ស្ពានមិត្តភាព​កម្ពុជា-កូរ៉េ​ឆ្លងកាត់​ពី​ភ្នំពេញ​ទៅ​អរិយក្សត្រ​នឹង​ត្រូវ​សាងសង់​ក្នុង​ឆ្នាំ២០២៣

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលប្រាក់កម្ចីសរុបជិត ២ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាទទួលនិងប្រគល់រួចហើយនូវទឹកប្រាក់ជាង ២៤៥លានដុល្លារអាមេរិក ក្នុង​ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលគម្រោងនេះនឹងត្រូវចាប់អនុវត្តនៅក្នុងឆ្នាំ២០២៣ ក្រោមកម្ចីឥ​ណ​ទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាតំណាងភាគីកម្ពុជា និងឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ជាតំណាង​​ឱ្យ​​​​ភាគី​​រដ្ឋាភិបាលកូរ៉េ បានធ្វើពិធីប្រគល់និងទទួលរួចហើយនូវទឹកប្រាក់ក្នុងទំហំជិត ២ពាន់លានដុល្លារ​​អា​​មេ​​រិក នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

​ដោយឡែក ​​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជូនដំណឹងកាលពីថ្ងៃទី៨ ខែធ្នូ ម្សិ​​ល​មិ​​ញ ថាក្នុង​​ចំ​​​​ណោមឥណទានសម្បទានជិត២ពាន់លានដុល្លារនេះ កម្ពុជាបានយក​​ថវិ​​​កា​ជាង​២៤៥​​លា​ន​ដុល្លារអាមេរិក ទៅ​​ប្រើ​​ប្រា​ស់មួយផ្នែកក្នុង​ការសាងសង់​​ស្ពានមិត្ត​​ភា​​​ព​​​​កម្ពុជា-កូរ៉េ ដែល​​ត​​​ភ្ជាប់ពី​ផ្សា​​​រ​​រាត្រី​​​​ ទៅ​​ជ្រោយចង្វារ ​​ដោយ​​ឆ្ល​ង​​​​​​កាត់បឹងទន្លេសាប និងពីជ្រោយចង្វារ​​ ទៅ​​អ​​​រិយក្សត្រ ដែលឆ្លង​​​កា​​ត់​​​ទន្លេ​​មេ​​គង្គ​​។

ប្រភពដដែលបញ្ជាក់ថា ក្រៅពីនេះ ៧០​​លាន​​ដុ​​ល្លារ សម្រាប់ការប្រើប្រាស់ទៅលើគម្រោងពង្រឹងសមត្ថភាពប្រ​ព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ និង ១ ៥០០លានដុល្លារអាមេរិកទៀត សម្រាប់មូលនិធិស​​ហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២​​០​​២២-២០២៦។

​​កម្ពុ​ជា​​ចាត់ទុកឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូងនៅពេល​​នេះ​​ គឺជាផ្នែកមួយក្នុងការចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលជួយពន្លឿនកា​រអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាប្រទេស​​ទាំងពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ