មាន​ការ​ប៉ះ​ទង្គិ​ច​គ្នា​នៅ​ទីក្រុង​សៀងហៃ ខណៈ​បាតុកម្ម​ប្រឆាំង​នឹង​វិធាន​ការ​ទប់ស្កាត់​ជំងឺកូវីដ-១៩ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន

មនុស្ស​ម្នាកាន់​ក្រដាស​ស​តវ៉ា​​ជុំវិញ​ការ​រឹត​បន្តឹង​ជំងឺ​កូវីដ-១៩ ក្នុង​ទីក្រុង Urumqi ខណៈ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ បន្ត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ REUTERS —–People hold white sheets of paper in protest over coronavirus disease (COVID-19) restrictions, after a vigil for the victims of a fire in Urumqi, as outbreaks of COVID-19 continue, in Beijing, China, November 27, 2022. REUTERS/Thomas Peter

បាតុករ និងនគរបាលរាប់រយនាក់បានប៉ះទង្គិចគ្នា​ក្នុងទីក្រុងសៀងហៃ កាលពីយប់ថ្ងៃអាទិត្យ​ម្សិលមិញនេះ ខណៈការតវ៉ាជុំវិញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹង​របស់ប្រទេសចិន បានផ្ទុះកាន់តែខ្លាំងឡើងនៅថ្ងៃទីបី ហើយបានរាលដាលដល់ទីក្រុងជាច្រើន បន្ទាប់មាន​អគ្គិភ័យដ៏សន្ធោសន្ធៅ​នៅភាគខាងលិ​ច​ប្រទេស​ចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

បាតុកម្មទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសចិន ចាប់តាំងពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ឡើងកាន់អំណាច​អស់រយៈពេល​មួយទសវត្សរ៍ ប្រឆាំងនឹងវិធានការ «សូន្យកូវីដ» ដែលត្រូវបានដាក់ចេញជិតបីឆ្នាំ ចាប់តាំងការរីករាលដាលនៃជំងឺកូវីដ-១៩។

បាតុករម្នាក់នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលមានឈ្មោះថា ហ្ស័ន ហ្សៅ (Shaun Xiao) បាននិយាយ «ខ្ញុំនៅទីនេះ ព្រោះខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនស្រឡាញ់រដ្ឋាភិបាលរបស់ខ្ញុំទេ… ខ្ញុំចង់មានសេរីភាពក្នុងការចេញទៅក្រៅ»។

ក្រុមបាតុករក៏បានដើរតាមផ្លូវក្នុងទីក្រុងវូហាន (Wuhan) និងទីក្រុង ចេងឌូ (Chengdu) កាលពីថ្ងៃអាទិត្យ ខណៈនិស្សិត នៅតាម​សាកលវិទ្យាល័យ​ជាច្រើន ជុំវិញប្រទេសចិនបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មកាលពីចុងសប្តាហ៍។

នៅព្រឹក​ថ្ងៃចន្ទនេះ ក្នុងទីក្រុងប៉េកាំង ក្រុមបាតុករពីរក្រុមដែលមានមនុស្សសរុបយ៉ាងតិច ១ ០០០ នាក់ បានប្រមូលផ្តុំគ្នានៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ នៃរដ្ឋធានីក្នុងប្រទេចិន ក្បែរទន្លេលៀងម៉ា (Liangma) ដោយបដិសេធមិនព្រមបំបែក។

បាតុករម្នាក់បានស្រែកឡើងថា៖ «យើងមិនចង់ពាក់ម៉ាស់ទេ យើងចង់មានសេរីភាព។ យើងមិនចង់ធ្វើតេស្តរកជំងឺកូវីដ-១៩ឡើយ យើងចង់​បានសេរីភាព»។

អគ្គិភ័យកាលពីថ្ងៃព្រហស្បតិ៍ [ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២] នៅឯអគារលំនៅដ្ឋានដ៏ខ្ពស់មួយកន្លែង នៅរដ្ឋធានីអ៊ុយរូគឺ (Urumqi) នៃតំបន់ស៊ីជាំង (Xinjiang) បានបង្កឱ្យមានការតវ៉ា បន្ទាប់ពីវីដេអូបង្ហាញអំពីឧបទ្ទវហេតុនេះ ដែលត្រូវបានបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម​បាននាំឱ្យមាន​ការចោទប្រកាន់ថា ការបិទខ្ទប់គឺជាមូលហេតុបង្កឱ្យមានអគ្គិភ័យដែលបានសម្លាប់មនុស្ស១០នាក់។ គួរបញ្ជាក់ថា ប្រទេសចិន នៅតែបន្តអនុវត្ត​គោល​នយោបាយ «សូន្យកូវីដ» របស់លោក ស៊ី ជីនពីង (Xi Jinping) បើទោះបីជាប្រទេសជាច្រើន​នៅលើពិភពលោក បានដកចេញនូវវិធាន​ការទប់ស្កាត់​ជំងឺកូវីដ-១៩ក៏ដោយ។ កាលពីថ្ងៃសៅរ៍ ចំនួនអ្នកឆ្លងកូវីដថ្មីនៅក្នុងប្រទេសចិនមានចំនួន ៤០ ០០០នាក់ ដែលជាចំនួនឆ្លងក្នុងកម្រិតដ៏ខ្ពស់ និង​បានជំរុញ​ឱ្យរដ្ឋាភិបាល​ក្រុងប៉េកាំងបន្តបិទខ្ទប់នៅក្នុងទីក្រុងនានាទូទាំងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ