លោក កឹម សុខា៖ គ្មានហេតុផលណានាំជាតិសាសន៍ផ្សេងមកបំផ្លាញកម្ពុជាឡើយ

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានអះអាងថា មាតុភូមិកម្ពុជា ជាផ្ទះ និងជាជម្រកដង្ហើមនៃជី​វិតរបស់លោក ដូច្នេះមិនមានហេតុផលណាមួយសម្រាប់លោកដើម្បីនាំឱ្យជាតិសាសន៍ផ្សេងមកត្រួតត្រា ឬ​ឈ្លានពានប្រឆាំងកម្ពុជានោះឡើយ។

ការអះអាងនេះត្រូវបានសរសេរបង្ហោះ​នៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃអង្គារនេះ​ បន្ទាប់ពីរូបលោកបានជួបជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក (ឆេកូ) ប្រចាំ​កម្ពុជា នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។

លោកបន្តថា សាធារណរដ្ឋឆែក គឺជាប្រទេសសមាជិកសហភាពអឺរ៉ុប ដែលផ្លាស់ប្តូរពីរបបសង្គមនិយមមកជាប្រទេសសេរី ដែលកាន់លទ្ធិប្រជាធិបតេយ្យវិញ និងមានការរីកចម្រើនមិនមែនតែសេដ្ឋកិច្ចទេ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋឆែកក៏ប្រសើរជាងមុនច្រើនដែរ។

លោក​ កឹម សុខា បន្ថែមថា ការរស់នៅរបស់លោកក្នុងប្រទេសកម្ពុជាប្រមាណ​៧០ឆ្នាំមកនេះ លោកបានឆ្លងកាត់ និងស្គាល់ច្បាស់អំពីការដឹកនាំ មេដឹកនាំ សង្គមកម្ពុជា ប្រជាពលរដ្ឋខ្មែរជាច្រើនរបបនយោបាយ ច្រើនស្រទាប់ ទាំងទីក្រុងនិងជនបទ អភិជននិងអ្នកក្រីក្រ មន្ត្រីធំនិងមន្ត្រីមូលដ្ឋាន ជាដើម។

ករណីនេះ លោក កឹម សុខា អះអាងថា ការសម្រេចចិត្តដែលជាចេតនាពិតរបស់លោក ដោយមិនក្លែងបន្លំ តាមរយៈការប្តេជ្ញារស់នៅក្នុងមាតុភូមិកម្ពុជា ​ជាផ្ទះ ជាជម្រក ជាដង្ហើមនៃជីវិត ហើយត្រូវតែថែរក្សាការពារឱ្យបានសុខដុមរមនា គង់វង្ស គឺមិនមានហេតុផលអ្វីទាល់តែសោះ ដែលលោកត្រូវនាំជាតិសាសន៍ដទៃមកត្រួតត្រា បំផ្លិចបំផ្លាញ ឬឈ្លានពានប្រឆាំងនឹង​កម្ពុជា​។

លោក កឹម​ សុខា បន្តថា ទោះបីមាននិន្នាការនយោបាយ ឬសង្គមផ្សេងគ្នាក៏ដោយ គឺលោកត្រូវតែរួមសុខ រួមទុក្ខជាមួយពលរដ្ឋខ្មែរគ្រប់រូប ដោយមិនយកខ្មែរណាជាសត្រូវ មិនគុំកួនសងសឹកគ្នាជាដាច់ខាត។

ទំព័រហ្វេសប៊ុកលោក កឹម សុខា សរសេរថា៖ «ប្រជាពលរដ្ឋខ្មែរ ជាបងប្អូន ជាសាច់ឈាមរបស់ខ្ញុំ ទោះបីមាននិន្នាការនយោបាយ ឬសង្គមផ្សេងគ្នាក៏ដោយ គឺខ្ញុំត្រូវតែរួមសុខ រួមទុក្ខជាមួយគ្នា អត់ឱនឱ្យគ្នា មិនយកខ្មែរណាជាសត្រូវ មិនគុំកួនសងសឹកគ្នាជាដាច់ខាត។ គឺមិនមានហេតុផលអ្វីដែលខ្ញុំនាំជាតិសាសន៍ដទៃមកបង្កើតឱ្យមានអំពើប្រទូសរ៉ាយ សង្គ្រាមបង្ហូរឈាមខ្មែរជាឈាមរបស់ខ្ញុំដែរសោះឡើយ»​។

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណប​ក្សប្រជាជនកម្ពុជា លោក សុខ ឥសាន​ បានទេ នៅរសៀលថ្ងៃអង្គារនេះ ខណៈសហមេធាវីការពារសិទ្ធិរបស់លោក កឹម សុខា មួយរូប គឺអ្នកស្រី ម៉េង សុភារី ក៏មិនអាចសុំការឆ្លើយតបបានដែរ។

នា​យកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍ថា ការជួបពិភាក្សាគ្នារវាងថ្នាក់ដឹកនាំកម្ពុជា ជាមួយនឹងបរទេសណាមួយ ដើម្បីចែករំលែកបទពិសោធន៍គ្នា ក្នុងនាមជាប្រទេសប្រកាន់នូវរបបលទ្ធិប្រជាធិបតេយ្យ ហើយមិនមានការរៀបចំផែនការបង្កើតក្រុមប្រដាប់អា​វុធបំផ្លាញ ឬរំលោភអធិបតេយ្យប្រទេសណាមួយ មិនអាចចោទប្រកាន់ឬដាក់ទោសបុគ្គលនោះបានទេ។

ករណីនេះ លោក សេក សុជាតិ ចាត់ទុកការលើកឡើងរបស់លោក កឹម​ សុខា ពេលនេះ ទំនងជាលោកចង់បង្ហាញសារទៅកាន់តុលាការថា ការចោទប្រកាន់មកលើរូបលោកកន្លងមក ថាបានគប់គិតជាមួយបរទេសផ្តួលរំលំរដ្ឋាភិបាល គឺជារឿងមិន​ពិតនោះទេ ។

លោកមានប្រសាសន៍ថា៖ «អ្វីដែលយើងស្តាប់មើល គឺគាត់ចង់បង្ហាញទៅសមភាគីដែលមកសួរសុខទុក្ខគាត់ថា គាត់ពិតជាមិនបានគប់គិតជាមួយនឹងប្រទេសណាមួយទេ។ ជាសារមួយដែលគាត់ចង់បង្ហាញពីភាពស្អាតស្អំរបស់គាត់ ដើម្បីឱ្យសហគមន៍អន្តរជាតិមើលឃើញអំពីគោលជំហររបស់គាត់ ក៏ដូចជាផ្ញើសារទៅឱ្យរដ្ឋាភិបាល តុលាការដែលកំពុងតែកាត់សេចក្តីទៅលើករណីរបស់គាត់នៅក្នុងប្រព័ន្ធតុលាការ ថាអ្វីដែលគាត់ធ្វើនេះ គាត់បានតតាំងតាមផ្លូវច្បាប់ ហើយមិនមានចេតនាណាមួយ ឬក៏មិនមានការគប់គិតណាមួយកើតចេញដូចការចោទប្រកាន់នោះទេ»។

​គិតពីថ្ងៃដែល​សមត្ថកិច្ចចាប់ខ្លួនទាំងពាក់កណ្ដាលអធ្រាត្រ កាលពីដើមខែ​កញ្ញា ឆ្នាំ២០១៧ អ្ន​ក​​​នយោបាយ​ចាស់វស្សារូបនេះ ត្រូវ​បាន​តុលាការ​ដក​សិទ្ធិ​ធ្វើ​នយោបាយប្រមាណ៥​​ឆ្នាំ​​មក​​ហើ​​​​យ។ តុលាការក្រុងភ្នំពេញ ទើបបានបិទបញ្ចប់នីតិវិធីនៃការសួរដេញដោល​លើអង្គសេចក្តី កា​ល​​​​​​ពីថ្ងៃទី១៩ ខែតុលា កន្លងទៅ លើសំណុំរឿងដែលចោទប្រកាន់ពីបទ «គប់គិតជាមួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល» និងកំណត់ឱ្យភាគីក្នុងរឿងក្ដី ធ្វើសេចក្តីសន្និដ្ឋាន​​ជាលាយ​​លក្ខ​​ណ៍អក្សរ និងទាញហេតុផលផ្ទាល់មាត់ នៅថ្ងៃទី២១ ខែធ្នូ ​​ខាង​​មុខ​នេះ។​

ក្នុងជំនួបរវាងលោក កឹម សុខា ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ​ លោក ផា​ទ្រីក មើ​ហ្វ៊ី (Patrick Murphy) ​កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយលោក មើហ្វ៊ី បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ​ថាសហ​រដ្ឋ​អាមេរិកប្តេជ្ញាចិត្ត​ក្នុង​ការ​គាំទ្រចំពោះគោ​ល​បំណង​​​របស់ពល​រដ្ឋ​​កម្ពុជាដែល​ចង់​បាន​ប្រទេស​កំពុង​អភិវឌ្ឍន៍មួយនេះមានភាពថ្កុំថ្កើង រុងរឿង និងប្រជាធិប​​តេ​​យ្យ។ ជាង​នេះទៀត លោកថា សិទ្ធិ​ធ្វើនយោបាយរបស់លោក កឹម សុខា គួរត្រូវ​បានផ្តល់សម្បទាឡើងវិញដោយពេញលេញ ក្រោយពីការឃុំខ្លួននិងបន្តនីតិវិធីនៅតុលាការប្រមាណ៥ឆ្នាំមកនេះ៕   

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ