យុវជន​បន្តវេន​១០០នាក់​នឹង​ចូលរួម​សម្ដែង​ល្ខោនខោល​ខួប៤ឆ្នាំ​នៃ​ការដាក់​បញ្ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សកម្មភាពក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំជំនាន់ថ្មី កំពុងត្រៀមហាត់សមនៅមុនការសម្ដែង ដើម្បីអបអរសាទរខួប៤ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល​ក្នុងបញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ។ (ផ្ដល់ឱ្យ)

យុវជនស្ម័គ្រចិត្តមួយក្រុមបានរៀបចំការសម្ដែងល្ខោនខោល រយៈពេល២ថ្ងៃ ដើម្បីអបអរសាទរខួប៤ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល​ក្នុងបញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ ដែលមានការចូលរួមពីសិល្បករជាយុវជនចំនួន១៥០នាក់ នឹងចូលរួមសម្តែងសម្រាប់សាធារណជនទស្សនាដោយឥតគិតថ្លៃ។

ប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី លោក ​ហង់ ភូមិរ៉ា បានឱ្យដឹងថា ការសម្តែងរបស់ក្រុមយុវជននេះនឹងរៀបចំឡើងនៅថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ​​ប្រ​​ភ​ព​​បន្តថា ​ពិធីនេះនឹងរៀបចំនៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ចាប់ពីវេលាម៉ោង៦ល្ងា​ច ក្នុ​ងភូមិព្រែកលាប ខណ្ឌជ្រោ​​យ​ចង្វារ រាជធានីភ្នំពេញ។

បើតាមលោក​ ហង់ ភូមិរ៉ា ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងបង្ហាញសមត្ថភាពរបស់សិ​​ល្បករជាយុវជនបន្តវេនចំនួន១៥០នាក់ ដែលពួកគេបានខិតខំហាត់រៀនជាមួយលោកនាពេលកន្លងមក ជាពិសេសគឺដើម្បីចូលរួមអបអរសាទរនៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិ​​ក​ភ​ណ្ឌ​​​វប្បធម៌អរូបីនៃមនុស្សជាតិ។

លោកបន្តថា៖ «[សិល្បករដែលចូលរួមសម្ដែង] ជាក្មេងៗដែលគាត់មិនដែលចេះអី ជានិស្សិត បញ្ញ​វន្ត​តាមបណ្ដាសាកលនានា គាត់អ្នករៀនច្បាប់ រៀនគណនេយ្យ រៀនហិរញ្ញវត្ថុ [ជាដើម] អ៊ីចឹងគាត់ស្ម័គ្រចិត្តចូលរួមធ្វើស្នាដៃនេះឡើងសម្រាប់អបអរសាទរផង ហើយក៏ចង់ដឹងថាគាត់មិនមែនជាសិល្បករអាជីពដូចខ្ញុំជាអ្នកឯកទេសល្ខោនខោលតែម្តងទេ គាត់ហាត់ជាមួយខ្ញុំ អ៊ីចឹងចង់ដឹងកម្រិតប៉ុនណាដែ​​ល​​គាត់ចេះសម្តែង»។

ប្រភពដដែលបញ្ជាក់ថា ក្រុមការងាររបស់លោកបានត្រៀមកៅអីសម្រាប់ប្រជាពលរដ្ឋចូលទស្សនាចំនួន៦០០នាក់ក្នុងមួយថ្ងៃ ហើយក្នុងរយៈពេល២ថ្ងៃ នៃការសម្តែង គឺលោកបានត្រៀមទទួលសាធារណជនជាង១ ០០០នាក់។

ដោយឡែក លោកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សំបុត្រចំនួន១ ០០០សន្លឹកត្រូវបានក្រុមការងាររបស់លោកចែកជូនពលរដ្ឋដោយឥតគិតថ្លៃ និងនៅសល់ប្រមាណ៣០សន្លឹកទៀតមិ​ន​​​ទាន់បានចែកនៅឡើយ។

ល្ខោន​ខោល​របស់​កម្ពុជា​ ​ត្រូវ​បាន​អង្គការ​យូ​ណេស្កូ ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូ​បី​​​​នៃ​មនុស្ស​ជាតិ​ ​កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨។​ ​

ចំណែកយុវជនកំពុងសិក្សាថ្នាក់អនុបណ្ឌិតជំនាញសេដ្ឋកិច្ច នៅសាលាឯកជនមួយក្នុងរាជធានីភ្នំ​​ពេញ លោក ឈុន ឆៃយ៉ា បានឱ្យដឹងថា លោកនឹងចូលរួមសម្ដែងជាតួអង្គព្រះរាម ក្នុងកម្មវិធីនាពេ​ល​​​ខាងមុននេះ។ លោកបន្តថា នេះជាលើកទីមួយហើយសម្រាប់រូបគេ ដែលត្រូវបានលោក ហង់ ភូមិរ៉ា​ ជ្រើសរើសឱ្យសម្តែងជាតួអង្គសំខាន់មួយនេះ។

លោកបន្តថា៖ «វាជាអារម្មណ៍មួយដ៏រំភើប ដែលខ្ញុំជានិស្សិត មិនមែនជាអ្នកដែលរៀនខាងផ្នែកសិ​​ល្បៈ ដូចជាពួកគាត់ខាងសិល្បករ ដែលរៀននៅសាលាមធ្យមសិល្បៈ។ ពួកខ្ញុំជានិស្សិតដែលរៀ​​ន​​​តាមផ្នែកផ្សេងៗ ប៉ុន្តែបានចូលហាត់រៀនជាមូយបង ភូមិរ៉ា [លោក ហង់ ភូមិរ៉ា]»។

យុវជនវ័យ២៣ឆ្នាំរូបនេះ បានចូលហាត់ល្ខោនខោនជាមួយក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី នៅឆ្នាំ២០១៩ ដោយសារក្តីស្រឡាញ់របស់លោកផ្ទាល់ និងចង់ថែរក្សាវប្បធម៌ដូនតាដែលបានបន្សល់ទុក។

អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ជ័យ ច័ន្ទកិត្យា បានបង្ហាញការសាទរចំពោះក្រុមយុវជនស្ម័គ្រចិត្ត ដែលបានរៀបចំកម្មវិធី​នេះឡើង។ លោកស្រីឱ្យដឹងថា ការរៀបចំឱ្យមានជាវេទិកានេះឡើង គឺស្របទៅតាមគោលបំណងរបស់ក្រ​​សួ​ង ដែលចង់ឃើញសហគមន៍ និងអ្ន​​ក​ប្រតិបត្តិល្ខោនខោល និងសាធារណជនទូទៅដែលចង់​ចូ​​ល​រួមចំ​​ណែ​​កក្នុងការថែរក្សា ការពារ លើកស្ទួយ និងផ្សព្វផ្សាយល្ខោនបុរាណនេះឱ្យបានជាប់លា​​ប់ និងទូលំទូលាយ។

លោកស្រីបន្តថា៖ «កិច្ចការទាំងនេះ គឺជាភារកិច្ចប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ដូច្នេះការរៀបចំកម្មវិធីនេះឡើង គឺបង្ហាញឱ្យឃើញពីការចូលរួម និងការខិតខំប្រឹងប្រែងរបស់ប្រធានក្រុម សមាជិក និងសិស្សដែលទទួលបានការបណ្តុះបណ្តាលពីក្រុមនេះនាពេលកន្លងមក»។

បន្ថែមលើនេះ លោកស្រីបន្តថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខិតខំពង្រឹងវិស័យសិល្បៈបុរាណមួយនេះនៅតាមស្ថាប័នអប់រំ ក្រោមឱវាទផ្ទាល់​របស់ក្រសួង និងនៅតាមមន្ទីរវប្បធម៌រាជធានី-ខេត្ត អង្គការ និងសមាគមសិល្បៈនានា ដោយផ្តល់វគ្គបណ្តុះបណ្តាលហាត់ល្ខោនខោលនៅតាមទីតាំងឬតំបន់ផ្សេងៗ ​ដោយមិនគិតថ្លៃ ដល់អ្នកមានបំណងចង់រៀនសូត្រពីល្ខោនខោលនេះមានឱកាសបានហាត់រៀនតាមសេចក្តីប្រាថ្នារបស់ពួកគេ។

លើសពីនេះ ក្រសួងបានរៀបចំ​ចងក្រងបោះពុម្ពឯកសារសំខាន់ៗដែលពាក់ព័ន្ធនឹងល្ខោនទម្រង់នេះ ដើម្បីជូនជាប្រយោជន៍ដល់ការសិក្សា រៀនសូត្រ និងស្រាវជ្រាវរបស់​សាធារណជនទូទៅផងដែរ។

ឯកសារស្រាវជ្រាវស្តីពី «ប្រវត្តិល្ខោនខោល» របស់លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ឱ្យដឹងថា ល្ខោនខោល ឬហៅថា ល្ខោនពាក់រ​​បាំងមុខ នេះ មានអាយុកាលតាំងពីសតវត្សរ៍ទី១០ មកម្ល៉េះ។ ហើយការសម្តែងវិញ គឺមានតែក្នុងរឿងរាមកេរ្តិ៍ខ្មែរតែមួយគត់ ចំណែកតួអង្គនីមួយៗត្រូវពាក់មុខខ្មុក (ស្មាច់ក្រដាស) ជារូបតួអង្គផ្សេងៗ ដូចជា តាឥសី ស្វា និងយក្ស ជាដើម។

លោក ហង់ ភូមិរ៉ា ដែលជាប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ថ្លែង​​ថា ​​កា​រ​បង្កើតក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មីនេះ ធ្វើឡើងតាំងពីឆ្នាំ២០១៦។

កា​រចាប់ផ្តើមបង្ហាត់ទម្រង់ល្ខោនខោលនេះជាលើកដំបូង គឺផ្តើមចេញដោយការស្ម័គ្រចិត្តដល់សាធា​​​រណជនទូទៅនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ និងបន្ទាប់មកទៀតនៅក្នុងសាកលវិទ្យាល័យភូមិ​ន្ទ​​​វិចិត្រសិល្បៈ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ទីតាំងល្ខោនខោលនេះបានផ្លាស់ប្តូរទីតាំងមកស្នាក់ការសហភា​​ពសហព័ន្ធយុវជនកម្ពុជាវិញ ដែលស្ថិតនៅភូមិព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកបន្តថា បើគិតពីការបង្ហាត់បង្រៀនលើជំនាញល្ខោនខោលនេះវិញ សិស្សអាចចូលរៀន​​រៀង​​រាល់​​ថ្ងៃ​អាទិត្យ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ ម៉ោង៤រសៀល ក្នុងមួយសប្តាហ៍ ហើយការសិក្សា​​នេះ ​​គឺ​​មិនតម្រូវឱ្យអ្នកចូលហាត់បង់ប្រាក់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ