សង្គមស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ

(អាវយឺតពណ៌ទឹកសមុទ្រ) លោក យី សុខសាន្ត បុគ្គលិក​សមាគម​អាដហុក​ ដើរចេញពីតុលាការកំពូល ក្រោយចូលរួមសវនាការពាក់ព័ន្ធនឹងសំណុំរឿងក្រោមបទចោទប្រកាន់ «សូកប៉ាន់​​សាក្សី និង​​សមគំនិត​សូកប៉ាន់​សាក្សី​» ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សង្គមស៊ីវិលជាង១០០ស្ថាប័ន ទាមទារ​ឱ្យរដ្ឋាភិបាលបញ្ឈប់​ការ​ធ្វើទុក្ខបុក​ម្នេញ​ដល់​អ្នកការ​ពារ​សិទ្ធិ​មនុស្ស តាមរយៈការប្រើប្រាស់យន្តការតុលាការដើម្បី​គំរាមកំហែងបំបាក់ស្មារតី ផ្ទុយពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកម្ពុជាបានសន្យាជាអន្តរជាតិ។

ការ​ទាមទារនេះបានធ្វើឡើង​បន្ទាប់​ពី​តុលាការ​កំពូល​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ២០២២ បានប្រកាស​សាលដីកា​ដោយសម្រេច​ឱ្យ​អ្នក​ការ​ពារសិទ្ធិមនុស្ស​អាដ​ហុក ៣​រូប និង​អតីត​អ្នកការ​ពារ​សិទ្ធិ​មនុស្ស​២រូបទៀត ​មានទោសជាប់ពន្ធនាគារម្នាក់ ៥​ឆ្នាំ ក្រោមបទចោទ​ប្រកាន់​​ «សូកប៉ាន់​​​សាក្សី និង​​សមគំនិត​សូកប៉ាន់​សាក្សី​»

សេចក្ដីថ្លែងការណ៍រួមរបស់​អង្គការសង្គមស៊ីវិលចំនួន១៤២ស្ថាប័ន ដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានលើកឡើងថា ពួកគេ​មាន​ការ​​ខក​ចិត្ត និង​សោក​ស្ដាយ​ ចំពោះការ​សម្រេច​​របស់​តុលាការ​​កំពូល ដែលតម្កល់សេចក្តីសម្រេចរបស់តុលាការ​ជាន់ទាប​ទុកជាបាន​ការ លើសំណុំរឿង​របស់​បុគ្គលិកនិង​អតីត​បុគ្គលិក​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុកទាំង៥រូប ដែលមានន័យ​ថា អ្នកទាំង៥នាក់នៅមាន​ទោសដដែល។

សង្គមស៊ីវិលចាត់ទុកការ​សម្រេចនេះថានៅមាន​ចំណុច​​ខ្វះ​ខាត​មួយ​ចំនួន​​ដែ​ល​តុលាការ​មិន​បាន​​បំពេញ​​​​ឱ្យ​​គ្រប់ជ្រុង​ជ្រោយ​ទៅតាមនីតិវិធីច្បាប់​ ដូចជា​ ការខកខាន​ក្នុង​ការ​កោះហៅ​​​សាក្សីចូលមកបង្ហាញភស្តុតាងនៅ​ចំពោះមុខជនជាប់ចោទ ជាដើម។

សេចក្តីថ្លែងការណ៍របស់ក្រុម​អង្គការ​សង្គមស៊ីវិលដដែល បង្ហាញ​ការ​ព្រួយបារម្ភ​​យ៉ា​ង​ខ្លាំង​លើ​ការ​កាត់​សេ​ច​ក្ដីយ៉ាង​អយុត្តិធម៌ទៅ​លើអ្នកការពារ​សិទ្ធិមនុស្ស ក្រោយពី​​បាន​តាមដា​ន​យ៉ាងយកចិត្តទុក​ដាក់​ទៅ​លើការកាត់​សេចក្តីរបស់តុលាការ​ទាំង ៣​ថ្នាក់ លើសំណុំរឿងនេះរួច​មក។

សេចក្ដីថ្លែងការណ៍បញ្ជាក់​ថា៖ «យើងខ្ញុំជា​អង្គការសង្គម​ស៊ីវិលមានការបារម្ភ​ថា សេចក្តីសម្រេច​នេះអាចប៉ះ​ដល់​​សកម្មភាពរបស់​អង្គការសង្គម​ស៊ីវិល ដូចជា គោល​ការណ៍ជួយ​ឧបត្ថម្ភដល់​ជនរងគ្រោះខ្លះ ​ដែលអា​ចក្លាយ​ទៅជាមានទោសព្រហ្មទណ្ឌ ពី​បទ សូកប៉ាន់សាក្សី ដូច​ការសម្រេចរបស់តុលាការ​បែបនេះទៅវិញ​»។

សង្គមស៊ីវិលទាំងនោះ​បញ្ជាក់ថា សកម្មភាព​របស់​​បុគ្គលិក​និង​អតីតបុគ្គលិក​សមាគមអាដហុក​ ជាការ​បំពេញ​ការ​ងារ​​​ស្រប​ទៅតាម​ច្បាប់​ជាតិ និង​ច្បាប់អន្តរជាតិ​ ជាពិសេស​គោលការណ៍​សិទ្ធិមនុស្ស និង​គោលនយោបាយនានា​​លើការកា​រ​ពារ​និង​លើកកម្ពស់សិទ្ធិមនុស្ស។

ក្នុងនោះ មាត្រា១៥ ភាគទី​៣ ស្តីពី សិទ្ធិមនុស្ស​នៃកិច្ចព្រមព្រៀងស្តីពីដំណោះ​ស្រាយនយោ​បាយ​​រួម​​​មួយ​​នៃ​ជម្លោះ​ក​ម្ពុជា (កិច្ចព្រមព្រៀងទីក្រុងប៉ារីស) មាន​ចែង​ពី​កម្ពុជា​ ​ត្រូវ​សន្យា​ធានាការ​គោរ​ព​​សិទ្ធិ​មនុស្ស ហើយគាំទ្រសិទ្ធិរបស់​ពលរដ្ឋកម្ពុជា​ទាំងអស់ ក្នុង​ការ​​ធ្វើសកម្មភាព​ជំរុញ និង​ការ​ពារ​សិទ្ធិ​មនុស្ស និងសេរីភាពជាមូលដ្ឋាន។ ចំណែក​មាត្រា​​៣១​ នៃរ​ដ្ឋ​ធម្ម​នុញ្ញ​ ចែង​​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ស្គាល់​ និង​គោរព​​សិទ្ធិ​​មនុស្ស​ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​​អង្គការ​សហប្រជាជាតិ​ សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​ និង​​កតិកា​សញ្ញា​ ព្រម​ទាំង​​អនុ​សញ្ញា​​ទាំង​​ឡាយ​​ទាក់​ទង​ទៅ​នឹង​សិទ្ធិមនុស្ស​ សិទ្ធិ​នារី​ និង​សិទ្ធិ​កុមារ។

ករណីនេះ អង្គការសង្គមស៊ីវិលទាំង​១៤២ស្ថាប័ន អំពាវនាវ​ដល់​ស្ថាប័ន​តុលាការ​ និង​​ស្ថាប័ន​ពាក់​​ព័ន្ធ​ កែលម្អ​និង​ពង្រឹង​ការ​អនុវត្តប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ឱ្យ​មាន​យុត្តិធម៌​ពេញ​លេញ និងស្រប​តាម​គោលការណ៍​នីតិ​រដ្ឋ​ដែល​មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងក្នុងឋានៈកម្ពុជាជាសមា​ជិក​នៃអង្គការសហប្រជាជាតិផងដែរ។

ជាមួយ​គ្នានេះដែ​រ ពួកគេ​បាន​អំពាវនាវដល់​រដ្ឋសភា​ដែល​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ពិនិត្យច្បាប់​ឡើង​វិញ និង​​ត្រូវធ្វើវិសោធនកម្ម ចៀសវាងសកម្មភាព និង​ការគាំទ្រមនុស្សធម៌ចំពោះជន​រ​ង​គ្រោះសិទ្ធិមនុស្សដោយសុឆន្ទៈ បែរទៅជាមានទោសព្រហ្មទណ្ឌទៅវិញ ដែល​ករណី​នេះ​អាច​ប៉ះ​ពាល់​ដល់​កិច្ច​ការ​សង្រ្គោះប្រជាពលរដ្ឋស្លូតត្រង់ជាច្រើន និងដើម្បីធានាដល់សិទ្ធិសេរីភាពប្រជាពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ។

សេចក្ដីថ្លែងការណ៍អំពាវនាវបន្ត​ថា៖ «ធានាការលើក​កម្ពស់សកម្មភាព​ការ​ពារ​សិទ្ធិ​មនុស្ស និង​អ្នក​ការ​ពារ​សិទ្ធិមនុស្សក្នុង​ប្រទេស​កម្ពុ​ជា ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ និង​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែល​កម្ពុជាបានសន្យាជាអន្តរជាតិ និង​ជាកាតព្វកិច្ចរបស់ខ្លួន»។​

ពួកគេ​​បាន​​​ទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់​ការធ្វើទុក្ខបុក​ម្នេញដល់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស និង​អង្គ​កា​រ​សង្គមស៊ីវិល តាម​រយៈ​ការប្រើ​ប្រាស់​យន្ត​ការ​តុលាការ ដើម្បី​គំរាមកំហែងបំបាក់ស្មារតី ដោយការចោទប្រកាន់ ចាប់ខ្លួន និង​​ដាក់​ទោសទណ្ឌទាំងបំពានចំពោះសកម្មជនអ្នកការពារសិទ្ធិ​មនុស្ស។ ពួកគេ​ក៏បាន​ទាមទារឱ្យ​​​រដ្ឋាភិបាលត្រូវខិតខំបង្កើតយន្តការធ្វើយ៉ាងណា ដើម្បីធានាឱ្យមានប្រសិទ្ធភាពខ្ពស់ដល់អ្នកការពារសិទ្ធិមនុស្ស។

អង្គការសង្គមស៊ីវិល សហជីព និងសមាគមទាំងនោះ រួម​មាន សមាគមសិទ្ធិមនុស្ស​ និងអភិវឌ្ឍន៍​នៅ​កម្ពុជា ​(ADHOC), សម្ព័ន្ធ​ភាព​ការ​ពារ​សិទ្ធិមនុស្សកម្ពុជា​ (CHRAC), អង្គការសកម្មភាពដើម្បីកិច្ចព្រម​ព្រៀងសន្តិភាពទីក្រុងប៉ារីស ​(APPA), អង្គការវិទ្យាស្ថានប្រជាធិបតេយ្យ​ (CID), មជ្ឈ​មណ្ឌល​​​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ ​(CCIM), សហភាព​ការ​ងារ​កម្ពុជា ​(CLC) និងសហគមន៍​រង​គ្រោះដី​ធ្លី​ ជាដើម។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ច្រាន​ចោល​ចំពោះកា​រ​លើក​ឡើង​ដែល​ថា​វិធានការ​របស់​តុលាការ​លើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស ជាកា​រ​ធ្វើទុក្ខ​បុក​ម្នេញ។ លោក​បន្ត​ថា ក្រុម​អង្គការ​​​សិទ្ធិមនុស្ស​​ដែលត្រូវបានចោទប្រកាន់ និង​​ឃុំ​ខ្លួន នាពេល​កន្លង​​មកនោះ ដោយសារតែពួកគេ​​ប្រព្រឹត្ត​បទ​ល្មើស​ដោយ​ខ្លួន​ឯង ហើយ​យក​​លេស​​ប្រើប្រាស់​​រូប​ភាព​​សង្គម​ស៊ីវិល និង​ការ​អនុវត្ត​សិទ្ធិ ឬ​យក​ការងារសង្គម មក​បិទ​បាំង។

ករណីនេះ លោក​ជំរុញឱ្យក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ធ្វើការងារ​ស្រប​តាម​ច្បាប់ បើមិនចង់​ប្រឈម​ទៅ​នឹងផ្លូវច្បាប់នោះ។

លោកថា៖ «កាលមាន​សកម្មភាព​​ល្មើស​ អាហ្នឹងត្រូវ​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់​ អ្នក​​ដែ​ល​​ប្រឈមមុខ​ផ្លូវ​ច្បាប់​ត្រូវ​ធ្វើកា​រ​ពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់ ដោយ​បង្ហាញ​ទឡ្ហីករ​ឱ្យ​បាន​រឹង​មាំ និង​ការ​ដោះបន្ទុក មិន​មែន​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ឱ្យ​គេ​ដោះ​លែង ទម្លាក់​​ចោល​​ប​ទ​​ចោទ នៅ​ពេល​ដែល​ខ្លួនប្រព្រឹត្ត​ល្មើស​ទៅ​នឹ​ង​ច្បាប់​នោះទេ​​។ អ៊ីចឹងវាអត់មានអីត្រូវពិបាកទេ បើគាត់មិនចង់ប្រឈមមុខផ្លូវច្បាប់ សូមធ្វើសកម្មភាពទាំងឡាយណាដែលស្របទៅច្បាប់ជាតិ ក៏ដូចជា​រដ្ឋធម្មនុញ្ញ​ ជាជាង​ធ្វើសកម្ម​ភាព​បំពាន​ច្បាប់ យក​លេស​រូប​ភាព​សង្គម​ស៊ីវិល ការ​ងារ​សង្គម ការងារសិទ្ធិមនុស្ស មកបិទបាំង អាហ្នឹងមិនអាចទៅរួចបាន​ទេ»។

គួរបញ្ជាក់ថា បុគ្គលិកនិងអតីតបុគ្គលិកសមាគមអាដហុក​ទាំ​ង​​៥​រូប រួ​ម​មាន លោក នី សុខា លោកស្រី លឹម មុនី លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​លោក នី ចរិយា ត្រូវ​​​បាន​​​សាលាដំបូង​រាជធានីភំ្នពេញ កាត់​ទោស​ឱ្យ​ជាប់​ពន្ធនា​គារ​​ម្នាក់ៗ​​​​ចំនួន​​​៥​​ឆ្នាំ​ ក្រោមបទចោទ​ប្រកាន់​​ «សូកប៉ាន់​​សាក្សី និង​​សមគំនិត​សូកប៉ាន់​សាក្សី​»។ ប៉ុន្តែ​​តុលាការ​សម្រេច​​​ឱ្យអនុ​វ​ត្ត​​ទោសក្នុង​ពន្ធ​នា​គារ​រយៈ​ពេល​​​១៤​​​ខែ ​ហើ​យ​​ទោសដែលនៅ​សល់​ត្រូវ​​ព្យួរ​។

ពួកគាត់ទាំង​៥នាក់ត្រូវ​បានសមត្ថកិច្ច​ចាប់ខ្លួនកាលពី​​ខែ​មេ​សា ​ឆ្នាំ​២០១៦ ដោយរងការចោទ​ថា​បាន​​ផ្ដល់​​ប្រាក់​​ជាង​២០០​ដុល្លារទៅ​ឱ្យអ្នក​នាង​ ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលនៅពេលនោះត្រូវបានគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា អនុ​ប្រធានគណបក្សសង្គ្រោះជាតិ និងជា​​​ជនរងគ្រោះដែលរត់មករកអាដហុក​ឱ្យ​ជួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ