គ្រាប់បែកដៃមួយគ្រាប់ត្រូវបានប្រទះឃើញនៅក្បែររដ្ឋសភា

ទីតាំងផ្ទុះគ្រាប់បែកដៃដែលត្រូវបានជនអនាមិកមកផ្លុងចោលនៅក្បែររដ្ឋសភាជាតិ និងក្រុមហ៊ុនណាហ្គាវើលដ៍២ ដោយហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គ្រាប់បែកដៃ​មួយគ្រាប់ត្រូវបានស្ត្រីអ្នកបោសសំរាមម្នាក់ប្រទះឃើញនៅលើសួនច្បារ មុខក្រុមហ៊ុនណាហ្គាវើលដ៍២ និងក្បែរ​រដ្ឋសភា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្រ្តីជាអ្នកបោសសំរាមដែលបានប្រទះឃើញគ្រាប់បែកនោះ អ្នកស្រី ពៅ សាវី បានរៀបរាប់ប្រាប់អ្នកសារព័ត៌​មាន​​នៅ​កន្លែង​កើត​ហេតុ​នោះ​ថា នៅម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២​នេះ អ្នកស្រី​បាន​ទៅ​​បោស​សំ​រាម​​ដូ​ច​សពដងនៅតាមដងវិថីរដ្ឋសភា ​ស្រាប់តែពេលនោះ អ្នកស្រីបានប្រទះឃើញវត្ថុម្យ៉ាងពណ៌ស និងមានសភាពស្អិត ហើយអ្នកស្រីក៏បានកាយមើល ស្រាប់​តែប្រ​ទះ​ឃើញ​គ្រាប់បែក​នោះតែម្តង ទើបអ្នកស្រីប្រញាប់រាយការណ៍ទៅសមត្ថកិច្ច​។

អ្នកស្រីថា៖ «ខ្ញុំកាយមើលសង្ស័យ សង្ស័យគ្រាប់ស្អីគេ ក៏កាយមើល​ ដល់កាយ​ចេញជារូបគ្រាប់ ខ្ញុំនៅ[មិនអស់ចិត្ត]នេះទៀត ស្មានតែដបទឹកអប់ ខ្ញុំកាយទៀត កាយទៅឃើញខ្សែភ្លើង។ វាអត់មាន​ថង់ទេ វានៅស្អិតៗដូចនំខេក ឬរបៀបថង់ប្លាស្ទិក»។

វីអូឌី ពុំអាចសុំការបញ្ជាក់បន្ថែមពី​អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បាននៅឡើយទេ។

ចំណែកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា នៅពុំទាន់អាចបញ្ជាក់លម្អិតជុំវិញហេតុការណ៍នេះបាននៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា គ្រាប់​បែក​ដែលត្រូវ​បាន​ប្រទះឃើញ​នោះជាប្រភេទ​គ្រាប់​បែក​ដៃ ហើយ​​វា​បានផ្ទុះខណៈមន្ត្រីជំនាញ​កំពុងឆែកប្រព័ន្ធសុវត្ថិភាព។

លោកថា៖ «គ្រាប់បែកដៃ[…]​យើងចូលទៅធ្វើការទៅ ឆែកសុវត្ថិភាព គេ​ដាក់ខ្សែទាញមើល​អីទៅ វាក៏ផ្ទុះ»។

ទោះជាយ៉ាងណា​ ហេតុការណ៍នេះពុំបានបណ្ដាលឱ្យ​នរណាម្នាក់រងរបួស​ឬគ្រោះថ្នាក់ឡើយ ខណៈសមត្ថកិច្ច​ជំនាញកំពុង​ស្រាវ​ជ្រាវលើករណីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ