ឃុំថ្មដា ខេត្តពោធិ៍សាត់៖ ទីតាំងសម្រាប់កម្មករស្នាក់នៅដែលមានសភាពទ្រុឌទ្រោមនៅភ្នំសំកុស ដាច់ស្រយាល នៅជាប់ព្រំដែនថៃ នៅតែមិនអនុញ្ញាតឱ្យកម្មករចេញក្រៅ។ ផ្លូវនៅខាងក្រៅមានសភាពស្ងប់ស្ងាត់នៅពេលរសៀល ខណៈអាជីវករលក់ដូរតាមផ្លូវនិយាយថា ពលករបរទេសនៅខាងក្នុងទីតាំងនេះមិនត្រូវបានអនុញ្ញាតឱ្យចេញក្រៅឡើយ។
ការជជែកគ្នាអំពីកម្មករដែលត្រូវបានបង្ខាំងទុកនៅទីតាំងនេះនៅតែបន្ត។ ទោះយ៉ាងណា ការជូនដំណឹងថ្មីមួយត្រូវបានបិទផ្សាយនៅលើជញ្ជាំងដែលមានរបងលួសបន្លា ដោយសរសេរថា «ជនបរទេសទាំងអស់ត្រូវតែមានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ»។
រយៈពេលពីរខែនៃ «ការបង្រ្កាប» របស់នគរបាល ចំពោះការជួញដូរមនុស្សនៅកម្ពុជា បានបង្ហាញថា កម្មករត្រូវបានឆបោកឱ្យមកកម្ពុជា បន្ទាប់មកត្រូវបានបង្ខាំង ទិញ លក់ និងបង្ខំឱ្យធ្វើការ ហើយជួនកាលពួកគេក្លាយជាទាសករ ដោយសារស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ។
ការឆ្មក់ចូលទីតាំងឆបោកមួយចំនួនដែលល្បីឈ្មោះនៅទូទាំងប្រទេស បានសង្រ្គោះពលករបរទេសរាប់ពាន់នាក់ពីប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត ខណៈអាជ្ញាធរបាននិយាយថា ពលករមួយចំនួនមិនមានបណ្ណការងារត្រឹមត្រូវ ដូច្នេះពួកគេនឹងត្រូវផាកពិន័យតាមច្បាប់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ អំពីការដោះសារបស់មន្រ្តីពីការអនុវត្តច្បាប់។
លោក ស ខេង បានរម្លឹកថា៖ «មន្ត្រីនគរបាលបានរាយការណ៍ថា ខ្ញុំបានជួយសង្គ្រោះតាមពាក្យបណ្ដឹងមួយចំនួន។ ប៉ុន្តែប្រយោគបន្ទាប់និយាយថា មិនមានអ្វីកើតឡើងចំពោះជនរងគ្រោះឡើយ។ ដូច្នេះ តើអ្នកអាចនិយាយថាអ្នកបានជួយពួកគេ [ជនរងគ្រោះ] ដោយរបៀបណា?»
លោកបន្តថា៖ «ហេតុអ្វីក៏ពួកគេ [ជនរងគ្រោះ] មិនអាចចាកចេញពីទីតាំង? ហេតុអ្វីបានជាពួកគេដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ?»
លោកបន្ថែមថា៖ «អ្វីដែលពួកគេ [នគរបាល] និយាយ គឺមិនសមហេតុផលឡើយ»។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ នគរបាលមូលដ្ឋានបានច្រានចោលការអំពាវនាវរកជំនួយជាញឹកញាប់ ដោយសារតែប្រតិបត្តិករឆបោកមានកិច្ចសន្យាជាមួយជនរងគ្រោះពីការជួញដូរ។ កាលពីខែកក្កដា លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានហៅការអង្វរឱ្យជួយសង្រ្គោះពីជនរងគ្រោះថាជា «ការបរិហារកេរ្តិ៍» ហើយបានថ្លែងថា កម្មករដែលត្រូវបានបង្ខំឱ្យធ្វើការ «កំពុងធ្វើការធម្មតា» ដូច្នេះនេះមិនមែនជាការបង្ខាំងមនុស្សទេ។
លោក ស ខេង បាននិយាយក្នុងពិធីតែងតាំងអភិបាលខេត្តពោធិ៍សាត់ថ្មី ហើយបានចង្អុលបង្ហាញថា កំពុងមានបញ្ហានៅក្នុងឃុំថ្មដា ដែលជាតំបន់សេដ្ឋកិច្ចពិសេសថ្មដារបស់ឧកញ៉ា ទ្រី ភាព បានក្លាយជាទីតាំងប្រតិបត្តិការឆបោកដ៏ល្បីឈ្មោះ។
លោក ស ខេង បាននិយាយដោយសំដៅលើអគ្គស្នងការនគរបាលជាតិថា៖ «កុំបណ្ដោយឱ្យមានសកម្មភាពខុសច្បាប់នៅតំបន់នេះកើតឡើង និងកាន់តែរីកធំជាងនេះ។»
លោកបន្ថែមថា៖ «មានកន្លែងមួយដែលមិនអនុញ្ញាតឱ្យយើងចូល ហើយក្រោយមកនាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវចេញបញ្ជា»។
លោកបន្តថា បទល្មើសដែលមានការរៀបចំមួយចំនួនមានប្រភពពីខេត្តព្រះសីហនុ បានចូលទៅក្នុងឃុំថ្មដា។
លោកបានមានប្រសាសន៍ថា៖ «កុំបណ្ដោយឱ្យបទល្មើសទាំងនេះកាន់តែរីកធំឡើង។ ពេលវារីកធំឡើង នឹងមានការពិបាក»។
លោកបន្ថែមថា៖ «វានឹងពិបាកណាស់ក្នុងការស៊ើបអង្កេត នៅពេលដែលមន្ត្រីរបស់យើងពាក់ព័ន្ធនឹងករណី ដូច្នេះខ្ញុំសូមអំពាវនាវកុំឱ្យមានការពាក់ព័ន្ធ»។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការកើតមាននៃបទល្មើសជួញដូរ និងបង្ខាំងមនុស្សនេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅឃុំថ្មដាតាមដានមើលករណីនេះ។ ទីប្រជុំជនដែលមានធូលីដីហុយ មានផ្លូវតូចចង្អៀត គឺជាច្រកអន្តរជាតិ។ កាស៊ីណូមួយស្ថិតនៅលើភ្នំ ដែលអាចមើលឃើញព្រំដែន ហើយខាងក្រោមគឺជាកន្លែងស្នាក់នៅដែលមានតម្លៃថោក ដែលនៅជិតតំបន់សេដ្ឋកិច្ចពិសេសថ្មដារបស់ឧកញ៉ា ទ្រី ភាព។
អ្នកបើកបរម្នាក់នៅក្នុងតំបន់នោះបាននិយាយថា ប្រហែលមួយខែ ឬពីរខែមុន រថយន្តក្រុងដឹកពលករបរទេសមកទាំងយប់ទាំងថ្ងៃ មកពីខេត្តព្រះសីហនុ។ ទោះយ៉ាងណា គាត់បាននិយាយថា ពលករបរទេសជាច្រើននាក់បានចេញតាមច្រកព្រំដែនទៅកាន់កន្លែងផ្សេង។ អ្នកបើកបររូបនោះបាននិយាយថា ការឆ្មក់ចូលរបស់សមត្ថកិច្ចក៏បានរកឃើញពលករដែលមិនមានលិខិតឆ្លងដែនផងដែរ។
អ្នកបើកបររូបនោះនិយាយអំពីតំបន់សេដ្ឋកិច្ចពិសេសថា «វាស្ងាត់ ប៉ុន្តែមានមនុស្សជាច្រើននៅទីនោះ»។
អាជីវករលក់ដូរតាមផ្លូវម្នាក់ទៀតបាននិយាយថា នាងក៏បានឃើញពលករបរទេសមកថ្មីច្រើនដែរ ដែលភាគច្រើនជាជនជាតិចិន។ នាងបន្ថែមថា ទីតាំងនោះត្រូវបានរឹតត្បិតកាន់តែខ្លាំងឡើង ហើយវាធ្វើឱ្យប៉ះពាល់ដល់ការរកស៊ីរបស់នាង។
នាងនិយាយថា៖ «ឥឡូវ គេមិនឱ្យពួកគេ [កម្មករ] ចេញមកក្រៅទេ»។
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Sar Kheng Attacks Police Excuses in Scam Trafficking