តុលាការអាមេរិកដោះលែងមន្ត្រីក្រសួងកសិកម្មម្នាក់ពាក់ព័ន្ធរឿងជួញដូរសត្វស្វាឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន

ទ្រុងស្វាតម្រង់ជួរប្រហែល៣០០ឃ្លាំង នៅក្រុមហ៊ុន Vanny Bio Research ។ (ត្រាន់ តិចសេង/VOD)

តុលាការសហរដ្ឋអាមេរិក បានដោះលែងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មម្នាក់ពាក់ព័ន្ធរឿងជួញដូរសត្វស្វាឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយស្ថិតនៅ​ក្រោម​ការ​ឃ្លាំមើល​តាម​ប្រព័ន្ធ​ GPS។​

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឱ្យដឹងថា ប្រធាន​នាយកដ្ឋាន​​សត្វព្រៃ និង​ជីវចម្រុះ ​នៃ​រដ្ឋបាល​ព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គ្រី ម៉ះផល ​ត្រូវបាន​ដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននាព្រឹកថ្ងៃទី២៨​ ខែធ្នូ​នេះ​ ត្រូវនឹងល្ងាចថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ២០២២​ ពេលវេលានៅសហរដ្ឋអាមេរិក។​

ក្រសួងបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ជំនួយផ្លូវច្បាប់ និងការគាំទ្រចាំបាច់ដល់លោក ម៉ះផល រហូតសំណុំរឿងនេះ ឈានដល់ទីបញ្ចប់ ដើម្បីស្វែងរកយុត្តិធម៌ជូនលោក ខណៈលោក ម៉ះផល នឹងត្រូវឆ្លងកាត់នីតិវិធីតាមផ្លូវតុលាការជាបន្តបន្ទាប់ទៀតនៅសហរដ្ឋអាមេរិក។

លើសពីនេះ ការដែលតុលាការអាមេរិក​ដោះលែងឱ្យលោក គ្រី ម៉ះផល នៅក្រៅឃុំបណ្តោះអាសន្ន ​​បន្ទាប់ពីបានឆ្លងកាត់ការតស៊ូតាមផ្លូវច្បាប់​ដ៏ស្វិតស្វាញ​ ដោយ​មានមេធាវីអាមេរិកចំនួន២រូប​ជួយការពារក្ដីនៅតុលាការអាមេរិក​ តាមរយ:ការផ្តល់ការជួយជ្រោមជ្រែង​ចាំបាច់​និងទាន់ពេលវេលា​ពីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក​ ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងកសិកម្មបញ្ជាក់ថា៖ «ការធានាបាននូវយុត្តិធម៌សម្រាប់មន្ត្រីកម្ពុជា​ទាំងអស់​ រួមទាំងលោក​ គ្រី​ ម៉ះផល​ ផងដែរ​ ដែលជួបបញ្ហាក្នុងពេលបំពេញបេសកកម្មនៅបរទេស​ដើម្បីផលប្រយោជន៍ជាតិ​​ គឺជាកាតព្វកិច្ចរបស់​រាជរដ្ឋាភិបាលកម្ពុជា​។នេះគឺជាជំហានដ៏វិជ្ជមានមួយដែលទើបសម្រេចបាន​ និងជាដំណឹងដ៏រីករាយ​សម្រាប់លោក ម៉ះផល​ និងក្រុមគ្រួសារ​ ជាពិសេសកូនៗរបស់លោក​ ក្រោយពីបែកគ្នា​ និងខកខានមិនបានទាក់ទងគ្នា​អស់រយៈពេលជាងមួយខែកន្លងមក»។

បើតាមដីកាបង្គាប់របស់តុលាការ លោក Kathleen M. Williams នៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានសម្រេចដោះលែងឱ្យលោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ នៅក្រៅឃុំបណ្តោះអាសន្ន ដោយមានបំពាក់ប្រព័ន្ធតាមដាន GPS។

ការដាក់ប្រព័ន្ធតាមដាន GPS នេះ  ដើម្បីតាមដានសកម្មភាព និងទីតាំងរបស់លោក គ្រី ម៉ះផល អំឡុងពេលដែលលោកនៅក្រៅមន្ទីរឃុំឃាំងរបស់អាមេរិក។

ប្រធាន​នាយកដ្ឋាន​​សត្វព្រៃ និង​ជីវចម្រុះ ​នៃ​រដ្ឋបាល​ព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គ្រី ម៉ះផល ត្រូវ​បានចាប់ខ្លួន​កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ​​នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy) ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។ ការចាប់ខ្លួននោះអាចឈានដល់ការចោទប្រកាន់ ពាក់ព័ន្ធការរ​ត់ពន្ធសត្វស្វាព្រៃ ឬសត្វស្វាក្ដាម ខុ​ស​ច្បាប់ ខណៈ​អគ្គនាយក​រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម លោក កែវ អូម៉ាលីស ​ក៏​រកឃើញថា​​ជាប់​ពាក់​ព័ន្ធ​​ករណី​នេះ​ដែរ។

អង្គការ Action for Primates ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងដោយផ្អែក​លើតួលេខ​របស់​ភ្នាក់​ងារ U.S. Fish and Wildlife Service ថា សត្វស្វាក្ដាម ចំនួន១៧ ០០០​ក្បាល ត្រូវ​បាន​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក ក្នុងឆ្នាំ​២០២១ កន្លងទៅ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ