បាតុករទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស ខណៈលោក ហ៊ុន សែន ជំរុញឱ្យពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំសហភាពអឺរ៉ុប ក្នុងកិច្ចប្រជុំរំឭកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប ទីក្រុងព្រុចសែល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា បញ្ហា​នយោបាយ ​និង​សិទ្ធិមនុស្ស ​មិនគួរ​​ក្លាយជាឧបសគ្គរាំង​ខ្ទប់​ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុបឡើយ ខណៈបាតុករកម្ពុជាប្រមាណជា១០០ទៅ២០០នាក់បានធ្វើបាតុកម្មនៅទីក្រុងព្រុចសែល ដោយទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយ និងអ្នក​ការពារសិទ្ធិមនុស្ស។

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ត្រូវបានធ្វើឡើង ខណៈលោកចូលរួមកិច្ចប្រជុំរំឮកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនាអាស៊ាន-សហគមន៍អឺរ៉ុប កាលពីថ្ងៃពុធម្សិលមិញនេះ នៅទីក្រុងព្រុចសែល ក្នុងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបក្នុងសប្តាហ៍នេះ។

នៅក្នុងសន្និសីទរួមនៃកិច្ចប្រជុំនោះ​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន មានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងជាមួយនឹងការបង្កើតឱ្យមានពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរ មិនគួរត្រូវបានរំខាន​ដោយសភាពការណ៍នៅ​មីយ៉ាន់ម៉ា បញ្ហានយោបាយ ឬបញ្ហា​សិទ្ធិមនុស្សផ្សេងទៀតឡើយ។

លោកថា៖ «ទាក់ទិននឹងសិទ្ធិម​នុស្ស ទាក់ទិននឹងបញ្ហានេះ បញ្ហានោះ ខ្ញុំចង់សួរថាតើអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសណាខ្លះ​នៅក្នុងអាស៊ាន? ហើយ​តើបញ្ហា​សិទ្ធិមនុស្សនៅទី​នោះវាយ៉ាងម៉េច?»

លោក​​​បន្ថែម​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ​ចំណុច​នេះ​គឺ​ជា​ចំណុចដាស់តឿន​អាស៊ាន​របស់យើងឱ្យខិតខំប្រឹងប្រែងដើម្បីងើបឈរឡើង ធ្វើជាដៃគូស្មើភាព និងស្មើសិទ្ធិ​ជាមួយ​សហភាព​អឺរ៉ុប»។

នៅ​ក្រៅ​កិច្ចប្រជុំ ពលរដ្ឋ​​កម្ពុជានៅ​អឺរ៉ុប​ រួម​ទាំង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន ក៏បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស ​លទ្ធិប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ទោស​​នយោបាយផងដែរ។

យោងតាមវីដេអូ​នៃការ​​ធ្វើ​​បាតុកម្មនោះ ​គឺមាន​​​បាតុករ​ប្រមាណ​ជា១០០​នាក់ ប៉ុន្តែ​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ដែលតុលាការ​បានរំលាយ ​លោក ម៉ែន សុថាវរិន្ទ្រ បាន​លើកឡើងថា ​បាតុករដែលចូលរួមមានប្រមាណជា​២០០​នាក់ បើ​ទោះ​បីជា​មានបញ្ហាអាកាសធាតុមករំខានយ៉ាងណាក៏ដោយ។

ទោះជាយ៉ាងណា លោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​ដែល​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ​ដែល​អំពាវនាវ​ឱ្យមាន​ការ​តវ៉ានោះ អវត្តមាន​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​ប្រាប់ថា លោក សម រង្ស៊ី បាន​ទៅកាន់​សហរដ្ឋ​អាមេរិក​តាំងពីកន្លះខែមុន។

ខណៈអះអាងថា ក្រុមអ្នកតវ៉ាបានដាក់ញត្តិលើបញ្ហាទាំងឡាយទៅកាន់សហភាពអឺរ៉ុប លោក ម៉ែន សុថាវរិន្ទ្រ បន្ថែមថា៖ «យើងទាមទារឱ្យសហភាពអឺរ៉ុបជួយនាំយកលទ្ធិប្រជាធិបតេយ្យមកកាន់កម្ពុជាវិញ និងជាពិសេសឱ្យកម្ពុជាខ្លួនឯងគោរពសិទ្ធិមនុស្ស ដោះលែងអ្នកទោសនយោបាយ និងបញ្ឈប់ការរំលោភ​បំពានលើអ្នកដែលបញ្ចេញ​មតិ»។

ព្រះតេជគុណ លួន សុវ៉ាត ដែលបានចូលរួមបាតុកម្មនោះដែរ មានសង្ឃដីកាថា ព្រះអង្គបានធ្វើដំណើរពីប្រទេសស្វីស ទៅកាន់ប្រទេសបែលហ្ស៊ិក ដើម្បីចូលរួម ដោយព្រះតេជគុណ​បន្ថែមថា នេះ​ជាកាតព្វកិច្ចរបស់ព្រះអង្គ ក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូបក្នុងការប្រឆាំងនឹងការគាបសង្កត់​សិទ្ធិនានា។

ព្រះតេជគុណ​បន្តថា៖ «អាត្មាគឺជាព្រះសង្ឃមួយអង្គ ក្នុងចំណោមព្រះសង្ឃរាប់រយអង្គផ្សេងទៀតដែលជាជនរងគ្រោះ និងជាជនជាតិខ្មែរម្នាក់ក្នុងចំណោមជនរងគ្រោះរាប់លាននាក់»។

ជាមួយគ្នានេះ ព្រះសង្ឃមួយអង្គទៀត ព្រះនាម បូរ បេត ក៏មានសង្ឃដីកាឱ្យដឹងផងដែរថា ព្រះ​អង្គក៏មានការព្រួយបារម្ភចំពោះក្រុមគ្រួសាររបស់ព្រះអង្គផងដែរ បន្ទាប់ពីមានការព្រមានពីលោក ហ៊ុន សែន ប៉ុន្តែព្រះអង្គនៅតែចង់មកចូលរួមធ្វើបាតុកម្ម។

ទាក់ទិននឹងករណីនេះ ព្រះអង្គបន្ថែមថា៖ «​បើសិនជា​គាត់​ [លោក ហ៊ុន សែន] ខឹង​ សូមខឹង​​អាត្មាបានហើយ​ ប៉ុន្តែសូម​កុំខឹង​​ជាមួយនឹង​គ្រួសារ​របស់អាត្មាអី។ គ្រួសារ​របស់អាត្មា​មិន​បាន​ធ្វើ​អ្វីនោះ​ទេ។ ពួកគាត់​គ្រាន់តែជាកសិករដែលធ្វើស្រែ ដើម្បីរកបានមួយថ្ងៃសម្រាប់មួយថ្ងៃ​​ប៉ុណ្ណោះ»។

ព្រះអង្គ បូរ បេត មានសង្ឃដីកាបន្តថា បាតុកម្ម​នេះ​មាន​រយៈពេល​ប្រមាណជា​២​ម៉ោង ​ដែល​មាន​អ្នក​ចូល​រួម​មក​ពី​ប្រទេស​បារាំង ស្វីស និង​បែលហ្ស៊ិក៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Protesters in Brussels Demand Human Rights as Hun Sen Pushes Free Trade

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ