ឥណ្ឌា​រាយការណ៍​ថា​ភាគី​ទាំងសងខាង​រងរបួស​ក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​ជាមួយ​ចិន

ពលរដ្ឋឥណ្ឌាតវ៉ា​ប្រឆាំង​នឹង​ប្រទេស​ចិន បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​នៅ​ផ្នែក Tawang នៃ​រដ្ឋ Himalayan ភាគ​ឦសាន​នៃ​រដ្ឋ Arunachal Pradesh របស់​ឥណ្ឌា ក្នុង​ក្រុង Mumbai ប្រទេស​ឥណ្ឌា ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ (REUTERS/Francis Mascarenhas)

​រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានឱ្យដឹងនៅថ្ងៃអង្គារថា កងទ័ពឥណ្ឌាបានរារាំង​ទាហាន​ចិនមិន​ឱ្យចូលទឹកដីឥណ្ឌាកាល​ពីសប្តាហ៍មុន ក្នុងអំឡុងពេលការប៉ះទង្គិចគ្នានៅព្រំដែន ដែលបណ្តាលឱ្យភាគីទាំងសងខាងរងរបួស។

កា​រប៉ះទង្គិចគ្នានេះបានកើតឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងទីក្រុងតាវ៉ាង (Tawang) តំបន់ហិម៉ាឡៃយ៉ាន (Himalayan) ភាគឦសាននៃរដ្ឋ Arunachal Pradesh ដែលមានព្រំប្រទល់ជាប់ភាគខាងត្បូងប្រទេសចិន និងត្រូវបានទាមទារដោយទីក្រុងប៉េកាំង។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន (PLA) បានថ្លែងថា កងទ័ពឥណ្ឌាបានឆ្លងកាត់ខ្សែបន្ទាត់ដោយខុសច្បាប់។

អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «យើងជំរុញឱ្យភាគីឥណ្ឌាគ្រប់គ្រងឱ្យបានហ្មត់ចត់ និងរឹតបន្តឹងកងទ័ពជួរមុខ ហើយធ្វើការជាមួយប្រទេសចិន ដើម្បីរក្សាសន្តិភាព និងសន្តិសុខនៅតាមព្រំដែន»។

ឆ្លើយតបនឹងករណីនេះ ប្រភពពីក្រសួងការពារជាតិឥណ្ឌាបានប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters ថាក្រុមល្បាតពីភាគីទាំងសងខាងបាន​ប្រឈម​មុខ​ដាក់​គ្នា​នៅកំពូលភ្នំ និងបានវាយតប់គ្នាដោយដៃ។ ប្រភពដដែលបន្តថា ទាហាន​មួយចំ​នួន​ដួល​ទៅលើថ្ម និងរងរបួសដោយខ្លួនឯង។ ប្រភពពីរផ្សេងទៀតបាននិយាយថា ទាហានឥណ្ឌាចំនួន៦នាក់បានរងរបួសស្រាល។

លោក រ៉ាចណាត សីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បាននិយាយថា​៖ «កងទ័ពរំដោះប្រជាជនចិន [PLA] បានព្យាយាមបំពានខ្សែត្រៀមគ្រប់គ្រង [LAC] នៅក្នុងតំបន់យ៉ាងស៊ី [Yangtse] នៃទីក្រុងតាវ៉ាង [Tawang] និងផ្លាស់ប្តូរស្ថានភាពជាឯកតោភាគី»។

លោកបន្ថែមថា៖ «ការប៉ុនប៉ងរបស់ចិនត្រូវបានរារាំងដោយកងទ័ពរបស់យើងដោយ​រឹ​ង​មាំ និង​ម៉ឺង​ម៉ាត់។ ការប្រឈម​មុខ​ដាក់​គ្នា​បាន​នាំឱ្យមានការប៉ះទង្គិចដោយដៃ ដែលកងទ័ពឥណ្ឌាបានរារាំងកងទ័ពរំដោះប្រជាជនចិនដោយក្លាហានពីការរំលោភបំពានទឹកដីរបស់យើង និងបង្ខំពួកគេឱ្យត្រលប់ទៅកាន់ទីតាំងរបស់ពួកគេវិញ»។

សូមរម្លឹកថា ប្រទេស​ចិន​ និង​ឥណ្ឌា​ ធ្លាប់​បាន​ប្រយុទ្ធក្នុង​សង្គ្រាម​កាល​ពី​ឆ្នាំ​១៩៦២​ ជុំវិញ​បញ្ហា​ជម្លោះព្រំដែន។​ ​

​កាលពីឆ្នាំ​២០២០ ​កងទ័ពល្បាត​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរបាន​ប៉ះទង្គិច​គ្នាដោយ​ការ​បង្ហូរឈាម​ ដែលបណ្តាល​ឱ្យ​កងទ័ព​ឥណ្ឌា​ចំនួន​២០នាក់​ និង​កងទ័ព​ចិន​យ៉ាង​ហោចណាស់​៤​នាក់​បាន​ស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ