អាជ្ញាធរ​ខេត្តកោះកុង​ថា​ករណី​សង់​សំណង់រឹង​ចូល​សមុទ្ទ​នៅ​ឃុំជីខក្រោម មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ

សំណង់​រឹង​ដែលត្រូវបានសាងសង់លយចូល​ផ្ទៃសមុទ្ទ ស្ថិតនៅភូមិសាស្ត្រ​ឃុំជីខក្រោម ខេត្តកោះកុង ត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម និងតាម​សារព័ត៌មានមួយចំនួន​ជា​បន្តបន្ទាប់។

អាជ្ញាធរខេត្តកោះកុង អះអាងថា​ ករណី​ចាក់​ដី​លុប​ព្រៃ​កោង​កាង និងការសាងសង់សំណង់រឹងចូលសមុទ្ទ ស្ថិត​នៅ​ភូមិ​ខ្សាច់ក្រហម ឃុំ​ជី​ខក្រោម ស្រុកស្រែអំបិល គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

កាលពីថ្ងៃទី៨ ខែ​​វិច្ឆិកា ឆ្នាំ២០២២ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គម និងតាម​សារព័ត៌មានមួយចំនួន​ជា​បន្តបន្ទាប់ អំពីសកម្មភាពចាក់ដីលុប​ព្រៃកោ​ង​កាង និង​សាង​សង់​សំណង់​រឹង​ចូល​សមុទ្ទ ស្ថិតនៅភូមិសាស្ត្រ​ឃុំជីខក្រោម ដោយ​គ្មានការ​ទប់​ស្កាត់​ពី​អាជ្ញាធរ។

អភិបាលរង​ខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង លោក សុខ សុទ្ធី ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះ​ថា ករណី​ចាក់​ដី​លុប​ព្រៃកោង​កាង និងសាងសង់សំណង់​រឹង​ចូលសមុទ្រនោះ គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

អ្នកនាំពាក្យរូបនេះអះអា​ង​ថា ដីតំបន់នោះត្រូវបានរដ្ឋាភិបាលកាត់ចេញពីតំបន់ការពារ​ធម្មជាតិ​ តាមរយៈអនុក្រឹត្យលេខ៣០ កាល​ពីខែមីនា ឆ្នាំ២០២១ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋរួចទៅហើយ។

លោកបន្ថែមថា៖ «ដីកន្លែងហ្នឹងជាដីដែលរដ្ឋាភិបាលបានកាត់ចេញពីអនុក្រឹត្យលេខ៣០ សម្រាប់​ឱ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិ។ ហើយកន្លែងខ្លះ គាត់កំពុងសាងសង់ចំណត​ទូត និងធ្វើអ្វីផ្សេងៗទៀត»

បើតាមវីដេអូឃ្លីបជាង៧នាទីដែល​ត្រូវ​បាន​ផ្សព្វផ្សាយលើបណ្ដាញសង្គម កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញពី​សកម្ម​ភាព​ឡាន​ដឹក​ដីចាក់​លុប​ព្រៃកោ​ង​កាង លុប​សមុទ្ទជា​ច្រើន​ហិកតា និង​ការ​សាងស​ង់​សំណង់​រឹង​ចាស់​ថ្មី ចូល​សមុទ្ទជាច្រើន​កន្លែង​ទៀត​ផង​ដែរ។

បើតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ដែលរដ្ឋាភិបាលចេញកាលពីឆ្នាំ២០១៥ ត្រង់មាត្រា៨ បានកំណត់ថា ឆ្នេរនិងពាមសមុទ្ទ ត្រូវទុកចម្ងាយ១០០ម៉ែត្រ (ពេលទឹកជោរអតិបរមា) ដោយគិតពីមាត់ឆ្នេរ និងមាត់​ពាម​សមុទ្ទ។

អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកោះកុង លោក ថោង ច័ន្ទតារា អះអា​ង​​​ថា ក្នុង​​ខេត្ត​កោះកុង​ បទល្មើសរំលោភ​​​យកដីក្នុងដែនសមុទ្ទបានកើតឡើង​ស្ទើរ​គ្រប់ទី​កន្លែង ​ដែ​ល​ប្រព្រឹត្តឡើងដោយអ្នកមានលុយមានអំណាច ហើយពុំសូវមានចំណាត់ការណាមួយពីមន្ត្រីជំនាញឡើយ ខណៈពលរដ្ឋក្រីក្រមានការល្មើសតិចតួច អាជ្ញាធរមានចំណាត់ការលឿន។

មន្ត្រីសិទ្ធិមនុស្សរូបនេះបាន​ដាក់ការសង្ស័យថា បញ្ហានេះកើត​ឡើង​ដោយ​សារ​ការ​ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរវាងអាជ្ញាធរ និងជនល្មើសដែលជាអ្នក​មាន​លុយ​មាន​អំណាច។ លោក​បារម្ភពីការបាត់បង់ធនធានធម្មជាតិសមុទ្ទឆាប់រហ័ស និង​រាលដាលទៅកន្លែងផ្សេងៗទៀតកាន់តែច្រើន ប្រសិនបើមន្ត្រីជំនាញ និងអាជ្ញាធរថ្នាក់ជាតិ មិនចុះស៊ើបអង្កេត និងពង្រឹង​ការអនុវត្តច្បាប់ ឬចាត់វិធានការច្បាប់តឹងរ៉ឹងចំពោះជនល្មើស និងអ្នកពាក់ព័ន្ធជាមួយបទល្មើសនោះ។

លោកបន្ថែមថា៖ «អ៊ីចឹងមន្ត្រីជំនាញ និងអាជ្ញាធរ ត្រូវតែពង្រឹងការអនុវត្តច្បាប់ ដោយចុះបង្ក្រាបឱ្យបានតឹងរ៉ឹង និង​ម៉ឺង​ម៉ាត់ ហើយ​អាជ្ញាធរថ្នាក់ជាតិ ត្រូវ​សកម្មចុះធ្វើអធិការកិច្ចពិនិត្យមើលករណីនេះ និង​ទប់ស្កាត់កុំឱ្យមានការប្រព្រឹត្តអំពើពុករលួយជុំវិញ​បទល្មើសធនធានសមុទ្ទនេះ»

មាត្រា៩៨ នៃច្បាប់ស្ដីពីជលផល ចែងថា ការកាប់ឆ្ការ គាស់​រាន ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ឬហ៊ុមព័ទ្ធ​កាន់កាប់​ព្រៃលិច​ទឹក និង​ព្រៃកោងកាង ត្រូវផ្ដន្ទាទោសពី៣ឆ្នាំ ទៅ៥ឆ្នាំ ហើយ​វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ​ ឬបំផ្លាញចោល។

ចំណែក​មាត្រា១០២ នៃច្បាប់ដដែល​នេះ បញ្ជាក់​ថា បើ​បទល្មើសនោះ​ប្រព្រឹត្តឡើងដោយអាជ្ញាធរដែនដី មន្ត្រី​នគរបាល មន្ត្រី​យោធា និង​មន្ត្រីពាក់ព័ន្ធផ្សេងទៀត ត្រូវផ្ដន្ទាទោសពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ៥០លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ