ថៅកែ​រោងចក្រ អ៊ីស្តក្រោន បដិសេធ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​៩នាក់​ចូលធ្វើការ​វិញ ខណៈ​ក្រសួង​ឱ្យ​​ប្ដឹង​ទៅ​តុលាការ

ច្រកចូលរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ។(Independent Trade Union Confederation)

កម្មករឱ្យដឹងថា ថៅកែរោងចក្រ អ៊ីស្តក្រោន នៅតែបដិសេធទទួលយកថ្នាក់ដឹកនាំសហជីព ៩នាក់ ចូល​ធ្វើការ​ងារ​វិញ ហើយ​​​ក្រសួង​​ការ​ងារ​ជំរុញឱ្យកម្មករដែលត្រូវបានបញ្ឈប់​ប្ដឹងករណីនេះ​ទៅ​តុលាការ។

គិត​ត្រឹម​​ថ្ងៃ​​​ទី​​១៩ ខែធ្នូនេះ កម្មករ-កម្មការិនីចំនួន​៩​នាក់​​ហើយ ដែល​​បម្រើ​ការងារនៅរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ ត្រូវបាន​ថៅកែចេញ​លិខិត​​​បញ្ចប់​​កិច្ចស​ន្យាកា​រ​ងារ ក្រោយ​កម្មករទាំងនោះនាំគ្នា​បង្កើត​​សហជីពមួយ​ឈ្មោះ​ «សហជីពឯករាជ្យ» នៅ​ក្នុង​រោងចក្រ ដើម្បីជួយ​តស៊ូ​មតិ និង​ការពារ​​សិទ្ធិ​ជូន​កម្មករ។

ស្ថាបនិកសហជីពឯករាជ្យប្រចាំរោងចក្រ​ អ៊ីស្តក្រោន លោក ឌួង តុលា ដែល​ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការ​ងារ ប្រាប់វីអូឌីនៅចន្ទនេះថា កាលពីថ្ងៃទី១៦ ខែធ្នូនេះ ក្រសួង​ការងារ​បាន​ហៅក​ម្មករ​ចំនួន​៣នាក់ទៀតទៅផ្សះផ្សា​វិវាទ​ការងារ​ជាមួយ​ភាគីរោង​ចក្រ ប៉ុន្តែមិន​ទទួល​បាន​លទ្ធផលនោះទេ ដោយភាគីរោងចក្រនៅរក្សាជំហរ​មិនព្រមទទួលយកកម្មករដែលជាថ្នាក់ដឹកនាំសហជីពឯករាជ្យប្រចាំរោងចក្រនេះឱ្យចូលធ្វើការងារវិញដដែល។

ស្ថាបនិក​សហជីព​រូប​នេះបន្ត​ថា ក្រោយ​សម្រប​សម្រួល​​ផ្សះផ្សា​មិន​ត្រូវ​គ្នា​ ខាង​ក្រសួង​ការ​ងារ​បាន​ជំរុ​ញ​ឱ្យ​កម្មករ​ប្តឹង​ករណីនេះទៅ​តុលាការ ក្រោមហេតុផលថា វិវាទ​ការងារនេះ​ហួស​ពីដែន​សមត្ថកិច្ចរបស់ខ្លួនក្នុងការដោះស្រាយ។

លោកបន្ថែមថា៖ «ការផ្សះផ្សា​នៅថ្ងៃហ្នឹង [ថ្ងៃទី១៦ ខែធ្នូ] គឺខាងក្រុមហ៊ុនគេនៅតែនិយាយថា បញ្ចប់កិច្ចសន្យាការងារនេះមិនមែនជាការរើសអើងសហជីព ប៉ុន្តែពួកយើងនៅតែចាត់ទុកថាជាការរើសអើងសហ​ជីព​ ដោយ​សារ​មុន​ពេល​ពួក​យើង​បង្កើត​សហជីព គឺមិន​មាន​បញ្ហាអ្វីទេ គឺខាងរោងចក្របានបន្ត​កិច្ច​សន្យាកា​រងារ​ដល់​ពួក​យើង​ធម្មតា មិនមានរឿងអីជាមួយគ្នាទេ ប៉ុន្តែក្រោយពីដឹង​ថាពួក​យើង​ជា​ស្ថាបនិក​បង្កើត​សហជីព គឺបានបញ្ឈប់ពួកយើង»

ប្រធានរដ្ឋបាលរោងចក្រ អ៊ីស្តក្រោន លោក វ៉ា អ៊ីហុង សុំមិនឆ្លើយពាក់ព័ន្ធករណីនេះទេ ដោយលោកបង្វែរឱ្យទៅក្រសួងការងារវិញ។

វីអូឌី មិន​អាច​សុំកា​រ​ឆ្លើយ​តប​ពីប្រធាននាយកដ្ឋានវិវាទការងារ ​នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អាំង សេង​លី បានទេ ពាក់ព័ន្ធករណីនេះ។

យ៉ាងណា កាលពីថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ២០២២ នាយកដ្ឋានវិវាទការងារ បានចេញលិខិតមួយដោយលើកឡើងថា បន្ទាប់ពីបានផ្សះផ្សា និងពិនិត្យលើអង្គហេតុ និងអង្គច្បាប់​នៃសំណុំរឿងវិវាទការងារនេះ គឺថ្នាក់ដឹកនាំសហជីពទាំងនោះពុំមែនជាកម្មករដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារនោះទេ ប៉ុន្តែជាការផុតរលត់​នៃកិច្ចសន្យាការងាររវាងកម្មករ និងក្រុមហ៊ុន ដែលស្របទៅតាមច្បាប់ស្តីពីការងារ ត្រង់មាត្រា៧៣។

នាយកដ្ឋានវិវាទការងារ បញ្ជាក់ថា យោងតាមច្បាប់ស្តីពីសហជីព ត្រង់មាត្រា៦៧ គឺមិនអាចអនុវត្តចំពោះករណីបញ្ចប់កិច្ចសន្យាការងារតាមបញ្ញត្តិមាត្រា៧៣ នៃច្បាប់ស្តីពីការងារបានឡើយ។ នាយកដ្ឋានមួយនេះបន្តថា ប្រសិនបើភាគីណាមិនសុខចិត្ត អាចអនុវត្តនូវសិទ្ធិរបស់ខ្លួនប្តឹងទៅតុលាការ ដើម្បីដោះស្រាយបន្តបាន។

ប្រធានសហព័ន្ធសហជីព​​ឯករាជ្យ លោក រី សិទ្ធីណែត បានបង្ហាញការសោកស្តាយចំពោះក្រសួងការងារដែលយល់ស្របតាមភាគីក្រុមហ៊ុនលើការបញ្ចប់កិច្ចសន្យាការងារកម្មករ។ លោកថា ការដោះស្រាយរបស់ក្រសួងនេះ គឺមានភាពលម្អៀងទៅខាងរោងចក្រ ដោយមិនបានពិនិត្យលើដើមហេតុ​នៃវិវាទឱ្យបានច្បាស់លាស់ឡើយ។

ប្រធានសហព័ន្ធសហជីពរូបនេះចាត់ទុក​ករណីថៅកែបញ្ចប់កិច្ចសន្យាការងារ ថា​ជាការរើសអើងសហជីព។ លោកថា មុនបញ្ចប់កិច្ចសន្យាការងារកម្មករ គឺភាគីរោងចក្របានហៅកម្មករទាំង ៩នាក់ ទៅប្រាប់ឱ្យលាឈប់ពីសហជីព ដើម្បីទទួលបាន​ការបន្តកិច្ចសន្យាការងារឡើងវិញ ហើយរដ្ឋបាលរោងចក្រក៏ធ្លាប់ផ្ញើសារទៅកម្មករថាពុំមានការបញ្ចប់កិច្ចសន្យាការ​ងារ​ផង​ដែរ។

លោកបន្ថែមថា៖ «រដ្ឋបាលថា បើអ្នកឯង​លាឈប់​ពី​ការ​ងារ​ នឹង​បន្ត​កិច្ច​សន្យា​ឱ្យ​ នេះទី១។ ទី២​ នៅពេលដែលគាត់និយាយថាបញ្ចប់កិច្ចសន្យា ប៉ុន្តែគាត់បានផ្ញើសារថាគាត់អត់បានបញ្ចប់កិច្ចសន្យាទេ។ សារហ្នឹងយើងក៏បានដាក់ទៅក្រសួងការ​ងារ​ដែរ ប៉ុន្តែយើង​សោកស្តាយដែរ​ ដែលក្រសួងបានឯកភាពទៅលើការឱ្យបញ្ឈប់កម្មក​រ​និយោជិត ​ដោយ​ក្រោម​ហេតុ​ថាដល់​កិច្ច​សន្យា ដែលតាមពិតរោងចក្របានស្តែងបញ្ជាក់ហើយថា បើអត់ធ្វើសហជីព គេបន្តកិច្ចសន្យា ដែលស្តែងឱ្យឃើញពីការ​រើសអើងជីព»

បើតាមលោក រី សិទ្ធីណែត សហព័ន្ធសហជីពរបស់លោកនឹងប្តឹងករណីនេះទៅរដ្ឋមន្ត្រីក្រសួងការងារ និងអ្នកបញ្ជាទិញបន្តទៀត ដើម្បីសុំអន្តរាគមន៍ឱ្យកម្មករបានចូលធ្វើការងារវិញ។

ក្នុងបណ្តឹងដាក់ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កាលអំឡុងខែសីហា ឆ្នាំ២០២២ កម្មករប្រមាណ១០នាក់បានបោះឆ្នោតបង្កើតសហជីពឯករាជ្យនៅក្នុងរោងចក្រ អ៊ីស្តក្រោន និងដាក់ពាក្យស្នើសុំទៅក្រសួងការងារ ដោយមន្ត្រីក្រសួងការងារបានចេញបង្កាន់ដៃទទួលស្គាល់ពាក្យស្នើសុំចុះបញ្ជីនោះពីកម្មករ។

បណ្តឹងដដែលបន្តថា ក្រោយមក នៅថ្ងៃទី៤ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ថៅកែរោងចក្របានបញ្ឈប់កម្មករដែលជាថ្នាក់ដឹកនាំ និងសហ​ស្ថាបនិកសហជីពចំនួន៩នាក់ជាបន្តបន្ទាប់ ក្រោយហេតុផល​ថាគ្មានការងារធ្វើ។

បើតាម​​កម្មករ​ រោង​ចក្រ​​ អ៊ីស្តក្រោន មានកម្មករប្រមាណ៣ ០០០នាក់កំពុងបម្រើការងារ ដែលមានថៅកែជាជនជាតិចិន និងជា​រោងចក្រផលិតស្បែកជើងម៉ាក ភូម៉ា (PUMA)។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ​២០២២ សម្ព័ន្ធ​សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានឱ្យដឹងថា មាន​​​រោង​ចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប​១ ៤០៨នាក់ បាន​​រងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីព​ក្នុង​សហគ្រាស និងគ្រឹះ​ស្ថាន​​​ដែលពួកគេកំពុង​ធ្វើការ។

មួយ​ទៀត​​នោះ សហជីពថា សំណុំរឿងមួយចំនួន​ដែល​​ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​បាន​ដោះ​ស្រាយ និង​​សម្រេច​​​ឱ្យ​ក​ម្មករ​​ឈ្នះ​​​​ហើយ គឺមិនត្រូវបានថៅកែ ឬនិយោជក​អនុវត្តតាម​សេចក្ដី​​បង្គាប់​​របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ឡើយ ដែល​​ករ​ណី​នេះ សហជីព​ចាត់​ទុក​​​ថា​ជា​ការរំលោភសិទ្ធិ​មនុស្ស​​ធ្ងន់​​ធ្ងរ និង​​​​ជា​​ការកេងប្រវ័ញ្ចកម្លាំងពលកម្ម​កម្មករ ដែលត្រូវ​បាន​ហាម​ឃាត់​ដោយ​​ច្បាប់​។

អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បាន​ចេញរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ​លើកឡើង​ថា នៅកម្ពុជា មានតែសហជីព​ដែលស្និទ្ធជាមួយថៅកែទេ ទើបអាចបន្តរស់រានមានជីវិតបានល្អប្រសើរ ខណៈសហជីពឯករាជ្យ​ក្នុងវិស័យកាត់ដេរ​សម្លៀក​បំពាក់ និង​ទេស​ចរណ៍ បានរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីសំណាក់ថៅកែ និងរដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ