មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​សារ​លោក សម រង្ស៊ី ដែល​ជំរុញ​ឱ្យ​បក្ស​នយោបាយ​ជំទាស់​ការ​ផ្ទេរ​អំណាច​ទៅ​លោក ហ៊ុន ម៉ាណែត

លោក ហ៊ុន សែន និងកូនប្រុស ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានហៅការលើកឡើងរបស់លោក សម រង្ស៊ី ដែល​អំពាវ​នាវ​​​​ឱ្យ​​​គណបក្ស​នយោបាយប្រឆាំង​គម្រោង​​ផ្ទេរ​អំណាច​បន្ត​ទៅ​កូន​ពី​សំណាក់​នាយក​រដ្ឋម​ន្ត្រី​ ថា​ជា​​​​ការ​​​​​​លូ​ក​​​ដៃ​​ចូលកិ​ច្ចកា​រផ្ទៃក្នុងរបស់​បក្សនយោបាយ​ដទៃដែលត្រូ​វ​បាន​ការ​ពារ​ដោយ​ច្បាប់ ហើយ​​​​កា​​​រ​​ធ្វើ​​ដូច្នេះមានន័យថាជាការរំលោភលើនីតិវិធីដែលមានជាធរមានរបស់កម្ពុជា។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ចំអកឱ្យលោក សម រង្ស៊ី នៅថ្ងៃសុក្រ​​នេះ​​ ថាជា​អ្ន​​ក​​​នយោបាយមានស្មារតីមិនប្រក្រតី ដែលចេះតែប្រើសម្ដីមិន​​ឆ្លុះបញ្ចាំង​ពី​​ការពិ​​ត​​ច្រើ​​ន​​​។ ជា​​ង​នេះ​ទៀត លោកថា អ្វីដែលអតីតមេបក្សជំទាស់រូបនេះអំពាវនាវឱ្យមានការងើបឡើងប្រឆាំង​កា​​​រ​​​ផ្ទេ​​រ​​អំ​​ណាចនោះ ជាការជាន់ឈ្លីច្បាប់របស់​​កម្ពុជា ដែលបានធានាពី​​សិទ្ធិរបស់​​​បក្សនយោ​​បាយ​​នី​​មួយ​​ៗ​ក្នុង​​កា​រគោរពការសម្រេចចិត្តរឿងការផ្ទេរអំណាចនេះ។

ម្យ៉ាងវិញទៀត លោក សុខ ឥសាន ថាលោក សម រង្ស៊ី គ្មាន​បុព្វ​សិទ្ធិ​ពិសេស​ណា​មួយដែល​ចូល​កកូរ​កកាយ​កិច្ច​កា​​រផ្ទៃក្នុងរបស់គណ​​បក្សគ្រប់​​គ្រង​អំ​​ណា​​​ចឡើយ។

លោកបន្តថា៖ «វាបញ្ជាក់ថា ទណ្ឌិត​មេឧទ្ទាមក្រៅ​ច្បាប់​ក្បត់​ជាតិ​ហ្នឹង​កាន់​តែ​ឡប់​សតិហើយ។ រឿង​ការ​ផ្ទេរ​អំណាច ឬមិនផ្ទេរអំណាច វាជា​សិទ្ធិ​ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និង​ជា​សិទ្ធិ​របស់​​​គ​ណ​​​បក្ស​​​នយោបាយនី​មួយៗទេ។ គាត់​មាន​សិទ្ធិអី​មក​លូកដៃចូ​ល​គណបក្សប្រជាជន»។

អតីត​សហស្ថាបនិក​គណបក្ស​សង្រ្គោះជា​តិ​ដែល​​ត្រូវ​​បាន​តុលាការ​កំពូល​រំលាយ តែង​រិះ​គន់​លោក​​នា​យក​​​រដ្ឋមន្រ្តី ហ៊ុន សែន ជាញឹកញាប់ និង​មាន​ការ​​រិះគន់ទៅដល់ស្ថាប័នព្រះមហាក្សត្រផង​ដែរ។ ជាអ្នក​​​ន​​យោ​​​បាយ​​​ដែល​រួមរឹតទៅដោយបណ្ដឹងរាប់​មិនអស់​នៅក្នុង​តុលាការ លោក​ក៏បា​ន​ចោទ​លោក ហ៊ុន សែន ថា​ជា​​​អ្នក​​គ្រប់គ្រងព្រះមហាក្សត្រ និងបញ្ជាគ្រ​ប់​បែប​យ៉ាងពីលើ​ស្ថាប័ន​កំពូល​មួយ​នេះ​​​ថែម​​​ទៀ​​ត​​​ផ​ង​​​។

បើទោះបែប​ណា ប្រតិកម្មពីមន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជានៅពេលនេះ ក្រោយពីលោក សម រង្ស៊ី បានវាយប្រហារជាថ្មីទៀតនៅលើប​ណ្តាញសង្គម​របស់​លោកដូច​សព្វ​មួយ​ដង កាល​​ពី​​ថ្ងៃ​​​ទី​​១៧ ខែ​វិច្ឆិកា ម្សិលមិញ។ ប្រភពបន្តថា ដើម្បីឱ្យគ្រួសារលោកនាយករដ្ឋមន្រ្តីកាត់ផ្ដាច់ពី​ឥទ្ធិពលក្នុង​​ន​យោ​បាយ គឺ​​មា​​ន​​​​តែពលរដ្ឋរួមគ្នាជាកម្លាំងតែមួយទេ ទើបអាចប្រឆាំង​គម្រោង​ផ្ទេរ​អំណាច​ពី​​​ឪ​​ពុក​​ទៅ​​​កូន​​​​​​បន្ត​​​បាន​។

លោកបន្តថា៖ «សូមឱ្យខ្មែរទាំងអស់ដែលស្រឡាញ់​ជាតិ ដែល​ស្រឡាញ់​ចង់​ឱ្យទឹ​ក​ដី​យើង​​​បាន​គង់​​វង្ស ឱ្យប្រជារាស្រ្តខ្មែរ​មាន​ជីវភាព​ធូរធារ និង​ឱ្យកូ​ន​ចៅយើង​មាន​អនាគត​ភ្លឺ​ថ្លា យើង​ត្រូវ​តែ​រួម​គ្នា​​។ ​​យើ​​​ង​​ធ្វើម៉េចឱ្យ ហ៊ុន សែន ឯកោ! ឱ្យ ហ៊ុន សែន ឯកោ​លើឆាកនយោបាយនៅប្រទេសកម្ពុជា និង​​ឱ្យ​​​​គ្រួ​​សារត្រកូល ហ៊ុន សែន ឯកោ។ ខ្មែរគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវជំទាស់កុំឱ្យ ហ៊ុន សែន ផ្ទេរអំណាចឱ្យកូនគាត់បាន។ គាត់ [ហ៊ុន សែន] ធ្វើបាបរាស្រ្ត និងបំផ្លាញជាតិ៣៧ឆ្នាំហើយ ហើយឥលូវនេះគាត់ចង់ផ្ទេរឱ្យកូនគាត់ទៀត អន្តរាយហើយស្រុកយើង»។

តែយ៉ាងណា​​ នៅលើគេហទំព័រផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក៏​បា​​ន​​ចេញ​​សា​​​​រ​​ប្រតិកម្មប្រឆាំងការវាយប្រហារពីសំណាក់លោក សម រង្ស៊ី មកលើក្រុមគ្រួសា​​រ​​រ​ប​​ស់​​លោកជាថ្មីទៀតដែរ។ ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានហៅលោក សម រង្ស៊ី ថាជា​​កូន​​ក្បត់ជាតិ ៣ជំនាន់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងបានប្រមាថអតីតមេបក្សជំទាស់រូបនេះ​ថា ការដែលដើ​​រ​​រុកកួន​​គេមិនឈប់ឈរ និងមិនចេះហត់បែបនេះ អាចនឹងត្រូវរន្ទះបាញ់។

លោកបន្តថា៖ «តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់? ពូចខូច វាខូច និងវានៅតែខូច។ បុរស​ម្នាក់​នេះឈ្លោះ​​មិន​ចេះរើ​ស​មុខ ទាំង​ព្រះមហាក្សត្រ​ រហូត​​ជាមួយយុវជនជំនាន់​​ក្រោយ។ តើ​មាន​​ហត់​ដែរ​​​ទេ​?​​ ហើយមិនបានលួចវាយគេ តើរន្ទះបាញ់ឬអី?»

ជុំវិញទំនាស់ខាងនយោបាយនេះ អនុប្រធានគណបក្សខ្មែររួបរួមជាតិ ​លោក យ៉ែម បុញ្ញឫទ្ធិ យល់​​ឃើ​​​ញ​​ថា វាដូចជាគ្មានហេតុផលណាមួយដែលត្រូវជំទាស់ទៅលើបេក្ខភាពរបស់បក្សនយោបាយ​​​ដទៃទេ។​ ​លោ​​​​​​​ក​​បន្ត​​ថា ក្នុងនាមជាអ្នកនយោបាយ លោកចង់ចូលរួមការប្រកួតមួយដែលស្មើភាពនិងយុត្តិ​​ធម៌​​​​​។ ក្រៅពីនេះ លោកថា នៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយក៏​គ្មាន​មាត្រាណា​មួ​យចែង​អំ​​​ពី​​កា​​​រ​​​​​​ជំ​​ទា​​ស់​ទៅលើបេក្ខភាពនាយករដ្ឋមន្រ្តី ដែលមិនមែន​ជាបេក្ខ​ភាព​នៅក្នុង​បក្ស​របស់​ខ្លួន​ដែរ។

លោកបន្តថា៖ «ខ្ញុំយល់ឃើញថា វាមិនមានពាក់ព័ន្ធអីនឹងការផ្ទេរអំណាចនាយករដ្ឋមន្រ្តីទៅនាយ​​ក​​​​រ​​ដ្ឋ​​​​​មន្រ្តីថ្មីទេ ពីព្រោះវាមិនមានអ្វីចែងនៅក្នុងគណ​​បក្សនយោបាយនីមួយៗនោះ។ ដូច្នេះ​​ ខ្ញុំ​យល់​ឃើ​​​ញ​​​​​​​ថា​ ​​វា​​មិនមានអីជារឿងចាំបាច់។ រឿងដែលចាំបាច់ត្រូវការរួបរួមគ្នា ហើយនឹងជំរុញឱ្យ​​មានការ​​ផ្លា​ស់​​​ប្តូរ​​ជាវិជ្ជមានបាន ដូចជារឿងដែលល្អ ពីព្រោះក្នុងគណបក្សនយោបាយនីមួយៗ គេមានសិទ្ធិ​ពេ​​ញ​​​លេញក្នុងការជ្រើសរើសបេក្ខជននាយករដ្ឋមន្រ្តី​របស់គេ»។

ស្ថាបនិក​អង្គការអភិវឌ្ឍន៍ផ្នត់គំនិត ​លោក សេក សុជាតិ ចាត់ទុកថា សារអំពាវនាវរបស់អតីត​​មេ​​ប​ក្ស​​​​​ជំទាស់ ឱ្យមានកម្លាំងប្រឆាំងការផ្ទេរអំណាចពីបក្សនយោបាយនេះ ជាការបរា​​ជ័​យផ្នែកនយោ​​បា​​យ​​​​​​ទៅ​​​​​វិញ​​​ទេ។ លោកបន្តថា ការកៀរគរដូច្នេះបាន​ឆ្លុះបញ្ចាំងពីការរើសអើងខាងនយោបាយ និងធ្វើ​​ឱ្យជា​​​តិ​​​​​បន្តបែក​បាក់ បាត់​សាមគ្គី ហើយ​រក​ភាព​ផ្សះផ្សាជាតិ​មិន​បាន​ឡើយ។

លោកបន្តថា៖ «ការពិត ការអំពាវនាវនេះ វាជាកំហុសឆ្គងមួយដ៏ធំរបស់លោក សម រង្ស៊ី សម្រាប់​ខ្ញុំ​ទេ​​​ណា៎ [..] វាមិនមែននាំគ្នាទៅអំពាវនាវឱ្យគណបក្សនយោ​​បាយទៅប្រឆាំងជាមួយនឹងការតែង​​តាំង​​​បេ​ក្ខ​ជ​នតំ​​ណាងគណបក្សរបស់គេនៅក្នុងការចូលរួមនោះទេ ព្រោះវាគឺជារឿងមួយដែល​​មិន​ឆ្លុះប​​ញ្ចាំ​​​ង​​​អំ​​ពី​លទ្ធិ​​ប្រជាធិបតេយ្យនៅក្នុងប្រទេសមួយ»​។

អ្នកវិភាគរូប​នេះយល់​ឃើញ​ថា អ្វីដែលជួយឱ្យអតីតមេបក្សជំទាស់នេះចំណេញពីសារនយោបាយ គឺគេ​​គួរ​​តែអំពាវនាវឱ្យមានកម្លាំងសាមគ្គីគ្នាពីអ្នកប្រជាធិបតេយ្យតែមួយ។ លោកបន្តថា ​​មាន​តែ​ការ​​​ធ្វើ​​​​​ដូច្នេះទេ ទើប​​ជាការ​​​ប​ង្កើន​​​កម្លាំង និង​ជួយឱ្យ​​មាន​​ធន​​ធានមនុស្សគ្រប់គ្រាន់ ដើម្បី​​ចូល​រួម​ប្រ​​កួត​​​​​ប្រជែងតា​ម​​​រយៈ​ការ​​បោះ​​ឆ្នោតវិញ ហើយវា​ជាជម្រើសដ៏ល្អ និងស្របតាមច្បាប់ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ