ព្រះ​សង្ឃ​ ​អ្នក​និពន្ធ​ ​យុវជន​មួយ​ក្រុម​​ធ្វើ​យុទ្ធនាការ​«មនុស្ស​១​នាក់​សៀវ​ភៅ​១​ក្បាល​»​ដើម្បី​ជំរុញ​ការ​អាន​កម្ពុជា​

រូបភាព សកម្មភាពព្រះសង្ឃ ឣ្នកនិពន្ធ យុវជនកំពុងផ្សព្វផ្សាយយុទ្ធនាការមនុស្ស១នាក់ សៀវភៅ១ក្បាល កាលពីថ្ងៃឣង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២ ថតដោយក្រុមការងារបណ្តាល័យគំនិត។

ក្រោមពាក្យស្លោក«ចែករំលែកក្តីស្រលាញ់ ចែករំលែកសៀវភៅ» បានជំរុញឆន្ទៈព្រះសង្ឃ អ្នកនិពន្ធ យុវជនមួយក្រុមឱ្យធ្វើយុទ្ធនាការមួយដែលមានឈ្មោះថា«មនុស្ស១នាក់ សៀវភៅ១ក្បាល ឬជាភាសាអង់គ្លេសថា One Person One Book» ក្នុងគោលបំណងកៀរគរប្រមូលសៀវភៅឱ្យបានមួយសែនក្បាល ដើម្បីផ្តល់ទៅឱ្យបណ្ណាល័យចំនួន ១០ក្នុងប្រទេសកម្ពុជា។

ព្រះតេជព្រះគុណ រឹម ណាំឈាវ ប្រធានបណ្ណាល័យគំនិត មានថេរដីកាថា យុទ្ធនាការ មនុស្ស១នាក់ សៀវភៅ១ក្បាល គឺជាការកៀរគរសៀវភៅដ៏ធំមួយ ដែលរៀបចំឡើងក្នុងគោលបំណងសំខាន់ គឺលើកស្ទួយវិស័យអំណាន និងលើកកម្ពស់សមត្ថភាពអំណាចនៅកម្ពុជា។

ព្រះតេជព្រះគុណមានថេរដីកាថា៖ «បណ្ណាល័យគំនិតបានកំណត់ផែកការសកម្មភាព ក្នុងការកៀរគរប្រមូលសៀវភៅពីគ្រប់មជ្ឈដ្ឋានឱ្យបាន១សែនក្បាល និងចែករំលែកបន្តសៀវភៅទាំងនោះ ទៅកាន់បណ្ណាល័យចំនួន១០ខេត្តផ្សេងគ្នា»។

ព្រះតេជព្រះគុណមានថេរដីកាបន្ថែមថា យុទ្ធនាកានេះនឹងបណ្តុះយុវជនឱ្យមានសមត្ថភាពផ្នែកអំណាន និងផ្តល់ឱកាសឱ្យពួកគាត់ចូលរួមអភិវឌ្ឃន៍សង្គមតាមរយៈអំណាន និងផ្សព្វផ្សាយទៅដល់យុវជនផ្សេងទៀត ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ បែរមកស្រឡាញ់ការអានវិញ។

ព្រះតេជព្រះគុណបញ្ជាក់ថា៖«ណ្ណាល័យគំនិតមិនមែនមានគម្រោងត្រឹមតែយុទ្ធនាកានេះទេ ថែមទាំងមានគម្រោងគំនិតអ្នកនិពន្ធ និងសហគមន៍គំនិតអ្នកអាន ដើម្បីបំផុសសកម្មភាពអំណានក្នុងស្រុក»។

លោក លី តារា អ្នកនិពន្ធ និងម្ចាស់ស្នាដៃសៀវភៅជិត៣០ចំណងជើង លើកឡើងថា យុទ្ធនាកានេះជាកម្លាំងជំរុញមួយនៃវប្បធម៌អំណានក្នុងសង្គម និងយុវជន​ខ្លួនឯងបានឱកាសបង្កើតទម្លាប់នៃការអានសៀវភៅឱ្យកាន់តែផុសផុលឡើង។

អ្នកនិពន្ធរូបនេះរំពឹងថា៖«ឆ្នាំនេះការពិព័រណ៍សៀវភៅនឹងមានអ្នកចូលរួម១០ម៉ឺននាក់។ កន្លែងពិព័រណ៍ហ្នឹង ក៏ជាឱកាសមួយសម្រាប់យើងទៅផ្សព្វផ្សាយពីយុទ្ធនាការរបស់យើងហ្នឹង ក៏ដូចជាយើងអាចទៅ(Standby)ឈរចាំដើម្បីទទួលយកសៀវភៅពីសាធារណជន ដែលគាត់បានដឹងព័ត៌មាន»។

កន្លងមករូបលោកក៏បានធ្វើយុទ្ធនាការបរិច្ចាគសៀវភៅផងដែរ ដូចជានៅខេត្តកំពង់ចាម កាលពីឆ្នាំ២០១៨ មានចំនួន៨ ០០០ក្បាល ខេត្តកំពង់ធំ កាលពីឆ្នាំ២០១៩ មានចំនួន ៥ ០០០ក្បាល និងខេត្តត្បូងឃ្មុំ មានចំនួនជិត ៤ ០០០ក្បាល។

លោកបន្ថែមថា៖«មិនត្រឹមតែសកម្មភាពប្រមូលសៀវភៅទេ តែខ្ញុំព្យាយាមប្រមូលផ្តុំក្រុមយុវជន ដែលគាត់មានគំនិតចង់ហ៊ានផង ចង់អភិវឌ្ឍន៍សង្គមផង។ ប៉ុន្តែយើងព្យាយាមផ្សារភ្ជាប់ ការស្រឡាញ់ចំណង់ចំណូលចិត្តរបស់គាត់ហ្នឹង ជាមួយសៀវភៅផងដែរ»។

កញ្ញា រ៉ាន គា ជាអ្នកចូលរួមយុទ្ធនាការមនុស្ស១នាក់ សៀវភៅ១ក្បាល លើកឡើងថា​ យុវជនគួរតែចូលរួមយុទ្ធនាការនេះដើម្បីជាឱកាសសម្រាប់ពួកគាត់ បានជួប និងស្គាល់អ្នកនិពន្ធច្រើនរូប។ លើសពីនេះបានជួបមនុស្សថ្មីៗដែលចូលចិត្តអានសៀវភៅដូចគ្នា និងបានឱកាសចែករំលែកបទពិសោធន៍ដល់គ្នានឹងគ្នា ហើយយកមេរៀនទាំងអស់នោះ មកអភិវឌ្ឃន៍ខ្លួនឯង។

និស្សិតរូបនេះបន្ថែមថា៖ «អ្វីខ្ញុំរំពឹងថានឹងបានទទួលពីយុទ្ធនាការ One Book One Person គឺក្នុងគោលបំណងចង់បានសៀវភៅទៅដាក់នៅក្នុងបណ្ណាល័យនៅខេត្តខ្ញុំ ព្រោះជាខេត្តមួយនៅដាច់ស្រយាល អត់សូវមានសៀវភៅ​ ហើយសម្បូរក្មេងៗដែលអត់សូវបានអានសៀវភៅ»។

តាមរយៈទិវាជាតិអំណានលើកទី៧ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «អំណានជួយលើក កម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល។ ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទិវាជាតិអំណានលើកទី៧ មានគោលបំណងរំលេចឱ្យឃើញអំពីតួនាទីរបស់អំណាន និងភាពពាក់ព័ន្ធរបស់អំណាន ជាមួយនឹងគុណភាពជីវិតលើគ្រប់ទិដ្ឋភាពនៅក្នុងដំណាក់កាលនៃការវិវឌ្ឍន៍ឈានឆ្ពោះទៅរកសង្គមឌីជីថល។

ជាមួយគ្នានេះ នៅក្នុងកម្មវិធីកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុក ការលើកកម្ពស់សមត្ថភាពអានរបស់សិស្ស ជាពិសេសនៅកម្រិតថ្នាក់ដំបូង ជាការងារអាទិភាព។

យោងតាមសេចក្តីជូនដំណឹងបណ្ណាល័យជាតិឱ្យដឹងថា កម្ពុជា​នឹងរៀបចំ​ពិព័រណ៍​សៀវ​ភៅ​កម្ពុជា​លើក​ទី​៩ ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី ​៩ ដល់​ថ្ងៃទី ​១១​ ខែធ្នូ​ ឆ្នាំ​ ២០២២ ​ជា​មួយ​នឹង​ប្រធាន​បទ «១ ​ថ្ងៃ​អាន ​១ ​ថ្ងៃ​ដឹង​» ក្នុង​គោល​បំណង​លើក​ស្ទួយ​ការ​អាន និង​ការ​សរសេរ​ ព្រម​ទាំង​លើក​ស្ទួយ​ឧស្សា​ហ៍កម្ម​សៀវ​ភៅនៅកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ