សន្តិសុខខណ្ឌដូនពេញឱ្យសកម្មជនយុវជនរុះរើបណ្ណាល័យចល័ត

កញ្ញា ឆែម ស្រីគា រៀបចំរៀបសៀវភៅរើចេញពីទាំងដាក់បណ្ណាល័យចល័យរបស់កញ្ញា នៅលើសួរច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។ (ហ្វេសប៊ុកកញ្ញា ស្រីគា)

សន្តិសុខ​ខណ្ឌដូនពេញ​ពីរនាក់​រារាំង​សកម្មជន​យុវជន​ម្នាក់ រួម​ជាមួយនឹង​ក្រុមយុវជន​ខ្មែរ​ថាវរៈ​ មិន​ឱ្យ​រៀបចំ​បណ្ណាល័យ​ចល័ត​តូចមួយ​នៅលើ​សួនច្បារ​មុខវត្តបទុមវតី ​រាជធានី​ភ្នំពេញ។

កញ្ញា ឆែម ស្រីគា ដែលជានិស្សិតសាកលវិទ្យាល័យ និងបានធ្វើការជាមួយក្រុមសកម្មជនតាំងពីឆ្នាំ២០២២ បានបង្ហោះវីដេអូផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុកកាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បង្ហាញពីបុរសពីរនាក់ជាសន្តិសុខខណ្ឌដូនពេញ ឱ្យកញ្ញារើសៀវភៅដែលដាក់តាំងបង្ហាញនៅសួនច្បារចេញ។

បណ្ណាល័យចល័តនេះ គឺជាផ្ទាំងក្រណាត់ពណ៌បៃតងតូចមួយដែលមានទំហំត្រឹមតែមួយម៉ែត្រការ៉េប៉ុណ្ណោះ ដោយមានសៀវភៅរាប់សិបក្បាលដាក់បង្ហាញសម្រាប់អ្នកដែលចង់អាន ឬខ្ចី។

នៅក្នុងវីដេអូនោះ គេ​ឃើញ​បុរស​ពីរ​នាក់​ដែលជាសន្តិសុខ​ឈរ​ក្បែរ ​ស្រីគា ហើយមាន​ព្រះសង្ឃ​ពីរ​បី​អង្គ​ដែល​​ទៅមើលសៀភៅនៅទីនោះជាញឹកញាប់ និង​អ្នក​ឈរ​មើល​ផ្សេង​ទៀត ខណៈ​ពួក​គេ​កំពុងតែរើសៀវភៅដើម្បីយកចេញ។ ស្រីគា បាននិយាយកាលពីថ្ងៃអង្គារថា កញ្ញាសង្ស័យថា ពួកគេរារាំងកញ្ញា ដោយសារតែកញ្ញាជាសមាជិកក្រុមយុវជនខ្មែរថាវរៈ ដែលបានតស៊ូមតិការពារបរិស្ថាន សិទ្ធិកូនបំណុល កិច្ចការពលរដ្ឋ និងបញ្ហាសង្គមផ្សេងៗទៀត។

កញ្ញា​បន្ត​ថា​៖ «​សួនច្បារ​សាធារណៈ​នេះ​ជា​កម្មសិទ្ធិ​របស់​សាធារណជន​ទូទៅ ​រួម​ទាំង​រូប​ខ្ញុំ​ផង​ដែរ ហើយ​ខ្ញុំ​សុំ​កុំ​ឱ្យ​គេ​រើសអើង​ខ្ញុំ​ ដោយសារតែខ្ញុំជា​សមាជិក​ខ្មែរថាវរៈ»។

ស្រីគា បាននិយាយថា កញ្ញាធ្លាប់បង្កើតបណ្ណាល័យស្រដៀងគ្នានេះនៅខេត្តប៉ៃលិន ដែលជាស្រុកកំណើតរបស់កញ្ញា ហើយកញ្ញាចង់បង្កើតបណ្ណាល័យនេះនៅក្នុងរាជធានីភ្នំពេញដែរ។ ចំពោះបណ្ណាល័យនេះ កញ្ញាបានដាក់តាំងសៀវភៅប្រលោមលោក និងសៀវភៅបំផុសគំនិត ហើយសង្ឃឹមថានឹងទាក់ទាញអ្នកអានវ័យក្មេងដោយប្រើប្រាស់សួនច្បារនេះ។

កញ្ញាបន្តថា៖ «ខ្ញុំឃើញយុវជនដែលមកទីនេះដើម្បីដើរលេង ផឹកស្រា ឬថើបគ្នា។ ប៉ុន្តែនៅពេលដែលខ្ញុំបង្កើតបណ្ណាល័យសាធារណៈបែបនេះ វាអាចទាក់ទាញពួកគេ […] យ៉ាងហោចណាស់ ពួកគេអាចមើលឃើញ ឬប៉ះសៀវភៅដែលជាប្រភពនៃចំណេះដឹង»។

កញ្ញាបានបង្កើតបណ្ណាល័យដូចគ្នានេះដែរ កាលពីខែកញ្ញា ឆ្នាំមុន ហើយត្រូវបានបញ្ឈប់ដោយសន្តិសុខក្នុងតំបន់នៅខែវិច្ឆិកា ប៉ុន្តែមិនមានការរារាំងឡើយ បន្ទាប់ពីកញ្ញាបានរើទៅកន្លែងផ្សេងទៀតនៃសួនច្បារ។

ស្រីគា បាននិយាយថា បណ្ណាល័យតូចនោះទទួលបានជោគជ័យក្នុងការទាក់ទាញអ្នកអាន ហើយកញ្ញាចង់ទទួលបានការយល់ព្រមពីអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តដំណើរការបណ្ណាល័យមួយនេះ។

កញ្ញា​បាន​និយាយ​ថា៖​ «​ខ្ញុំ​នឹង​បន្ត​ ទោះបីជា​មានការ​រារាំង​ក៏ដោយ​»។

លោក គឹម វុត្ថា ប្រធាន​សន្តិសុខ​ខណ្ឌ​ដូនពេញ ​មិន​អាច​ទាក់​ទង​បាន​ទេ ​កាល​ពី​ថ្ងៃ​អង្គារ។

លោក ជា ខេមា អភិបាលខណ្ឌដូនពេញ មានប្រសាសន៍ថា លោកមិនបានដឹងពីករណីនេះទេ ហើយគ្មានមន្ត្រី ឬសន្តិសុខណាម្នាក់បានប្រាប់លោកអំពីហេតុការណ៍នេះទេ។

លោកថា ការដាក់របស់របរនៅតាមចិញ្ចើមផ្លូវ ឬផ្លូវដើរ ត្រូវបានហាមឃាត់ ព្រោះវាបាំងផ្លូវអ្នកថ្មើរជើង ហើយបណ្ណាល័យគួរដាក់នៅកន្លែងដែលមិនសូវមានមនុស្ស។

លោក​​បន្ត​ថា៖​ «​ពួកគេ​គួរតែ​រក​កន្លែង​ត្រឹមត្រូវ​ ដែល​គ្មាន​អ្នកថ្មើរ​ជើង​ […] ហើយនៅពេលដែលពួកគេដាក់សៀវភៅលើសួន វា​នឹង​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ និង​អ្នក​ដែល​ទៅ​ហាត់ប្រាណ​។

កញ្ញា ឆែម ស្រីគា ត្រូវ​បាន​ចាប់​ខ្លួន ​រួមជាមួយ​នឹង​សកម្មជនខ្មែរថាវរៈ និង​អ្នក​កាសែត​ផ្សេង​ទៀត​ ចំពោះការ​ព្យាយាម​តាមដាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ភ្នំ​តាម៉ៅ ​កាល​ពី​ឆ្នាំ​មុន ដែល​ក្រោយ​មក​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លុបចោលគម្រោងអភិវឌ្ឍន៍នៅតំបន់នោះ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Daun Penh Guards Ask Youth Activist to Dismantle Makeshift Library

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ