សង្គមស៊ីវិលមួយចំនួនបន្តធ្វើយុទ្ធនាការទាមទារឱ្យមានការដោះលែងអ្នកជាប់ឃុំមនសិការជិត៥០នាក់

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរត្រូវបានអាជ្ញាធរចាប់ខ្លួននៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ (រូបថត VOD English)

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួនបាននិងកំពុងធ្វើយុទ្ធនាការ​ទាមទារឱ្យ​រដ្ឋា​ភិ​បាល​​ដោះ​លែង​អ្នក​ជាប់​ឃុំ​​មនសិការចំនួន ៤៩​នាក់ ឱ្យ​មាន​សេរីភាព​ និងដោយ​ឥត​លក្ខ​ខណ្ឌ ដើម្បី​ឱ្យ​ពួកគេ​បាន​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ និង​បន្តភាព​សកម្ម​និយម​របស់​ពួក​គេ​វិញ។

អង្គការសង្គមស៊ីវិល​ដែលបាន​និង​កំពុង​ធ្វើយុទ្ធនាការទាមទារ​ដោះលែងអ្នកជាប់ឃុំមនសិការនោះ រួមមាន ​អង្គ​ការការពារសិទ្ធិមនុស្ស​​លីកាដូ ​​​សមាគ​ម​​​ការ​ពារ​សិទ្ធិ​​មនុស្ស​អាដ​ហុក និង​មជ្ឈ​មណ្ឌល​​​សិទ្ធិមនុស្ស​កម្ពុជា​ ជាដើម។ ចំណែកអ្នកជាប់ឃុំទាំង៤៩នាក់​​នោះ​ រួម​មាន សកម្មជននយោបាយ​ចំនួន៣៧នាក់ សកម្មជនដីធ្លី៧នាក់ អ្នកសារព័ត៌មានម្នាក់ មេដឹកនាំសហជីពម្នាក់ និង​សកម្មជនផ្សេងៗ៣នាក់ទៀត​។

ប្រ​​ធាន​​​សមាគ​ម​​​ការ​ពារ​សិទ្ធិ​​មនុស្ស​អាដ​ហុក លោក នី សុខា មានប្រសាសន៍នៅថ្ងៃពុធនេះ​ថា អ្នក​​ទាំង៤៩នាក់​បានជាប់ឃុំនៅពន្ធនាគារ ដោយ​សារ​តែ​ពួក​គេ​ប្រើប្រាស់​សិទ្ធិ​តស៊ូ​មតិ​ក្នុង​ការ​ទាម​ទារ​យុត្តិធម៌​​សង្គម ​មិនមែន​ជាប់​ទោស​ដោយ​ការ​ប្រព្រឹត្ត​បទ​ល្មើស​​ដូច​រដ្ឋាភិ​បាលចោទ​ប្រកាន់នោះទេ។

លោកបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើង​ដើម្បី​រម្លឹក​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​យក​ចិត្តទុក​ដាក់ ដោះ​ស្រាយ​​បញ្ហាកំពុ​ង​កើត​ឡើង ​ជាពិសេសទ​ម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នកជាប់​ឃុំម​នសិការដោយសារ​កត្តានយោបាយឡើងវិញ ខណៈកម្ពុជា​ជា​ប្រទេសប្រកាន់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ លោកបន្ថែម​ថា ​អ្នកនយោបាយជំទាស់ និងមានមតិផ្ទុយពីរដ្ឋាភិបាល មិនគួរត្រូវបានដាក់ទោសទណ្ឌឡើយ។

លោកថា៖ «មិនមានច្បាប់ណាមួយដែលត្រូវដាក់ទោសទណ្ឌអ្នកដែលមានទស្សនៈផ្ទុយនឹងរដ្ឋាភិបាលទេ ដោយសារប្រទេស​យើងជាប្រទេសដែលប្រកាន់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ត្រង់ហ្នឹង​ហើយ​ដែលយើងនៅតែដាក់សារ​នៅក្នុងវេបសាយរបស់អង្គការយើង ដើម្បី​បង្ហាញ​ទៅ​ដល់​រដ្ឋាភិបាល និង​ទៅប្រទេសដែលជាហត្ថលេខីនៃកិច្ច​ព្រម​ព្រៀង​សន្តិភាពទីក្រុងប៉ារីសផង ដើម្បីឱ្យគេដឹងថា អ្នកដែលជាប់ទោសមនសិការទាំងអស់​ហ្នឹង​​មានចំនួន​ប៉ុន្មាន​ហើយ និង​មាន​អ្នក​ណាខ្លះ​​ជាប់​រយៈពេលប៉ុន្មានហើយ ដើម្បីឱ្យគេមានការយកចិត្តទុកដាក់​ក្នុងការ​ចូលរួមទាមទារ និងតស៊ូមតិជាមួយរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាហ្នឹង»។

លោក នី សុខា ក៏បាន​បង្ហាញក្ដីបារម្ភអំពីស្ថានភាពនៃកា​រ​បោះឆ្នោតនាពេលខាងមុខនេះផង​ដែរ ប្រសិនបើ​​រដ្ឋាភិបាលកម្ពុជា​មិន​បាន​ឆ្លើយ​តប​ជាវិជ្ជមាន​ចំពោះសំណើរបស់សហគមន៍​អឺរ៉ុបដែលស្នើកម្ពុជា​​​ស្តារឡើងវិញ​​នូវ​បញ្ហាសិ​ទ្ធិ​មនុស្ស នយោបាយ និងប្រជាធិបតេយ្យ ខណៈ​សហគមន៍​​អឺរ៉ុប​កំពុង​តាមដាន​ស្ថានភាពនយោបាយ និង​វាយ​តម្លៃទៅលើ​ការ​បោះឆ្នោ​ត​នៅ​ឆ្នាំ២០២៣។

លោកថា៖ «ក្នុងនាមយើងសង្គមស៊ីវិល ​អត់ចង់ឃើញមានការដាក់សម្ពាធចំពោះរដ្ឋាភិបាលពីបណ្ដាប្រទេសលោក​សេរី​មួយ​ចំនួន ជា​ពិសេស​ប្រទេស​មហា​អំណាច​អ៊ីចឹង​ទេ ពីព្រោះការ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល មិនមែន​ប៉ះ​តែ​ទៅ​លើ​ជួ​រ​មន្ត្រី​ក្នុងរដ្ឋាភិបាលទេ ប៉ុន្តែ​វាក៏ប៉ះពាល់ទៅកម្មករ-កសិករ​យើងដែល​ជា​អ្នក​ក្រីក្រ ជាជនងាយ​រង​គ្រោះ​​នៅក្នុងសង្គម ធ្វើឱ្យមានបញ្ហាប្រឈមច្រើនទៅដល់ប្រទេសជាតិ ពិសេសបញ្ហាសេដ្ឋកិច្ច»។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ ​នៃ​អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ធ្វើ​យុទ្ធនាការ​ទាមទារឱ្យ​​ដោះលែងអ្នកជាប់ឃុំមនសិការ បានធ្វើឡើងតាមរយៈការ​បង្ហោះរូប​ភាព និងចំនួនថ្ងៃដែលអ្នកទាំង៤៩រូបបានជាប់ឃុំ នៅលើគេហទំព័ររបស់​អង្គការនីមួយៗ​ជាដើម។ លោកបន្តថា ការ​ធ្វើយុទ្ធនាការ​នេះ ដោយសារ​​ក្រុមអង្គការសង្គមស៊ីវិលមើលឃើញ​ថា​ អ្នក​​ទាំង​​នោះមិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល។

លោក អំ សំអាត ក៏​បាន​បង្ហាញ​ការព្រួយ​បារម្ភផង​ដែរ​​ពី​បញ្ហា​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ខណៈ​ស​ហគមន៍អន្តរជាតិនៅតែចាត់ទុកថាកំពុងធ្លាក់ចុះ។

លោកថា៖ «ប្រសិន​បើ​មាន​ការ​កែល​ម្អ គេ[សហគមន៍​អឺរ៉ុប]​នឹង​ពិចារណា​​ការ​អនុគ្រោះពន្ធ EBA ហើយចំពោះ២០​ភាគរយដែលបានកាត់ផ្ដាច់ គេនឹងពិចារណាឡើងវិញ។ ប៉ុន្តែបើយើងមិនបានពិចារណាក្នុងការកែប្រែកែលម្អទេ អាចនឹងទទួលការបាត់បង់បន្ថែមទៀត ហើយ​សហរដ្ឋអាមេរិកក៏ដូចគ្នា ដែលគេទាមទារឱ្យបើកលំហសេរីភាពនយោបាយ​ ដោយ​សហរដ្ឋអាមេរិក ក៏ជាទីផ្សារ​ធំ​ទី២ ចំពោះការអនុគ្រោះពាណិជ្ជកម្ម។ បើសិនយើងអត់មានការកែប្រែទេ យើងព្រួយបារម្ភចំពោះ​ការមិនបន្តទៅលើការអនុគ្រោះពាណិជ្ជកម្ម»

លោក អំ សំអាត ក៏បាន​ស្នើ​ទៅ​អ្នក​នយោបាយ ​ទាំង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ងាក​មក​រក​ការ​ចរចា​គ្នា​វិញ ដើម្បី​កុំ​ឱ្យសកម្មជនគណបក្សនយោបាយ សិទ្ធិ​មនុស្ស និង​សហជីព​ ជាដើម ក្លាយ​ជា​អ្នក​រង​គ្រោះប​ន្ត​ទៀត ហើយ​បញ្ឈប់វិបត្តិការ​លាប​ពណ៌គ្នាបន្ត​ទៀត។

អ្នកនាំពាក្យ​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល​ លោក កត្តា អ៊ន ចាត់​ទុក​ការទាម​ទារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា ជា​ការ​ជ្រៀត​ជ្រែក​កិច្ច​ការងារតុលាការដែលជាស្ថាប័ន​ឯករាជ្យ។ បន្ថែមពីនេះ លោកថា អ្វីដែលសង្គមស៊ីវិលទាមទារ​ មិនបានស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋាភិបាលដែរ។

លោកថា៖ «វាជា​សេរីភាព​ហើយ ក្នុងការ​ប្រមូលសំឡេង ប៉ុន្តែបើការប្រមូលសំឡេងក្នុងចេតនាដាក់សម្ពាធទៅស្ថាប័នតុលាការ​ ទៅលើចៅក្រមនោះ ជាការជ្រៀតជ្រែកតុលាការ នោះ​ជា​ការដើរ​ផ្ទុយគោល​ការណ៍នីតិរដ្ឋ ផ្ទុយពីគោលការណ៍សិទ្ធិមនុស្ស»។

បើតាមអង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) នៅឆ្នាំ២០២២នេះ បន្តដាក់ចំណាត់ថ្នាក់អាក្រក់ដល់កម្ពុជា ថាជាប្រទេសគោរពនីតិរដ្ឋទាប ដូច២ឆ្នាំកន្លងមក ដោយស្ថិត​នៅលេខរៀង១៣៩ ក្នុងចំណោមប្រទេស១៤០ នៅលើពិភពលោក​ដែលបានធ្វើការវាយតម្លៃ។

អង្គការគម្រោងយុត្តិធម៌ពិភពលោក បន្តថា មូលហេតុចម្បងដែលទាញទម្លាក់នីតិរដ្ឋនៅកម្ពុជាឱ្យធ្លាក់ចុះដល់បាតតារាងនេះ ដោយសារតែអំណាចនយោបាយជ្រៀតជ្រែកស្ថាប័នសភា និងតុលាការ ដែលជាសសរស្ដម្ភកំពូលរបស់ជាតិ ដែលធ្វើឱ្យបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាចតាម​បែបប្រជាធិបតេយ្យ កម្សោយលើការទប់ស្កាត់អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស រួម​ទាំងអយុត្តិធម៌សង្គម ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ