កូដករ​ណាហ្គា​ប្រមូល​ផ្តុំ​មុខ​សាលាដំបូង​រាជធានីភ្នំពេញ ខណៈ​កូដករ​២​នាក់​​ចូល​​ទៅ​​បំភ្លឺ​នៅ​​ថ្ងៃ​​នេះ

កូដករ​ណាហ្គាវើលដ៏ ជាច្រើននាក់ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខ​សាលា​ដំបូងរាជធានីភ្នំពេញ ខណៈកូដករ២នាក់ ត្រូវ​​ចូល​បំភ្លឺ​នៅចំពោះមុខតុលាការ ក្រោមបណ្តឹងរបស់ក្រុមហ៊ុន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

កូដករ​ណាហ្គាវើលដ៏ ប្រមាណ៣០នាក់ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខ​សាលា​ដំបូងរាជធានីភ្នំពេញ ខណៈកូដករ២នាក់ ត្រូវ​​ចូល​បំភ្លឺ​នៅចំពោះមុខតុលាការ ក្រោមបណ្តឹងរបស់ក្រុមហ៊ុន នៅព្រឹកថ្ងៃចន្ទនេះ។

ការប្រមូលផ្តុំនោះ កូដករក៏បាន​កាន់បដា ដោយសរសេរថា «ខ្ញុំមកធ្វើជាសាក្សី» ក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រដល់​សមាជិករបស់ខ្លួន ដែល​កំពុងចូលបំភ្លឺ ក្រោមការឃ្លាំមើលពីសំណាក់អាជ្ញាធរផងដែរ។

កូដករណាហ្គាវើលដ៏ អ្នកនាង ម៉ម សុវឌ្ឍិន​ បានឱ្យដឹង​ថា កូដករ​ណាហ្គាវើលដ៍​ដែលត្រូវ​ចូលទៅបំភ្លឺនៅតុលាការនោះ រួ​​​ម​មា​ន កញ្ញា សុខ ថាវុធ និងអ្នកស្រី នេត ចរិយ៉ា ក្នុងនោះ មាន​កូដករ​ម្នាក់​ចូលបំភ្លឺនៅម៉ោង៩កន្លះព្រឹកនេះ និងម្នាក់ទៀតនៅ​ម៉ោង ២កន្លះ​រសៀល​ ក្រោមបណ្តឹងរបស់​​​ក្រុមហ៊ុន ពី​បទ «រំលោភលើលំនៅឋាន, ធ្វើឱ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់»

សកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកនាង ណុប ទិត្យបូរ៉ាវី បានឱ្យដឹងកាលពីថ្ងៃម្សិលមិញថា ដើមចម​ដែលស្ត្រីទាំង២រូបនោះ ចូល​បំភ្លឺនៅ​តុលាការ ដោយសារពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

អ្នកនាង​ចាត់​ទុក​ដីកាកោះ​​ហៅរ​បស់​តុលាការ​ជាលើក​ទី២ទៅកាន់កូដករណាហ្គានេះ​​​ថា ជាសារ​គំរាមកំហែងដល់កម្មករ មិនឱ្យពួកគេធ្វើកូដកម្ម​ទាម​ទារលក្ខខណ្ឌ​ការ​ងារ​ស្រប​តាម​ច្បាប់ ​។ ប៉ុន្តែ​អ្នកនាង​ថា ទោះជាមានការកោះហៅ ឬចោទប្រកាន់ក្រុមកូដករយ៉ាងណា ក៏ពួកគេ​នៅតែបន្តធ្វើ​កូដកម្មទាមទារលក្ខខណ្ឌការងាររហូតមានដំណោះស្រាយ។

អ្នកនាង ណុប ទិត្យបូរ៉ាវី បញ្ជាក់ថា៖ «ក្រុមហ៊ុនប្រើប្រព័ន្ធតុលាការ ដើម្បីដាក់សម្ពាធមកលើក្រុមកូដករ ក្រុមគ្រួសារ ឱ្យគាត់ផ្អាកធ្វើកូដកម្ម។ អ៊ីចឹង​ជាអំពើមួយដែលធ្វើឱ្យប្រទេសកម្ពុជាយើងអាម៉ាស់មុខបំផុត។ អ៊ីចឹង ទោះបីជា​មានដីកាកោះហៅជាបន្តបន្ទាប់​ក៏ពួកខ្ញុំបន្តធ្វើកូដកម្មរហូតមាន​ដំណោះស្រាយ ព្រោះយើងប្រើប្រាស់សិទ្ធិរបស់យើងធ្វើកូដកម្ម ហើយយើងប្រើប្រាស់អស់នីតិវិធច្បាប់  ហើយពួកយើងអត់មានធ្វើអ្វីខុសផង»។

ក្រោយពីការ​​ធ្វើ​កូដ​កម្ម​ជាង​១០ខែ​មក​នេះ កូដករណាហ្គាវើលដ៍​​ជិត ១០រូប​ហើយ ត្រូវ​​បានសាលា​​​​ដំបូង​រាជ​ធានី​ភ្នំពេញ កោះហៅឱ្យចូលបំភ្លឺ ក្រោម​បណ្តឹង​របស់ក្រុមហ៊ុន​ ក្នុងនោះមាន​ឈ្មោះ សៀក បញ្ញា, ជួប សោភ័ណ្ឌ, សុខ ថាវុធ, នេត ចរិយា, ឆាន បូរ៉ា, សាំង សុផល និង ម៉ម សុវឌ្ឍិន ជាដើម។

វិវាទ​​ការងារ​ក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមក​ហើយ ក្រោយ​ពេល​​ក្រុ​ម​ហ៊ុន កាស៊ីណូមួយ​នេះ បាន​បញ្ឈប់​​​បុគ្គលិក​ចំនួន ១ ៣២៩នាក់ ក្នុង​ចំណោម​​បុគ្គលិក​សរុ​ប​ជាង៨ ០០០នាក់ពី​ការ​ងារ ក្រោមហេតុផល​​ថា «ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ​ដោយ​សារ​តែបញ្ហា​ជំងឺ​កូវីដ-១៩»។

យ៉ាងណា បុគ្គលិកដែល​ចេញធ្វើ​កូដកម្មរយៈពេល១០ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះដោយ​សារ​ថៅកែមា​ន​ចេតនា​រំលាយ​សហជីព​ការ​ពារ​សិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ