កូនស្ត្រីថ្ងៃសុក្រ អំពាវនាវទៅអាជ្ញាធរដោះលែងឪពុករបស់ខ្លួន ដើម្បីបានជួបជុំគ្រួសារធ្វើបុណ្យសពឱ្យម្ដាយ

(ពាក់ម៉ាស់) ​អ្នកស្រី សោម ចន្ធូ ជាភរិយារ​បស់លោក​ សុខ ចន្ថា រួមនឹងក្រុម «ស្ត្រីថ្ងៃសុក្រ» ជាច្រើនទៀតដែលជាភរិយារបស់សកម្មជនបក្សប្រឆាំងចំនួន៣រូប បានកោរសក់ នៅពីមុខការិយាល័យ​សហភាព​អឺរ៉ុប និងបន្តតាមដានញត្តិ ដើម្បីស្នើកិច្ចអន្តរាគមន៍រកយុត្តិធម៌ឱ្យសាច់ញាតិខ្លួនកំពុងជាប់ឃុំ នៅរាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កូន​ប្រុស​របស់​​ស្ត្រីថ្ងៃសុក្រ​ម្នាក់​​ដែល​​ទើ​ប​​នឹង​​ស្លាប់ អំពាវ​នាវ​ទៅ​អាជ្ញាធរ​ដោះលែង​ឪពុក​របស់​ខ្លួន​​ដែល​​ជា​អតីត​​​​​សមាជិក​ក្រុមប្រឹក្សា​​ខេត្ត​ព្រៃវែង​មក​ពី​គណបក្សប្រឆាំង ដើម្បីបានជួបជុំគ្រួសារធ្វើបុណ្យសពឱ្យ​ម្តាយ​​ ខណៈឪពុករបស់លោកជាប់​ឃុំ​​ក្នុងពន្ធនាគារ​​ជាង​​​២០ខែ​ទាំង​អយុត្តិធម៌។

ការអំពាវនាវនេះបានធ្វើឡើងក្រោយពី​អ្នកស្រី សោម ចន្ធូ វ័យ៥៣ឆ្នាំ ជាភរិយារ​បស់លោក​ សុខ ចន្ថា ​អតីត​​សមាជិក​ក្រុម​​ប្រឹក្សា​ខេត្ត​ព្រៃវែង​ មកពីគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ​ បានទទួលមរណភាព​កាលពីម្សិលមិញ ដោយសារមាន​ជំងឺប្រចាំ​កាយ (ទឹកនោមផ្អែម) ខណៈអ្នកស្រីទើបតែមកពីជួបសួរសុខទុក្ខស្វាមី​ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បានប្រហែលមួយ​សប្តាហ៍​។

លោក សុខ ចំរើន វ័យ២៨ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់ស្ត្រីថ្ងៃសុក្រ​ អ្នកស្រី សោម ចន្ធូ បាននិយាយ​នៅ​ថ្ងៃនេះ​​ថា ម្តាយ​របស់គាត់​បានទ​ទួល​មរណភាពកាលពីថ្ងៃទី២០ ខែធ្នូ ម្សិលមិញ ដោយ​សារមានជំងឺប្រចាំកាយ​(ទឹកនោមផ្អែម)។ លោកសង្កេតឃើញថា ម្តាយ​គាត់​ធ្លាក់​ខ្លួន​ឈឺធ្ង​ន់​ធ្ងររហូតដល់​ស្លាប់ ដោយ​សារ​ម្ដាយ​គាត់មាន​វិបត្តិ​ផ្លូវ​ចិត្ត ព្រោះតែ​គិត​លើ​​សេដ្ឋ​កិច្ច​ក្នុង​គ្រួសារ និង​មិនដឹង​ថាថ្ងៃណា​​អាជ្ញាធរដោះលែងស្វាមីគាត់ឈ្មោះ សុខ ចន្ថា ឱ្យ​​មានសេរីភាពហើយបានជួបជុំគ្រួសារវិញ។

ជាមួយគ្នានេះដែរ លោក សុខ ចំរើន បាន​អំពាវនាវទៅអាជ្ញាធរ​ដោះលែងឪពុក​របស់​គាត់​មានសេរីភាព បានជួបជុំគ្រួសារ និងបានចូលរួមធ្វើបុណ្យសពភរិយារបស់គាត់ជាលើកចុងក្រោយផង។

លោកអំពាវនាវដូច្នេះថា៖ «បើសិនជាគាត់មានឱកាសបានចេញពីពន្ធនាគារមកធ្វើបុណ្យឱ្យម្តាយខ្ញុំបាន៧ថ្ងៃ​… ខ្ញុំគិតថាល្អ គាត់នឹង​បានធូ​រ​ចិត្ត​ខ្លះ! តែ​បើ​គាត់​មិន​បាន​ធ្វើ​ទេ ដឹង​តែគាត់មិនអស់ចិត្តទេ! គាត់នឹងមានអារម្មណ៍សោកស្តាយ សោកស្តាយមួយជីវិត ដែលប្រពន្ធរបស់គាត់ទៅចោលគាត់ ព្រោះយើងមានបញ្ហារឿងនយោបាយ ​បាន​គេ​ចោទប្រកាន់គ្មានភស្តុតាងសោះ»។

លោក សុខ ចំរើន បញ្ជាក់​ថា គាត់មិនទាន់ប្រាប់ឪពុករបស់គាត់ថាម្តាយស្លាប់នោះទេ ដោយសារបារម្ភខ្លាចឪពុកដែលកំពុងជាប់ក្នុងពន្ធនាគារមានអារម្មណ៍កាន់តែពិបាកចិត្ត និងប៉ះពាល់ផ្លូវចិត្ត។

អ្នកស្រី កុល សាត ស្ត្រីថ្ងៃសុក្រ និងជា​ភរិយាលោក គង់ ម៉ាស់ សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការ​រំលាយ និងកំពុងជាប់ឃុំផងដែរ​នោះ មានប្រសាសន៍ថា អ្នកស្រី សោម ចន្ធូ ជាស្ត្រីលេចធ្លោម្នាក់ក្នុងចំណោមក្រុមស្ត្រីថ្ងៃសុក្រ ដែល​តែងតែជួបជុំគ្នាតស៊ូមតិ និងយកញត្តិដាក់នៅតាម​ស្ថានទូតនានា និងស្ថាប័នរដ្ឋមួយចំនួនឱ្យជួយ​អន្តរាគម​ន៍​ដោះលែងស្វាមី​គាត់ និង​អ្នក​ជាប់ឃុំ​មនសិការ​ផ្សេងៗទៀតជាដើម។

អ្នកស្រីថា រូប​គាត់​ និងក្រុមស្ត្រីថ្ងៃសុក្រ លែង​បាន​ជួប​មុខ​អ្នក​ស្រី សោម ចន្ធូ ជារៀងរហូត ដោយសារគាត់បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែធ្នូ ម្សិលមិញនេះ។ តែយ៉ាងណា​ អ្នកស្រីថា ក្រុមស្ត្រីថ្ងៃសុក្រ នៅតែបន្តធ្វើការតស៊ូមតិបែបអហិង្សា ដើម្បីទាម​ទារ​ឱ្យ​ស្វាមី​របស់​គាត់ និង​អ្នក​ជាប់ឃុំ​​មនសិការ​ផ្សេងៗ​ទៀតទទួ​ល​បាន​យុត្តិ​ធម៌ និង​មាន​សេរីភាព​វិញ។

អ្នកស្រីមានប្រសាសន៍ថា៖ «បើទោះបីជាបាត់បង់គាត់ម្នាក់ក៏ដោយ ក៏មានក្រុមគ្រួសារច្រើនទៀតមិនអាចឈប់បានទេ ពីព្រោះប្តីពួកខ្ញុំ ក៏ដូចជាប្តីពួកគាត់ នៅពន្ធនាគារ ដែលអត់ទាន់មានសិទ្ធិសេរីភាព។ អ៊ីចឹងពួកខ្ញុំនៅតែបន្តកម្មវិធីតវ៉ា ក៏ដូចជាដាក់ញត្តិទៅស្ថាប័ននានា ដើម្បីរកយុត្តិធម៌ ដើម្បីឱ្យគេដោះលែងប្តីពួកខ្ញុំ ក៏ដូចជាពូៗទាំងអស់ដែលជាអ្នកទោសមនសិការ ដែលគេកាត់ទោសទៅ ក្នុងមួយនាក់ៗច្រើនឆ្នាំ ទាំងអយុត្តិធម៌។ ពួកខ្ញុំនៅតែបន្តរហូតមានដំណោះស្រាយ ​ឱ្យពួកគាត់មានសិទ្ធិសេរីភាពឡើងវិញ»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី​អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក នុត សវនា បានទេ នៅថ្ងៃពុធនេះ ។

នាយិកា​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា តាមគោលការណ៍​មនុស្ស​ធម៌ តុលាការនិងអាជ្ញាធរ​គួរ​ពិនិត្យ​មើល​នីតិវិធី​ច្បាប់ ហើយដោះលែងលោក សុខ ចន្ថា ដែលជាស្វាមីអ្នកស្រី សោម ចន្ធូ ដើម្បីឱ្យ​លោក​បាន​ទៅជួប​ជុំ​ក្រុម​គ្រួសារ និងបានធ្វើបុណ្យជូនភរិយារបស់ខ្លួនដែលបានចែកឋានទៅ ខណៈលោក សុខ ចន្ថា ​និងសកម្មជនបក្សប្រឆាំងមួយចំនួនទៀត ជាប់ពន្ធនាគារដោយអយុត្តិធម៌។

លោកស្រីមានប្រសាសន៍ថា៖ «នៅលើពិភពលោក ក៏គេមានការលើកលែងក្នុងករណីមួយចំនួនដែរ ដែលគេអនុញ្ញាត​ឱ្យ​អ្នក​ដែលជាប់​ឃុំអាចទៅចូលរួមកម្មវិធីសំខាន់ៗមួយចំនួនរបស់ក្រុមគ្រួសាររបស់គេ។ អ៊ីចឹង​ករណីទាំងអស់ហ្នឹង យើងគួរតែពិនិត្យមើលទៅតាមនីតិវិធីច្បាប់។ ហើយទី២ ដូចខ្ញុំនិយាយអ៊ីចឹង​ថា ពួកគាត់មិនគួរប្រឈមនូវការកាត់ទោសនូវអយុត្តិធម៌បែបនេះណាស់ ហើយ​ពួកគាត់មិនគួរត្រូវបានចោទប្រកាន់តាំងពីដំបូងមកម៉្លេះ ហើយគួរតែត្រូវបានដោះលែងឱ្យមានសេរីភាព អាចជួបជុំនឹងក្រុម​គ្រួសារ ប្រកបការងារជាធម្មតាវិញ​»។

កាលពីថ្ងៃទី​២១ ខែ​សីហា សមត្ថកិច្ចបាន​ផ្ទេរសកម្មជនបក្សប្រឆាំង​​​​ចំនួន១៤នាក់ ក្នុងចំណោមអ្នកជាប់ឃុំផ្សេងទៀត ចេញពីពន្ធនាគារព្រៃស ទៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្បែរ​ព្រំដែនវៀតណាម ដោយគ្រួសារនិងមេធាវី អះអាងថា សមត្ថកិច្ច​​​មិន​បាន​បញ្ជាក់ពីមូលហេតុច្បាស់​លាស់ និងមិនបានជូនដំណឹងដល់ពួកគេឡើយ។ ​

សកម្មជន​គណបក្ស​សង្គ្រោះជា​តិ​ដែល​ត្រូវតុលាការរំលាយកាលពីឆ្នាំ២០១៧ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងការគាំទ្រដំណើរ​វិល​ត្រលប់មិនបានសម្រេច​​របស់​​លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត កាលពីថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។ ក្រោយពីមានការ​កាត់ទោស​ក្រុម​សកម្មជនបក្សប្រឆាំងក្នុងទ្រង់​ទ្រាយ​ធំ​ចំនួន៤៣​នាក់នេះ​រួចមក អ្នកជំនា​ញ​សិ​ទ្ធិមនុស្សនៅ​អង្គ​ការសហប្រជាជាតិ​ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បាន​ស្នើទៅរ​ដ្ឋាភិបាល​កម្ពុ​ជាឱ្យពិនិត្យឡើ​ង​វិញ​​លើ​ករ​ណីនេះ ដោ​​​​យ​​ស​ម្អា​​​​ងថា ​វិ​​​ធាននោះមិនបានភ្ជាប់កាតព្វកិច្ច​នៃការគោរព​សិទ្ធិមនុស្ស​​​​អ​ន្តរ​ជា​តិ និងលំហ​នយោបាយ​ពហុ​បក្ស​​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ