អាវុធហត្ថ​ខេត្តតាកែវ ហៅ​តំណាង​សហជីព​ទៅ​សួរនាំ​ក្រោយ​​ពួកគេ​ចូល​រៀន​វគ្គ​បណ្ដុះ​បណ្ដាល

វគ្គបណ្ដុះបណ្ដាលស្ដីពី «កិច្ចគាំពារសង្គម សិទ្ធិនៅកន្លែងការងារ យេនឌ័រ អំពើហិង្សាទាក់ទងនឹងយេនឌ័រ ការបៀតបៀនផ្លូវភេទ បទដ្ឋានសង្គម ភាពជាអ្នកដឹកនាំ និងជំនាញនិយាយជាសាធារណៈ» សម្រាប់ថ្នាក់ដឹកនាំសហជីពមូលដ្ឋាននៅខេត្តកំពង់ស្ពឺ​ និងខេត្តតាកែវ ដែលរៀបចំដោយអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ (សម្ព័ន្ធសហជីពចលនាកម្មករ)

​សហជីពអះ​អាង​​ថា កង​រាជ​អាវុធហត្ថខេត្តតាកែវ បាន​ហៅតំណាងសហជីពនៅរោងចក្រ ស៊ូព្រីមៀធូ ស្ថិត​នៅ​ឃុំ​ពពេល ស្រុក​ត្រាំកក់ ទៅ​សួរ​នាំ ក្រោយពីពួកគេចូលរួមរៀន​វគ្គ​បណ្ដុះប​ណ្ដាល​ពាក់​ព័ន្ធ​សិទ្ធិរបស់កម្មករ

ប្រធាន​សហជីពចលនាកម្មករប្រចាំរោងចក្រ ស៊ូព្រីមៀធូ លោក ឆាន សាម៉ឺន ប្រាប់​វីអូឌី​នៅ​ថ្ងៃសុក្រនេះ​ថា រូប​លោក​និងថ្នាក់​ដឹកនាំ​សហជីព​ផ្សេង​ទៀត ទៅចូលរួមរៀនវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹង​កិច្ចការពារសង្គម សិទ្ធិ​កន្លែង​ការ​ងារ យេន​ឌ័រ ការ​បៀត​បៀន និង​​ផ្សេងៗទៀត។

ប្រធាន​សហជីព​រូបនេះ​បន្ត​ថា ក្រោយ​ពួក​គាត់​រៀន​ចប់​ នៅថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កងរាជអាវុធហត្ថខេត្តតាកែវ បាន​ហៅ​រូប​លោក និង​តំណាង​សហជីព​ផ្សេងៗ​ទៀត ទៅសួរនាំ​ជុំវិញ​ការ​ទាម​ទារ​ផ្សេងៗនៅក្នុងរោង​ចក្រ គោលបំណងនៃការចូលរួមរៀនវគ្គបណ្តុះបណ្តាល និងទាមទារយកឯកសារនៃការរៀនវគ្គបណ្តុះ​បណ្តាល​នោះ​ផង​ដែរ។

លោកបន្ថែមថា៖ «ខ្ញុំមិនមាន​​ការ​ព្រួយ​​បារ​ម្ភ​​​អី​​ទេ ព្រោះខ្ញុំមិនបានទៅរំលោភ​បំពាន​ផ្លូវ​ច្បាប់ ឬធ្វើអីជាមួយអាជ្ញាធរ​ផង​ ព្រោះយើងរៀននេះ​ដើម្បី​យក​បទ​ពិសោធ​មក​បង្រៀន​កម្មក​រ​បន្ត ដើម្បីឱ្យគាត់យល់ដឹងពីការបៀតបៀនផ្លូវភេទ ទាក់​ទងយេនឌ័រ និង​ទាក់​ទង​រឿង ប.ស.​ស។ វាអត់មាន​ខុស​ផង អ៊ីចឹង​យើង​មាន​អី​ត្រូវ​ខ្លាច​ផង។ តែខ្ញុំឆ្ងល់ដែរ គ្រាន់តែយើង​ទៅរៀនអ៊ីចឹង​ ហេតុអីបាន​ជាកងរាជអាវុធហត្ថគាត់ចុះមកសួរនាំអ៊ីចឹង?»

លេខាសហជីព​សេរីកម្មករ​ប្រចាំរោង​ចក្រ ស៊ូព្រីមៀធូ អ្នកស្រី ង៉ែត រ៉េម និយាយថា អ្នកស្រីមិ​នបានចូ​លរៀនវគ្គបណ្តុះ​បណ្តាលនោះ​ទេ ប៉ុន្តែ​ថ្នាក់​ដឹកនាំសហជីព​របស់អ្នកស្រីផ្សេង​ទៀតបា​ន​ចូលវគ្គបណ្តុះបណ្តាល​មួយ​នៅ​រាជធានីភ្នំពេញ ហើយអ្នក​ស្រីដែល​ជាតំណាង​សហជីព ក៏ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថខេត្តតាកែវ​ ហៅទៅសួរនាំផងដែរ។

ថ្នាក់ដឹកនាំសេរីកម្មកររូបនេះ ឱ្យដឹងថា អាវុធហត្ថបានសួរនាំអ្នកស្រី ជុំវិញ​ការ​ចង់​បានឬការចង់ទាមទារអត្ថប្រយោជន៍ផ្សេងៗរបស់​កម្មករពីរោងចក្រ ហើយ​រោងចក្រ​នោះ​ធ្លាប់​មានបញ្ហា​អ្វី​កើត​ឡើងឬ​ក៏​អត់ និង​មាន​អង្គការ​សង្គម​ស៊ីវិល​ណានៅពីក្រោយសហជីព​នេះ​ឬក៏អត់ ជាដើម។ អ្នកស្រីថា អាវុធហត្ថ​ក៏ហាមកម្មករធ្វើការតវ៉ាណាមួយដោយខុសច្បាប់​នៅក្នុងរោងចក្រនេះផងដែរ។

អ្នកស្រីបន្ថែមថា៖ «គាត់ [កងរាជអាវុធហត្ថ] បន្ថែម​ថា យើង ​[ក្រុម​សហជីព] ​ចេះ​តែ​ធ្វើអី​តាម​តែ​អំពើ​ចិត្ត​ទេ បើមា​ន​បញ្ហា​អីកើត​ឡើង ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ? គាត់​និយាយ​មក​របៀប​ថា គាត់​មិន​ឱ្យ​យើង​មាន​ការ​តវ៉ា​អី​នៅ​ក្នុង​រោង​ចក្រ នេះន័យ​របស់​ពួកគាត់ចង់​លើក​ឡើង​អ៊ីចឹង»

វីអូឌី មិនអាចសុំការបញ្ជាក់ពីមេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តតាកែវ លោក ឡា ឡៃ បាន​ទេ​ នៅ​ថ្ងៃសុក្រ​​នេះ។

បើតា​​មកំណត់​ហេតុ​កង​រាជអាវុធហត្ថខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ បានឱ្យដឹងថា មានសហជីពចំនួន៣ ប្រចាំ​រោងចក្រ ស៊ូព្រី​មៀធូ ត្រូវបានអាវុធហត្ថហៅមកសួរនាំ​ រួមមាន​ សហជីព​ចលនា​កម្មករ សហជីព​សេរី​កម្មករ និង​សហជីព​ក្ដីសង្ឃឹម​កម្មករ​កម្ពុជា

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ (CUMW) លោក ប៉ាវ ស៊ីណា បានចាត់ទុកទង្វើនេះថាជាកា​រគំរាមកំហែងផ្នែកស្មារតី និងការបំភិតបំភ័យយ៉ាងធ្ងន់ធ្ងរ ដោយ​ថា ពួកគាត់​ជា​តំណាង​សហជីពដែល​ស្របច្បាប់ ទទួលស្គាល់ដោយ​ក្រសួងការ​ងារ និង​ច្បាប់​សហជីព​ផ្អែក​លើអ​នុ​សញ្ញាអ​ន្តរ​ជាតិ ILO ជាដើម។

មេសហជីពរូបនេះបន្ដថា គោលបំណង​នៃវគ្គបណ្តុះបណ្តាល​នេះ គឺប​ណ្ដុះបណ្ដាល​តំណាង​សហជីព សកម្មជន សមាជិកសហជីព ដើម្បី​ឱ្យពួកគាត់​មាន​ការយល់ដឹ​ង​ពីច្បាប់ស្ដីពីការងារ និងប្រធានបទផ្សេង​ទៀតទាក់​ទង​ទៅ​នឹង​ការ​ការ​ពារ​សិទ្ធិរបស់​ពួក​គាត់ តាម​រយៈកម្មវិធីបណ្ដុះបណ្ដាលរបស់​អង្គការ​ដៃគូ ដែល​ស្រប​ទៅ​តាម​លក្ខន្ដិកៈ​សហជីព និង​ស្រប​ទៅ​តាមច្បាប់​របស់​កម្ពុជា។

លោកបន្ថែមថា៖ «សកម្មភាព​របស់​កង​រាជអាវុធហត្ថខេត្ដតាកែវ ក្នុងការ​កោះហៅពួកគាត់​ឱ្យ​ចូល​បំភ្លឺ​ខាងលើ​នេះ គឺ​ជា​ទង្វើ និង​សកម្មភាព​មួយបង្ហាញ​ពី​ការគំរាម​កំហែង និងបំភិតបំភ័យ​ដល់តំណាង​សហជីព​របស់​យើង ដែលគ្រាន់តែទៅចូលរួមវគ្គបណ្ដុះបណ្ដាល ដើម្បីបង្កើនចំណេះដឹង ប្រយោជន៍យកទៅប្រើប្រាស់ក្នុងការការពារសិទ្ធិ និងដោះស្រាយវិវាទជាមួយភាគីនិយោជកតែប៉ុណ្ណោះ»

ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា លោក ព្រុំ ប៊ុនថន ដែលតាមដានរឿងនេះ មានប្រសាសន៍ថា ករណីកងរាជអាវុធហត្ថហៅតំណាងសហជីពសួរនាំដោយគ្រាន់តែពួកគេចូលវគ្គបណ្តុះ​បណ្តាល​នោះ គឺ​ជា​ការ​គំរាម​កំហែង ការ​បំភិតបំភ័យ និង​​រំលោភសិទ្ធិកម្មករឬពលរដ្ឋ ដែលធានាដោយច្បាប់រដ្ឋធម្ម​នុញ្ញ។

មន្ត្រីស​ង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការ​ងារ​រូប​នេះបន្ត​ថា ករណី​របៀបនេះ​បានកើតច្រើនក្នុងសង្គមកម្ពុជា ជាពិសេសទៅលើសកម្មជន​សហជីពឯករាជ្យ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនសង្គមផ្សេងទៀត។

លោក ព្រុំ ប៊ុនថន បន្ថែម​ថា ប្រសិនបើសកម្មភាពទាំងនេះនៅតែបន្តកើតមានទៀត នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល​លើឆាក​អន្តរជាតិ ពាក់ព័ន្ធការរំលោភសិទ្ធិ​មនុស្ស និង​មួយ​វិញទៀត​អាចប៉ះពាល់ដល់ការទទួលបានសន្លឹកឆ្នោតពីប្រជាពលរដ្ឋផងដែរ។

លោកបន្ថែមថា៖ «អាជ្ញាធរពេលដែលបង្ហាញសញ្ញាណបែបហ្នឹង ខ្ញុំថាវាអត់ល្អអីទាល់តែសោះសម្រាប់រដ្ឋាភិបាល ព្រោះរ​ដ្ឋាភិបាលខិតខំ​ធ្វើកំណែទម្រង់​បើក​លំហ​សេរីភាព​ដល់​ពលរដ្ឋ ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធរមូលដ្ឋានបានធ្វើផ្ទុយពីរដ្ឋាភិបាលចង់បានហ្នឹង។ អ៊ីចឹងធ្វើឱ្យមានការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ។ អាជ្ញាធរគួរតែកែ​ឥរិយា​បថ បើនៅតែ​បន្ត​ធ្វើ​បែប​ហ្នឹង​ទៀត ហើយ​ធ្វើឱ្យ​ពលរដ្ឋ​ថ្នាំងថ្នាក់ ហើយការបោះឆ្នោតឆ្នាំ២០២៣ វាកៀកដែរ។ អ៊ីចឹងចង់មិនចង់ វាធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលដែរ»

មេដឹកនាំសហជីពបានអំពាវនាវដល់​ថ្នាក់ដឹកនាំខេត្តតាកែវ ពិនិត្យតាមដានមើលរាល់ការអនុវត្ដមិនត្រឹមត្រូវរបស់កងកម្លាំងមានសមត្ថកិច្ច និងបញ្ឈប់នូវរាល់ចេតនាបំភិតបំភ័យផ្លូវអារម្មណ៍ដល់ថ្នាក់ដឹកនាំសហជីពចលនាកម្មករ ដែលជាអង្គការវិជ្ជាជីវៈតំណាងរបស់កម្មករនិយោជិត ក្នុងការធ្វើជាដៃគូសហការជាមួយភាគីនិយោជក ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់​កម្មករ​និយោជិត​ក្នុង​មូល​ដ្ឋាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ