វិភាគ៖ តើឈាមថ្មីរបស់បក្សកាន់អំណាចអាចព្យាបាលស្នាមរបួសចាស់បានដែរឬទេ?

លោក ហ៊ុន សែន និងកូនប្រុស ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ផែ​​នការ​ផ្ទេរ​អំណា​ច​របស់​គណបក្សប្រជាជន​កម្ពុជា ទៅ​មនុស្សជំ​នាន់​ក្រោយ ​​​​ចំពេល​បញ្ហាស​ង្គម​កំពុង​​ចាក់ស្រែះ​ដោយ​វិបត្តិន​​យោបា​​​​​​យ​​ ​​​សិទ្ធិ​​មនុស្ស ​ប្រជា​ធិបតេយ្យ ​នី​តិរដ្ឋ​ រួមទាំ​ងបណ្ដាញប្រទាក់​ក្រឡាគ្នាបែបគ្រួសា​​​រ​និ​​​យម​ ​ជា​មន្ទិល​ចោទសួ​រ​​ជុំវិ​​ញ​ដំ​ណោះស្រាយ​ជាតិ​ទៅ​ថ្ងៃអនា​គ​ត​របស់ក្រុមអ្នកដែលត្រូវ​ឡើង​ទៅ​​បន្ត​វេន​។

កាលពី​​ខែ​វិច្ឆិកា អំ​ឡុ​ងកិច្ចប្រជុំ​កំពូលអា​ស៊ា​នដែលក​ម្ពុជាធ្វើ​ជាប្រធា​នប្តូរវេន លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន បាន​ទម្លា​យពីភាព​ជិ​នណាយ​ លែង​​ចង់​អ​ង្គុយ​កៅអី​នាយក​​រដ្ឋមន្ត្រីត​ទៅទៀត​ ក្រោយ​ពីលោកកា​ន់​តំ​​ណែ​​​​ង​​​​​ជិត៤០ឆ្នាំរួចមក​ ស្រប​​នឹងវ័​យ​កាន់តែចាស់របស់គាត់ឈានដល់៧០ឆ្នាំ។

​​លោកបាន​រំឭកថា ការិយា​ល័​យនាយករ​ដ្ឋម​ន្ត្រីនៅវិមា​នស​ន្តិភា​ព ​ជិត​ក្រសួង​ការពារជាតិ​ ក្នុង​រាជធានីភ្នំ​​ពេញ មិន​មែនបង្កើ​​ត​ឡើងសម្រាប់​តែរូ​បលោកម្នា​ក់ប៉ុណ្ណោះ​ទេ តែ​ថាសម្រាប់​​មនុស្សជំនាន់ថ្មីមកអ​ង្គុ​យផងដែរ​ ​។

លោកថា​៖ «ខ្ញុំគ្មានមហិច្ឆតាដើម្បីទៅកាន់ញញួរលើកទី៤ទេ ខ្ញុំ​នឹ​ងជ្រើ​សរើ​សពេលវេលាសមស្របដើម្បីនឹងចាកចេញ។ វិមា​នសន្តិភាពនេះមិនមែនធ្វើសម្រាប់តែ ហ៊ុន សែន អង្គុយទេ​​ គឺស​ម្រា​ប់អ្ន​កដ​ទៃទៀតអ​ង្គុយ​»។​

ការ​ទម្លាយនេះ​មិនមែនជា​រឿងចៃដន្យ​ទេ​ ព្រោះលោក​បា​​នប្រកាសជាសាធារណៈរួចហើយថា​ ​កូនប្រុ​ស​ច្បង​របស់លោក ​គឺលោក​ ហ៊ុន ម៉ាណែត​ ជាបេក្ខភាព​នាយករដ្ឋមន្ត្រីទៅថ្ងៃ​អនាគត និងឈាម​​ថ្មី​មួយចំនួន​ទៀ​​​​​តសម្រាប់ក្បាលម៉ាស៊ីនដឹកនាំ​របស់បក្សដែលកាន់អំណាចយូរមួយនេះ។

ជាការកត់សម្គាល់ ផែនការផ្ទេរអំណាចនេះហាក់បានបន្សល់ទុកនូវបញ្ហាចាក់ស្រែះជាច្រើនក្នុងសង្គមនៅឡើយ ដូចវិបត្តិនយោបាយ ក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិចេញពីសង្វៀនន​យោបា​យ ខណៈបក្សនោះ​ទទួលបានសំឡេងឆ្នោតគាំទ្រជិតពាក់កណ្ដាលប្រទេស។

​កម្ពុ​ជាជាប់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សឆ្លងដែន ខណៈ​កម្ពុជានៅ​មិនទាន់​ទប់​ស្កាត់​បាន​ទាំង​​ស្រុងលើបទឧក្រិដ្ឋចាប់ជំរិត មិនទាន់រើខ្លួនរួចពីប្រទេសឃ្លាំមើលការលាងលុយកខ្វក់​ពីក្រុម​ហិរញ្ញវត្ថុអន្តរជាតិ មា​​​ន​​ការវាយតម្លៃពីអំពើពុករលួយខ្ពស់ក្នុងតំបន់អាស៊ាន បណ្តាញ​ប្រទាក់​ក្រឡាដោ​យ​គ្រួសារ​និយម និងនីតិរដ្ឋទាប ជាដើម។

បន្ថែមពីនេះ របត់នយោបាយបច្ចុប្បន្នក៏កំពុងប្រឈមនឹងវិធានការពីសហគមន៍អន្តរជាតិដែរ ជុំវិញការទា​ម​ទារ​ឱ្យរដ្ឋាភិបាលស្ដារឡើងវិញ អំពីស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​សិទ្ធិនយោបាយរបស់ក្រុ​ម​សំឡេង​ជំទាស់ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថាបាន​ធ្លាក់​ចុះ​ខ្លាំង​ចាប់​ពី​ចុង​ឆ្នាំ២០១៧មក រហូត​មនុស្សរាប់​សិប​នាក់ត្រូវបានចាប់ដាក់ពន្ធនាគារ ដោយសារតែរិះគន់រដ្ឋាភិបាល។

សំណួរនៅត្រង់ថា តើឈាម​ថ្មីរបស់បក្សកាន់អំណាចអាចព្យាបាលស្នាមរបួសចាស់បានដែរឬទេ?

អ្នកសិក្សាស្រាវជ្រាវខាងភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មិនមានសុទិដ្ឋិនិយមច្រើនទេសម្រាប់ឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងត្រូវឡើង​ដឹកនាំប្រទេស បើពួកគេគ្មានសមត្ថភាពទម្លុះទម្លាយរនាំ​​ងចាស់ដែលបានបន្សល់ទុកធំៗចំនួន៤បានទេនោះ។

បើតាមអ្នកជំនាញនយោបាយរូបនេះ បញ្ហាទី១ បើឈាមថ្មីនេះគ្មានធនធានមនុស្សជាអ្នកប្រជាធិបតេយ្យ ពួ​ក​​​គេនៅតែចាត់ទុកសំឡេងរិះគន់ជាសត្រូវ មិនចេះឆ្លើយតបទៅនឹងសំឡេងរិះគន់​ដោយឈរលើវិជ្ជាជីវៈ មិ​ន​​អា​ចលុបបំបាត់ប្រព័ន្ធដឹក​នាំ​បែបគ្រួសារនិ​យម បង្កើតឱ្យមានសន្តិភាពបែបវិជ្ជមាន និងមិនអាចលុបបំបាត់វប្បធម៌ឈ្នះចាញ់ ឬវប្បធម៌ទឹកឡើ​ងត្រី​ស៊ីស្រមោចទឹក​​ហោចស្រមោចស៊ីត្រី ជាដើមនោះ។

លោកថា៖ «អ៊ីចឹងទេ! ខ្ញុំមើលឃើញថា តាមគំនិតអស់ហ្នឹង វាពិបាកណាស់ ដែលធ្វើឱ្យពួកគាត់ដែលជាជំនា​ន់​​ថ្មី​​ហ្នឹងមានឱកាសក្នុងការព្យាបាលដំបៅចាស់របស់កម្ពុជាហ្នឹង ពិសេសអាការចោទប្រកាន់អ្នកដែលមានគំ​និ​តផ្សេ​ងពីខ្លួនថាជាពួកប្រឆាំង អាហ្នឹងវាជាគ្រោះថ្នាក់ក្នុងសង្គមប្រជាធិបតេយ្យ។ កាលណាយើងមានទ​ស្សនៈ​ផ្ទុយគ្នា យើងមិនព្យាយាមស្ដាប់នូវទស្សនៈនោះ ប៉ុន្តែយើងបែរជាចោទប្រកាន់ ហើយចាត់ទុកជាការលាប​​ពណ៌ ជាការបង្ខូចកេរ្តិ៍ឈ្មោះ អាហ្នឹងជារឿងគ្រោះថ្នាក់ ហើយសង្គមនៅតែមិនអាចព្យាបាលជំងឺនោះបាន»។

បញ្ហាចម្បងមួយទៀត លោកយល់ថា ការព្យាបាលស្នាមរបួសចាស់បាន ចាំបាច់ណាស់ឈាមថ្មីត្រូវបង្កើតឱ្យមានសន្តិភាពបែបវិជ្ជមាន ដែលក្នុងន័យនេះ លោកយល់ថា មេដឹកនាំបច្ចុប្បន្នបានបញ្ចប់សង្គ្រាមផ្ទៃក្នុង ដែលគេហៅថាជា​​​សន្តិភាពបែបអវិជ្ជមាន ដែលបរិបទបែបនេះ បន្ទាត់នយោបាយមិនឈរលើស្មារតីរដ្ឋធ​ម្ម​នុញ្ញដែលចែងថាកម្ពុជាអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្សទេ។

លោកថា៖ «សន្តិភាពបែបវិជ្ជមាននេះ សំដៅទៅដល់សង្គមមានយុត្តិធម៌ខ្ពស់ ប្រព័ន្ធតុលាការឯករាជ្យមិនលម្អៀង មានអំពើពុករលួយតិចតួច មានអភិបាលកិច្ចល្អ ក៏ដូចជាប្រជាពលរដ្ឋ បើទោះបីមានទស្សនៈ​ផ្ទុយគ្នា ប៉ុន្តែអាចរស់នៅជាមួយគ្នាប្រកបដោយភាតរភាព [រាប់អានគ្នាដូចបងប្អូន] នៅក្នុងសង្គម ដោយមិនមានការបែងចែកប្រកាន់បក្ខពួក ឬក៏គំរាមកំហែងគ្នាផងដែរ។ អ៊ីចឹងទេ! ក្មេងជំនាន់ក្រោយ ដែលដឹកនាំដោយគណបក្សប្រជាជន ត្រូវតែដោះស្រាយបញ្ហា ធ្វើយ៉ាងណាឱ្យសង្គមមានសន្តិភាពបែបវិជ្ជមាន»។

លោក ប៊ុនណា យល់​ថា បើអ្នកបន្តវេនមិនអាចបង្កើតបានសន្តិភាពវិជ្ជមាន បញ្ហាសង្គមធំចំនួន​៣ គឺ​វិបត្តិន​យោបា​យ សេដ្ឋកិច្ច និងភាពផុយស្រួយនៃការបែកបាក់ជាតិ នៅបន្តអូសបន្លាយ ហើយពលរដ្ឋដែលមានប្រាក់ចំ​ណូ​​លទាប ក្លាយជាជន​​រងគ្រោះពីវិបត្តិនេះ។

អ្នកស្រាវជ្រាវ​ពីការអភិវឌ្ឍ​សង្គម លោកបណ្ឌិត មាស នី មើលឃើញថា ក្នុងសង្គមមួយ បើមានអំពើពុករលួយ បក្ខពួកនិយម ជាលក្ខណៈបុគ្គល សង្គមនៅមានសុខភាពល្អ អ្នកបន្តវេនអាចព្យាបាលបាន ប៉ុន្តែថា បើបញ្ហានេះ​​​​ក្លាយជាប្រព័ន្ធ ឬក្លាយជាពុករលួយនយោបាយទៅហើយនោះ អ្នកបន្តវេនមិនត្រឹមតែមិនអាចព្យាបាល​ជំ​​ងឺចាស់បានទេ តែពួកគេអាចក្លាយជាអ្នករងគ្រោះ ដែលលោកហៅថាជាអ្នកទទួលរងថ្មបាក់ថែម​ទៀត​ផង។

លោកថា៖ «អ្នកដឹកនាំជំនាន់ក្រោយ​ ដែលត្រៀមទៅដឹកនាំ នឹងត្រូវមើលប្រព័ន្ធ​ និងរៀបចំប្រព័ន្ធ​ហ្នឹងឱ្យ​ស្អា​ត​[ពេល]ទៅ​កាន់​កាប់ អាហ្នឹងបានវាមានចីរភាពយូរ​អង្វែង ក៏ប៉ុន្តែបើយើងបណ្ដោយឱ្យប្រព័ន្ធហ្នឹងពុករលួយកា​ន់​តែ​ស៊ី​ជម្រៅទៅទៀត ហើយ​អ្នកជំនាន់ក្រោយទៅទទួលយកហ្នឹង គឺស្មើ​នឹង​ទទួល​យក​ថ្ម​បាក់ ដែល​មិនអាច​ធ្វើអីបាន​ស្រួល»។

ដោយឡែក ប្រធានមជ្ឈមណ្ឌប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា តា​​​មឯកសារបែកធ្លាយ ធនធានមនុស្សដែលបក្សកាន់អំណាចដាក់ត្រៀមដើម្បីបន្តវេន​មួយចំនួនជា​​​អ្នកមាន​​​សមត្ថភាព ប៉ុន្តែសំណួរនៅត្រង់ថាតើពួកគេហ៊ានប្រើប្រាស់ចំណេះដឹងទាំងនេះ ដើម្បីបុព្វហេតុជាតិ និង​លទ្ធិប្រជាធិបតេយ្យ​ឬក៏អត់ប៉ុណ្ណោះ បើតាមយន្តការនេះ ការសម្រេចចិត្ត អំណាចនៅលើមេបក្ស។

លោកថា៖ «ខ្ញុំមើលទៅរឿងហ្នឹង​ប្រហែលជារឿងមួយពិបាក និងស្មុគស្មាញ ដែល​ពិបាក​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ឈាមថ្មី​ហ្នឹង​អាចរុញប្រសិទ្ធភាពហ្នឹងឱ្យលឿន»។

យ៉ាងណា អ្នកជំនាញនយោបាយ លោក វណ្ណ ប៊ុនណា បារម្ភថា បើអ្នកនយោបាយ​ខ្វះការទ​ទួ​​លខុសត្រូវចំពោះមុខ​ម្ចាស់​ឆ្នោត និង​រដ្ឋធម្មនុញ្ញ នោះ​ស្រមោល​អតីតកាលនៃវប្បធម៌​ចងគំនុំនៅតែបន្តតាមប​ន្លា​ច​កម្ពុជាគ្មាន​ទី​បញ្ចប់ ហើយ​ទី​បំផុតនឹង​រុញឱ្យ​កម្ពុជារអិលធ្លាក់ទៅរកទណ្ឌកម្មអន្តរជាតិ។

លោកថា៖ «កាលណាបើសិនជាកម្ពុជាមិនអាច​សម្រេច​បែប​ហ្នឹង​បាន​ទេ នយោបាយបែបបែកបាក់ បំភិតបំ​​ភ័យគ្នា នៅតែចងបន្លាចកម្ពុជាមិ​នឱ្យអភិវឌ្ឍ​នយោបាយទៅតាមដែលគេ​ហៅ​ថា​ បែប​ជឿន​លឿននិយម​ ដែ​​​លគេហៅថាដែលមានប្រព័ន្ធដឹកនាំ ឬក៏ស្ថាប័នរដ្ឋជាធំ មិនផ្អែកលើបុគ្គល។ បើសិនជាកម្ពុជាមិនអាច​ឈា​​​​​នទៅអនុវត្តគោលនយោបាយបែបហ្នឹងទេ កម្ពុជានៅតែទទួលទណ្ឌកម្មពីបរទេស បែកបាក់ផ្ទៃក្នុង ហើ​យ​​វាធ្វើឱ្យអ្នកនយោបាយឈឺចាប់ខ្លោចផ្សាទៅវិញទៅមក»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ