បេសកជនពិសេសនៃប្រធានអាស៊ាន ប្រកាសស្វាគមន៍ចំពោះការដោះលែងអ្នកទោសទ្រង់ទ្រាយធំនាពេលថ្មីៗនេះនៅប្រទេសមីយ៉ាងម៉ា ថាធ្វើឡើងក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចាប់ផ្តើមដំណើរការសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា។
សេចក្ដីថ្លែងការណ៍របស់បេសកជនពិសេសនៃប្រធានអាស៊ាន ស្ដីពីការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅប្រទេសមីយ៉ាន់ម៉ា ចេញកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនយោបាយដែលត្រូវបានដោះលែង ក្នុងនោះមានលោក ច ទិនស្វេ អតីតរដ្ឋមន្ត្រីការិយាល័យទីប្រឹក្សារដ្ឋ, អ្នកស្រី ឡី ឡីម៉ អតីតអភិបាលតំបន់តានីនតាយី (Tanintharyi), លោក ម្ញា អៃ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជំនាន់៨៨៨៨ និងបណ្ឌិត ម្ញោ ញុនត៍ សមាជិកគណៈកម្មាធិការកណ្ដាល និងជាអ្នកនាំពាក្យនៃបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។
ក្រៅពីនោះក៏មានលោក ថេន អ៊ូ សមាជិកគណៈកម្មាធិការកណ្ដាលបក្ស NLD, លោក ច ហូ ទីប្រឹក្សាច្បាប់បក្ស NLD, សាស្រ្តាចារ្យ ម៉ោង តាឆូ, ព្រះតេជគុណ ស្វ៊ែ ញ៉ាវ៉ារ, លោកស្រី វីគី បូម៉ែន អតីតឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅមីយ៉ាន់ម៉ា និងស្វាមី, លោកសាស្រ្តាចារ្យ សន ធើណែល អតីតទីប្រឹក្សានយោបាយសេដ្ឋកិច្ចរបស់លោកស្រី អ៊ុងសាន ស៊ូជី, លោក តូរូ គូបូតា ជាអ្នកកាសែតនិងផលិតករភាពយន្តជប៉ុន និងលោក ច ថេ អ៊ូ ជាពលរដ្ឋអាមេរិក ក៏ត្រូវបានដោះលែងដែរ។
បេសកជនពិសេស ចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំថាជាសញ្ញាបង្ហាញពីសុឆន្ទៈក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី និងបំណងប្រាថ្នានៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលសម្រេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
ការចេញសេចក្ដីថ្លែងការណ៍របស់បេសកជនពិសេសនៃប្រធានអាស៊ាន ធ្វើឡើងបន្ទាប់ពីមេដឹកនាំយោធាមីយ៉ាន់ម៉ា បានដោះលែងលោក សៀន ថឺនែល (Sean Turnell) សេដ្ឋវិទូអូស្ត្រាលី និងជាអតីតទីប្រឹក្សាលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) និងអ្នកទោសជិត៦ ០០០នាក់ផ្សេងទៀតពីពន្ធនាគារ៕