ស្ថាបនិក​បណ្ណាល័យ​សំរាម អំពាវនាវ​រក​សៀវភៅ​ដើម្បី​បង្កើត​បណ្ណាល័យ​ចល័ត

បណ្ណាល័យសំរាម មានទីតាំងក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ (ផ្ដល់ឱ្យ)

ស្ថាបនិកបង្កើតបណ្ណាល័យសំរាម មានទីតាំងក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានអំពាវនាវរកការបរិច្ចាគសៀវភៅពីប្រជាពលរដ្ឋ ដើម្បីយកទៅបង្កើតជាបណ្ណាល័យចល័តនៅតាមសួនសាធារណៈ ក្នុ​ង​គោលដៅបំផុសស្មារតីយុវជនឱ្យស្រឡាញ់ការអាន។

អ្នកបង្កើតបណ្ណាល័យសំរាម លោក ម៉េន ម៉ាក់លី វ័យ៣០ឆ្នាំ បានប្រាប់វីអូឌីថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ លោកបានបង្កើត បណ្ណាល័យសំរាម ដោយបានកែច្នៃសម្ភារចេញពីសំណល់ថង់ប្លាស្ទិក សម្បកកំប៉ុង និងសម្បកកង់ឡាន ជាដើម ក្នុងបំណងលើកកម្ពស់វិស័យអំណាននៅកម្ពុជា និងបំផុសស្មារតីប្រជាពលឱ្យរដ្ឋស្រឡាញ់បរិស្ថាន។ បន្ថែមលើនេះ លោក ម៉េន ម៉ាក់លី បន្តថា ក្នុងឆ្នាំ២០២៣ខាងមុខ លោកមានគោលដៅបង្កើតជាទូបណ្ណាល័យចល័តដាក់សៀវភៅ ដើម្បីឱ្យប្រជាពលរដ្ឋអាចអានបាននៅតាមសួនច្បារទីសាធារណៈក្នុងក្រុងសិរីសោភ័ណ ក្នុងទិសដៅបណ្ដុះគំនិតសាធារណជនឱ្យចូលចិត្តការអានកាន់តែច្រើនឡើងថែមទៀត។

លោកបន្តថា៖ «បណ្ណាល័យចល័តហ្នឹង ដំបូងឡើយដោយសារខ្ញុំអត់មានលទ្ធភាពដែរ ប៉ុន្តែដំបូងគ្រាន់តែបង្កើតជាទូមួយដើម្បីយកទៅដាក់ហើយទុកសៀវភៅនៅហ្នឹង គ្រាន់តែបញ្ឈរ! ដល់ម៉ោងទៅ មានបណ្ណារក្សគាត់ទៅបើក ដើម្បីឱ្យអ្នកអានមានសៀវភៅអាន។ ប្រសិនបើមានលទ្ធភាព សប្បុរសជនគាំទ្រច្រើន យើងបង្កើតជារ៉ីម៉ក ឬក៏អីផ្សេងៗ តាមដំណាក់កាលនីមួយៗនៃគម្រោង»

បណ្ណាល័យសំរាម មានទីតាំងក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បណ្ណាល័យសំរាម មានទីតាំងក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ (ផ្ដល់ឱ្យ)

ប្រភពដដែលបន្តថា បណ្ណាល័យមួយនេះមានទីតាំងនៅភូមិគាប ឃុំទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយក្នុងមួយថ្ងៃៗ មានសិស្ស និងនិស្សិត ​ ចន្លោះពី ១០នាក់ ទៅ ២០នាក់ បាននាំគ្នាចូលអានសៀវភៅជាប្រចាំ។ ចំណែកក្នុងបណ្ណាល័យរបស់លោកមានសៀវភៅ​ប្រមាណ ២ ០០០ក្បាល រួមមានដូចជា សៀវភៅលើកទឹកចិត្ត ប្រវត្តិសាស្រ្ត  វប្បធម៌ និងសៀវភៅចំណេះដឹងទូទៅមួយចំនួនទៀត ដែលទទួលបានការបរិច្ចាគពីសប្បុរសជននានា។

ជាមួយគ្នានេះ ស្ថាបនិកបណ្ណាល័យសំរាម បានអំពាវនាវរកការឧបត្ថម្ភជាសៀវភៅ និងថវិកាពីសប្បុរសជននានាក្នុងបណ្ដាញសង្គម ដើម្បីលោកបានទ្រទ្រង់បង្កើតបណ្ណាល័យចល័ត នាពេលខាងមុខនេះ។

លោកបន្តថា៖ «ខ្ញុំមិនសូវពូកែក្នុងការសុំទេ ភាគច្រើនគឺខ្ញុំ Post [បង្ហោះ] អំពាវនាវក្នុង Page [ទំព័រហ្វេសប៊ុក] តែម្តង។ បើសិនជាចូលរួម ក៏ចូលរួមទៅតាមទឹកចិត្តនៃការចូលរួមរបស់ពួកគាត់»

ចំណែក​យុរតី យើន រស្មី វ័យ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ ជំនាញអភិវឌ្ឍន៍សង្គម នៅសាកលវិទ្យាល័យជាតិមានជ័យ បាននិយាយថា នាងតែងតែទៅអានសៀវភៅនៅបណ្ណាល័យសំរាម ជារៀងរាល់ថ្ងៃ នៅពេលទំនេរពីការសិក្សា។ យុវតីរូបនេះបន្តថា បណ្ណាល័យសំរាម បានផ្លាស់ប្ដូរនាងពីមនុស្សភ័យខ្លាចសង្គម ទៅជាមនុស្សមានភាពក្លាហាន និងមានគំនិតអភិវឌ្ឍន៍ខ្លួន ក្រោយពេលបានចូលអានសៀវភៅក្នុងបណ្ណាល័យនេះជាប្រចាំ។

កញ្ញាបន្តថា៖ «ពីមុន ខ្ញុំជាមនុស្សដែលអត់ចេះនិយាយច្រើន លក្ខណៈថាយើងអត់ដឹងបញ្ចេញយោបល់ម៉េចទេ! នៅពេលដែលយើងបានអានសៀវភៅ [នៅបណ្ណាល័យសំរាម] ហ្នឹងហើយ យើងអាចមានគំនិតថ្មីៗ ចាប់ផ្ដើមចូលចិត្តការអាន ធ្វើឱ្យការចងចាំរបស់យើង គឺបានល្អបន្ថែមទៀត»។

យុវតីវ័យ២២ឆ្នាំរូបនេះបានបង្ហាញអារម្មណ៍រីករាយ ក្រោយពេលបានទទួលដំណឹងថានឹងមានបណ្ណាល័យចល័តនៅតាមសួនសាធារណៈក្នុងខេត្តដែលខ្លួនរស់នៅ ដោយថា បើពិតជាមានមែន នោះនឹងធ្វើឱ្យមានភាពងាយស្រួលដល់ពលរដ្ឋ ជាពិសេសយុវជននៅតំបន់នោះងាយស្រួលរកសៀវភៅអានដោយឥតគិតថ្លៃ​​។

កញ្ញាបន្តថា៖ «ខ្ញុំឃើញគាត់ [ស្ថាបនិកបណ្ណាល័យសំរាម] Post ក្នុង Page ថានឹងបង្កើតបណ្ណាល័យចល័ត គឺល្អមែនទែន! ខ្ញុំឃើញមានឱកាសសម្រាប់ឱ្យសិស្សប្អូនឆ្នាំទី១ ទី២ គាត់បានចូលរួមក្នុងសកម្មភាពហ្នឹង»។

ជាមួយគ្នានេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង សាទរចំពោះគំនិតបង្កើតបណ្ណាល័យចល័តនៅក្នុងក្រុងសិរីសោភ័ណនេះ ដោយថា វា​ស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលចង់បានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យអំណានឱ្យបានផុសផុលឡើង។

 លោកបន្តថា៖ «ចណុចហ្នឹង ខ្ញុំគាំទ្រ! ប៉ុន្តែចាំមើលខ្ញុំទៅវិញ ខ្ញុំពិនិត្រមើលថា​គាត់រៀបចំនៅកន្លែងណា យ៉ាងម៉េច​អីយ៉ាងម៉េច! ហើយខ្ញុំអាចជួយអីគាត់បាន ឱ្យតែគាត់ធ្វើទៅ»

បើតាមប្រធានមន្ទីរអប់រំរូបនេះ ដើម្បីលើកទឹកចិត្តឱ្យយុវជនកាន់តែខិតជិតជាមួយនឹងការអានសៀវភៅ អា​​ជ្ញាធរខេត្តបានរៀប​​​ចំ «ទិវាជាតិអំណាន» ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦មក។ មួយវិញទៀត លោកថា អា​​ជ្ញា​​ធរខេត្តបន្ទាយមានជ័យ គ្រោងនឹងសាងសង់បណ្ណាល័យនៅតាមទីរួមស្រុកមួយចំនួនក្នុងខេត្តនេះ ដើម្បីឱ្យសាធារណជនបានចូលអានសៀវភៅដោយមិនគិតថ្លៃដែរ។

លោកបន្តថា៖ «ក្នុងផែនការរបស់យើង គឺយើងបានរៀបចំក្នុងឆ្នាំ២០២៣ យើសហការជាមួយអង្គការមួយចំនួនរៀបចំ​បណ្ណាល័យ រៀបចំនៅស្រុកម៉ាឡៃ អូរជ្រៅ ព្រះនេត្រព្រះ ហើយនឹងថ្មពួក។ យើងគ្រោងសម្រាប់[ប្រជាពលរដ្ឋ] ដែលយើងធ្វើនៅទីរួមស្រុក ដើម្បីឱ្យគាត់ហ្នឹងអាចចូល [អាន] បាន»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ បានចុះហត្ថលេខាលើអនុក្រឹត្យមួយស្តីពី ការបង្កើតទិវាអំណានជាតិ ដោយកំណត់យកថ្ងៃទី១១ ខែមីនា ដើម្បីប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ។ ការបង្កើតទិវាអំណានេះឡើង ក្នុងគោលដៅបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ ដើម្បីរួមចំណែកការពារ និងពង្រឹងវប្បធម៌ខ្មែរ។

យ៉ាងនេះក្ដី លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្ដិភាព សង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនដែលទៅលេងនៅសួនច្បារសាធារណៈនានា មិនមានទម្លាប់កាន់សៀវភៅអាននោះទេ ជាពិសេសយុវជន គឺពួកគេតែងតែសេពគ្រឿងស្រវឹង ដែលជាគំរូអាក្រក់មួយដល់សង្គម។

លោកបន្តថា ដើម្បីកែប្រែទម្លាប់នេះ អាជ្ញាធរនៅតាមខេត្ត-ក្រុង គួរតែបណ្ដុះវប្បធម៌ស្រឡាញ់ការអានដល់កុមារតូចៗ តាមរយៈការបង្កើតបណ្ណាល័យចល័តនេះ​ឱ្យបានកាន់តែច្រើន។

លោកបន្តថា៖ «រដ្ឋាភិបាលក៏គួរតែបង្កើតបណ្ណាល័យចល័តសម្រាប់ក្មេង លើកទឹកចិត្តឱ្យពួកគេចូលចិត្តអានតាមរយៈការគំនូរ រូបភាពផ្សេងៗ សម្រាប់ក្មេងៗតូចៗ គាត់អាន ចាប់ផ្តើមឱ្យគាត់ផ្សារភ្ជាប់ជាមួយការអាន ជារឿងមួយសំខាន់»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ