅកម្ពុជា។

ដោយឡែក គណបក្សភ្លើងទៀន​ ដែល​អតីត​ជាគណបក្សសម​រង្ស៊ី​ ពេល​នេះ​​បា​​​​ន​ធ្វើសកម្មភាពន​យោ​​​​បាយឡើងវិញ និង​កំពុងត្រៀមខ្លួនដើម្បីការបោះឆ្នោតជាតិឆ្នាំ២០២៣ខាង​មុខ ជាមួយ​បក្ស​កាន់​អំ​​ណា​ច ខណៈគណបក្សសង្គ្រោះជាតិ​ ត្រូវបាន​គេ​បន្ត​បិទ​ខ្ទប់ពី​សង្វៀន​នយោបាយ​នៅ​ឡើយ ហើយ​​មេដឹកនាំគណបក្សនេះ​មួ​យ​​ចំនួន​កំពុងជាប់បណ្តឹងនៅតុលាការ​។

របត់ថ្មីនេះត្រូវ​បានអ្នកវិភាគនយោបាយ​មើលឃើញថា ជាការចង់បានរបស់​បក្សកាន់អំណាច ដើម្បីបំបែកសំឡេង​ប្រឆាំងដែល​ធ្លាប់អះអាងថានិយមប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ