អាមេរិក​ថា​ចំនួន​កើនឡើង​នៃ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩​ក្នុងប្រទេស​ចិន គឺ​ជា​ក្ដីបារម្ភ​សម្រាប់​ពិភពលោក

បុគ្គលិក​សុខាភិបាល​ចុះ​ឈ្មោះ​ពលរដ្ឋសម្រាប់​ទទួលយកស្ព្រាយ(spay)បាញ់ច្រមុះដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០២២។ (REUTERS)

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា អាមេរិក​សង្ឃឹម​ថា ប្រទេសចិ​នអា​ច​ដោះស្រាយ​បាន​នូ​វ​ការផ្ទុះ​ឡើងវិញ​នៃជំងឺ​កូវីដ-១៩ នាពេលបច្ចុប្បន្ន​នេះ ខណៈចំនួន​កើនឡើង​អ្នក​ឆ្លងនៃមេរោគនេះ គឺ​ជាក្តីបារម្ភដ៏ធំមួយ​របស់​សកលលោក​ ដោយ​​សារ​តែទំ​ហំសេដ្ឋកិច្ចរបស់​ប្រទេស​ចិន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានថ្លែងថា៖ «ចំនួន​កើនឡើងអ្នក​ឆ្លងនៃជំងឺនេះ [ក្នុងប្រទេសចិន] ក៏ជាការព្រួយបារម្ភចំពោះប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក​ផង​ដែរ ដោយសារ​តែទំ​ហំ​នៃផលិត​ផលក្នុងស្រុកសរុប [GDP] ក៏ដូចជាទំហំសេដ្ឋកិច្ចរបស់ប្រទេសចិន»។

លោកបន្ថែមថា៖ «ការដែលរក្សាបាននូវស្ថានភាពល្អទាក់ទងនឹងវីរុសកូវីដ-១៩ នៅក្នុងប្រទេសចិន គឺមិនមែនល្អសម្រាប់តែប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អសម្រាប់ពិភពលោកទាំងមូលផងដែរ»។

​លោក Ned Price បានឱ្យដឹងទៀតថា រាល់ពេល​ដែល​មេរោគ​មានការឆ្លង​រីក​រាល​ដាល វា​មាន​សក្ដានុពល​ក្នុង​ការ​បំប្លែង និង​បង្ក​ការ​គំរាម​កំហែង​នៅគ្រប់​ទីកន្លែងទាំងអស់។

ការថ្លែងជាក្ដីបារម្ភរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ បានធ្វើឡើង​ស្របពេល​ដែលសញ្ញាឆ្លង​រីករាលដាលនៃជំងឺកូវីដ-១៩ ​ហាក់កំពុងតែ​ចាប់ផ្ដើមហក់ឡើងវិញនៅក្នុងប្រទេស​ចិន នៅក្រោយ​រដ្ឋាភិបាលប្រកាស​បោះបង់​ចោល​គោលនយោបាយ​កូវីដសូន្យ ដែល​អនុវត្ត​បាន៣​ឆ្នាំ​មក​នេះ កាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា ចិន គិតរហូតមកដល់ពេលបច្ចុប្បន្ន មានការឆ្លងវីរុសកូវីដ-១៩ សរុបនៅក្នុងប្រទេសជិត ២ លានករណី។

ទោះជាយ៉ាងណា​ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងប្រទេស​មួយនេះមានចំនួន​ ៥ ២៣៧នាក់​ ខណៈវាគឺជាតួលេខទាបមួយ បើគិតពីចំនួនប្រជាជន១,៤ពាន់លាននាក់របស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ