កម្មកររោងចក្រមួយនៅក្បែរផ្សារព្រៃទា តវ៉ាទាមទារឱ្យថៅកែទូទាត់អត្ថប្រយោជន៍ផ្សេងៗក្រោយសង្ស័យរោងចក្របិទទ្វារ

កម្មករម្នាក់បម្រើកា​រ​ងារនៅរោងចក្រកាត់ដេរ ហេន ស៊ើវេន (Hand Seven Apparel Co., LTD ឬអក្សរ​កាត់ H7) នៅជិតផ្សារព្រៃទា ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់កាកាបទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ អង្គុយនៅមុខរោងចក្រ អំឡុងពេលក្រុមកម្មករបាននាំ​គ្នាត​វ៉ា​ទាមទារទៅថៅកែឱ្យទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេស្របតាមច្បាប់ស្តីពីការងារ ក្រោយ​សង្ស័យថា​រោងចក្រ​បិទ​ទ្វារ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កម្មករ-កម្មការិនីប្រមាណ ២០០នាក់ បម្រើកា​រ​ងារនៅរោងចក្រកាត់ដេរ ហេន ស៊ើវេន (Hand Seven Apparel Co., LTD ឬអក្សរ​កាត់ H7) នៅជិតផ្សារព្រៃទា ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់កាកាបទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំ​គ្នាត​វ៉ា​ទាមទារទៅថៅកែឱ្យទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេស្របតាមច្បាប់ស្តីពីការងារ ក្រោយ​សង្ស័យថា​រោងចក្រ​បិទ​ទ្វារ។

កម្មការិនីបម្រើការងារនៅរោង​ចក្រ​​ ហេន​ស៊ើវេន អ្នក​ស្រី ង៉ែត រស្មី ប្រាប់វីអូឌីកន្លែងតវ៉ាមុខរោងចក្រ​ថា ក្រុមកម្មករ​តវ៉ា​រយៈពេល​៤ថ្ងៃមក​ហើយ ដើម្បីទាមទារឱ្យថៅកែទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ក្រោយថៅកែប្រកាសដូរទីតាំងរោងចក្រ និងបង្ខំ​ឱ្យកម្មករដាក់ពាក្យលាឈប់ពីការងារដោយខ្លួនឯង។

អ្នកស្រី ង៉ែត រស្មី ដែល​អះអា​ង​ថាបម្រើការងារនៅរោង​ចក្រនេះ​​ជាង​៨ឆ្នាំមកហើយ ​បានបន្តថា ថៅកែរោងចក្របានបិទចង្វាក់​ផលិតកម្មមួយចំ​នួន ដូចជា ផ្នែក​ដេរ តុ​កាត់ វេច​ខ្ចប់ និងផ្នែកកាត់​ ជាដើម ដោយបង្ខំឱ្យកម្មករលាឈប់ពីការងារដោយខ្លួនឯង និងមិនបានទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករឡើយ។

កម្មការិនីផ្នែកដេររូបនេះបន្តថា បើកម្មករណាចង់បន្តទៅធ្វើការនៅរោងចក្រថ្មី ដែលមានទីតាំងស្ថិត​នៅឃុំបែកចាន ស្រុកអង្គ​ស្នួល ខេត្ត​កណ្ដាល គឺកម្មករទាំងនោះត្រូវចុះឈ្មោះជាថ្មី។ អ្នកស្រីថា ករណីនេះហើយដែលក្រុមកម្មករប្រមាណ២០០នាក់ មិនព្រមទៅ ដោយយល់ថាបានធ្វើឱ្យបាត់បង់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករដែលបានបម្រើការងារយូរឆ្នាំ ស្របពេល​រោងចក្រថ្មីនោះ​នៅ​ឆ្ងាយ ដែល​កម្មករ​​មិនអាចទៅបន្តការងារបាន។

អ្នកស្រីបន្ថែមថា៖ «ថៅកែថា បើយើងមិនស្ម័គ្រចិត្តទៅ គេឱ្យដាក់ពាក្យលាឈប់​ពីការងារដោយខ្លួនឯង។ ហើយគេថាទៅរោងចក្រថ្មីនោះ ក៏​គេទាមទារឱ្យយើងដាក់ពាក្យលាឈប់ពីការងារនៅនេះសិនដែរ។ ដល់ពេលនៅនោះ យើងជាកម្មករថ្មី ឯកសារថ្មី។ កាលណាធ្វើអ៊ីចឹង វាធ្វើឱ្យកម្មករបាត់បង់ផលប្រយោជន៍ទាំងអស់ គាត់ខំធ្វើការងាររាប់ឆ្នាំហ្នឹង វាបានបាត់បង់ទាំងអស់ វាបានតែលុយប្រាក់ខែចុងក្រោយ និងបំណាច់ឆ្នាំ។ ពួកខ្ញុំដែលនៅតវ៉ានេះ ​អត់ព្រមលាឈប់ និងទៅតាមគាត់ទេ ខ្ញុំចង់ឱ្យ​ដោះស្រាយតាមច្បាប់ស្តីការងារ»

កម្មការិនីផ្នែកដេរម្នាក់ទៀត អ្នកស្រី សាំង ស្រីមាច បម្រើការងារនៅរោចក្រ ហេន​​ស៊ើវិន រយៈពេល​​១០ឆ្នាំ បាន​ឱ្យដឹង​ថា កម្មករ​ដែល​នៅតែតវ៉ា​នេះ ភាគច្រើនជាអ្នកមានអតីតភាពការងារយូរឆ្នាំ គឺចន្លោះពី២ឆ្នាំ​ ទៅ១១ឆ្នាំ។ អ្នកស្រីថា ការតវ៉ារយៈពេល៤ថ្ងៃនេះ គឺមានអាជ្ញាធរ និងមន្ត្រីក្រសួងការងារ ចុះទៅ​សម្របសម្រួលដោះស្រាយដែរ ប៉ុន្តែមិនទាន់​ទទួលបាន​លទ្ធផលណាមួយនៅ​ឡើយ។

កម្មការិនីរូបនេះបន្តថា ការពន្យារពេលមិនដោះស្រាយឱ្យឆាប់ចប់នេះ បានបង្កផលលំបាកជាខ្លាំងដល់កម្មករ ខណៈ​ពួកគេកំពុងខ្វះខាត​​ក្នុងជីវភាពគ្រួសារ​ ដោយសារ​គ្មានការងារធ្វើ និងត្រូវចំណាយផ្សេងៗ។

អ្នកស្រីបន្ថែមថា៖ «អ៊ីចឹងខ្ញុំសូមអំពាវនាវដល់ក្រសួង​ការ​ងារ និងថ្នាក់ដឹកនាំជាអ្នកច្បាប់ សុំឱ្យគាត់ជួយដោះស្រាយដល់កម្មករផង ព្រោះថៅកែមិនមានដំណោះស្រាយឱ្យពួកខ្ញុំទេ ព្រោះថា ពួកខ្ញុំ​ជាកម្មករនេះ ភាគច្រើនសុទ្ធតែជំពាក់បំណុលធនាគារ ត្រូវ​ចំណាយ​កូន​រៀន ថ្លៃ​ផ្ទះ​ជួល ការហូបចុកប្រចាំ ហើយពួកខ្ញុំប្រាក់ខែមិនដល់២០០ដុល្លារ​ផង​ហ្នឹង»

ប្រធាន​រដ្ឋបាលរោងចក្រ​ ហេន​ស៊ើវេន អ្នកស្រី សុខ លីដា ប្រាប់វីអូឌីយ៉ាងខ្លីថា រោងចក្រមិនបានបិទនោះទេ ហើយ​បញ្ហាវិវាទការងារនេះបានដោះស្រាយចប់ហើយនៅព្រឹកមិញនេះ ក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ ដោយ​កម្មករសម្រេច​ចូលធ្វើការងារធម្មតាវិញ ចាប់ពីថ្ងៃស្អែកនេះ​ នៅរោងចក្រដដែលនេះ។

អ្នកស្រីបន្ថែមថា៖ «និយាយរួម ពាក់ព័ន្ធជាមួយបញ្ហានេះ ខ្ញុំបានទៅប្រជុំផ្សះផ្សារួចរាល់ហើយ​ អត់មានការផ្លាស់ប្តូររោងចក្រ​អី​ទេ គឺនៅធ្វើការដូចដើម។ ពីថ្ងៃស្អែក គឺកម្មករចូលធ្វើការងារទាំងអស់គ្នាវិញដូចដើម»

តំណាងកម្មករម្នាក់ លោក រិន នឹង ដែលចូលប្រជុំរកដំណោះស្រាយជាមួយ​ភាគីរោងចក្រ និងតំណាងក្រសួងការងារ នៅទីស្តីការ​ក្រសួង នៅព្រឹកមិញនេះ បានប្រាប់វីអូឌីថា ក្នុងកិច្ចប្រជុំនោះ ​ភាគីរោងចក្រអះអាងថា រោងចក្រអាចនឹងបិទដំណើរនៅខែមីនា ឆ្នាំ២​០២៣ ហើយថា ប្រសិនបើបិទទ្វារ ខាងរោងចក្រ​ដោះស្រាយអត្ថប្រយោជន៍ជូនកម្មករតាមផ្លូវច្បាប់។

តំណាងកម្មកររូបនេះបន្តថា ត្រង់ចំណុចនេះហើយដែលក្រុមកម្មករសម្រេចចូលធ្វើការងារវិញនៅថ្ងៃស្អែក ដោយរំពឹងថា ភាគី​រោងចក្រនឹងគោរពតាមកិច្ចព្រមព្រៀងនៃកិច្ចប្រជុំព្រឹកមិញនេះ។

លោកបន្ថែមថា៖ «យើងស្នើថា ប្រសិនជា​រោងចក្របិទ​ ត្រូវទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករ​ទៅតាមផ្លូវច្បាប់របស់យើង។ គេបានសន្យាថា គេនឹងទៅទូទាត់ឱ្យយើង»

វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ ពាក់ព័ន្ធរឿងនេះ។

ប្រធានសហព័ន្ធសហជីព​​ឯករាជ្យ លោក រី សិទ្ធីណែត មានប្រសាសន៍ថា ករណីថៅកែឱ្យកម្មករលាឈប់ពីការងារដោយខ្លួនឯង ដោយសារផ្លាស់ប្តូររោងចក្រនោះ គឺជារឿងមិនត្រឹមត្រូវ និងជាការគេចវេះពីការទទួលខុសត្រូវ​​ក្នុងការទូទាត់អត្ថប្រយោជន៍ផ្សេងៗ ហើយជាការកេងប្រវ័ញ្ចកម្លាំងពលកម្មករ។

ប្រធានសហព័ន្ធសហជីពរូបនេះ ឱ្យដឹងថា តាមផ្លូវច្បាប់ ប្រសិនបើរោងចក្រផ្លាស់ប្តូរទីតាំង ហើយកម្មករព្រមទៅតាម គឺភាគីរោងចក្រត្រូវទទួលយកកម្មករ ដោយផ្តល់មធ្យោ​បាយសម្រាប់ដឹកជញ្ជូនកម្មករទៅ និងមកវិញក្រោយបំពេញការងាររយៈពេល៨ម៉ោង។

មួយទៀត លោកថា ក្នុងករណីកម្មករមិនព្រមទៅតាមទេ គឺរោងចក្រត្រូវទូទាត់សំណងជូនកម្មករតាមផ្លូវច្បាប់ រួមមាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់ជួស​ការឈប់សម្រាកប្រចាំឆ្នាំ ប្រាក់បំណាច់​អតីត​ភាព​ការងារ និង​ប្រាក់​ជំងឺចិត្ត​សម្រាប់​កម្មករ។

លោកបន្ថែមថា៖ «ប៉ុន្តែជាទូទៅ ថៅកែរោងចក្រតែងតែខូច មានន័យថា ពេលគាត់អត់មានការងារឱ្យកម្មករធ្វើ ឬមានបញ្ហាអ្វីដែលទាក់ទងនឹងចង្វាក់ផលិតកម្ម គឺគាត់តែងតែជំរុញឱ្យកម្មករដាក់ពាក្យឈប់ដោយខ្លួនឯង មានន័យថា ពេលកម្មករដាក់ពាក្យឈប់ដោយខ្លួនឯង កម្មករអត់ទទួលបានប្រាក់ជូនដំណឹងមុន អត់បានប្រាក់ជំងឺចិត្តទេ។ អ៊ីចឹងមានន័យថា កម្មករត្រូវបាត់បង់២ចំណុចនេះ ដែលមានលុយច្រើនដែរសម្រាប់​កម្មករនិយោជិត»

បើតាមក្រុម​​កម្មករ រោងចក្រ ​ហេនស៊ើវេន ជារោងចក្រផលិតសម្លៀកបំពាក់ មានថៅកែជាជនជាតិចិន ហើយថា ដើមឡើយ រោងចក្រនេះ​មានកម្មករជិត២ ០០០នាក់បម្រើការងារ ប៉ុន្តែបច្ចុប្បន្ននៅសល់កម្មករប្រហែល២០០នាក់ប៉ុណ្ណោះ ដោយពួកគេ​បានលាឈប់ពីការងារ ក្រោយថៅកែរោងចក្រនេះបង្កការលំបាក និងគាប​សង្កត់លើពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ