អាជ្ញាធររាជធានីភ្នំពេញអនុញ្ញាតឱ្យយុវជនធ្វើបាតុកម្មប្រឆាំងគម្រោងបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម

ក្រុមយុវជនមួយក្រុមយកញត្តិមកដាក់នៅសាលារាជធានីភ្នំពេញ សុំធ្វើបាតុកម្មដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ ក្នុងបំណងទាមទារ​​​​​​បញ្ឈប់ការ​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

រដ្ឋបាលរាជធានីភ្នំពេញ  អនុញ្ញាតឱ្យក្រុមយុវជន​ធ្វើបាតុកម្មនៅ​ទីលាន​​ប្រជា​ធិប​​តេយ្យ​ ប្រឆាំង​​​​​​​ការ​​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍​ដល់​​​ជន​​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​ដេប៉ាតឺម៉ង់​​សិក្សាភាសាវៀតណាម​នៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ នៅចុងខែធ្នូនេះ។

យុវជន អ៊ំ ឈុម ដែលជាអ្នកយកលិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញ បានឱ្យវីអូឌីដឹងនៅថ្ងៃអាទិត្យនេះថា រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឱ្យក្រុមយុវជន​ធ្វើបាតុកម្មនៅ​ទីលាន​​ប្រជា​ធិប​​តេយ្យ​ ប្រឆាំង​​​​​​​ការ​​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍​ដល់​​​ជន​​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាម​នៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី២៤ និង២៥ ខែធ្នូ ឆ្នាំ២០២២​ វេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាច ដោយដាក់កំហិតឱ្យអ្នកចូលរួមក្រោម២០០នាក់។

ទោះជាយ៉ាងណា លោក អ៊ំ ឈុម បន្តថា បច្ចុប្បន្ននេះ ក្រុមការងាររបស់លោកកំពុងស្រង់ស្ថិតិនៃចំនួនប្រជាពលរដ្ឋដែលគាត់គាំទ្រការធ្វើបាតុកម្មឱ្យបានជាក់លាក់ ខណៈលោកអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជនចូលរួមបាតុកម្មនៅចុងខែធ្នូនេះឱ្យបានច្រើនកុះករ ប្រឆាំង​​​​​​​ការ​​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍​ដល់​​​ជន​​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាម​នៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ។

លោកមានប្រសាសន៍ថា៖ «សូមឱ្យមានការចូលរួមឱ្យបានច្រើន ព្រោះនេះជាឱកាសតែមួយគត់សម្រាប់ប្រជាពលរដ្ឋ» ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា សាលារាជធានីអនុញ្ញាតឱ្យក្រុមយុវជនធ្វើ​បាតុកម្មនៅទីលានប្រជាធិបតេយ្យ ប៉ុន្តែពួកគេត្រូវផ្តល់ចំនួនជាក់លាក់ដល់សាលារាជធានីភ្នំពេញ ដើម្បីងាយស្រួលអាជ្ញាធរចាត់កម្លាំងជួយរក្សាសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកមានប្រសាសន៍ថា៖ «យើងអនុញ្ញាតឱ្យធ្វើនៅសប្តាហ៍ក្រោយ យើងចង់ឱ្យកំណត់ចំនួនជាក់លាក់ ដើម្បីឱ្យសមត្ថកិច្ថរបស់យើងអាចជួយមើលខុសត្រូវ ឬការពាក់ព័ន្ធផ្សេងៗលើចំនួនអ្នកចូលរួមហ្នឹង ដូចជា ការងារសណ្ដាប់ធ្នាប់ ចំណត ឬក៏ករណីផ្សេងៗទៀតជាដើម។ អ៊ីចឹងចំនួនសុំ [ឱ្យអ្នកចូលរួមបាតុកម្ម] វាចំហខ្លាំងពេក ពី១០នាក់ ទៅ២០០នាក់។ យើងមិនអាចយកជាការបាន ដូចយើងស្នើឱ្យគាត់ពិចារណា ហើយជូននូវចំនួនជាក់លាក់មួយ មុនពេលធ្វើបាតុកម្មនៅសប្តាហ៍ក្រោយនេះ»។

លោក ម៉េត មាសភក្ដី សង្ឃឹមថា ក្រុមយុវជននឹងជូនព័ត៌មានអ្នកចូលរួមធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យឱ្យបានជាក់លាក់ ហើយធ្វើតាមច្បាប់កំណត់មិនឱ្យលើស២០០នាក់។

នាយក​​ទទួល​​បន្ទុក​កិច្ចកា​រ​ទូទៅ នៃអ​ង្គ​ការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នៅក្នុងច្បាប់ ការជួបជុំ ប្រមូលផ្ដុំដោយសន្តិវិធីក្រោម២០០នាក់ គ្រាន់តែជូនដំណឹងទៅសាលារាជធានីភ្នំពេញ គឺប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការជួបជុំសម្តែងមតិបែបអហិង្សាស្របតាមច្បាប់។ ប៉ុន្តែលោកថា បើសាលារាជធានីភ្នំពេញអនុញ្ញាតឱ្យពលរដ្ឋធ្វើបាតុកម្មដោយសន្តិវីធី ដោយដាក់កំហិតចំនួនក្រោម២០០នាក់ មានន័យថា ស្មើនឹងសុំច្បាប់ជួបជុំគ្នា ដែលការណ៍នេះ ផ្ទុយពីច្បាប់ដែលបានចែងទៅវិញ ។

លោកមានប្រសាសន៍ថា៖ «ការសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ជាការជូនដំណឹង គឺពលរដ្ឋអាចធ្វើការជួបជុំបានហើយ មិនមែនជាការអនុញ្ញាតនោះទេ។ បើយើងប្រើសាលារាជធានីភ្នំពេញអនុញ្ញាត ស្មើ​នឹងការសុំច្បាប់ វាផ្ទុយពីច្បាប់បាតុកម្មដោយសន្តិវិធី។ ហើយទី២ ការឱ្យកំណត់ចំនួនជាក់លាក់ មិនមែនជារឿងធ្ងន់ធ្ងរទេ។ បើក្នុងការជូនដំណឹងពី១០នាក់ទៅ២០០នាក់ ខ្ញុំគិតថា ចំនួននេះ វាមិនមែនជាបញ្ហាធំដែលធ្វើឱ្យរាំងស្ទះនៅក្នុងការជួបជុំនិងការប្រមូលផ្តុំនេះទេ»។

លោកបន្ថែមថា៖ «បើសិនជាមានការចូលរួមសម្តែងមតិ មានចំនួនលើសតិចតួច ឬខ្វះតិចតួច ហើយមានការចាប់ទោស រារាំង មិនអនុញ្ញាតឱ្យធ្វើការជួបជុំ​វិញ មានន័យថា ស្មើនឹងមិនឱ្យធ្វើដដែល»។

ការស្នើសុំធ្វើបាតុកម្មរបស់ក្រុមយុវជន​ទាំងនេះធ្វើឡើងក្រោយពីក្រសួងអប់រំ យុវជន និងកីឡា គ្រោង​​បង្កើត​អាគារ​សិក្សា​​ភាសា​​​វៀត​​​ណាម​​​​នៅ​​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ ខណៈក្រសួង​មហាផ្ទៃ​បានក្រើនរំឭក​ដល់​​​មន្ត្រី​ក្រោម​ឱវាទ និង​វិស័យ​ឯកជនទទួល​ស្គាល់​បណ្ណ​​​​​ស្នាក់​នៅអចិន្ត្រៃយ៍ជនបរទេសអន្តោប្រវេសន្ត​សម្រាប់​បម្រើ​ក្នុងជីវភាពប្រចាំថ្ងៃ បន្ទាប់ពីរកឃើញថា មន្ត្រី​ថ្នា​ក់​ក្រោមជាតិ និងវិស័យឯកជនមួយចំនួន មិនទាន់​ទទួលស្គាល់តម្លៃ​ក្នុងការប្រើប្រាស់បណ្ណ​ស្នាក់នៅអចិន្ត្រៃយ៍​​របស់ជនបរទេសអន្តោប្រវេសន្តទាំងនោះ។

មាត្រា​​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ​មាន​​សិទ្ធិ​ចូល​រួមយ៉ាងសកម្មក្នុងជីវភាព​នយោ​បាយ សេដ្ឋ​កិច្ច សង្គម​កិច្ច និង​វប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយ​របស់​ប្រជា​ពលរដ្ឋ ត្រូវ​បានទទួល​ការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ចំណែកមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់ ខណៈមាត្រា៤១ ​ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ