«សម្រាប់ខ្ញុំ រំភើប ហើយមានមោទកភាព។ មោទកភាពដែលក្លាយជាតំណាងខេត្តរបស់ខ្លួន។ សប្បាយរីករាយ ហើយមានឱកាសអាចបញ្ចេញអ្វីដែលខេត្តរបស់ខ្លួនមានលើឆាកជាតិ»។
នេះគឺជាការថ្លែងទាំងក្ដីរំភើបពីយុវសិស្ស នី ធារិទ្ធសកល ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតអាន និងក្លាយជាជ័យលាភីប្រចាំខេត្តកំពង់ស្ពឺ នៃយុទ្ធនាការ «សៀវភៅមួយ សហគមន៍មួយ»។ យុវសិស្សថ្នាក់ទី១១ នៃវិទ្យាល័យកំពង់ស្ពឺ រូបនេះ គូសបញ្ជាក់ថា ការទទួលចំណាត់ថ្នាក់នេះ កើតចេញពីទម្លាប់នៃការអានសៀវភៅជារឿយៗរបស់ខ្លួន ហើយការទទួលជ័យលាភីនេះទៀតសោត ក៏ជាលើកទី២ហើយសម្រាប់រូបគេ នៅក្នុងកម្មវិធីប្រកួតប្រជែងបែបនេះ។
យុវសិស្ស នី ធារិទ្ធសកល បង្ហាញចំណាប់អារម្មណ៍ថា៖ «សម្រាប់ខ្ញុំផ្ទាល់ ដែលបានបទពិសោធពីកម្មវិធី គឺកម្មវិធីបានផ្ដល់នូវចំណេះដឹងដល់បេក្ខជន។ ទាក់ទងនឹងសង្គម គឺផ្ដល់នូវធនធានមនុស្ស ដើម្បីយកទៅអភិវឌ្ឍសង្គមរបស់យើង។ ក្រៅពីនេះ ផ្ដល់នូវឆន្ទៈ ផ្ដល់នូវមេរៀនជីវិតជាច្រើន ដល់អ្នកប្រកួតផ្ទាល់ ទាំងអ្នកដែលចូលរួមស្ដាប់»។
«សៀវភៅមួយ សហគមន៍មួយ» គឺជាយុទ្ធនាការរយៈពេលវែង (២០២៣-២០២៥) ផ្ដួចផ្ដើមបង្កើតឡើង និងសហការពីក្រុមអ្នកធ្វើការលើវិស័យបណ្ណាល័យ និងសៀវភៅ ក្នុងគោលបំណងបណ្ដុះផ្នត់គំនិត ជំរុញ និងលើកកម្ពស់វប្បធម៌ការអាននៅតាមសហគមន៍ឱ្យកាន់តែទូលំទូលាយទូទាំងប្រទេសកម្ពុជា។ សម្រាប់ខេត្តកំពង់ស្ពឺ អ្នកចូលរួមប្រកួតប្រជែងការអាននៃយុទ្ធនាការនេះ មានចំនួនសរុប ៥៤នាក់ ក្នុងនោះ ស្រី៤១នាក់ មកពី១៤សាលារៀន និងស្ថាប័ន។
យុវសិស្ស ធារិទ្ធសកល និយាយថា៖ «ដំបូងដាក់ពាក្យទៅ អត់មានគិតថាខ្លួនបានជាប់ទេ។ ដល់ពេលឮឈ្មោះ Top 10 អ៊ីចឹងវាគួរភ្ញាក់ផ្អើលដែរ។ ការដាក់ពាក្យ ខ្ញុំគិតពីអត្ថបទដែលខ្ញុំត្រូវដាក់ ហើយបានខ្ញុំគិតពីតម្លៃអប់រំ គិតពីហេតុអីបានជាអ្នកនិពន្ធ និពន្ធរឿងហ្នឹង! អ៊ីចឹងបានជាខ្ញុំដាក់ពាក្យទៅ មានលទ្វផលជាប់ [ក្នុងចំណោមបេក្ខជន]ដល់ ៥០នាក់។ ការដាក់ពាក្យការប្រកួតងាយទេ គេឱ្យយើងបំពេញទៅតាមកម្រងសំណួរដែលគេរៀប ហើយថតអ្វីយើងបានសរសេរ ហើយបញ្ជូនទៅតាមប្រព័ន្ធ[ទូរសព្ទ]»។
យុវតីជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតនេះដែរ យុវសិស្ស ណាន់ ស្រីពៅ ថ្នាក់ទី១២ នៃវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ បរសេដ្ឋ បានឱ្យដឹងថា នេះជាឱកាសមួយសម្រាប់យុវជន និងអ្នកស្រឡាញ់ការអានផង បានបង្ហាញសមត្ថភាព ខណៈនាងទទួលបានភាពជឿជាក់មួយកម្រិតទៀតសម្រាប់ខ្លួនឯង ដ្បិតមិនបានទទួលជ័យលាភីក្ដី។
យុវសិស្ស ណាន់ ស្រីពៅ លើកឡើងយ៉ាងដូច្នេះ៖ «ចំពោះឆន្ទៈរបស់នាងខ្ញុំ ក្នុងការជំរុញការអាននៅកម្ពុជា គឺសូមប្អូនៗបងៗ សិស្សានុសិស្ស ស្រឡាញ់និងចូលចិត្តការអាន ព្រោះថា សៀវភៅជាឃ្លាំងស្ដុកទុកនូវចំណេះដឹង បទពិសោធ ដូចជា ជំនាញ និងព័ត៌មានផ្សេងៗ ដោយមិនចេះរីងស្ងួត»។
ក្រៅពីការប្រកួតអាន ព្រឹត្តិការណ៍លើកដំបូងចំនួន ៣ថ្ងៃ ធ្វើឡើងនៅបណ្ណាល័យកំពង់ស្ពឺ ដែលទើបបញ្ចប់ទៅថ្មីៗនេះ មានសកម្មភាពជាច្រើន ដូចជា ការចែកសៀវភៅជាង ១ពាន់ក្បាល ទៅកាន់បណ្ណាល័យ និងមហាជន សកម្មភាពបណ្ណាល័យចល័តអង្គការស៊ីប៉ា រួមនឹងបច្ចេកទេសនៃការអភិវឌ្ឍបណ្ណាល័យ ព្រមទាំងផ្សារណាត់សៀវភៅ ដោយក្នុងនោះមានស្តង់លក់សៀវភៅ ៣៧ស្តង់ និងទទួលបានអ្នកចូលរួមទស្សនាកម្មវិធីប្រមាណជិត ៤ ០០០នាក់។
លោក សឿង សារ៉ាន់ ប្រធានបណ្ណាល័យកំពង់ស្ពឺ ថ្លែងប្រាប់វីអូឌីថា សកម្មភាពនៃយុទ្ធនាការដែលបណ្ណាល័យកំពង់ស្ពឺ ធ្វើជាម្ចាស់ផ្ទះនេះ គឺជាការបើកមុខ និងបំបែកមន្ទិល នៃសកម្មភាពការងារដែលត្រូវរៀបចំ។ លោកបន្ថែមថា ក្នុងនាមម្ចាស់ផ្ទះ ដែលបានបញ្ចប់ និងទទួលបទពិសោធពីយុទ្ធនាការ លោកនឹងបន្តចូលរួមចែករំលែកអ្វីប្រឈម អ្វីគួរបន្ថែម ដើម្បីទទួលលទ្ធផលការងារកាន់តែប្រសើរ សម្រាប់បណ្ណាល័យ ដែលនឹងរៀបចំព្រឹត្តិការណ៍បន្តបន្ទាប់ទៀត។
លោក សឿង សារ៉ាន់ ថ្លែងយ៉ាងដូច្នេះថា៖ «យុទ្ធធាការនេះ នឹងធ្វើ ២៥ខេត្តរាជធានី។ កំពង់ស្អឺ ដើរមុខគេ អ៊ីចឹងបើកំពង់ស្ពឺស្ទាក់ស្ទើរក្នុងការធ្វើ ហើយធ្វើអត់កើតទេ ខេត្តផ្សេងនឹងចាប់ផ្ដើមគិតថាកំពង់ស្ពឺធ្វើមិនកើត ចុះខេត្តផ្សេងធ្វើម៉េច! អ៊ីចឹងខ្ញុំគិតថា នេះជាការបំបែកមន្ទិលសម្រាប់ឱ្យអ្នកធ្វើការងារបណ្ណាល័យតាមខេត្តនេះ ប្រាប់ថា កំពង់ស្ពឺធ្វើបាន អត់អីទេ! បើទោះលំបាកខ្លះ យើងរួមគ្នាធ្វើបាន ជាការលើកទឹកចិត្តឱ្យយុទ្ធនាការបន្តដំណើរទៅមុខទៀត ប្រៀបដូចជាការបំបែកផ្ទាំងទឹកកកមួយ កុំឱ្យគាត់យល់ថាធំណាស់ការងារហ្នឹង។ ការងារហ្នឹងធំ ប៉ុន្ដែវាស្ថិតក្នុងសមត្ថភាពអាចធ្វើបាន»។
លើសពីនេះ ប្រធានបណ្ណាល័យរូបនេះគូសបញ្ជាក់ថា នេះគឺជាឱកាសល្អមួយក្នុងការបង្ហាញសកម្មភាព និងសេវាកម្មផ្សេងៗ ដែលបណ្ណាល័យមានដល់មហាជន រួមទាំងជាដំណើរការបញ្ជ្រាបវប្បធម៌ការអានតាមសហគមន៍ឱ្យមានប្រសិទ្ធភាព ខណៈលោកអះអាងថា ចំនួនអ្នកអាន ឬប្រើប្រាស់សេវាបណ្ណាល័យ ពីសហគមន៍នៅមានកម្រិតតិចតួច គឺត្រឹមតែ ១០ភាគរយប៉ុណ្ណោះ ក្នុងចំណោមអ្នកអាន ដែលបណ្ណាល័យកំពង់ស្ពឺទទួលបានជាមធ្យម ៨ ០០០នាក់ក្នុងមួយឆ្នាំៗ។
លោក សារ៉ាន់ បន្ថែមថា៖ «បណ្ណាល័យយើង មានសៀវភៅប្រមាណ ២ ០០០ក្បាល ក្នុងមួយឆ្នាំ ដែលឱ្យសាធារណជនខ្ចីយកទៅអាន។ ក្នុងនោះដែរ អ្នកអានមានប្រហែល ៨ ០០០នាក់ទេ។ តែបើគិតអ្នកដែលប្រើប្រាស់សេវាកម្មបណ្ណាល័យ មានប្រមាណជាង ២០ ០០០នាក់ ក្នុងមួយឆ្នាំ។ សួរថា អ្នក ២០ ០០០នាក់ហ្នឹងមកពីណា? គឺអ្នកចូលរួមវគ្គបណ្ដុះបណ្តាល សិក្ខាសាលាផ្សេងៗ កិច្ចប្រជុំ ដែលគាត់ឆ្លងកាត់ចេញចូលទៅវិញទៅមកនៅហ្នឹង សាលមហោស្រព កម្មវិធីបញ្ចាំងកុន ជាដើម។ ប្រសិនបើយើងបើកបណ្ណាល័យ ពេលខ្លះគាត់គិតថា បណ្ណាល័យគឺសម្រាប់តែអ្នករៀនទេ។ ប៉ុន្ដែបណ្ណាល័យ គឺសម្រាប់មនុស្សគ្រប់គ្នា សម្រាប់ការស្រាវជ្រាវគ្រប់ៗគ្នា ហើយមិនសម្រាប់តែកូនក្មេង ឬសិស្សានុសិស្ស»។
ដើម្បីរកបានវឌ្ឍភាពនៃការអានតាមសហគមន៍នៅកម្ពុជា ក្រៅពីធ្វើការជាមួយក្រុមការងារបណ្ណាល័យតាមបណ្ដាខេត្ត យុទ្ធនាការ «សៀវភៅមួយ សហគមន៍មួយ» ក៏សហការនឹងសមាគមចំនួន២ ដែលជាតួអង្គសំខាន់ ក្នុងការអភិវឌ្ឍសៀវភៅ និងការអាន គឺសមាគមបណ្ណាល័យកម្ពុជា និងសមាគមអ្នកបោះផ្សាយសៀវភៅនៅកម្ពុជា។
ប្រធានសមាគមបណ្ណាល័យកម្ពុជា លោក ហុក សុទ្ធិ មើលឃើញថា លទ្ធផលនៃការរកសៀវភៅ និងកន្លែងអាន នៅមានគម្លាតឆ្ងាយនៅឡើយរវាងទីក្រុង និងសហគមន៍តាមបណ្ដាខេត្ត។ ជាក់ស្ដែង ក្នុងព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជា កាលពីឆ្នាំ២០២២ ទទួលបានអ្នកចូលរួមជាង ១សែននាក់ ដែលធ្វើឱ្យកម្មវិធីនេះក្លាយជាកម្មវិធីមានប្រជាប្រិយភាពបំផុតមួយ។ ដូច្នេះ លោកថា ចាំបាច់ណាស់ ក្នុងការរួមគ្នាធ្វើយ៉ាងណានាំសហគនម៍ងាកមករកទម្លាប់នៃការអានសៀវភៅដែរ។
លោក ហុក សុទ្ធិ ថ្លែងថា៖ «យើងចង់រៀបចំផ្សព្វផ្សាយការអាន ពិព័រណ៍សៀវភៅ នៅតាមខេត្ត កុំឱ្យតែស្អីក៏ប្រមូលផ្ដុំនៅភ្នំពេញ។ យើងគ្នាអ្នកនៅខេត្តកាន់តែមានឱកាសតិច អ៊ីចឹងគួរតែធ្វើយ៉ាងណាឱ្យមានយុទ្ធនាការហ្នឹងនៅខេត្ត កុំឱ្យភាពរីកចម្រើននៅទីក្រុងកាន់តែឃ្លាតឆ្ងាតពីបណ្ដាខេត្ត»។
ទោះយ៉ាងណា លោក សុទ្ធិ ថាកន្លងមក អង្គការស៊ីប៉ា បានបង្កើតសកម្មភាពជំរុញការអានផ្សេងៗនៅតាមមូលដ្ឋាន ដូចជា បណ្ណល័យចល័ត ជាដើម ក្នុងនោះ សកម្មភាពលើសពីអំណាននៃបណ្ណាល័យចល័តអង្គការស៊ីប៉ា ក៏បញ្ចេញសកម្មភាពក្នុងយុទ្ធនាការ «សៀវភៅមួយ សហគមន៍មួយ» នេះដែរ។
លោក ហុក សុទ្ធិ បន្តថា៖ «ប្អូនៗ[យុវជន]ចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិត ដែលកន្លងមកយើងចេះតែគិតថា ការអានគឺជារឿងរបស់បរទេស។ ឃើញអ្នកណាមួយអានសៀវភៅក្នុងឡានក្រុង ក្នុងយន្តហោះ ក្នុងរទេះភ្លើង យើងគិតថា ធ្វើមើលតែពួកបរទេស ខ្មែរអត់អ៊ីចឹងទេ យើងមានការកម្សាន្តក្នុងពីហ្នឹង ឬក៏ស្ដាប់ចម្រៀង ឬក៏ធ្វើអីផ្សេង។ ប៉ុន្ដែការពិត ប្រហែលចាប់ផ្ដើមយល់ថា ការអានហ្នឹងជារបស់យើងទាំងអស់គ្នា បើយើងអត់អាន យើងអត់ចេះទេ។ ចំណេះទូទៅយើងនឹងក្រោមគេ បើយើងក្រោមគេ យើងអាចចាញ់គេក្នុងការប្រកួតប្រជែង ទាំងខ្លួនយើងផ្ទាល់ សង្គម សេដ្ឋកិច្ច។ ហើយចំពោះចំណេះដែលចូលមកមាំទាំជាងគេ គឺតាមរយៈសៀវភៅ និងការអានហ្នឹងហើយ»។
ស្ថិតិជំរឿនកម្ពុជា បង្ហាញថា អត្រាអក្ខរភាពមនុស្សពេញវ័យនៅកម្ពុជា បានកើនឡើងជាង ១០ភាគរយ នារយៈពេលជាងមួយទសវត្សរ៍មកនេះ ដោយស្ថិតិឆ្នាំ២០០៨ មាន ៧៧,៦ភាគរយ និងនៅឆ្នាំ២០១៩ មាន ៨៧,៧ភាគរយ។
ទាក់ទងនឹងរឿងនេះដែរ លោក សុខ រិទ្ធី ប្រធានសមាគមអ្នកបោះពុម្ពផ្សាយកម្ពុជា លើកឡើងដោយទទួលស្គាល់ថា កម្ពុជាពិតជាដើរក្រោយមួយជំនាន់ ក្នុងវិស័យអំណាន បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន។ យ៉ាងណា លោកថា ការចូលរួមគិតគូរលើកកម្ពស់វប្បធម៌ការអានជាបន្តបន្ទាប់ ពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ គឺកំពុងហុចផលជាចរន្តល្អមួយនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាក់ស្ដែង លោក រិទ្ធី បានបញ្ជាក់ថា ការបោះផ្សាយសៀវភៅលក់លើទីផ្សារសេរី ដោយគ្រឹះស្ថានបោះពុម្ព និងចែកចាយ បានកើនឡើងពី ១០ ទៅ ១៥ភាគរយ រៀងរាល់ឆ្នាំ មានន័យថា សៀវភៅលក់ដាច់អស់ពី ១០ ទៅ ១៥ម៉ឺនក្បាល នៅលើទីផ្សារកម្ពុជា។
លោកថា៖ «ខាងខ្ញុំ ភាគច្រើនធ្វើការខាងផ្នែកតែងនិពន្ធសៀវភៅ និងបោះពុម្ពសៀវភៅហ្នឹង ផលិតឱ្យបានជាសៀវភៅ រួចចែកចាយចេញទៅ ប៉ុន្ដែសៀវភៅធ្វើត្រឹមប៉ុណ្ណឹង គឺមិនទាន់មានតម្លៃពេញលេញទេ ប្រសិនបើសៀវភៅហ្នឹងយកទៅដល់ទុកនៅនឹងឃ្លាំង ក្រវាត់ចោលអី។ អ៊ីចឹងបានក្រុមការងារបង្កើតរឿងនេះ ជាការងារបន្តពីខ្ញុំទៀត ឱ្យសៀវភៅហ្នឹងទៅជាមានប្រយោជន៍ សៀវភៅហ្នឹងត្រូវតែទៅដល់មនុស្ស ហើយមនុស្សហ្នឹងអានសៀវភៅហ្នឹង។ អ៊ីចឹងការរៀបចំយុទ្ធនាការនេះ ដើម្បីដាស់សាធារណជន ដាស់សិស្សនុសិស្ស ក្មេងៗទាំងអស់ ឱ្យស្រឡាញ់ការអាន នាំគ្នាអាន ដើម្បីទទួលបានចំណេះដឹង»។
ជាមួយគ្នានេះដែរ លោក សុខ ឡាក់ ប្រធានយុទ្ធនាការសៀវភៅមួយសហគមន៍មួយ ក៏បានបង្ហាញក្ដីរំពឹងពីយុទ្ធនាការនេះថា នឹងបណ្តុះវប្បធម៌ការអាននៅកម្ពុជាបានមួយកម្រិតទៀត ដោយនាំក្មេងៗ និងយុវជន ចាប់ផ្ដើមស្រឡាញ់ការអាន និងមានទំនុកចិត្តក្នុងការកាន់សៀវភៅអាន ដែលយ៉ាងហោចណាស់ អាចបំផុសអ្នកអាន ១ ០០០នាក់ក្នុងមួយខេត្ត តាមរយៈសកម្មភាពផ្សេងៗ និងការចែកសៀវភៅ ១ ០០០ក្បាល។ យ៉ាងណា លោកថា ដើម្បីសម្រេចការរំពឹងឱ្យក្លាយជាការពិត ចាំបាច់ណាស់ ត្រូវមានការធ្វើសកម្មភាពពីអ្នកពាក់ព័ន្ធ និងការចូលរួមពីមហាជនកម្ពុជាទាំងមូលជាប្រចាំតទៅ។
លោក សុខ ឡាក់ ថ្លែងយ៉ាងដូច្នេះ៖ «បើយើងធៀបនឹងស្ថានភាពបច្ចុប្បន្ន មិនថាយុវជនមួយចំនួន គាត់នៅមានភាពភ័យខ្លាច ដូចជានៅស្ទាក់ស្ទើរក្នុងការកាន់សៀវភៅអាននៅទីសារធាណៈ ដូចជាយុវជនខ្លះ គាត់នៅមានអារម្មណ៍មិនល្អនៅពេលអាននៅតាមទីសាធារណៈ ហើយត្រូវបានមិត្តភក្តិគាត់ថាគាត់ជាមនុស្សជោរ គាត់គ្រាន់តែខិតខំរៀនសូត្រ ជាមនុស្សអួត បង្ហាញជាសាធារណៈ។ ហើយបន្ទាប់ពីបញ្ចប់យុទ្ធនាការ ស្ថានភាពបែបនេះនឹងត្រូវកាត់បន្ថយ។ មួយវិញទៀត យើងរំពឹងថា ស្ថាប័នឯកជន ស្ថាប័នផ្សេងៗ គាត់ចាត់ទុកបណ្ណាល័យជាស្ថាប័នសំខាន់ក្នុងការជំរុញការអភិវឌ្ឍឱ្យស្ថាប័នរបស់គាត់ និងសង្គមជាតិ សេដ្ឋកិច្ច»។
បើតាមអ្នករៀបចំរូបនេះ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ក្នុងខេត្តកំពង់ស្ពឺ យុទ្ធនាការនឹងបន្តដំណើរទៅកាន់តាមក្រុងខេត្តបន្តបន្ទាប់ ដោយបំបែកជា ៦ភូមិភាគទូទាំងប្រទេស។ ដោយក្នុងមួយភូមិភាគ ដាក់ខេត្តចំនួន ៤បញ្ជូលគ្នា និងត្រូវចំណាយពេល ៤ខែ ក្នុង១ភូមិភាគ រហូតរកបានជើងឯកការអានទាំង ២៥នាក់ និងឈានទៅប្រកួតជើងឯកបំបែកជើងឯក ក្នុងឆ្នាំ២០២៥។
គួរបញ្ជាក់ថា កម្ពុជា នាមួយទសវត្សរ៍មកនេះ មានរៀបចំកម្មវិធីធំៗដែលទាក់ទងនឹងការជំរុញទម្លាប់អាន និងសៀវភៅ ដូចជា ពិព័រណ៍សៀវភៅកម្ពុជា ដែលធ្វើឡើងរៀងរាល់ខែធ្នូ និងទិវាជាតិអំណាន ធ្វើឡើងនៅខែមីនាប្រចាំឆ្នាំ។ រួមជាមួយកម្មវិធីផ្សេងៗទៀត តួយ៉ាង ទិវាសៀវភៅកម្ពុជា មហាស្រពអក្សរសិល្ប៍ និងទិវាសៀវភៅកុមារអន្តរជាតិ ជាដើម។
ត្រលប់មក «ជើងឯកការអានប្រចាំខេត្តកំពង់ស្ពឺ» វិញ គឺនៅមានរយៈពេលយូរគួរសម ទម្រាំដល់ការប្រកួតជើងឯកបំបែកជើងឯក ដែលយុវសិស្ស ធារិទ្ធសកល ថានេះជាឱកាសមួយក្នុងការអភិវឌ្ឍសមត្ថភាពរបស់គេ ដើម្បីដណ្ដើមជ័យលាភី ហើយក្រៅតែពីសិក្សានៅសាលា យុវសិស្សរូបនេះក៏ធ្វើស័្វយសិក្សា ដោយអានសៀវភៅនៅផ្ទះ និងស្រាវជ្រាវនៅបណ្ណាល័យ ជាដើម។
ដូចគ្នានេះដែរ ក្រុមយុវសិស្សដែលបានចូលរួមប្រកួតប្រជែងអានក្នុងយុទ្ធនាការ «សៀវភៅមួយ សហគមន៍មួយ» នៅខេត្តកំពង់ស្ពឺនេះ ពួកគេចង់ឱ្យមានកម្មវិធី និងសកម្មភាពលើកកម្ពស់ការអាននៅតាមសហគមន៍មូលដ្ឋានឱ្យបានញឹកញាប់ ដើម្បីក្មេងៗនៅតាមបណ្ដាខេត្ត ទទួលបានចំណេះដឹង និងឱកាសរៀនសូត្រកាន់តែច្រើន ខណៈពួកគេបង្ហាញការយល់ឃើញស្រដៀងៗគ្នាថា ការអានសៀវភៅនៅតែជាជម្រើសដ៏ល្អមួយ និងជាផ្នែកនៃការអភិវឌ្ឍខ្លួន ក៏ដូចជាសង្គមជាតិឱ្យរីកចម្រើន។
យុវសិស្ស នី ធារិទ្ធសកល បានលើកឡើងថា៖ «តាមគំនិតរបស់ខ្ញុំ យើងគួរតែបង្កើតកម្មវិធីបែបនេះឱ្យបានច្រើន ព្រោះអីយើងអាចលើកកម្ពស់ការអាន បង្កើតធនធានមនុស្ស ព្រោះថា នៅពេលដែលប្រទេសមួយមានអ្នកដែលចូលចិត្តសៀវភៅ អ្នកដែលចូលចិត្ត គឺប្រទេសហ្នឹងនឹងមានការអភិវឌ្ឍច្រើន។ តួយ៉ាង យើងពិនិត្យទៅលើប្រទេសអ៊ីស្រាអែល ប្រជាជនគេចូលចិត្តអានសៀវភៅ អ៊ីចឹងបច្ចេកវិទ្យាគេរីកចម្រើនបានលឿនជាងគេលើពិភពលោក»៕