កម្មករ​បម្រើ​ការងារ​ក្នុង​អាជីវកម្ម​នាំចេញ​សត្វស្វា​និយាយថា «ខ្ញុំអាណិតពួកវា»

មនុស្ស​ម្នាក់​ជិះ​កង់​កាត់​កសិដ្ឋានចិញ្ចឹមស្វា​នៅ​ក្រុមហ៊ុន Vanny Bio Research ក្នុង​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (Tran Techseng)

ខេត្តពោធិ៍សាត់៖ ទំហំការងារនៅក្នុងកសិដ្ឋានចិញ្ចឹមស្វា វ៉ាន់នី បាយអូ រីស៊ើច (ខេមបូឌា) កើនឡើង ខណៈ​សត្វ​ស្វាក្ដាម​ត្រូវ​បាន​រៀបចំ​ដាក់​ក្នុង​ទ្រុង និង​ដឹកជញ្ជូនតាម​យន្តហោះទៅ​កាន់មន្ទីរ​ពិសោធ​នៅ​ក្រៅ​ប្រទេស។

ក្រុមអ្នក​ឱ្យចំណី​ កំពុង​​​ឱ្យ​ចំណីទៅ​សត្វ​​​ស្វាដែលដាក់ក្នុងទ្រុង មុននាំចេញ។ ​ក្រុម​​​ពេទ្យ​សត្វ​ ​កំពុង​​ចាក់​​​ថ្នាំ​បន្ថែម​លើ​សត្វស្វាទាំងនោះ ហើយ​​កម្មករ​​កំពុង​មើល​ ខណៈ​សត្វ​ស្វាដែលនឹង​ត្រៀម​​នាំចេញត្រូវ​បាន​បំបែក​ពី​សត្វស្វាផ្សេងទៀត។

កម្មករ​ម្នាក់​បាន​និយាយ​ថា៖ «រាល់​ពេល​ដែលគេនាំស្វាចេញ ខ្ញុំ​ពិតជាសោកស្ដាយណាស់។ យើងមាន​ទំនាក់​ទំនងជិត​ស្និទ្ធ​ជាមួយ​ពួកវា ពួកវា[ស្វា]យំ។ នៅថ្ងៃបន្ទាប់ ស្វាទាំងនេះនឹង​ត្រូវដឹកជញ្ជូនតាមយន្តហោះ។ ខ្ញុំ​មិន​អាច​ទប់​អារម្មណ៍​បាន​​ទេ។ ខ្ញុំ​អាណិត​ពួកវា»។

កម្មករ​៣នាក់របស់​ក្រុម​ហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (ខេមបូឌា) បាននិយាយប្រាប់​វីអូឌី អំពី​កសិដ្ឋាន​ចិញ្ចឹម​ស្វាក្នុ​ង​ខេត្ត​ពោធិ៍​សាត់ ដែល​គណៈគ្រប់​គ្រង​របស់​ពួក​គេ​កំពុងប្រឈមមុខនឹងការចោទ​ប្រកាន់​ពី​តុលាការ​សហរដ្ឋអាមេរិក ពាក់ព័ន្ធ​នឹង​បទលួចរត់ពន្ធ​សត្វស្វា​ខុសច្បាប់។ មន្ត្រីក្រសួង​កសិកម្មម្នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងញូវយ៉ក​ កាលពីថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុង​ករណី​នេះ ហើយអគ្គ​​នាយក​រដ្ឋបាលព្រៃឈើកម្ពុជា ក៏កំ​ពុង​ប្រឈម​នឹង​ការចោទប្រកាន់ផង​ដែរ។

កម្មករ​របស់​ក្រុម​ហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (ខេមបូឌា) ទាំង៣នាក់ ដែល​បាន​និយាយ​ទៅ​កាន់អ្នករាយការណ៍ព័ត៌មាន បាន​និយាយ​ថា សត្វស្វាទាំងនោះត្រូវបានយកមកពីខាងក្រៅ។ អ្នក​ខ្លះ​​និយាយ​​ថា កម្មករមួយចំនួន​ត្រូវ​​បា​ន​​បញ្ឈប់​ពី​ការ​ងារដោយសារចែក​ចាយ​​ព័ត៌មាន​អំពី​ប្រតិ​បត្តិ​ការ​​នេះ ហើយ​​បាន​​ស្នើ​សុំ​លាក់​អត្តសញ្ញាណ​របស់​ពួក​គេ​ ដោយសារព្រួយបារម្ភពីសុវត្ថិភាព។

កម្មករម្នាក់បាននិយាយថា៖ «ប្រសិនបើខ្ញុំនិយាយជាមួយអ្នក ហើយ​ចែកចាយ​ព័ត៌មាន​ផ្ទៃក្នុង​ទៅ​ខាង​ក្រៅ ពួកគេអាចនឹងប្ដឹងខ្ញុំ។ ខ្ញុំ​មិន​មាន​លុយ​បង់​ទេ»។

កម្មករម្នាក់​ទៀតបាន​​បន្ថែម​​ថា ទោះ​​ជា​​ពួក​គេ​ត្រូវ​ការ​ការ​ងារ​នេះ​ក៏​ដោយ ក៏​ពួក​គេ​ចង់លាតត្រដាង​​អំពី​ការ​ងារ​​ក្នុង​កសិដ្ឋានចិញ្ចឹមស្វានេះដែរ​។

បើតាមរដ្ឋមន្ត្រីក្រសួងក​សិកម្ម លោក ឌិត ទីណា កម្ពុជាបាននាំចេញសត្វស្វាក្ដាមចំនួន៦៨ ០៧៦ក្បាល ក្នុងរយៈពេល៣​ឆ្នាំចុងក្រោយនេះ។ លោកនិយាយការពារ​អាជីវកម្មនេះ ដោយថា សត្វស្វាដែលត្រូវបាននាំចេញ គឺចិញ្ចឹមនៅតាមកសិដ្ឋាន។

លោកបន្តថា សត្វស្វាទាំងនោះត្រូវ​បាន​នាំ​យក​ទៅ​កាន់​កសិដ្ឋាន និង​បង្កាត់​​​ពូជ ប៉ុន្តែ​មានតែសត្វ​ស្វាជំនាន់ទី២ប៉ុណ្ណោះដែលអាចនាំចេញបាន។

លោកបានលើកឡើង​តាមបណ្ដាញ Twitter ថា៖ «ពូជស្វាដែលនៅ​អាមេរិក​ ចាត់ទុកថាជាពូជស្វាកម្រ ត្រូវ​បាន​​ប្រជាជន​កម្ពុជា​ស្គាល់​ជាទូទៅ​ថា​ជា​ស្វា​វត្តភ្នំ»។

ទោះយ៉ាងណា សហរដ្ឋអាមេរិក​ថា សត្វស្វាព្រៃរាប់ពាន់ក្បាល​ត្រូវ​បាន​នាំ​ចេញ ហើយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើបាន​ជួយ​ដល់​ប្រតិបត្តិ​កា​រ​នេះ។ ដីកា​​ចោទប្រកាន់​របស់​សហរដ្ឋអាមេរិក​ បាន​បន្ថែម​​​ទម្ងន់​ផ្លូវ​ច្បាប់​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ជាច្រើន​​ទសវត្សរ៍​ ​ទៅលើមន្ត្រី​ដែល​​រំលោភ​​យក​ធន​ធាន​​ជាតិ​​របស់​​កម្ពុជា មិន​ថា​ព្រៃឈើ ដី ឬ​សត្វព្រៃ​ឡើយ។

កម្មករ៣នាក់បាន​និយាយ​ថា នៅខាង​ក្នុង​បរិវេណ​កសិដ្ឋានដែលមានជញ្ជាំងបិទជិត ​ក្នុង​ក្រុងពោធិ៍​សាត់ កម្មក​រ​រាប់រយនាក់មមាញឹកក្នុងការ​ថែរក្សាពូជសត្វ​ស្វាមួយ​ចំនួន រួម​ទាំង​សត្វ​ស្វាក្ដាម​ផង​ដែរ។ វេន​ធ្វើការមួយ គឺចាប់ពីម៉ោង២ព្រឹក ដល់ម៉ោង១១ព្រឹក ហើយប្រាក់ឈ្នួលជាធម្មតាក្រោម២០០​ដុល្លារក្នុងមួយខែ។ កម្មករជាច្រើនត្រូវបានជ្រើសរើសមកពីភូមិក្បែរនោះ។

ការងារប្រភេទនេះមិនមែនជាការងារដែលពេញនិយមក្នុងចំណោមយុវជនឡើ​យ ដោយ​សារតែ​ស្អុយ​ក្លិន​លាមក​ស្វា។ ពួកគេអាចស្វែងរកការងារធ្វើនៅតាមរោងចក្រកាត់ដេរ។ ទោះយ៉ាងណា ប្រជាពលរដ្ឋដែលមានអាយុច្រើន មានជម្រើសតិចតួច។

បើយោងតាមរូបភាពនៅលើ Google Maps គេ​អាច​មើល​ឃើញ​ឃ្លាំងចំនួន​១៦៥យ៉ាង​ច្បាស់នៅ​​កសិដ្ឋាន​ចិញ្ចឹម​ស្វានោះ តាម​រយៈ​រូប​ភាព​ពី​ផ្កាយ​រណប។ រូបភាពថ្មីៗពីផ្កាយរណប Sentinel របស់សហភាពអឺរ៉ុប បានបង្ហាញពីការពង្រីកអគារប្រហែល​២៩៥។

កម្មករ​​មិន​​មាន​​តួលេខ​ច្បាស់លាស់​ថា​មាន​សត្វស្វា​ប៉ុន្មាន​ក្បាល​នៅ​ក្នុង​កសិដ្ឋាននេះ​ទេ ប៉ុន្តែ​គេ​​ប៉ាន់​ប្រមាណ​ថា ​មានសត្វស្វា​ប្រហែល៥០០​ក្បាល​ក្នុង​មួ​យ​​ឃ្លាំង។ ទោះយ៉ាងណា ចំនួនសត្វ​ស្វាស​រុប​អាច​មាន​រហូតដល់រាប់ម៉ឺនក្បាល ឬប្រហែល១០០ ០០០​ក្បាល។

បើតាមក្រុមកម្មករ​​ សត្វស្វារាប់សិបក្បាលត្រូវបានរក្សាទុកក្នុងទ្រុងធំនីមួយៗដែល​ធ្វើពីរបាំង​ដែកយ៉ាងរឹងមាំ ហើយ​ក្នុង​មួយទ្រុងមានស្វាឈ្មោលប្រហែល២ក្បាល និងស្វាញីប្រហែល១០ក្បាល។ សត្វស្វាទាំងអស់ក្នុងកសិដ្ឋានស៊ីចំណី៤ដងក្នុងមួយថ្ងៃ គឺស្មើនឹងបរិមាណអាហារ៦-៧តោន។ ចំណីស្វាភាគច្រើនជាផ្លែឈើ បាយ និងរបស់ផ្សេងៗ។

កម្មករ​ទាំង​៣​នាក់បា​ន​និយាយ​​ថា អាជីវកម្មនេះ​បាន​ពង្រីក​យ៉ាង​លឿន​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​​មក​​នេះ។ ពួកគេបានបន្ថែមថា សត្វស្វាព្រៃត្រូវបាននាំចូលមកពីក្រៅ។

កម្មករម្នាក់បាននិយាយ​ថា៖​ «​សត្វ​ស្វា​របស់​យើង​កំពុង​លូតលាស់​​យឺត ប៉ុន្តែ​មាន​ការ​នាំ​ចេញ​ច្រើន ហើយ​យើង​មិន​អាច​ផ្គត់ផ្គង់ស្វាគ្រប់គ្រាន់ទេ ដូច្នេះ​ក្រុមហ៊ុន​ទិញ​ស្វា​ព្រៃ»។

កម្មករ​២​នាក់ទៀត​​​បាន​​និយាយ​​ថា ពួក​គេ​​បាន​​ឃើញ​​សត្វ​ស្វា​២០០ទៅ​៣០០​​ក្បាល​ត្រូវ​បាននាំ​ចូល​ក្នុង​កសិដ្ឋាន​រៀងរាល់​មួយឬ​ពីរ​ខែម្តង។ កម្មករ​ម្នាក់ទៀតបាន​និយាយ​ថា ពួកគេ​បាន​ឃើញ​ស្វា​ជាច្រើន​ក្បាល​​ត្រូវបាននាំចូលក្នុងកសិដ្ឋាន​ជា​រៀង​រាល់​យប់។

ទិន្នន័យនៃការនាំចូលទាំងនេះមិនអាចផ្ទៀងផ្ទាត់បានទេ ប៉ុន្តែចំនួនសត្វស្វាដែលត្រូវបាននាំចូលស្របទៅនឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា ចន្លោះពីខែមីនា ដល់ខែតុលា ឆ្នាំ​២០២០ ក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (ខេមបូឌា) បានចំណាយប្រាក់ចំនួន២,៥លាន​ដុល្លារ ដើម្បី​ទិញ​សត្វស្វាព្រៃពី​ផ្សារ​ងងឹត​ចំនួន១៤ ០០០​ក្បាល ដែល​ជា​ការ​ចោទ​ប្រកាន់​របស់តុលាការ​អាមេរិក ដែលជាមធ្យមគឺប្រហែល៦០-៧០​ក្បាលក្នុងមួយថ្ងៃ។

ខ្លោងទ្វារខាងមុខនៃក្រុមហ៊ុន Vanny Bio Research នៅខេត្តពោធិ៍សាត់។
ខ្លោងទ្វារខាងមុខនៃក្រុមហ៊ុន Vanny Bio Research នៅខេត្តពោធិ៍សាត់។ (ត្រាន់ តិចសេង/ VOD)

ទោះយ៉ាងណា ក្រុមហ៊ុន​បាន​និយាយ​ថា ខ្លួននឹងនិយាយអំពីករណីនេះ លុះត្រាតែមានលិខិតជាផ្លូវការ។

មិនមាន​នរណា​ម្នាក់​លើ​ក​ទូរសព្ទឡើយ នៅពេលដែលអ្នករាយការណ៍ព័ត៌មាន​ទូរសព្ទ​​ទៅ​លេខ​ទូរសព្ទ​​ដែល​​​​ចុះ​​​បញ្ជី​​នៅ​ក្រសួង​ពាណិជ្ជកម្ម​។

កម្មករម្នាក់​បានអះអាង​​ថា នៅពេលដែលសត្វស្វាព្រៃត្រូវបាននាំមកដល់កសិដ្ឋាន ពួកវានឹង​ត្រូវពិនិត្យរកមើលគ្រាប់កាំភ្លើងកែឆ្នៃដោយម៉ាស៊ីន X-ray។

កម្មករ​រូប​នេះ​បន្ថែមទៀត​ថា​៖ «​ស្វា​ជាច្រើន​ក្បាល​បាន​រង​របួស​ដោយសារ​ការបរបាញ់ […] ស្វា​ជា​ច្រើន​ក្បាល​ត្រូវ​បាន​​ចាប់​​​​នៅ​ក្បែរស្រុក​វាលវែង»។

ទោះយ៉ាងណា អ្នកផ្សេងទៀតមិនច្បាស់ពីប្រភពសត្វស្វាដែលត្រូវបាននាំចូលក្នុងកសិដ្ឋានឡើយ។

កម្មករ​​ម្នាក់​និ​យាយ​​ថា៖ «ខ្ញុំអាណិតពួកវា [ស្វា] ប៉ុន្តែខ្ញុំមិនអាចធ្វើអ្វីបានឡើយ។ ខ្ញុំ​អរគុណ​ពួកវាដែល​បាន​ជួយ​ខ្ញុំ​ឱ្យមាន​ការងារធ្វើដើម្បី​ចិញ្ចឹម​គ្រួសារ។ សូម្បីតែយើង​នៅក្រៅ យើងមិនមានសេរីភាពច្រើនឡើយ ចុះទម្រាំពួកវានៅក្នុងទ្រុង? ពេលពួកវា​ឃើញ​យើង វា​សប្បាយណាស់»។

កម្មករម្នាក់ទៀតបាននិយាយថា៖ «ការងារនេះ​ចិញ្ចឹមខ្ញុំ កូនរបស់ខ្ញុំ ឪពុកម្ដាយរបស់ខ្ញុំ ប្ដីរបស់ខ្ញុំ។ ខ្ញុំត្រូវតែទ្រាំ ដើម្បីគ្រួសាររបស់ខ្ញុំ»។

សម្រាប់​ប្រជាពលរដ្ឋដែលរស់នៅជុំវិញ បានលើកឡើង​ថា ​កសិដ្ឋាននេះ គឺជាប្រភព​ចំណូល ប៉ុន្តែ​​ក៏មាន​ក្លិនស្អុយនៅក្នុងទន្លេផងដែរ។ ពួក​គេនិយាយ​ថា កសិដ្ឋាននេះ​ចាក់​​លាមក​​ស្វា​​ទៅ​ក្នុង​​អូរដែល​នៅ​ទ្រឹង​ក្នុង​រដូវប្រាំង ដោយ​សូម្បី​តែ​សត្វ​គោ និង​ក្របី ​ក៏​មិន​អាច​ផឹក​ទឹកនេះ​​បាន​ដែរ។

កម្មករ​ម្នាក់កត់សម្គាល់​ថា ខែធ្នូ នឹង​​ក្លាយ​​ជាពេលវេលាដ៏មមាញឹក ដោយសារសត្វស្វាជា​ច្រើន​ត្រូវ​បាន​​រៀបចំ​​ដើម្បី​​នាំ​ចេញ។

កម្មករទាំងនោះនិយាយថា៖ «ការនាំចេញសត្វស្វាកាន់តែច្រើន យើង​មាន​សម្ពាធ​កាន់​ខ្លាំង ការ​ងារ​ក៏​កាន់​តែច្រើន»។

កន្លងមក កម្មករ​​ក្រុម​ហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (ខេមបូឌា) បាន​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ។

កម្មករម្នាក់បាន​ស្នើឱ្យអ្នក​រាយការណ៍​ព័ត៌មានរក្សាការសម្ងាត់នូវអ្វីដែលគាត់បាននិយាយ ខណៈ​គាត់​សរសើរដល់​អ្នក​ដែលហ៊ានលាតត្រដាងព័ត៌មាន​ ទៅកាន់​អ្នក​ស៊ើប​អង្កេត​សហរដ្ឋអាមេរិក។

ពួកគេបាននិយាយថា៖ «​តើ​គេ​មាន​ភាព​ក្លាហាន​ដោយ​របៀប​ណា​?»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ ‘I Pity Them’: Unease Inside the Monkey-Export Business

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ